នាពេលថ្មីៗនេះ អ្នករាយការណ៍ព័ត៌មានវិទ្យុមកពីប្រទេស Burundi មួយរូបដែលប្រឈមនឹងការធ្វើទុកបុកម្នេញនិងអំពើហិង្សានៅក្នុងប្រទេសកំណើតរបស់លោក បានទទួលពានរង្វាន់នៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន ដោយសារតែភាពអង់អាចក្លាហាននិងការលះបង់របស់លោក ដើម្បីផ្តល់ព័ត៌មានដែលពិតនិងមិនលំអៀងដល់ប្រជាពលរដ្ឋនៅក្នុងប្រទេស Burundi។ អ្នកកាសែតរូបនេះដែលមានឈ្មោះថា Eloge Willy Kaneza បានប្រើប្រាស់វិធីពិសេសមួយដើម្បីសម្រេចការងាររបស់លោក។
លោក Eloge Willy Kaneza ដែលធ្វើការឲ្យ VOA និងសារព័ត៌មាន Associated Press បានឈ្នះពានរង្វាន់ Peter Mackler សម្រាប់អ្នកកាសែតដែលមានភាពអង់អាចក្លាហាននិងមានក្រមសីលធម៌សម្រាប់ ឆ្នាំ២០១៦។ លោកបានទទួលពានរង្វាន់នេះកាលពីថ្ងៃទី១៣ ខែតុលា នៅឯក្លឹបអ្នកកាសែតជាតិនៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន។
ប្រទេស Burundi ដែលជាប្រទេសតូចមួយនិងមិនជាប់នឹងសមុទ្រហើយស្ថិតនៅភាគខាងកើតនៃទ្វីបអាហ្រ្វិកនោះ បានជាប់ចំណាត់ថ្នាក់លេខ ១៥៦ លើ ១៨០ នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកធ្វើឡើងដោយអង្គការអ្នកកាសែតគ្មានព្រំដែន។ អំពើហិង្សាប្រឆាំងនឹងអ្នកកាសែតនៅតែជាបញ្ហាមួយក្នុងចំណោមបញ្ហាធំៗនៅក្នុងប្រទេស Burundi។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាទាំងនេះមិនបានបញ្ឈប់លោក Eloge Willy Kaneza ឲ្យធ្វើការងាររបស់លោកនោះទេ។ លោកបានថ្លែងថា អ្វីដែលលោកធ្វើគឺជាវិធីតែមួយគត់ដែលលោកអាចធ្វើបានដើម្បីបម្រើជាតិរបស់លោក។
«សម្រាប់ខ្ញុំ អ្វីដែលខ្ញុំធ្វើ ខ្ញុំគិតថា វាគឺជារឿងធម្មតានោះទេ ពីព្រោះថា ក្នុងនាមជាអ្នកកាសែតមួយរូប នេះគឺជាវិធីតែមួយគត់ដើម្បីបម្រើប្រទេសជាតិរបស់ខ្ញុំ ពីព្រោះថា ប្រទេសរបស់ខ្ញុំ បានផ្តល់នូវអ្វីៗជាច្រើនសម្រាប់ខ្ញុំ»។
កាលពីខែឧសភា ឆ្នាំ២០១៥ ប្រធានាធិបតី Burundi លោក Pierrer Nkurunziza បានបិទស្ថានីយ៍វិទ្យុឯករាជ្យទាំងអស់នៅក្នុងប្រទេស ដោយស្តីបន្ទោសស្ថានីយ៍ទាំងនោះថាជាអ្នកបង្កភាពវឹកវរក្នុងប្រទេស។ លោក Kaneza ហើយនិងក្រុមរបស់លោកបានរកឃើញវិធីសាស្ត្រថ្មីមួយ គឺដោយប្រើបច្ចេកវិទ្យាអ៊ីនធើណិតក្នុងការផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ Burundi។
