ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជនជាតិ​អាហ្វ្រិក​មួយ​ចំនួន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​នៅ​ក្នុង​ឯកសារ​សម្ងាត់​បែក​ធ្លាយ​ពី​ប៉ាណាម៉ា


រូបថត​លើកញ្ចក់​កុំព្យូទ័រនៃវិបសាយ​របស់​សមាគម​អ្នក​សារព័ត៌មាន​ស៊ើប​អង្កេត​អន្តរជាតិ​ ICIJ ដែល​បញ្ចេញ​ព័ត៌មាន​អំពី​ឯកសារ​សម្ងាត់​បែក​ធ្លាយ​ពី​ប្រទេស​ប៉ាណាម៉ា (Panama Papers)។

ឯកសារ​បែក​ធ្លាយ​ដ៏​ធំ​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ​ បង្ហាញ​ពី​អ្នក​នយោបាយ​​១៤៣​នាក់ ​រួម​មាន​មេដឹក​នាំ​ពី​ប្រទេស​ចំនួន​១២ បាន​ប្រើ​ប្រាស់​ក្រុមហ៊ុន​នៅ​ក្រៅ​ប្រទេស​​សម្រាប់​គេច​វេះ​ការបង់​ពន្ធ​ និង​ការ​ដាក់​ទណ្ឌកម្ម។

ការ​បែក​ធ្លាយ​ឯកសារ​ធនាគា​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​មួយ​ដែល​គេ​ស្គាល់​ថា​ជា​ ឯកសារ​សម្ងាត់​បែក​ធ្លាយ​ពី​ប្រទេស​ប៉ាណាម៉ា​ ឬ គេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Panama Papers ​បាន​បង្ហាញ​ឈ្មោះ​អ្នក​ជាប់​ពាក់​ព័ន្ធ​ធំៗ​មួយ​ចំនួន​នៅ​ទ្វីប​អាហ្រ្វិក។​ ឯកសារ​ដែល​ត្រូវ​គេ​អធិប្បាយ​ថា​ជា​ការ​បែក​ធ្លាយ​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នេះ​ បង្ហាញ​ឲ្យ​ដឹង​ពី​អ្នក​នយោបាយ​ចំនួន​១៤៣​នាក់ ​រួម​មាន​មេដឹក​នាំ​ពី​ប្រទេស​ចំនួន​១២ បាន​ប្រើ​ប្រាស់​ក្រុមហ៊ុន​នៅ​ក្រៅ​ប្រទេស​ជា​កន្លែង​សម្រាប់​គេច​វេះ​ការបង់​ពន្ធ​ និង​វិធី​សាស្ត្រ​ផ្សេង​ទៀត​ដើម្បី​ចៀស​វាង​ការ​បង់​ពន្ធ​និង​ការ​ដាក់​ទណ្ឌកម្ម។

ជន​ជាតិ​អាហ្វ្រិក​ដែល​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​នៅ​ក្នុង​ឯកសារ​នោះ​ រួម​បញ្ចូល​ទាំង​ក្មួយ​ប្រុស​របស់​ប្រធានាធិបតី​អាហ្រ្វិក​ខាង​ត្បូង​លោក​ Jacob Zuma បង​ប្អូន​ស្រី​ភ្លោះរបស់​ប្រធានាធិបតី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ (Democratic Republic of Congo) លោក​ Joseph Kabila អតីត​អភិបាល​រដ្ឋ​ Delta ​ដែល​សម្បូរ​ទៅ​ដោយ​ប្រេង​កាត​របស់​ប្រទេស​នីហ្សេរីយ៉ា (Nigeria) ​ដែល​ពេល​នេះ​កំពុង​ជាប់​ពន្ធនាគារ​ និង​រដ្ឋមន្ត្រី​ផ្នែក​ប្រេង​ឥន្ធនៈ​នៃ​ប្រទេស​អង់ហ្គោឡា (Angola) ដែល​ជា​ប្រទេស​ផលិត​ប្រេង​កាត​ធំ​លំដាប់​ទី​ពីរ​បន្ទាប់​ពី​ប្រទេស​នីហ្សេរីយ៉ា។​

