អ្នកជំនាញខាងជំងឺឆ្លងកំពូលរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ បានជំរុញឲ្យប្រជាពលរដ្ឋអាមេរិកាំង ចាក់វ៉ាក់សាំងដូសជំរុញបង្ការជំងឺកូវីដ១៩ ដើម្បីឲ្យពួកគេបានទទួលនូវការការពារដ៏ល្អបំផុតដើម្បីទប់ទល់នឹងវីរុសបម្លែងថ្មីអូមីក្រុង (Omicron)។
លោកវេជ្ជបណ្ឌិត Fauci ប្រធានទីប្រឹក្សាខាងវេជ្ជសាស្ត្ររបស់លោកប្រធានាធិបតី Joe Biden បានប្រាប់កម្មវិធី «This Week» នៃបណ្តាញទូរទស្សន៍ ABC ថា វីរុសអូមីក្រុង អាចគេចផុតពីការការពារដែលត្រូវផ្តល់ឲ្យវ៉ាក់សាំងទាំង៣ប្រភេទដែលមាននៅក្នុងសហរដ្ឋអាមេរិក។ ពលរដ្ឋអាមេរិកាំងជិត២០២លាននាក់ ត្រូវបានគេចាត់ទុកថា បានចាក់វ៉ាក់សាំងពេញលេញទប់ទល់នឹងជំងឺកូវីដ១៩ ក៏ប៉ុន្តែត្រឹមតែ ៥៣,៨លាននាក់នៃអ្នកទាំងនោះ បានទទួលការចាក់ដូសជំរុញ។
លោកវេជ្ជបណ្ឌិត Fauci បានមានប្រសាសន៍ថា៖ «ប្រសិនបើអស់លោកអ្នកចង់បានការការពារខ្លាំងបំផុត លោកអ្នកត្រូវទៅទទួលការចាក់ដូសជំរុញ»។
លោកវេជ្ជបណ្ឌិត Fauci បានបញ្ជាក់ទៀតថា៖ «ព័ត៌មានលើកទឹកចិត្តនេះ គឺថា ទិន្នន័យដំបូងៗ បានបង្ហាញថា នៅពេលដែលលោកអ្នកទទួលបានការចាក់ដូសជំរុញ វាបង្កើនកម្រិតនៃការការពារល្មមគ្រប់គ្រាន់ដើម្បីទប់ទល់នឹងវីរុសអូមីក្រុង»។
ពួកអ្នកជំនាញខាងសុខាភិបាល បាននិយាយថា ការសង្កេតដំបូងៗ បង្ហាញថា អ្នកដែលបានឆ្លងវីរុសអូមីក្រុង មានជំងឺស្រាលប៉ុណ្ណោះ ក៏ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ពីផលប៉ះពាល់រយៈពេលយូររបស់វានៅឡើយទេ៕