ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​បើក​ការ​ជំនុំ​ជម្រះ​សំណុំ​រឿង​បរិហារកេរ្តិ៍​​របស់​អតីត​អ្នក​ការពារ​សិទ្ធិ​មនុស្ស


រូបឯកសារ៖ ​លោក​ នី ចរិយា​ ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​ និង​ជំនួយ​ច្បាប់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។ (ផ្តល់​ឲ្យ​ដោយ នី​​ ចរិយា)
រូបឯកសារ៖ ​លោក​ នី ចរិយា​ ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​ និង​ជំនួយ​ច្បាប់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។ (ផ្តល់​ឲ្យ​ដោយ នី​​ ចរិយា)

បន្ទាប់​ពី​ត្រូវ​បាន​តុលាការ​ដោះលែង​ដ៏គួរ​ឲ្យ​មន្ទិល​ក្នុង​សំណុំ​រឿង​សូកប៉ាន់​សាក្សី​​ ​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ស្នេហា​​គួរ​ឲ្យ​មន្ទិល​​របស់​លោក​​ កឹម សុខា​នោះ​ លោក ​នី ចរិយា​ ​អតីត​អ្នក​ការពារ​សិទ្ធិ​​មនុស្ស​ ​ហើយ​បច្ចុប្បន្ន​​ជា​មន្ត្រី​ស្ថាប័ន​បោះ​ឆ្នោត​ជាតិ​ ​បាន​​​បន្ត​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ចំនួន​បី​ ​ដែល​អាច​​​បង្ក​ផល​អាក្រក់​ដល់​ការងារ​របស់​លោក​ជា​មន្ត្រី​ស្ថាប័ន​បោះឆ្នោត​​ជាតិ។​​ ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ថ្លែង​ថា​ ​រាល់​បទចោទ​​ប្រកាន់​ទាំង​ឡាយ​​ប្រឆាំង​លោក ​នី ចរិយា ​គួរតែត្រូវ​បាន​ទម្លាក់​ចោល​ ព្រោះគ្មាន​ភស្តុតាង​គ្រប់​គ្រាន់។

លោក នី ចរិយា​ ​អតីត​ប្រធាន​ការិយាល័យ​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​ទាំង​ឡាយលើ​រូប​លោក​ ​ក្នុង​សំណុំ​រឿង​បរិហារ​កេរ្តិ៍​ ដែល​អាច​នឹង​ធ្វើ​ឲ្យ​លោក​ជាប់ក្នុង​ពន្ធនាគារ​រយៈ​ពេល​ប្រាំ​មួយ​ខែ។​

លោក​ នី ចិរយា​ ​ដែល​បច្ចុប្បន្ន​ជាអគ្គលេខា​ធិការ​រង​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការបោះ​ឆ្នោត​ ​ហៅ​កាត់​ថា​ ​គ.ជ.ប.​ត្រូវ​បាន​ប្តឹង​ដោយ​មន្ត្រី​តុលាការ​ពីរ​នាក់គឺអតីត​ចៅ​ក្រមស៊ើប​សួរនិង​ព្រះ​រាជ​អាជ្ញា​រង​នៃ​សាលា​ដំបូង​ខេត្ត​សៀម​រាប​ ​នៅ​ពេល​លោក​បម្រើ​ការ​ងារ​ជា​មន្ត្រី​សិទ្ធិមនុស្ស​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។

បន្ទាប់​ពីការ​ប្តឹងរបស់​មន្ត្រី​តុលាការ​ទំាងពីរ​នាក់​នោះ​ ​លោក​ នី ចរិយា អតីត​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទា​ទោសតាម​មាត្រា​៣០៥ ​មាត្រា​៣១១ មាត្រា​៣១២ និង​មាត្រា​៥២២ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ ​បទ​បរិហារ​បង្កាច់​កេរ្តិ៍​ និង​ផ្សព្វ​ផ្សាយ​នូវ​ការ​អត្ថាធិប្បាយ​ដើម្បី​ដាក់​សម្ពាធ​លើ​យុត្តាធិការ។ ​តុលាការក្រុង​ភ្នំពេញ​បាន​កាត់​ទោស​ឲ្យលោក​ជាប់​ក្នុង​ពន្ធនាគារ​ប្រាំមួយ​ខែ ប៉ុន្តែ​ទោស​នេះមិន​ត្រូវ​បាន​អនុវត្ត ឬ​ព្យួរ​នោះ​ឡើយ។​