លោក ​Stanley Achonu​ គឺ​ជា​នាយក​ផ្នែក​ប្រតិបត្តិ​នៃ​អង្គការ​ Budgit​ ដែល​ជា​អង្គការ​ស៊ីវិល​ធ្វើ​ការ​ដើម្បី​សម្រួល​ដល់​ថវិកា​សហព័ន្ធ​សម្រាប់​ប្រជាជន​នីហ្សេរីយ៉ា​សាមញ្ញ​ទូទៅ។ លោក​និយាយ​ថា​ នៅ​ខណៈ​ពេល​ដែល​ការ​ប្រើប្រាស់​ក្រុមហ៊ុន​នៅ​ក្រៅ​ប្រទេស​មិន​មែន​ជា​រឿង​ឧក្រិដ្ឋ​នោះ​ ការ​បែក​ធ្លាយ​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ពី​អ្វី​ដែល​ជន​ជាតិ​អាហ្វ្រិក​បាន​ដឹង​ជា​យូរ​មក​ហើយ​អំពី​មេដឹក​នាំ​របស់​ពួក​គេ​មួយ​ចំនួន​ថា​ ពួក​គេ​បាន​ប្រើប្រាស់​គណនេយ្យ​ធនាគារ​នៅ​ក្រៅ​ប្រទេស​ដើម្បី​លាក់បាំង​មូលនិធិ​សាធារណៈ​ដែល​ពួក​គេ​បាន​លួច។

លោក​និយាយ​ថា៖ «នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ។ ការ​បង្ហាញ​ឲ្យ​ឃើញ​នេះ​ គឺ​ជា​អ្វី​ដែល​យើង​បាន​ដឹង​ជា​ទូទៅ​ហើយ។​ តែ​ឥឡូវ​វា​ធ្វើ​ឲ្យ​យើង​យល់​កាន់​តែច្បាស់​ពេល​ដែល​យើង​មាន​បញ្ជី​ជា​ក្រដាស​ជាក់​ស្តែង​ ដើម្បី​គាំទ្រ​ទៅ​លើ​អ្វី​ដែល​យើង​បាន​ដឹង​ឮ​កាល​ពី​អតីតកាល»។

លោក​ James Ibori​ អភិបាល​រដ្ឋ Delta ដែល​សម្បូរ​ដោយ​ប្រេង​កាត​របស់​ប្រទេស​នីហ្សេរីយ៉ា​ពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០៧​ បាន​សារភាព​កំហុស​នៅ​ក្នុង​តុលាការ​ក្នុង​ទីក្រុង​ឡុងដ៍​នៅ​ឆ្នាំ​២០១២​ លើ​បទ​ចោទ​ផ្សំ​គំនិត​ក្នុង​ការ​ឆបោក​និង​បទ​ល្មើស​លាង​លុយ​កខ្វក់។ លោក​ Ibori​ បាន​សារភាព​ថា​ បាន​ប្រើ​ប្រាស់​តួនាទី​របស់​លោក​ជា​អភិបាល​រដ្ឋ​ ដើម្បី​ទទួលនិង​បង្វែរ​ប្រាក់​៧៥​លាន​ដុល្លារ​ដោយ​ពុក​រលួយ​ ចេញ​ពី​ប្រទេស​នីហ្សេរីយ៉ា​ តាម​រយៈ​បណ្តាញ​មួយនៃ​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ក្រៅ​ប្រទេស បើ​ទោះ​ជា​ក្រុម​អាជ្ញាធរ​បាន​ចោទ​ប្រកាន់​ថា​ ចំនួន​ទឹក​ប្រាក់​សរុប​ដែល​គាត់​បាន​លួច​ ប្រហែល​ជា​មាន​លើស​ពី​២៥០​លាន​ដុល្លារ​ក៏​ដោយ។ លោក​ Ibori ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៣​ឆ្នាំ។

លោក ​Achonu​ និយាយ​ថា​ ទិន្នន័យ​ដែល​បាន​បែក​ធ្លាយ​នឹង​ជួយ​ជំរុញ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​លោក​ប្រធានាធិបតី​ Muhammadu Buhari ក្នុង​ការ​ស្តារ​ឡើង​វិញ​នូវ​មូលនិធិសាធារណៈ​ដែល​ត្រូវ​បាន​លួច។

លោក​ថ្លែង​ថា៖ «នេះ​ស​បញ្ជាក់​ចំពោះ​អ្វី​ដែល​គាត់​បាន​និយាយ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​ អំពី​ចំនួន​ទឹកប្រាក់​យ៉ាង​ច្រើន​ដែល​ត្រូវ​បាន​លួច​ដោយ​មន្ត្រី​កាន់​តំណែង​ដោយ​ការ​បោះឆ្នោត​និង​មន្ត្រី​ដែល​ត្រូវ​បាន​តែង​តាំង។ ខ្ញុំ​ជឿ​ជាក់​ថា​ ការ​បែក​ធ្លាយ​ឯកសារនេះ​នឹង​បន្ថែម​ភស្តុតាង​បន្ថែម​ទៀត​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ»។​

ឯកសារ​សម្ងាត់​បែក​ធ្លាយ​ពី​ប្រទេស​ប៉ាណាម៉ា ​ក៏​បាន​បញ្ចេញ​ឈ្មោះ​ក្មួយ​ប្រុស​របស់​ប្រធានាធិតី​អាហ្វ្រិក​ខាង​ត្បូង​ Jacob Zuma ផង​ដែរ។

ក្មួយ​របស់​លោក​ Zuma​ ឈ្មោះ​ Khulubuse Zuma ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ថា​ជា​អ្នក​តំណាង​ឲ្យ​ក្រុមហ៊ុន​ឈ្មោះ​ Caprikat Limited​ ដែល​ជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​នៅ​បរទេស​ចំនួន​ពីរ​ ដែល​ទទួល​រង​ការចោទ​ប្រកាន់​ថា​ បាន​កាន់កាប់​តំបន់​ប្រេង​កាត​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ ក្នុង​កិច្ចព្រមព្រៀង​មួយ​មានទឹកប្រាក់​ ៦,៨​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១០។ ក្រុម​ហ៊ុន​ Caprikat​ ត្រូវ​បាន​ចុះ​បញ្ជី​នៅ​ក្នុង​កោះ​ British Virgin ដែល​ជា​កន្លែង​សម្រាប់​ចៀស​វាង​ការ​បង់ពន្ធ​ដ៏​ចម្បង​មួយ​ ដែល​ជាប់​ទាក់​ទិន​នឹង​ឯកសារ​សម្ងាត់​បែក​ធ្លាយ​ពី​ប្រទេស​ប៉ាណាម៉ា។

លោក​ Vuyo Mkhize អ្នក​នាំ​ពាក្យ​របស់​លោក​ Khulubuse Zuma​ បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ លោក​ Khulubuse Zuma គឺ​មិន​មាន​ ហើយ​ក៏​មិន​ធ្លាប់​មាន​គណនេយ្យ​ធនាគារ​នៅ​ក្រៅ​ប្រទេស​ដែរ​ ហើយ​ថា​ឯកសារ​សម្ងាត់​បែក​ធ្លាយ​ពី​ប្រទេស​ប៉ាណាម៉ា​ គ្រាន់​តែ​លើក​ឡើង​ថា​គាត់​មាន​ជាប់​ទាក់​ទង​ជាមួយ​ក្រុមហ៊ុន​ Caprikat ប៉ុណ្ណោះ​ ដែល​នោះ​គឺ​គ្រាន់​តែ​ជា​រឿង​ឯកសារ​សាធារណៈ​។

ការ​បញ្ចេញ​ឈ្មោះ​ទាំង​នេះ​ មិន​អាច​កើត​មាន​នៅ​ចំ​ពេល​ដ៏​អាក្រក់​សម្រាប់​ប្រធានា​ធិបតី​ Jacob Zuma​ ទេ ​ខណៈ​ពេល​ដែល​រដ្ឋ​សភា​គ្រោង​នឹង​បើក​ការ​ពិភាក្សា​សួរ​ដេញដោល​កាល​ពី​ថ្ងៃ​អង្គារ​ ទៅ​តាម​បណ្តឹង​របស់​គណបក្ស​ប្រឆាំង​ដែល​បាន​ប្តឹង​លោក​ពី​ការ​រំលោភ​រដ្ឋធម្មនុញ្ញ។

តុលាការ​ធម្មនុញ្ញ​បាន​ចេញ​សេចក្តី​សម្រេច​កាល​ពី​សប្តាហ៍​មុន​ថា​ លោក Zuma «ខកខាន​មិន​បាន​ធ្វើ​តាម មិន​បាន​ការពារ​ និង​មិន​បាន​គោរព​តាម​រដ្ឋធម្មនុញ្ញ»​ ដោយ​ការ​ខក​ខាន​មិន​បាន​បង់​ប្រាក់​ខ្លះ​នៃ​មូលនិធិ​សាធារណៈ​ទៅ​ឲ្យ​រដ្ឋ​វិញ​ ដែល​ប្រាក់​ទាំង​នោះ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ធ្វើ​ទំនើបកម្ម​ផ្ទះ​ឯកជន​របស់​លោក​ទៅ​វិញ។

លោក​ Zuma បាន​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ទៅ​កាន់​ប្រជាជាតិ​លោក​កាល​ពី​សប្តាហ៍​មុន​ថា​ លោក «មិន​បាន​ដឹង​ឬ​រៀប​ចំ​គម្រោង​ដើម្បី​រំលោភ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​សាធារណរដ្ឋ​នេះ ​ដោយ​ចេតនានោះ​ទេ»។​ លោក​ Achonu និយាយ​ថា​ វា​ជិត​ដល់​ពេល​ដែល​ប្រជាជន​អាហ្វ្រិក​ខាង​ត្បូង​ត្រូវ​ធ្វើការ​សម្រេច​ចិត្ត​ថា​ត្រូវ​ធ្វើ​អ្វី​ទៀត​ទៅ​លើ​ប្រធានា​ធិបតី​របស់​ខ្លួន។

លោក Achonu និយាយ​ថា៖​ «សម្រាប់​ខ្ញុំ​ វា​មិន​មែន​សម្រាប់​តែ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​មួយ​ទេ។​ វា​គឺ​ទាក់​ទង​ទៅ​នឹង​តួនាទី​ធំ​ជាង​នេះ ​ដែល​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​មាន​នៅ​ក្នុង​ទ្វីប​នេះ គឺថា​អាហ្វ្រិក​ខាង​ត្បូង​គឺ​ជា​ប្រទេស​ធំ​ជាង​គេ​មួយ​ឈរ​លំដាប់​ទី​ពីរ​បន្ទាប់​ពី​នីហ្សេរីយ៉ា។​ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​មិន​អាច​មាន​លទ្ធភាព​មាន​ប្រធានាធិបតី​ដែល​ត្រូវ​បាន​ប្រឡាក់​គ្រប់​ជ្រុង​ទាំង​អស់​ទាក់​ទិន​នឹង​រឿង​អាស្រូវ​ទេ»។

ឯកសារ​នោះ​ក៏​បាន​លើក​ឡើង​ពី​ឈ្មោះ​ Jaynet Désirée Kabila​ ដែល​ជា​ប្អូនស្រី​ភ្លោះ​របស់​ប្រធានាធិបតី​ Joseph Kabila​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ផង​ដែរ។ លោក​ស្រី​គឺ​ជា​សមាជិក​នៃ​រដ្ឋ​សភា​តាំង​ពី​ឆ្នាំ​២០១២​មក​ម្ល៉េះ។ លោក​ស្រី​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​មាន​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ Keratsu Holding Limited ដេល​ជា​ក្រុមហ៊ុន​មួយ​ចុះ​បញ្ជី​នៅ​តំបន់​ប៉ាស៊ីហ្វិក ​គឺ​នៅ​កោះ​ Niue កាល​ពី​ខែ​មិថុនា ឆ្នាំ​២០០១ គឺ​នៅ​ប៉ុន្មាន​ខែ​មុន​ពេល​បង​ប្រុស​របស់​លោក​ស្រី​ត្រូវ​បាន​បោះ​ឆ្នោត​ជា​ប្រធានា​ធិបតី។​ ប្រធានាធិបតី​ Kyungu​ មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ​នៅ​ឡើយ​ទេ។

