ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ជំរុញ​ពលរដ្ឋ​ឱ្យ​ចាក់​វ៉ាក់សាំង ស្រប​ពេល​វីរុស​កូវីដ១៩ បំប្លែង​ថ្មី Omicron កំពុង​រាលដាល​លើ​ពិភពលោក


រូបឯកសារ៖ ប្រធានាធិបតី​អាមេរិក​លោក Joe Biden និយាយ​អំពី​ការចាក់​វ៉ាក់សាំង​កូវីដ១៩ បន្ទាប់ពី​ធ្វើ​ទស្សនកិច្ច​នៅ​ការដ្ឋានសំណង់​សម្រាប់​មជ្ឈមណ្ឌល​ទិន្នន័យ Microsoft នៅ​រដ្ឋ Illinois កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​អំពាវនាវ​ជាថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ​ឱ្យ​ពលរដ្ឋ អាមេរិកាំង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ឬ​ចាក់​ដូស​ជំរុញ​នៃ​វ៉ាក់សាំង​នេះ ប្រសិនបើ​ពួកគេ ​បាន​ចាក់​ដូស​ទី​មួយ​ និង​ដូស​ទី​ពីរ​រួច​ហើយ។

ការ​អំពាវនាវ​របស់​លោក Biden នេះ ​បាន​ធ្វើ​ឡើង ស្របពេល​ដែល​ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​វេជ្ជសាស្ត្រ​របស់​លោក​បាន​និយាយ​ថា វីរុស​កូវីដ១៩ បំប្លែង​ថ្មី​អូមីក្រុង (Omicron) ដែល​គេ​បាន​រកឃើញ​ដំបូង​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​នេះ មិន​យូរ​មិន​ឆាប់​នឹង​មាន​វត្តមាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក Biden បាន​ថ្លែង​ក្នុង​សុន្ទរកថា​ខ្លី​មួយ​ពី​សេតវិមាន​ទៅកាន់​ពលរដ្ឋ​អាមេរិកាំង​ប្រមាណ ៦០ លាន​នាក់​ដែល​នៅ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ ថា៖ «អ្នក​មិន​ត្រូវ​រង់ចាំ​នោះ​ទេ។ ប្រសិនបើ​អ្នក​មិន​ទាន់​បាន​ចាក់​វ៉ា់ក់សាំង​កូវីដ១៩ សូម​រួសរាន់​ឡើង​ដើម្បី​ទៅ​ចាក់​វ៉ាក់សាំង​នេះ»។

ប៉ុន្តែ​លោក​បាន​លើកឡើង​ថា នៅ​ពេល​នេះ​លោក​ជឿ​ថា ការ​បិទ​អាជីវកម្ម​ឬ​សាលារៀន​ដោយសារតែ​ការ​គំរាមកំហែង​នៃ​វីរុស​កូវីដ១៩ អូមីក្រុង​នេះ គឺ​មិន​ចាំបាច់​នោះ​ទេ។

លោក Biden បាន​បញ្ជាក់​បន្ថែម​ថា លោក​នឹង «ប្រឹង​ឱ្យ​អស់​លទ្ធភាព» ដើម្បី​ទប់ទល់​នឹង​វីរុស​បំប្លែង​ថ្មី​នេះ។ មន្ត្រី​សុខាភិបាល​អាមេរិក​បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹម​ថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ រួច​ហើយ​អាច​មាន​ភាព​ស៊ាំ​ប្រឆាំង​នឹង​វីរុស​បំប្លែង​ថ្មី​នេះ​បាន បើ​ទោះបីជា​អ្នក​វិទ្យាសាស្ត្រ​នៅ​កំពុង​សិក្សា​អំពី​ហានិភ័យ​នៃ​វីរុស​នេះ​ក៏ដោយ។

លោក Biden បាន​ហាមឃាត់​ជើង​ហោះហើរ​មកពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង និង​ប្រទេស​ចំនួន ៧ ផ្សេង​ទៀត​នៅ​ទ្វីប​អាហ្វ្រិក មិន​ឱ្យ​ចូល​មក​សហរដ្ឋ​អាមេរិក ចាប់ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​មក។

លោក​វេជ្ជបណ្ឌិត Anthony Fauci ដែលជា​អ្នក​ជំនាញ​ជាន់​ខ្ពស់​ផ្នែក​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ក្នុង​កម្មវិធី «Good Morning America» របស់​ទូរទស្សន៍ ABC ថា អ្នក​វិទ្យាសាស្ត្រ​សង្ឃឹម​ថា ​នឹង​សិក្សា​ស្វែងយល់​នៅ​សប្ដាហ៍​ក្រោយ​ឬ​ពីរ​សប្តាហ៍​ខាង​មុខ អំពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​កូវីដ១៩ ក្នុង​ការ​ទប់ទល់​នឹង​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​នេះ និង​អំពី​កម្រិត​គ្រោះថ្នាក់​របស់​វីរុស​នេះ៕

XS
SM
MD
LG