នៅ​ក្នុង​សាល​សវនាការ​របស់​តុលាការ​កំពូល​ជំនុំ​ជម្រះ​បណ្តឹង​សាទុក្ខ​របស់​លោក​ នី ចរិយា​ ដែល​បាន​ប្តឹង​សុំ​ទម្លាក់​ចោល​បទចោទ​ប្រកាន់​ខាង​លើ​នេះ លោក​ នី ចរិយា​បាន​ប្រាប់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ថា​ លោក​មិន​បាន​ធ្វើ​សកម្ម​ភាព​ណាមួយ​ ដែល​អាច​ឲ្យ​លោក​រង​បទចោទ​ទាំង​នេះ​ទេ ដោយសារ​តែ​ការ​បំពេញ​ការងារ​របស់​លោក​នាពេល​នោះ​គឺ​ធ្វើ​ឡើង​ក្នុង​នាម​ជាអ្នក​ការ​ពារ​សិទ្ធិជន​ដែល​រង​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​តែ​ប៉ុណ្ណោះ។​

លោក​បាន​ថ្លែង​បញ្ជាក់​នៅ​មុខ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ថា ក្នុង​ពេល​លោក​នៅ​បម្រើ​ការ​ងារ​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​នោះ​ ​ លោក​បាន​ស្វះស្វែង​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ពីរ​នាក់​ឈ្មោះ​បឿន​ សុខ​ និង​វ៉ែន ឡន​ដែល​មាន​វិវាទ​ដីធ្លី​មួយ​នៅ​ឯ​ខេត្ត​សៀមរាប។ ​លោកបាន​ពណ៌នា​ថា​ មាន​ការ​ចាប់​ខ្លួន​ជន​រងគ្រោះ​ទាំង​ពីរ​នាក់​ដោយ​ខុស​ពី​នីតិ​វិធី​នៃ​ការ​ចាប់​ខ្លួន។ ​លោក​រៀបរាប់​បន្ត​ថា​ ការ​ចាប់​ខ្លួន​នាពេល​នោះ​ធ្វើ​ឡើង​ដោយមាន​ភាព​មិន​ប្រក្រតី​ ដោយ​ហេតុ​ថា​ ជន​រង​គ្រោះ​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែង​ ហើយ​ថា​ ការ​ចាប់​ខ្លួន​នោះ​បាន​កើត​ឡើងក្នុង​ទីតាំង​ដែល​មិន​មាន​ជម្លោះ​ដី​ធ្លី។

ផ្តើម​ចេញ​ពី​ការ​មិន​សុខចិត្ត​នៃ​ការ​ចាប់​ខ្លួន​ដោយ​មិន​អនុលោម​តាម​នីតិវិធី​នេះ​ ​ សន្និសីទ​សារ​ព័ត៌មាន​ចំនួន​ពីរ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សមាគម​អាដហុក​នៅ​ខេត្ត​សៀមរាប​និង​ក្នុង​ទី​ក្រុង​ភ្នំពេញ។​

លោក នី ចរិយា​បាន​ប្រាប់​តុលាការ​កំពូល​បន្ត​ថា​ សន្និសីទ​ព័ត៌មាន​នេះ​ធ្វើ​ឡើង​ដោយ​ផ្តោត​តែ​ទៅ​លើ​ការ​ចាប់​ខ្លួន​ ដែលប្រាសចាក​ពី​នីតិវិធីប៉ុណ្ណោះ​ ពោល​គឺ​លោក​មិន​បាន​ប្រើ​ពាក្យ​ពេចន៍​ណា​មួយមួល​បង្កាច់​កេរ្តិ៍​ឈ្មោះ​របស់​បុគ្គល​ណាទេ ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ទាំង​ពីរ​នោះ។​

នៅ​ក្រៅ​តុលាការ​កំ​ពូល លោក​បាន​ប្រាប់​អ្នក​កាសែត​អំពី​ការ​ធ្វើ​សន្និសីទ​ព័ត៌មាន​ទាំង​ពីរ​នោះ​យ៉ាង​ដូច្នេះ៖​

«អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ហ្នឹងគឺ​ខ្ញុំ​អត់​មានទៅចោទ​ប្រកាន់លោក​មន្ត្រី​តុលាការ​ទាំង​ពីរ​ថា បានប្រព្រឹត្ត​បទ​ល្មើស​ព្រហ្មទណ្ឌ​ណាមួយ​អី​ទេ​ គឺគ្រាន់​តែ​យើង​ចង់​ឲ្យ​ទៅ​ខាង​ឧត្តម​ក្រុម​ប្រឹក្សាអង្គ​ចៅ​ក្រម​ហ្នឹង​គាត់​ជួយ​ពិនិត្យ​មើលអំពី​នីតិវិធី​ហ្នឹង​ឡើង​វិញ​ ហើយ​បើមាន​ខុស​ គួរ​ឲ្យ​គាត់​ជួយ​អន្តរាគមន៍​ កុំ​ឲ្យ​ប្រជាជន​គ្នា​រង​គ្រោះ។​ តែ​ប៉ុណ្ណឹង​អីតើ!​ បាទ​ អាហ្នឹងគឺ​ខ្ញុំ​បាន​បញ្ជាក់​ជូន​អង្គ​សវនាការ​ហើយ»។​

កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៥​ ​លោក​ សុក កែវបណ្ឌិត​ ​ព្រះ​រាជ​អាជ្ញា​រងនិង​ ​លោក ​គី ឫទ្ធី​ ​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​សៀម​រាប​ បាន​ប្ដឹង​លោក​ នី ចរិយា​ពី​បទ​បរិហារ​កេរ្តិ៍​ ក្រោយ​ពីលោក ​នី ចរិយាធ្វើ​សន្និសីទ​សារ​ព័ត៌មាន​មួយ​ដោយ​និយាយ​ថា ​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប​ចាប់ខ្លួន​ពលរដ្ឋ​អ្នក​មាន​ទំនាស់​ដីធ្លី​ដោយ​អយុត្តិធម៌ ​និង​បាន​ប្ដឹង​មន្ត្រី​តុលាការ​មួយ​ចំនួន រួម​មាន​ព្រះ​រាជ​អាជ្ញា ​និង​ចៅក្រម​តុលាការ​ខេត្ត​សៀមរាប​ទៅ​កាន់​ស្ថាប័ន​ចំនួន​៤ ​រួម​ទាំង​ក្រសួង​យុត្តិធម៌ ​និង​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ ពី​បទ​ចាប់ខ្លួន​ពលរដ្ឋ​រឿង​ដីធ្លី​ និង​ចោទ​ប្រកាន់​ពួកគាត់​ខុស​ ទាក់ទង​នឹង​រឿង​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ស្រុក​ស្វាយលើ​ ខេត្ត​សៀមរាប​ កាល​ពី​ឆ្នាំ​២០១៤។​

លោក​ សំ សុខគង់ មេធាវីការ​ពារ​ក្តី​លោក ​នី​ ចរិយា​ ដែល​មាន​វត្តមាន​ក្នុង​សាល​សវនាការ​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ បាន​ថ្លែង​ការពារ​លោក​ នី ចរិយា​ ​ដោយ​បាន​ប្រាប់​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ថា​ ការ​អធិប្បាយ​នានា​របស់​លោក នី ចរិយានៅ​ក្នុង​សារ​ព័ត៌មាន​នោះគឺ​ផ្តោត​តែ​ទៅ​លើ​ការ​ចាប់​ខ្លួន​ដែល​ខុស​ពី​នីតិវិធី។

លោក​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖​

«អ្វី​ដែល​កូន​ក្តី​ខ្ញុំ​និយាយ​ពីការ​ចាប់​ខ្លួន​មិនតាម​នីតិវិធី​ច្បាប់​គឺ​ជា​រឿង​ពិត​ ដោយ​សារ​មាន​ភស្តុតាង»។

លោក​បាន​ពន្យល់​តុលាការ​ថា​ ​ការ​ចាប់​ខ្លួន​ជន​រងគ្រោះ​ដីធ្លី​នៅ​ខេត្ត​សៀម​រាប​នាពេល​នោះគឺ​ធ្វើ​ឡើង​ខុស​ភូមិ​ ឃុំ​ និង​ស្រុក​របស់​ទីតាំង​ដី​ដែល​មាន​ជម្លោះ។​ លោក​ក៏​បាន​ប្រាប់​តុលាការ​ថា​ ​មាន​បណ្តាញ​ព័ត៌មាន​ចំនួន​បួន​ ក្នុង​នោះ​មាន​អង្គភាព Voice of Democracy (VOD) វិទ្យុ​អាស៊ីសេរី​ Radio Free Asia​ គេហ​ទំព័រ​អង្គរវត្ត​ និង​ទូរទស្សន៍​បាយ័ន​ បានដកស្រង់​សម្តី​កូន​ក្តី​របស់​លោក ​ខុសពី​ការ​អធិប្បាយ​របស់កូន​ក្តី​លោក​ក្នុងពេល​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន។​ ​លោក​អះអាង​ថា​ កូនក្តី​លោក​មិន​បាន​ប្រើប្រាស់​ពាក្យ​ពេចន៍​ ដែល​ថា​ មន្ត្រី​តុលាការ​ទាំង​ពីរ​បាន​ប្រព្រឹត្ត​អំពើពុក​រលួយ​នោះ​ឡើយ។​

ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​ប្រឹង​ជីក​សួរ​ស្វែង​រក​ការ​បញ្ជាក់​អំពី​ខ្លឹមសារ​នៃ​សន្និសីទ​សារ​ព័ត៌មាន​ ដើម្បី​ផ្ទៀង​ផ្ទាត់ការ​អធិប្បាយ​របស់​លោក នី ចរិយា​ ​និង​មេធាវី​របស់​លោក។​ ​លោក ​នី ចរិយាបាន​ប្រាប់​តុលាការ​ថា​ ដើម​បណ្តឹង​បាន​ថត​ទុក​សំឡេង​នៃ​សន្និសីទ​ព័ត៌មាន​នោះ​ រួច​ធ្វើ​ជា​ថាស CD ​ដែល​លោក​ជឿជាក់​ថា​ អាច​យក​មក​ធ្វើ​ជា​ភស្តុតាង​បាន។

ដោយ​មិន​អស់ចិត្ត​នឹង​ការ​រ៉ាយរ៉ាប់​របស់​លោក នី ចរិយានោះ​ ​លោក ​គង់​ ស្រ៊ីម​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​ចោទ​សួរ​លោក នី ចរិយា​តាម​ន័យ​ដើមថា៖

«ចុះ​លោក​ធ្វើ​សន្និសីទ​សារ​ព័ត៌មានអត់​ថត​ទុក​ទេ​ឬ?»​

លោក​ នី ចរិយា​ឆ្លើយ​ថា៖​«អត់​ទេ»។​

នៅ​ក្រោយ​ការ​សួរ​ដេញដោលអស់​ពេល​ជាង​មួយ​ម៉ោង​មក​នោះ​ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅថ្ងៃ​ទី​១​ខែ​តុលា​ ខាង​មុខ​នេះ។​ សវនាការ​នៅ​ថ្ងៃ​ពុធ​នេះ​មិនមាន​វត្ត​មានភាគី​ដើម​បណ្តឹង​ និង​មេធាវី​ដើម​បណ្តឹង​នោះ​ទេ។​

នៅ​ឯ​ក្រៅ​តុលាការ​កំពូល​ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ដែល​បាន​តាមដាន​រឿង​នេះ បាន​ផ្តល់​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា។

លោក​ ស៊ឹង សែនករុណា​ ​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ​មាន​ប្រសាសន៍​ថា៖​

«យើង​ឃើញ​ថា ដំណើរ​រឿង​ហ្នឹង​តាំងពី​ដើម​មក​ ​ឥឡូវ​មក​ទល់​ពេល​នេះ​ ដំណោះ​សា្រយ​មាន​ហើយ ​ ហើយ​អ្នកដែល​ត្រូវបាន​តុលាការ​ឃុំ​ គាត់​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ ហើយ​ដីធ្លី​ដែល​ពួកគាត់មាន​ទំនាស់​ជាមួយ​ហ្នឹង​សហគមន៍​តាខ្មៅ​របស់​សហគមន៍​វៀតណាម​ហ្នឹង​ក៏គេ​បាន​ប្រគល់​ដី​ហ្នឹង​មក​ឲ្យ​ប្រជា​ពលរដ្ឋ​ដែរ។ ​អ៊ីចឹង​ទៅ​ តើ​យើង​បន្ត​រឿង​ហ្នឹង​ ដោយ​របៀបម៉េច​ទៀត​ អ៊ីចឹង​ហើយ ខ្ញុំ​គិត​ថា​ ដំណាក់​កាល​នេះ​ លោក​ នី ចរិយា​ គួរ​រួច​ផុត​ពីការ​ចោទ​ប្រកាន់​ក្នុង​បទ​ល្មើស​នឹង​បាទ»។​

លោក ​អំ​ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេក​ទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ មាន​ប្រសាសន៍​ថា៖​