លោក Achonu និយាយ​ថា​ នៅ​ខណៈ​ពេល​ដែល​ការ​ប្រើប្រាស់​ទីកន្លែង​នៅ​ក្រៅ​ប្រទេស​មិន​មែន​ជា​រឿង​ឧក្រិដ្ឋ​នោះ​ ការ​បែក​ធ្លាយ​ឯកសារ​សម្ងាត់​នេះ​បញ្ជាក់​ពី​អ្វី​ដែល​ជន​ជាតិ​អាហ្វ្រិក​ទាំង​អស់​បាន​ដឹង​ជា​ហូរហែ​អំពី​មេដឹក​នាំ​របស់​ពួក​គេ​មួយ​ចំនួន គឺ​ថា​ពួក​គេ​បាន​ប្រើ​ប្រាស់​គណនេយ្យ​ធនាគារ​នៅ​ក្រៅ​ប្រទេស​ទាំង​នោះ​ដើម្បី​បិទ​បាំង​មូលនិធិ​សាធារណៈ​ដែល​ពួក​គេ​បាន​លួច។

«ខ្ញុំ​មិន​ចង់​ឲ្យ​មាន​ការ​កំហិតឯកសារ​ដែល​បាន​ចេញ​ផ្សាយ​នោះ​ ឲ្យ​នៅ​ត្រឹម​តែ​បញ្ហា​ការ​គេច​ពន្ធ​ទេ។ ជា​ពិសេស​ក្នុង​ទ្វីប​អាហ្វ្រិក វា​ទំនង​ជា​មាន​ករណី​ដែល​មនុស្ស​បាន​លួច​មូលនិធិ​សាធារណៈ​ ដែល​ពួក​គេ​មិន​អាច​កែ​សម្រួល​បាន​ដោយ​ការ​ប្រើប្រាស់​ចំណូល​ជា​ទៀត​ទាត់​ពី​តួនាទី​ដែល​ពួក​គេ​មាន​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ ហើយ​ពេល​នេះ​ពួក​គេ​ព្យា​យាម​លាក់​ទុក​ទ្រព្យ​សម្បត្តិ​ និង​ធនធាន​របស់​ពួក​គេ​ តាម​រយៈ​ក្រុម​ហ៊ុន​នៅ​ក្រៅ​ប្រទេស»។

ជនជាតិ​អាហ្វ្រិក​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​នៅ​ក្នុង​ឯកសារ​បែក​ធ្លាយ​នោះ​ មាន​រួម​បញ្ចូល​ទាំង​លោក ​Kalpana Rawal អនុប្រធាន​ផ្នែក​យុត្តិធម៌​របស់​ប្រទេស​កេនយ៉ា​ និង​ស្ត្រី​ពោះ​ម៉ាយ​ Mamadie Touré ដែល​ជា​អតីត​ភរិយា​របស់​លោក​ Lansana Conte ប្រធានាធិបតី​នៃ​ប្រទេស​ហ្គីណេ (Guinea)។

អត្ថបទ​មួយ​របស់​ទស្សនាវដ្តី Newsweek បាន​សរសេរ​ថា​ អាជ្ញាធរ​សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​លោកស្រី​ Touré ថា​បាន​ទទួល​ប្រាក់​ចំនួន​ ៥,៣​លាន​ដុល្លារ​ជា​ការ​សូកប៉ាន់ ដើម្បី​ជួយ​ក្រុមហ៊ុន​ជីក​រ៉ែ​មួយ​ឲ្យ​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ជីក​យក​បណ្តុំ​រ៉ែ​នៅ​ក្នុង​តំបន់​សម្បូរ​ទៅ​ដោយ​រ៉ែ​ដែក​ជាង​គេ​របស់​ពិភព​លោក។

អត្ថបទ​នោះ​សរសេរ​ថា​ នៅ​ឆ្នាំ​២០១៤ អាជ្ញាធរ​អាមេរិក​បាន​វាយ​ឆ្មក់​ចូល​ផ្ទះ​របស់​លោក​ស្រី Touré ក្នុង​រដ្ឋ​ Florida ដោយ​បាន​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​ សម្ភារៈ​ភោជនីយដ្ឋាន​ និង​ម៉ាស៊ីក​ក្លាហ្សេ​ការ៉េម​ ដែល​សរុប​ទៅ​មាន​តម្លៃ​ជាង​១លាន​ដុល្លារ។

កូន​ប្រុស​របស់​អតីត​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​ Kofi Annan ក៏​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​នៅ​ក្នុង​ឯកសារ​សម្ងាត់​បែក​ធ្លាយ​ពី​ប្រទេស​ប៉ាណាម៉ានោះ​ដែរ។

យោង​តាម​ទស្សនាវដ្តី​ Newsweek​ ក្រុម​ហ៊ុន​ Cotecna​ របស់​ប្រទេស​ស្វ៊ីស​ បាន​ជួល​លោក​ Kojo Annan នៅ​ឆ្នាំ​១៩៩៥​ ដើម្បី​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា។​ នៅ​ដើម​ឆ្នាំ​១៩៩៨ លោក​បាន​លា​ចេញ​ពី​ការងារ​នោះ​ ហើយ​បាន​ក្លាយ​ជា​ទីប្រឹក្សា​របស់​ក្រុមហ៊ុន​ Cotecna នេះ។​ ប៉ុន្មាន​ខែ​ក្រោយ​មក​ អង្គការ​សហប្រជាជាតិ​បាន​ផ្តល់​រង្វាន់​ឲ្យ​ក្រុម​ហ៊ុន​នេះ​នូវ​ដោយ​ផ្តល់​កិច្ច​សន្យា​ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សប្បុរសធម៌​មួយ​ឈ្មោះ​ «ប្រេង​សម្រាប់​អាហារ»​ នៅ​ប្រទេស​អ៊ីរ៉ាក់ ដែល​ការណ៍​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​អំពី​ភាព​មិន​សមរម្យ។ ក្រុម​ពិភាក្សា​ឯករាជ្យ​មួយ​បាន​ស៊ើប​អង្កេត​លើ​កម្មវិធី​នេះ​ ដែល​រួម​មាន​ទាំង​លោក​ Kojo Annan ផង​ ហើយ​បាន​ចេញ​របាយការណ៍​មួយ​នៅ​ឆ្នាំ​២០០៥ ក៏​ប៉ុន្តែ​ការ​ស៊ើប​អង្កេត​នោះ​រក​ឃើញ​ថា មិន​មាន​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ថា​ លោក Kojo Annan បាន​ព្យាយាម​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ ឬ​ប្រើប្រាស់​ទំនាក់​ទំនង​គ្រួសារ​ដើម្បី​ទទួល​បាន​ផល​ពី​កម្មវិធី​នោះ​ទេ។

លោក Alaa Mubarak កូន​ប្រុស​របស់​អតីត​ប្រធានាធិបតី ​Hosni Mubarak នៃ​ប្រទេស​អេហ្ស៊ីប​ក៏​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​នៅ​ក្នុង​ការ​បែក​ធ្លាយ​ឯកសារ​សម្ងាត់​ពី​ប្រទេស​ប៉ាណាម៉ា​ដែរ​ ព្រម​ទាំង​លោក​ Ian Stuart Kirby ប្រធាន​តុលាការ​ឧទ្ធរណ៍​នៃ​ប្រទេស​បុតស្វាណា​ (Botswana) ក៏​ដូច​ជា​លោក​ Attan Shansonga អតីត​ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​សំប៊ី (Zambia) ប្រចាំ​សហរដ្ឋ​អាមេរិក​ផង​ដែរ៕

ប្រែសម្រួល​ដោយ​ នៀម ឆេង

XS
SM
MD
LG