នៅចំពេលមានក្តីបារម្ភកើនឡើងទាក់ទិននឹងវីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុង (Omicron) រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានគាំទ្រកិច្ចប្រឹងប្រែងរបស់អង្គការសុខភាពពិភពលោក (WHO) នៅក្នុងការបង្កើតកិច្ចព្រមព្រៀងអន្តរជាតិថ្មីមួយស្តីពីការត្រៀមខ្លួន និងការឆ្លើយតបចំពោះជំងឺរាតត្បាតនៅពេលអនាគត។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Jen Psaki បានប្រាប់វីអូអេនៅលើយន្តហោះ Air Force One របស់ប្រធានាធិបតីអាមេរិក កាលពីថ្ងៃអង្គារម្សិលមិញថា៖ «សហរដ្ឋអាមេរិកតាំងចិត្តធ្វើការជាមួយបណ្ដាប្រទេសជាសមាជិក [អង្គការសុខភាពពិភពលោក] នៅក្នុងការអនុវត្តតាមអនុសាសន៍នាពេលថ្មីៗនេះរបស់ក្រុមការងារដែលធ្វើការលើការត្រៀមខ្លួន និងការឆ្លើយតបនេះ។ អនុសាសន៍ទាំងនោះរួមមានការបង្កើតកិច្ចព្រមព្រៀងថ្មីមួយរបស់អង្គការសុខភាពពិភពលោក ឬវិធានការអន្តរជាតិផ្សេងទៀត និងការបង្កើតនូវកិច្ចព្រមព្រៀងនានាដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃបទប្បញ្ញាត្តិសុខភាពអន្តរជាតិផ្សេងៗ»។
កិច្ចព្រមព្រៀងនេះ ត្រូវបានស្នើឡើងដោយមេដឹកនាំនៃប្រទេសប្រហែលជាង ២០ កាលពីខែមីនា។ កាលពីថ្ងៃអាទិត្យ សហរដ្ឋអាមេរិក បានគាំទ្រសេចក្ដីព្រាងនៃសេចក្ដីសម្រេចមួយដែលកំពុងចរចានៅក្នុងកិច្ចប្រជុំពិសេសតាមអនឡាញរយៈពេល ៣ ថ្ងៃ របស់មហាសន្និបាតសុខភាពពិភពលោក (World Health Assembly) ដែលបានចាប់ផ្ដើមតាំងពីថ្ងៃចន្ទមក។
កិច្ចព្រមព្រៀងស្តីពីជំងឺរាត្បាតនេះ ត្រូវគេរំពឹងថា នឹងលេចចេញជារូបរាងឡើងនៅខែឧសភា ឆ្នាំ ២០២៤ ខាងមុខ។
កិច្ចព្រមព្រៀងជាអន្តរជាតិនេះ នឹងគ្របដណ្តប់លើបញ្ហាមួយចំនួនដូចជា ការចែករំលែកទិន្នន័យនិងការកំណត់ហ្សែននៃវីរុសដែលលេចឡើង ក៏ដូចជាការចែករំលែកវ៉ាក់សាំងនិងឱសថណាមួយដែលអាចបានមកពីការស្រាវជ្រាវផងដែរ។
គោលបំណងនៃការធ្វើដូច្នេះ គឺដើម្បីបង្កើតនូវកិច្ចសម្របសម្រួលនិងទំនាក់ទំនងជិតស្និទ្ធនៅក្នុងការឆ្លើយតបជាសាកលចំពោះជំងឺរាតត្បាត និងបង្កើតនូវប្រព័ន្ធសុខាភិបាលជាសាកលមួយដែលមានភាពខ្លាំងក្លាជាងមុនដែលនឹងអាចការពារមនុស្សជំនាន់ក្រោយបាន៕
អ្នកស្រី Anita Powell នៃវីអូអេ ចូលរួមចំណែកនៅក្នុងសេចក្តីរាយការណ៍នេះ។