ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភពលោក​និង​សហរដ្ឋ​អាមេរិក​ថា វីរុស​កូវីដ១៩ Omicron មិន​គ្រោះថ្នាក់​ជាង​វីរុស​បំប្លែង​ថ្មី​ផ្សេង​ទៀត​នោះ​ទេ


រូបឯកសារ៖ លោក Michael Ryan ប្រធាន​ផ្នែក​គ្រាអាសន្ន​នៃ​អង្គការ​សុខភាព​ពិភពលោក ចូលរួម​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ទីក្រុងហ្សឺណែវ ប្រទេសស្វីស។

អង្គការ​សុខភាព​ពិភពលោក (WHO) និង​សហរដ្ឋអាមេរិក បាន​បញ្ជាក់​ថា វីរុស​កូវីដ១៩ បំប្លែង​ថ្មី​អូមីក្រុង (Omicron) ហាក់ដូចជា​មិន​បង្ក​គ្រោះថ្នាក់​ខ្លាំង​ជាង​វីរុស​កូវីដ១៩ ប្រភេទ​ផ្សេង​ទៀត​នោះទេ និង​ថា ការ​ស្រាវជ្រាវ​បន្ថែម​ទៀត​លើ​វីរុស​នេះ ​គឺ​ចាំបាច់​ដើម្បី​វាយតម្លៃ​អំពី​ភាព​គ្រោះថ្នាក់​របស់​វា។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ការ​វាយតម្លៃ​ប្រកប​ដោយ​ក្តី​សង្ឃឹម​នេះ​បាន​ធ្វើឡើង នៅ​ចំពេល​ដែល​មាន​ការ​ព្រួយ​បារម្ភ​កើនឡើង​នៅ​លើ​ពិភពលោក​អំពី​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​នេះ។

លោក Michael Ryan ប្រធាន​ផ្នែក​គ្រាអាសន្ន​នៃ​អង្គការ​សុខភាព​ពិភពលោក បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា បើ​ទោះបីជា​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​នេះ ​ទំនងជា​មាន​លក្ខណៈ​ឆ្លង​លឿន​ជាង​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​ផ្សេង​ទៀត​ក៏ដោយ ក៏​វីរុស​នេះ​ ហាក់ដូចជា​មិន​អាច​គេច​ផុត​ទាំងស្រុង​ពី​វ៉ាក់សាំង​កូវីដ១៩ នោះ​ឡើយ។

លោក Ryan បញ្ជាក់​ដូច្នេះ​ថា៖ «ទិន្នន័យ​ដំបូងៗ​មិន​បាន​បង្ហាញ​ថា វីរុស​នេះ ​មាន​ភាព​គ្រោះថ្នាក់​ខ្លាំង​ជាង​វីរុស​បំប្លែង​ថ្មី​ផ្សេង​ទៀត​នោះទេ»។ លោក​ក៏​បាន​បន្ថែម​ផងដែរ​ថា គេ​ចាំបាច់​ត្រូវ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត​លើ​វីរុស​នេះ។

ដោយឡែក សម្រាប់​លោក​វេជ្ជបណ្ឌិត Anthony Fauci ដែលជា​អ្នក​ជំនាញ​កំពូល​របស់​សហរដ្ឋ​អាមេរិក​ផ្នែក​ជំងឺ​ឆ្លង​វិញ លោក​ក៏​បាន​យល់ស្រប​ជាមួយ​នឹង​ការ​លើកឡើង​ខាងលើ​របស់​អង្គការ​សុខភាព​ពិភពលោក​ផងដែរ ដោយ​លោក​បាន​និយាយ​ថា វីរុស​កូវីដ១៩ បំប្លែង​ថ្មី​អូមីក្រុង​នេះ ហាក់ដូចជា​មិន​បង្ក​គ្រោះថ្នាក់​ខ្លាំង​ជាង​វីរុស​បំប្លែង​ថ្មី​មុនៗ​នោះ​ទេ បើ​ផ្អែកលើ​លទ្ធផល​ដំបូងៗ ហើយ​ជាង​នេះ​ទៀត វា​អាច​មាន​លក្ខណៈ​ស្រាល​ជាង​វីរុស​បំប្លែង​ថ្មី​ពី​មុន​ផងដែរ។

ទោះជា​យ៉ាងនេះក្ដី លោក Fauci បាន​បញ្ជាក់​ថា វីរុស​បំប្លែង​ថ្មី​អូមីក្រុង​នេះ​គឺ «ពិតជា​មាន​លក្ខណៈ​ឆ្លង​ខ្លាំង» ដែល​ទំនងជា​ឆ្លង​ខ្លាំង​ជាង​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​ដែលតា (Delta) ទៅទៀត៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG