ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វីរុស​កូវីដ១៩ បំប្លែង​ថ្មី Omicron បាន​ជំរុញ​ប្រទេស​នានា​ឱ្យ​បិទ​ព្រំដែន​របស់​ខ្លួន


មនុស្ស​ម្នាក់ នៅ​រានហាល​ខាងក្រៅ​អាកាស​យានដ្ឋាន​អន្តរជាតិ Haneda ក្នុង​ទីក្រុង​តូក្យូ នៅ​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈ​ដែល​ប្រទេស​ជប៉ុន​បាន​ប្រកាស​ផែនការ​រារាំង​អ្នកដំណើរ​បរទេស​ថ្មី​ទាំងអស់​ដោយសារតែ​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​អូមីក្រុង (Omicron)។

មន្ត្រី​សុខាភិបាល​ប្រទេស​ហូឡង់​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា មនុស្ស ១៣ នាក់​ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​នេះ ​កាលពី​ពេល​ថ្មីៗ​នេះ ​តាម​ជើង​ហោះហើរ​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​ធ្វើ​តេស្ត​ឃើញ​ថា​ មាន​ឆ្លង​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​អូមីក្រុង (Omicron)។

អ្នក​ដំណើរ​ទាំង​នេះ ​ស្ថិត​នៅ​ក្នុង​ក្រុម​មនុស្ស​ចំនួន ៦១ នាក់ ដែល​បាន​ធ្វើ​តេស្ត​ឃើញ​ថាមាន​ឆ្លង​វីរុស​នេះ បន្ទាប់ពី​ពួកគេ ​បាន​ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង​អាំស្ទែដាំ ប្រទេស​ហូឡង់ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។

ការ​ប្រកាស​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​ពេល​មិន​យូរ​ប៉ុន្មាន បន្ទាប់ពី​ប្រទេស​អូស្ត្រាលី​បាន​បញ្ជាក់​ថា អ្នកដំណើរ​ពីរ​នាក់​ដែល​បាន​មក​ដល់​ទីក្រុង​ស៊ីដនី​កាលពី​ពេល​ថ្មីៗ​នេះ​មាន​ផ្ទុក​វីរុស​នេះ។

ប្រទេស​កាណាដា​ក៏​បាន​រកឃើញ​ករណី​ឆ្លង​វីរុស​នេះ​ចំនួន ២ ករណី​ផងដែរ​កាលពី​ថ្ងៃ​អាទិត្យ។ អ្នកស្រី Christine Elliott ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត Ontario បាន​និយាយ​ថា ពលរដ្ឋ​នៅ​រដ្ឋធានី​អូតាវ៉ា​ បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​នីហ្សេរីយ៉ា​ដែល​ជា​ប្រទេស​មិន​ស្ថិត​នៅ​ក្នុង​តំបន់​ភាគ​ខាងត្បូង​នៃ​ទ្វីប​អាហ្វ្រិក ដែល​ជា​តំបន់​ដែល​អាជ្ញាធរ​ថា​ វីរុស​ថ្មី​នេះ ​បាន​លេច​ឡើង។

ប្រទេស​អ៊ីស្រាអែល​ និង​ប្រទេស​ម៉ារ៉ុក ​បាន​បិទ​ព្រំដែន​របស់​ខ្លួន​មិន​ទទួល​ទេសចរ​បរទេស​ទាំងអស់​កាលពី​ថ្ងៃ​អាទិត្យ។ រីឯ​ប្រទេស​ជប៉ុន​វិញ​ បាន​ប្រកាស​បិទ​ព្រំដែន​ដូច​គ្នា​នេះ​ដែរ​ ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​អង្គារ​ស្អែក បន្ទាប់ពី​មាន​ព័ត៌មាន​អំពី​វីរុស​ថ្មី​នេះ។ ចំណែកឯ​ប្រទេស​ផ្សេង​ទៀត ​បាន​ដាក់​កំហិត​ការ​ធ្វើដំណើរ​សម្រាប់​ភ្ញៀវ​ទេសចរ​មកពី​តំបន់​ភាគ​ខាងត្បូង​នៃ​ទ្វីប​អាហ្វ្រិក។

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​អំពាវនាវ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន ស្រប​ពេល​ដែល​ប្រទេស​នានា​ បាន​ចាត់​វិធានការ​យ៉ាង​ឆាប់​រហ័ស​ដើម្បី​បិទ​ព្រំដែន​របស់​ខ្លួន៕

XS
SM
MD
LG