«លោក ​នី ចរិយា​ ​គាត់​ទទូល​ស្គាល់​អាខ្សែអាត់​មួយ​ដែល​ដើម​បណ្តឹង​រដ្ឋប្បវេណីដាក់​ទៅ​តុលាការ​ ហើយ​នៅ​ក្នុង​ខ្សែ​អាត់​ហ្នឹង​ វា​ហាក់​បី​រក​បទ​ល្មើស​ទាក់​ទង​នឹង​បរិហារ​កេរ្តិ៍​ជាសាធារណៈ​ហ្នឹង​ វាអត់​មាន​ទៅ​ទៀត ​បាទ។ ​ហើយ​អ៊ីចឹង សួរថា តើ​វាអាច​ចោទ​ប្រកាន់​ទៅ​លើ​រូបគាត់​បាន​ទេ?​ អ៊ី​ចឹង ខ្ញុំ​គ្រាន់​តែ​មាន​សេចក្តី​សង្ឃឹម​ថា​ តុលាការ​កំពូល​នឹង​អាច​ពិចារណា​ក្នុង​ការ​ទម្លាក់​ការ​ចោទ​ប្រកាន់ដូច​សំណូមពរ​របស់​លោក​នី ចរិយា​ និងមេធាវីរបស់គាត់»។​

នៅ​ពេល​មិន​មាន​វត្តមាន​របស់​ដើម​បណ្តឹង​និង​មេធាវី​ដើម​បណ្តឹង​ក្នុង​សវនាការ​នាព្រឹក​ថ្ងៃពុធ​នេះ​ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ ដោយ​បាន​លើកឡើង​ថា អវត្តមាន​របស់​ភាគី​ដើម​បណ្តឹង«ជា​ការ​បដិសេធ​នូវ​សិទិ្ធ​របស់​ជន​ជាប់​ចោទ​ក្នុង​ការ​តទល់​ជាមួយ​ភាគី​ដើមបណ្តឹង​ដោយ​ផ្ទាល់ ​ដែល​ស្ថានភាព​នេះ​ក៏​បាន​កើត​មាន​ឡើង​នៅ​ក្នុង​សវនាការ​សាលា​ដំបូង​ផង​ដែរ»។​

អង្គការ​លីកាដូ​បាន​ថ្លែង​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ដដែល​បន្ថែម​ថា៖​

«សិទិ្ធ​របស់​លោកនី ចរិយាក្នុង​ការ​រៀប​ចំ ​និង​ការការ​ពារ​ក្តី​លើ​សំណុំ​រឿង​របស់​លោក​មុន​ពេល​ជំនុំ​ជម្រះ ​និង​នៅ​ក្នុង​ពេល​សវនាការ​សាលា​ឧទ្ធរណ៍​ ​ក៏​ត្រូវ​បាន​គេ​អះអាង​ថា​ ​ត្រូវបានរំលោភ​បំពាន​ផង​ដែរ ​ពីព្រោះ​លោក​ត្រូវ​បានឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ​ពី​បទ​ល្មើស​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​គេ​អះអាង​ថា ​ជា​សំណុំ​រឿង​នយោបាយ​ពាក់ព័ន្ធ​នឹង​បទ​សមគំនិត​នៅក្នុង​រឿង​សូក​ប៉ាន់​សាក្សី»។

ក្រៅពី​សំ​ណុំ​រឿង​បរិហាកេរ្តិ៍នេះ​ លោក ​នី ចរិយាក៏​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​ពុក​រលួយ​ ដែល​ផ្តើម​ចេញពី​រឿង​អាស្រូវ​ស្នេហា​លួច​លាក់​ដ៏គួរឲ្យ​សង្ស័យ​របស់​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ដែល​ត្រូវបាន​រំលាយចោល​កាលពីឆ្នាំ​២០១៧​ផង​ដែរ។​

ការ​កាត់ទោស​លោក​ នី ចរិយាក្នុង​សំណុំ​រឿង​បរិហារកេរ្តិ៍ ដែល​មាន​ដើម​បណ្តឹង​ជា​មន្ត្រី​តុលាការ​ពីររូប​នោះ​ កើត​មាន​ឡើង​នៅពេល​លោក ​នី ចរិយា​ ត្រូវ​បាន​តុលាការ​ដាក់​ឲ្យ​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​ក្នុង​សំណុំ​រឿង​លោក​ កឹម សុខា។​ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ លោក​ នី ចរិយា​ និង​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​បួននាក់​ផ្សេង​ទៀត​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញកាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ប្រាំឆ្នាំក្នុង​សំណុំ​រឿង​សូក​ប៉ាន់​សាក្សី។​

ប្រសិន​បើ​តុលាការ​កំពូល​តម្កល់​ការ​កាត់​ទោស​លោក​ នី ចរិយា​ក្នុង​សំណុំ​រឿង​បរិហារ​កេរ្តិ៍​នេះនោះ ​នោះអតីត​អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ​អាច​ប្រឈម​នឹង​ការ​ចាប់​ដាក់​ក្នុង​ពន្ធនាគារ​ជាថ្មី​ម្តង​ទៀត។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG