ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ក្រុង​ភ្នំពេញ​គ្រោង​បើក​សវនាការ​កាត់​ទោស​មន្ត្រី​ និង​អតីត​មន្ត្រី​ប្រាំរូប​របស់​សមាគម​អាដហុក


រូបឯកសារ៖ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ រៀបចំ​ពិធី​សូត្រមន្ត​រំដោះគ្រោះ​និងស្វាគមន៍ដល់​មន្ត្រីសិទ្ធិ​មនុស្ស​ទាំង​៤រូប​គឺលោកនី សុខា លោកយី សុខសាន្ត លោកស្រីលឹម មុនី លោកណៃ វ៉ង់ដា ដែល​ត្រូវបាន​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅឃុំ រាជ​ធានីភ្នំពេញ​ នៅថ្ងៃទី​ ៣០​ ខែ​មិថុនា​ ឆ្នាំ​២០១៧។​ (ខាន់​ សុគុំ​មនោ/VOA)
រូបឯកសារ៖ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ រៀបចំ​ពិធី​សូត្រមន្ត​រំដោះគ្រោះ​និងស្វាគមន៍ដល់​មន្ត្រីសិទ្ធិ​មនុស្ស​ទាំង​៤រូប​គឺលោកនី សុខា លោកយី សុខសាន្ត លោកស្រីលឹម មុនី លោកណៃ វ៉ង់ដា ដែល​ត្រូវបាន​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅឃុំ រាជ​ធានីភ្នំពេញ​ នៅថ្ងៃទី​ ៣០​ ខែ​មិថុនា​ ឆ្នាំ​២០១៧។​ (ខាន់​ សុគុំ​មនោ/VOA)

បន្ទាប់ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បួនរូប​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ និង​មន្ត្រីជាន់​ខ្ពស់​គ.ជ.ប.​មួយរូប​កាលពី​ពាក់​កណ្តាល​ឆ្នាំ​២០១៧​កន្លង​ទៅ អយ្យការ​អម​តុលាការ​ក្រុង​បាន​ចេញ​ដីកា​កោះ​ឲ្យ​ពួកគេ​ចូល​ខ្លួន​ដើម្បី​ចូលរួម​សវនាការ​នៅ​ថ្ងៃ​ទី​២៧​ ខែ​សីហា។ ​អ្នកនាំពាក្យ​របស់​សមាគម​អាដហុក​ជឿ​ថា​ យុត្តិធម៌​នឹង​ត្រូវបាន​ផ្តល់​ដោយ​តុលាការ​ដល់​អ្នក​ទាំង​ប្រាំ។​

តុលាការ​ក្រុង​ភ្នំពេញគ្រោង​នឹង​បើក​សវនាការ​កាត់​ទោស​មន្ត្រី​ និង​អតីត​មន្ត្រី​ចំនួន​ប្រាំ​នាក់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ នៅ​ចុង​ខែ​សីហា​នេះ​ ពីបទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​លួច​លាក់​គួរឲ្យ​មន្ទិល​របស់​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ពេល​នេះ​ត្រូវ​បាន​គេ​រំលាយ​ចោល។ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ (Adhoc) ​និង​លិខិត​ដីកាកោះ​ឲ្យ​ចូល​ខ្លួន​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​

មន្ត្រី​ និង​អតីត​មន្ត្រី​ទាំង​ប្រាំ​នាក់​របស់​សមាគម​អាដហុក រួមមាន​លោក​យី សុខសាន្ត​ លោក​ណៃ វ៉ង់ដា​ លោក​នី សុខា​ អ្នកស្រី​លឹម មុនី ​និង​លោក​នី ចរិយា។​ លោក​នី ចរិយា​ វ័យ​ ​៤៨​ឆ្នាំ ​គឺ​ជា​អតីត​មន្ត្រី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​របស់​សមាគម​អាដហុក។​ បច្ចុប្បន្ន​លោក​ជា​អគ្គ​លេខា​ធិការ​រង​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)។ ចំណែក​អ្នក​ទាំង​បួន​ផ្សេង​ទៀត ​គឺ​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​របស់​សមាគម​អាដហុក។​

លោក​ស៊ឹង សែនករុណា​ អ្នកនាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​ប្រាប់​ VOA ​កាល​ពី​ល្ងាច​ថ្ងៃសៅរ៍​ថា​ តុលាការ​ក្រុង​នឹង​បើក​សវនាការ​កាត់​ទោស​អ្នក​ទាំង​ប្រាំ​នៅថ្ងៃទី​២៧ ​ខែ​សីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​៧​និង​៣០​នាទីព្រឹក។​

នៅមុន​ការ​កាត់​ទោស​នេះ​ លោក​មាន​សុទិដ្ឋិនិយម​ថា​ តុលាការ​នឹង​វិនិច្ឆ័យ​ក្តី​ត្រឹមត្រូវ​ ដោយ​ផ្តល់​យុត្តិធម៌​ ដល់​អ្នក​ទាំង​ប្រាំ​ ដែល​លោក​យល់​ថា​ មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​បទ​ចោទ​របស់​តុលាការ​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖​

«តុលាការ​នឹង​ប្រើ​ការ​វិនិច្ឆ័យ​ សុភវិនិច្ឆ័យ​ហ្នឹង​បាន​ខ្ពស់​ ហើយ​ដើម្បី​ពង្រឹង​នូវ​យុត្តិធម៌​សង្គម​ឡើង​វិញ​ ហើយ​បង្កើន​នូវ​ជំនឿ​ចិត្ត​សម្រាប់​ពលរដ្ឋ​ខ្មែរ ក៏ដូច​ជា​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​ខាង​សហគមន៍​អន្តរ​ជាតិ​ដែរ​ ដើម្បី​ឲ្យ​មុខ​មាត់​ប្រទេស​កម្ពុជា​យើង​ហ្នឹង​ គឺ​ត្រូវ​បាន​មាន​ការ​ទទួល​ស្គាល់​ឡើង​វិញ ​បាទ»។

អ្នក​ទាំង​ប្រាំ​ត្រូវបាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពីរ​ ដាច់​ដោយ​ឡែក​ពី​គ្នា​ តែ​ក្នុង​សំណុំ​រឿង​ពុក​រលួយ​តែមួយ។​ មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​ចំនួន​បួន​នាក់​ ត្រូវ​បាន​ចោទ​ពី​«សូក​ប៉ាន់​សាក្សី»។ ដោយ​ឡែក​ លោក​នី ចរិយា​ ដែល​បាន​លា​ឈប់​ពី​សមាគម​អាដហុក​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពីបទ​«សម​គំនិត​ក្នុង​អំពើ​សូក​ប៉ាន់​សាក្សី»។ ​នេះ​បើ​យោង​តាម​ដីកា​ឲ្យ​ចូល​ខ្លួន​របស់​មន្ត្រី ​និង​អតីត​មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បី​នាក់ ​ដែល​ចេញ​ដោយ​លោក​គុជ គីមឡុង​ ព្រះ​រាជ​អាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ។​

រូបឯកសារ៖ លោក អំ សំអាត ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (ឆ្វេង​ទី២) ស្វាគមន៍​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក ដែល​ត្រូវបាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ នៅ​ការិយាល័យ​អង្គការ​អាដហុក នៅ​រាត្រី​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។
រូបឯកសារ៖ លោក អំ សំអាត ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (ឆ្វេង​ទី២) ស្វាគមន៍​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក ដែល​ត្រូវបាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ នៅ​ការិយាល័យ​អង្គការ​អាដហុក នៅ​រាត្រី​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។

អ្នក​ទាំង​ប្រាំ​ត្រូវ​បាន​ដោះលែង​ព្រមៗ​គ្នា​ឲ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ឆ្នាំ​មុន​ គឺ​នៅ​មុន​ពេល​រដ្ឋាភិបាល​ត្រូវ​គេ​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ថា​ បាន​បើក​ការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ លើ​អង្គការ​សង្គម​ស៊ីវិល​ និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​អាជ្ញាធរ​កម្ពុជា​បាន​ចោទ​ថា​ មាន​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។​

ការ​ដោះលែង​អ្នក​ទាំង​ប្រាំ​ឲ្យ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​នេះ​កើត​មាន​ឡើង​ បន្ទាប់​ពី​ពួក​គេ​ជាប់​ពន្ធនាគារ​ជាង​មួយ​ឆ្នាំ​នៅ​ពី​បទ​ចោទ​ខាង​លើ​ ដែល​ផ្តើម​ចេញ​ពី​សំណុំ​រឿង​ស្នេហា​លួចលាក់​គួរឲ្យ​មន្ទិល​រវាង​នាង ​ខុម ចាន់តារាទី ​ជា​នារី​កាត់​សក់​ជាមួយ​នឹង​លោក​ កឹម សុខា​ កាល​ពី​លោក​នៅ​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។​ ការ​ដោះលែង​អ្នក​ទាំង​ប្រាំ​នៅ​ពេល​នោះ​ ក៏​បាន​ធ្វើ​ឡើង​ ក្រោយ​ពីមាន​ជំនួប​ផ្លូវការ​ដ៏​កម្រ​មួយ​រវាង​ឯក​អគ្គរដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ និង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។

លោក​នី សុខា​ ប្រធាន​ផ្នែក​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​សុំ​មិន​ធ្វើការ​អធិប្បាយ​ទៅលើ​ការ​បើក​សវនាការ​ខាងមុខ​នេះ​ ដោយ​លោក​លើក​ឡើង​ថា​ តុលាការ​នឹង​ជា​អ្នក​វិនិច្ឆ័យ​រឿងក្តី​របស់​លោក​ និង​អ្នក​ឯ​ទៀត។​

VOA​ មិន​ទាន់​អាច​ទាក់​ទង​លោក​ គុជ គីមឡុង​ ព្រះរាជ​អាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​សុំ​ការ​អធិប្បាយ​បាន​ទេ​ កាលពី​ថ្ងៃ​អាទិត្យ។ ​VOA ​ក៏មិន​ទាន់​អាច​ទាក់ទង​លោក​លី សុផាណា​ មន្ត្រី​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ដែរ។​

ក្រោយ​ការ​ទទួល​បាន​សេរីភាព​វិញ​នៅ​ឆ្នាំ​២០១៧​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​និង​អតីត​បុគ្គលិក​ទាំង​ប្រាំនាក់​ទទួល​បាន​រង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ Martin Ennals Prize។​

រង្វាន់​ Martin Ennals ​សម្រាប់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ គឺ​ជា​រង្វាន់​សហការ​ផ្តល់​ដោយអង្គការ​សិទ្ធិ​មនុស្ស​ដ៏​ធំ​លើ​ពិភព​លោក​ចំនួន​១០ ​ដែល​មាន​ដូចជា​អង្គការ ​Amnesty International និង​ Human Rights Watch​ ដើម្បី​ផ្តល់​ជា​ការ​ការពារ​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ទូទាំង​ពិភព​លោក។​

ការ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​អតីត​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​ប្រាំ​នាក់​របស់​សមាគម​ការពារ​សិទិ្ធ​មនុស្ស​អាដហុក​នេះ​កើត​ឡើង ​បន្ទាប់ពី​មាន​ការ​អំពាវនាវ​ជា​អន្តរ​ជាតិ​ជាបន្ត​បន្ទាប់ឱ្យ​ដោះលែង​ពួកគេ​ ដោយ​គ្មាន​លក្ខខណ្ឌ​ និង​ស្នើ​ឱ្យ​បញ្ឈប់​ការ​យាយី​រំខាន​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ៕

XS
SM
MD
LG