មន្ត្រីជាច្រើននៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កំពុងតស៊ូបង្កើតប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិចមួយ សម្រាប់ការបោះឆ្នោតដែលគេបានរង់ចាំជាយូរមកហើយ បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១១ ដែលគ្មានគុណភាពដោយសារភាពខ្វះសណ្ដាប់ធ្នាប់ និងភាពមិនប្រក្រតី។ បញ្ហានេះធ្វើឲ្យមានភាពទាលច្រកផ្នែកនយោបាយអស់រយៈពេល២ឆ្នាំ។ កាលបរិច្ឆេទការបោះឆ្នោតគឺនឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែធ្នូ បើសិនគ្មានអ្វីប្រែប្រួល។
ប្រព័ន្ធបោះឆ្នោតថ្មីអេឡិចត្រូនិចរបស់ប្រទេសកុងហ្គោ ធ្វើឡើងក្នុងគោលបំណងធ្វើឲ្យដំណើរការបោះឆ្នោតមានភាពរលូន នៅក្នុងប្រទេសជាតិមួយដែលមានទំហំស្មើនឹងអឺរ៉ុបខាងកើត ប៉ុន្តែជាប្រទេសដែលមានហេដ្ឋារចនាសម្ព័ន្ធតិចតួច កម្រិតអក្ខភាពទាប និងមានបេក្ខជនឈរឈ្មោះបោះឆ្នោតច្រើនជាងប្រទេសជាតិផ្សេងៗនៅទ្វីបអាហ្រ្វិក។
ការបោះឆ្នោតត្រូវបានគេរំពឹងថានឹងកើតឡើងកាលពីឆ្នាំ២០១៦ ប៉ុន្តែប្រធានាធិបតី Joseph Kabila មិនបានចុះចេញពីតំណែងទេ នៅពេលអាណត្តិរបស់លោកបានបញ្ចប់។
បន្ទាប់ពីការបោះឆ្នោតប្រកបដោយភាពវឹកវរកាលពី៧ឆ្នាំមុន គណៈកម្មការបោះឆ្នោតបានដឹងថា ទំហំនៃប្រទេសនេះបានធ្វើឲ្យមានបញ្ហាប្រឈមជាច្រើន។
លោក Jean-Pierre Kalamaba អ្នកនាំពាក្យរបស់គណៈកម្មការបោះឆ្នោតឯករាជ្យជាតិ បានថ្លែងថា៖ «នៅក្នុងទីក្រុងគីនស្ហាសានេះ គឺជុំវិញព្រលានយន្តហោះ មានស្រុកមួយឈ្មោះថាស្រុក Tschangu ដែលមានបេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន ១៥៧៥នាក់។ គ្រប់សន្លឹកឆ្នោតនីមួយៗមានដាក់ ឈ្មោះបេក្ខជន រូបសញ្ញាគណបក្ស រូបថតបេក្ខេជន និមិត្តសញ្ញាគណបក្សរបស់គេ។ កូនសៀវភៅមួយត្រូវបង្កើតឡើងដោយមានទំហំក្រដាសទទឹងជិត ២៨ សង់ទីម៉ែត្រនិងបណ្តោយជាង៤៣សង់ទីម៉ែត្រ ដែលមាន៥៣សន្លឹក ហើយមានទម្ងន់ជាង៣០០ក្រាម»។
មន្ត្រីបោះឆ្នោតជាច្រើនសង្ឃឹមថា ម៉ាស៊ីនដែលផលិតនៅប្រទេសកូរ៉េនឹងធ្វើឲ្យមនុស្សអាចបោះឆ្នោតបានលឿន។
លោក Kalamba និយាយថា ដោយមានប្រព័ន្ធបែបនេះ អ្នកបោះឆ្នោតអាចធ្វើការសម្រេចចិត្តបោះឆ្នោតក្នុងប៉ុន្មាននាទីប៉ុណ្ណោះ ដែលធ្វើឲ្យការបោះឆ្នោតអាចបញ្ចប់ក្នុងរយៈពេលមួយថ្ងៃ។
ទោះយ៉ាងណា គណប្សប្រឆាំងនៅមានចម្ងល់។
លោក Vital Kamehe មេដឹកនាំគណបក្ស សហភាពសម្រាប់ជាតិកុងហ្គោ និយាយថា៖ «យើងបានឮការពន្យល់អំពីម៉ាស៊ីនសម្រាប់ការបោះឆ្នោត។ ការពន្យល់អំពីម៉ាស៊ីនបោះឆ្នោតនោះ មិនបានធ្វើឲ្យយើងជឿទេតាមការធ្វើតេស្ត ព្រោះថាការធ្វើតេស្តនោះ បង្ហាញថាវាចំណាយពេលតិចបំផុត២នាទីនិង១៥វិនាទីសម្រាប់មនុស្សម្នាក់ក្នុងការបោះឆ្នោត។ នេះមានន័យថា ដើម្បីឲ្យមនុស្សទាំងអស់គ្នាបានបោះឆ្នោត វាត្រូវចំណាយពេល៣ថ្ងៃ នេះបើតាមការជូនយោបល់»។
សម្រាប់កូនប្រុសរបស់បុរសដែលបានឈ្នះឆ្នោតកាលពីការបោះឆ្នោតចុងក្រោយ គឺលោក Etienne Tshisekedi មេដឹកនាំគណបក្សប្រឆាំងដែលទទួលមរណភាពនោះ លោកនិយាយចំៗជាងគេ។
លោក Felix Tshisekedi មេដឹកនាំគណបក្សសហភាពដើម្បីលទ្ធិប្រជាធិបតេយ្យនិងការរីកចម្រើនសង្គម និយាយថា៖ «សម្រាប់យើង ម៉ាស៊ីនសម្រាប់បោះឆ្នោតនេះ គឺជាម៉ាស៊ីនបោកប្រាស់។ ការអនុវត្តបែបនេះ គេរចនាឡើងដើម្បីឲ្យបេក្ខជនដែលជ្រើសរើសដោយប្រធានាធិបតី Kabila ឬដោយដោយអង្គនីតិបញ្ញត្តិអាចបង្កើតសំឡេងភាគច្រើនក្លែងក្លាយ ដូចដែលពួកគេធ្លាប់បានធ្វើកាលពីឆ្នាំ២០១១»។
គណៈកម្មការបោះឆ្នោតសង្ឃឹមថា អ្វីៗនឹងរួចរាល់តាមលំដាប់នៅពេលថ្ងៃបោះឆ្នោតមកដល់ នៅខែធ្នូនេះ ប៉ុន្តែការធ្វើតេស្តសាកល្បងកាលពីកន្លងទៅម៉ាស៊ីនទាំងនោះខូចមិនដំណើរការទេ។
ការពន្យាររៀបចំការបោះឆ្នោតរបស់ប្រធានាធិបតី Kabila បានធ្វើឲ្យមានបាតុកម្មកាលពីពេលថ្មីៗនេះ និងនាំឲ្យមានការបង្ក្រាបដ៏ឃោរឃៅដែលឈានដល់មានការស្លាប់មនុស្សយ៉ាងហោចណាស់ចំនួន១៥នាក់។
មូលហេតុនេះហើយដែលមន្ត្រីរៀបចំការបោះឆ្នោតនិយាយថា ការបោះឆ្នោតត្រូវតែកើតឡើង ដើម្បីពលរដ្ឋក្នុងប្រទេសនេះបានចូលរួមបំពេញតួនាទីនិងបង្ហាញឆន្ទៈរបស់ពួកគេតាមរយៈសន្លឹកឆ្នោត៕
ប្រែសម្រួលដោយ នៀម ឆេង