ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជម្លោះ​នយោបាយ​នៅ​ក្នុង​សាធារណៈរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ​អាច​ក្លាយ​ជា​សង្គ្រាម


ប្រធានាធិបតី​នៃ​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​លោក Joseph Kabila (រូបកណ្តាល) ស្វាគមន៍​អ្នក​គាំទ្រ​នៅ​ពេល​ដែល​លោក​មកដល់​អាកាសយានដ្ឋាន​ក្នុង Lubumbashi ទីក្រុង​នៃ​ខេត្ត Katanga កាល​ពី​ថ្ងៃទី​១៣ មិថុនា​ ២០១៦។​

លោក​ប្រធានាធិបតី​ Joseph Kabila នឹង​ត្រូវ​ចុះ​ចេញ​ពី​តំណែង​ជា​ប្រមុខ​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ ក្នុង​ខែ​ធ្នូ​នេះ។​ ប៉ុន្តែ​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​នេះ​ហាក់ដូចជា​កាន់​តែ​មាន​ទំនោរ​ថា​នឹង​ត្រូវ​ពន្យាពេល។​ សេចក្តី​ថ្លែង​ការណ៍​កាល​ពី​សប្តាហ៍​កន្លង​ទៅ​នេះ​ ដោយ​លោក​ប្រធានាធិបតី​ និង​ឥស្សរជន​ជាន់ខ្ពស់​ពី​​គណបក្ស​ប្រឆាំង​​​​មួយ​រូប ដែល​ឥឡូវ​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​និរទេស​ខ្លួន​ បាន​គូស​បញ្ជាក់​ពី​ភាព​មិន​ច្បាស់លាស់​នៃ​អនាគត​នយោបាយ​នៅ​ក្នុង​ប្រទេស​ដែល​ស្ថិតនៅ​តំបន់​អាហ្វ្រិក​កណ្តាល​មួយ​នេះ​​ និង​ជម្លោះ​ដែល​អាច​ឈាន​ទៅ​ការ​ផ្ទុះ​ឡើង​នូវ​អំពើហិង្សា​នា​ពេល​ខាង​មុខ​។

សុន្ទរកថារបស់លោកប្រធានាធិបតី Joseph Kabila ក្នុងទិវាបុណ្យឯករាជ្យជាតិ ត្រូវបានគេថតទុកជាមុនដូចធម្មតា។ លោក Kibila គឺជាអ្នកធ្វើសុន្ទរកថាដែលមានឈ្មោះខាងស្ទាក់ស្ទើរមួយរូប។ ប៉ុន្តែពាក្យសម្តីរបស់លោកមិនមានលក្ខណៈទន់ជ្រាយឡើយ។

ប្រមុខ​រដ្ឋ​ដ៏​រឹង​ទទឹង​នេះ​ បាន​កោះ​ហៅ​ប្រជាជន​កុងហ្គោ​ទាំង​អស់​ឲ្យ​ប្រឆាំង​នឹង​អ្វី​ដែល​លោក​ហៅ​ថា «ការ​ជ្រៀត​ជ្រែក​ខុស​ច្បាប់​ ខុស​ពេល​វេលា​ពី​បរទេស»។ លោក​បាន​កោត​សរសើរ​ការ​ថែ​រក្សា​សន្តិសុខ​របស់​លោក​ម្តង​ហើយ​ម្តង​ទៀត។

មតិ​អត្ថាធិប្បាយ​របស់​លោក​ ត្រូវ​បាន​គេ​យល់​ថា ​ជា​ការ​ឆ្លើយ​តប​ផ្ទាល់​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​របស់​រដ្ឋាភិបាលស.រ.អា. លើ​មន្រ្តី​ប៉ូលិស​ជាន់​ខ្ពស់​មួយ​រូប​ក្នុង​រដ្ឋាភិបាល​របស់​លោក​ Kabila​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា។​

រដ្ឋាភិបាលអាមេរិក ​ក៏​ដូច​ជា​សមាជិក​សភា​អាមេរិក​ បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​លោក​ Kabila ពី​ការមាន​ចេតនាពន្យា​ពេល​កា​របោះឆ្នោត​ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ខែ​វិច្ឆិកា និង​ពី​ការ​បង្រ្កាប​ក្រុម​ប្រឆាំង​ និង​សង្គម​ស៊ីវិល។ ទណ្ឌកម្មផ្សេងៗអាច​នឹង​មានបន្ថែមទៀត​ក្នុង​ពេល​ខាង​មុខ។​

ថ្ងៃ​នេះ​គួរតែ​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ចុង​ក្រោយ​សម្រាប់​លោក​ Kabila ក្នុង​នាម​ជា​ប្រធានាធិបតី។ រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​នេះ​បាន​កំណត់​ឲ្យ​លោក​ត្រឹម​តែ​ពីរ​អាណត្តិ​ប៉ុណ្ណោះ។​

ប៉ុន្តែ​ ការ​បោះ​ឆ្នោត​មើល​ទៅ​អាច​នឹង​មិន​កើត​ឡើង​ទេ​ ក្នុង​ឆ្នាំ​នេះ។ គណៈកម្មការ​បោះ​ឆ្នោត​និយាយ​ថា​ពួក​គេ​ត្រូវ​ការ​រយៈ​ពេល​ច្រើន​ជាង​មួយ​ឆ្នាំ​ ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត។​តុលាការ​រដ្ឋ​ធម្មនុញ្ញ​បាន​សម្រេច​កាល​ពី​ខែ​ឧសភា​ថា ​លោក Kabila អាច​បន្ត​កាន់​អំណាច​រហូត​ដល់​មាន​ការ​បោះ​ឆ្នោត។
នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ ប្រធានាធិបតី​រូបនេះ​ បាន​ទទូច​សុំ​ឲ្យ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នឹង​ចាប់​ផ្តើម​ក្នុង​ពេល​ឆាប់​នេះ​ៗ​ ហើយ​ថា ​នឹង​គ្មាន​អ្វី​អាច​បញ្ឈប់​ការ​បោះ​ឆ្នោត​នោះ​បាន​ទេ។​

ប៉ុន្តែ​ ក្នុង​ពេល​ថ្មី​ៗ​នេះ មន្រ្តី​ជាន់​ខ្ពស់​ដែល​ជិត​ស្និទ្ធ​នឹង​លោក Kabila បាន​និយាយ​ជា​សាធារណៈ​ថា​ នឹង​ត្រូវ​ធ្វើ​ប្រជា​មតិ​រដ្ឋ​ធម្មនុញ្ញ​ជាមុន​សិន។​ ពួក​គេ​សួរ​ថា​ ប្រសិនបើ​ប្រជាជន​កុងហ្គោ​ចង់​ឲ្យ​លោក Kabila កាន់​តំណែង​បន្ត​ ហេតុ​អ្វី​ត្រូវ​បដិសេធ​ពួកគេ?

លោក​ Hans Hoebeke គឺ​ជា​អ្នក​វិភាគ​ជាន់​ខ្ពស់​មួយ​រូប​នៅ​ក្នុង​ប្រទេស​កុងហ្គោ​ របស់​អង្គការ​វិបត្តិ​អន្តរជាតិ (International Crisis Group)។

លោក​បាន​និយាយ​ថា​ «នៅ​ពេល​ដែល​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​បញ្ចប់​ ខ្ញុំ​ប្រាកដ​ថា ​នោះ​នឹង​ក្លាយ​ជា​សំណើ​ដ៏​ជាក់​ច្បាស់​មួយ។ ប្រសិន​បើ​ពួក​គេ​អាចបន្ត​អាណត្តិ​ ប្រសិន​បើ​ប្រជាជន​នៅ​តែ​មិន​ប​ញ្ចេញ​មតិ អ៊ីចឹង​ ខ្ញុំ​គិត​ថា​ពួក​គេ​នឹង​សាក​ល្បង​វា។ ខ្ញុំ​មិន​មែន​និយាយ​ថា​ពួកគេ​នឹង​ជោគជ័យ​នោះ​ទេ ប៉ុន្តែ​ ខ្ញុំ​គិត​ថា​ពួក​គេ​នឹង​សាកល្បង»។​

