ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនាញ​កំពូល​អាមេរិក​ផ្នែក​ជំងឺឆ្លង​ថា វ៉ាក់សាំង​កូវីដ១៩ អាច​ទប់ទល់​នឹង​វីរុស​បំប្លែង​ថ្មី Omicron បាន​ខ្លះ


លោក​វេជ្ជបណ្ឌិត Anthony Fauci ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​វេជ្ជសាស្ត្រ​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ស្តាប់​នៅពេល​លោក Biden និយាយ​អំពី​វីរុស​បំប្លែង​ថ្មី Omicronនៅ​សេតវិមាន កាលពី​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក​វេជ្ជបណ្ឌិត Anthony Fauci ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​វេជ្ជសាស្ត្រ​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ស្តាប់​នៅពេល​លោក Biden និយាយ​អំពី​វីរុស​បំប្លែង​ថ្មី Omicronនៅ​សេតវិមាន កាលពី​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

អ្នក​ជំនាញ​កំពូល​ផ្នែក​ជំងឺឆ្លង​របស់​សហរដ្ឋ​អាមេរិក ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ពលរដ្ឋ​អាមេរិកាំង​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ រួច​ហើយ មាន «ការ​ការពារ​បាន​ខ្លះ» ប្រឆាំង​នឹង​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​អូមីក្រុង (Omicron) ប៉ុន្តែ​លោក​ថា អ្នក​វិទ្យាសាស្ត្រ​អាច​ដឹង​ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​ខាង​មុខ​នេះ​ថា តើ​គេ​ចាំបាច់​ត្រូវ​កែប្រែ​វ៉ាក់សាំង​កូវីដ១៩ របៀប​ណា ដើម្បី​ធ្វើ​ឱ្យ​វា​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ទល់​នឹង​វីរុស​បំប្លែង​ថ្មី​នេះ។

លោក​វេជ្ជបណ្ឌិត Anthony Fauci ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​វេជ្ជសាស្ត្រ​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​លើកឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ជំងឺ​កូវីដ១៩ នៅ​សេតវិមាន​ថា «វីរុស​បំប្លែង​ថ្មី [អូមីក្រុង] មាន​លក្ខណៈ​ខុសប្លែក​ខ្លាំង​ពី​វីរុស​បំប្លែង​ថ្មី​ផ្សេង​ទៀត» នៃ​ជំងឺ​កូវីដ១៩។

ទោះបីជា​លោក Fauci បាន​បញ្ជាក់​ថា វ៉ាក់សាំង​កូវីដ១៩ ទាំង ៣ ប្រភេទ​ដែល​ប្រើ​នៅក្នុង​សហរដ្ឋ​អាមេរិក​អាច​ជួយ​ការពារ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ទាំង​នេះ​រួច​ហើយ​មិន​ឱ្យ​ឈឺ​ធ្ងន់​ដោយសារ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​នេះ​ក៏ដោយ ក៏ «គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ» ថា​តើ​វ៉ាក់សាំង​ទាំង​នេះ​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា​នៅ​ក្នុង​ការ​ការពារ​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី​នេះ​មិន​ឱ្យ​ធ្លាក់​ខ្លួន​ឈឺ។

លោក​បាន​បន្ថែម​ដូច្នេះ​ថា៖ «យើង​ជឿ​ថា វា​ជា​ការ​ឆាប់​រហ័ស​ពេក​ដែល​អាច​និយាយ​អំពី​កម្រិត​គ្រោះថ្នាក់​របស់​វីរុស​បំប្លែង​ថ្មី​នេះ​នៅ​ពេល​នេះ។ យើង​អាច​ដឹង​បាន​ច្រើន​ជុំវិញ​បញ្ហា​នេះ​នៅ​ក្នុង​រយៈពេល​ពីរបី​សប្តាហ៍​ខាង​មុខ»។

លោក Fauci បាន​និយាយ​ថា រហូត​មក​ដល់​ពេល​នេះ មាន​ករណី​ឆ្លង​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​អូមីក្រុង​នេះ​ចំនួន ២២៦ ករណី​រួច​ហើយ​នៅ​ក្នុង​ប្រទេស​ចំនួន ២០ នៅ​លើ​ពិភពលោក ប៉ុន្តែ​មិន​ទាន់​មាន​ករណី​ឆ្លង​ជំងឺ​នេះ​នៅ​ក្នុង​សហរដ្ឋអាមេរិក​នៅឡើយ​ទេ។ ទោះជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សុខាភិបាល​អាមេរិក​បាន​សន្និដ្ឋាន​ថា មិន​យូរ​មិន​ឆាប់ វីរុស​នេះ​នឹង​មាន​វត្តមាន​នៅ​ក្នុង​សហរដ្ឋអាមេរិក៕

XS
SM
MD
LG