ថ្មី​ៗ​នេះ​ក៏​មាន​ព្រឹត្តិការណ៏​ស្រដៀង​នេះ​ដែរ។ មេ​ដឹក​នាំ​នៃ​ប្រទេស​ជិត​ខាង​ទាំង​ពីរ​របស់​កុងហ្គោ គឺ​ប្រទេស Congo-Brazzaville​ និង​រវ៉ាន់ដា បាន​ទទួល​ជោគជ័យ​ក្នុង​ការ​លុប​បំបាត់​ការ​កំណត់​អាណត្តិ​តាម​រយៈ​ការ​ធ្វើ​ប្រជា​មតិ​ និង​ឈ្នះ​ឆ្នោត​អាណត្តិ​ថ្មី​ កាល​ពី​ឆ្នាំមុន។​

អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ហើយ​ដែល​លោក Kabila បាន​អញ្ជើញ​ក្រុម​ប្រឆាំង​ឲ្យ​ចូល​រួម​ក្នុង​ការ​ពិភាក្សា​នយោបាយ។ លោក Edem Kodjo អតីត​នាយក​រដ្ឋមន្រ្តី​តូហ្គោ ​កំពុង​សម្រប​សម្រួល​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ​ក្នុង​នាម​ឲ្យ​សហ​ភាព​អាហ្រ្វិក។​

មេ​ដឹក​នាំ​ក្រុម​ប្រឆាំង​ដែល​មាន​ឥទ្ធិពល​បំផុត​ នៅ​តែ​មាន​អរិភាព​ចំពោះ​សំណើ​របស់​លោក​ Kabila។ ពួកគេ​បាន​បដិសេធ​ចោល​កិច្ច​ពិភាក្សា​នោះ​ថា​ ជា​អន្ទាក់​ ហើយ​បាន​ចាប់​ផ្តើម​ស្នើ​រក​ជំនួយ​ពី​សហ​ដ្ឋ​អាមេរិក​ ក្នុង​ក្រុម​សម្របសម្រួល។ ប៉ុន្តែ​ ការ​គាំទ្រ​ដែល​មាន​សមត្ថភាព​អាច​រក​ឃើញ​ហើយ។​

លោក​ Juvenal Munubo ជា​សមាជិក​សភា​ម្នាក់​មក​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ក្នុង​ចំណោម​គណបក្ស​ប្រឆាំង​ធំៗ​ផ្សេង​ទៀត។​

លោក​បាន​ប្រាប់​ VOA ថា​ កិច្ច​ពិភាក្សា​មួយ​ដែល​អាច​ទទួល​យក​បាន​សម្រាប់​គណបក្ស​ទាំង​អស់​គឺ​ជា​ឱកាស​ចុងក្រោយ​ ហើយ​ត្រូវ​តែ​ផ្តល់​ចម្លើយ​ដ៏​ច្បាស់សម្រាប់​សំណួរ​ដ៏​សំខាន់​ពីរ​គឺ៖ តើ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ប្រធានាធិបតី​គួរ​តែ​ធ្វើ​នៅ​ថ្ងៃ​ណា​ ហើយ​តើ​អ្នក​ណា​គួរ​តែ​ដឹក​នាំ​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ​ នៅពេល​ដែល​អាណត្តិ​របស់​ Kabila បាន​ចប់​នៅ​ថ្ងៃ​ទី​២០​ ខែ​ធ្នូ? សម្រាប់​លោក Munubo​ ប្រសិន​បើ​សំណួរ​ទាំង​នេះមាន​ចម្លើយ បញ្ហា​ចម្បង​នឹង​លែង​មាន​ ហើយ​ការ​បោះ​ឆ្នោត​ ឆ្នាំ​២០១៦ នឹង​មិន​ចាំ​បាច់​ត្រូវ​ធ្វើ​ទេ។​

ពេល​វេលា​កាន់​តែ​ច្រើន​ អាច​មាន​ប្រយោជន៍​ចំពោះ​គណបក្ស​ប្រឆាំង។​

បច្ចុប្បន្ន​នេះ​ ​គ្មាន​បេក្ខជន​ខាង​គណបក្ស​ប្រឆាំង​ណា​ដែល​លេច​ធ្លោ​នោះ​ទេ ហើយ​សម្ព័ន្ធ​ដែល​បែក​បាក់​ទាំង​ឡាយ​កំពុង​ព្យាយាម​រួប​រួម​សាមគ្គី​គ្នា។

លោក Moise Katumbi បាន​ចង្អុល​បង្ហាញ​ពី​ទំហំ​នៃ​ការ​ប្រឆាំង​នេះ។ រហូត​មក​ទល់​ពេល​នេះ​លោក​គឺ​ជា​អ្នក​នយោបាយ​ម្នាក់​គត់​ដែល​ប្រកាស​ពី​គោល​បំណង​របស់​លោក​ពី​ការ​ប្រកួតក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ប្រធានាធិបតី។ លោក Katumbi បាន​ចាក​ចេញ​ពី​សាធារណ​រដ្ឋ​ប្រធាធិបតេយ្យ​កុងហ្គោ​កាល​ពី​ខែ​ឧសភា។ គាត់​ត្រូវ​បានចោទ​ប្រកាន់​លើ​ពីរ​ករណី។​ ការ​ចោទ​ប្រកាន់​មួយ​ក្នុង​ចំណោម​ការ​ចោទ​ប្រកាន់​ទាំង​ពីរ​នោះ​គឺ​លោក​បាន​ជួល​ទាហាន​ស៊ី​ឈ្នួល​បរទេស។​ ក្នុង​ខែ​មិថុនា លោក​ត្រូវ​បាន​កាត់​ទោស​កំបាំង​មុខ​ ឲ្យ​ជាប់​ពន្ធនាគារ​បី​ឆ្នាំ។​ ការ​ត្រលប់​មក​ប្រទេស​វិញ​ដើម្បី​ធ្វើ​ការ​ឃោសនា​បោះ​ឆ្នោត​គឺ​ជា​រឿង​មួយ​ដែល​មិន​អាច​ទៅ​រួច​នា​ពេល​បច្ចុប្បន្ន​នេះ។

លោក​ Katumbi បាន​ចេញ​សេចក្តី​ថ្លែងការណ៍ផ្ទាល់​ខ្លួន​នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ។ លោក​បាន​និយាយ​ថា​ លោក Kabila ត្រូវ​តែ​ចុះ​ចេញ​ពី​តំណែង​ក្នុង​ឆ្នាំ​នេះ។​ លោក​ Katumbi បាន​ថ្កោល​ទោស​ចំពោះ​ការ​ចោទ​ប្រកាន់​ចំពោះ​រូប​លោក​ថា​ ជា​មធ្យោបាយ​ដ៏​អាក្រក់​មួយ​ដើម្បី​រា​រាំង​លោក​ពី​ការ​ឈរ​ឈ្មោះ​បោះ​ឆ្នោត។​
រដ្ឋាភិបាល​បាន​ច្រាន​សេចក្តីថ្លែងការណ៍​នោះចោល ​ដោយ​និយាយ​ថា​សេច​ក្តី​ថ្លែងការណ៍របស់​លោក​ Katumbi​ ជា​ «ការ​តិះដៀល​ដ៏​គួរ​ឲ្យ​អាណិត»៕

ប្រែសម្រួល​ដោយ ទុំ​ ម្លិះ

XS
SM
MD
LG