«ទោះបីជាយើងមិនមានកន្លែងដើម្បីប្រមូលផ្តុំគ្នាក៏ដោយ ពួកយើងប្រើប្រាស់ទូរស័ព្ទរបស់យើងជាបន្ទប់ផ្សាយព័ត៌មាន។ យើងមានក្រុមរបស់យើងនៅក្នុងកម្មវិធី WhatsApp ហើយរាល់ព្រឹក ពួកយើងនិយាយសួស្តីដាក់គ្នា ហើយប្រាប់គ្នាទៅវិញទៅមកថាយើងមានព័ត៌មានអ្វី»។
កម្មវិធី WhatsApp អនុញ្ញាតឲ្យគ្រប់គ្នាអាចចែកចាយបទពិសោធន៍ដែលពួកគេជួបប្រទះ នេះបើយោងតាមលោក Malachy Browne អ្នកផលិតវីដេអូជាន់ខ្ពស់សម្រាប់កាសែត New York Times ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់នេះក្នុងនាមជាវាគ្មិនមួយរូបផងដែរ។
«កម្មវិធីនេះអនុញ្ញាតឲ្យអ្នកដែលបានជួបប្រទះនឹងព្រឹត្តិការណ៍នានាអាចរៀបរាប់ពីរឿងរ៉ាវទាំងនោះ ដោយប្រាស្រ័យទាក់ទងគ្នានៅក្នុងកម្មវិធី WhatsApp ហើយបញ្ជូនព័ត៌មាននិងរៀបរាប់អំពីអ្វីដែលពួកគេមាន ហើយការធ្វើដូច្នោះគឺយើងពិតជាទទួលបាននូវបទពិសោធន៍ពីពួកគេ»។
កម្មវីធី WhatsApp គឺជាកម្មវិធីដែលមានសុវត្ថិភាពនិងមានអំណាចក្នុងការផ្តល់ព័ត៌មាន ពិសេសនៅក្នុងប្រទេសមួយដែលពោរពេញទៅដោយពាក្យចចាមរ៉ាមនិងអំពើហិង្សាដ៏សាហាវកើតមានឡើង នេះបើយោងតាមលោក Scott Stearns អ្នកគ្រប់គ្រងនិពន្ធនាយករបស់ VOAផ្នែកតំបន់អាហ្វ្រិក។
«វាគឺជាកម្មវិធីដ៏មានអំណាចពិសេសមួយ ពីព្រោះថាកម្មវិធីនេះមានលេខកូដការពារពិសេស។ ហើយទី២ ដោយសារតែវាមានភាពជិតស្និតក្នុងការប្រើប្រាស់កម្មវិធី WhatsAppជាវេទិកាផ្តល់ព័ត៌មាន។ នេះមានន័យថាអ្នកមិនចាំបាច់ឡើងទៅជាន់កំពូលរបស់អាគារនិងស្រែក ហើយសង្ឃឹមអ្នកដែលឮអ្នក ស្តាប់អ្នកនោះទេ។ គ្រប់គ្នាដែលអ្នកផ្ញើរព័ត៌មានទៅនោះគឺជាអ្នកដែលសុំអ្នកធ្វើមិត្តរបស់ពួកគេនៅក្នុងកម្មវិធី WhatsApp នោះ។ ដូច្នេះ គឺ១០០ភាគរយហើយថាអ្នកដែលអ្នកចែកចាយព័ត៌មានតាមរយៈកម្មវិធី WhatsApp នោះ គឺចង់ឮពីអ្នក»។
ទោះជាយ៉ាងណាក៏ដោយ លោក Stearns បានបន្ថែមថា នៅតែមានហានិភ័យក្នុងការប្រើប្រាស់កម្មវិធីនេះ ដោយសារតែបច្ចេកវិទ្យាទាំងនោះនៅតែពឹងអាស្រ័យទៅលើប្រព័ន្ធអ៊ីនធើណិត ហើយថារដ្ឋាភិបាលនៅក្នុងប្រទេសដែលលទ្ធិប្រជាធិបតេយ្យនៅតែជាបញ្ហានោះ អាចកាត់ផ្តាច់ប្រព័ន្ធអ៊ីនធើណិតនៅពេលណាក៏បាន។
«ប៉ុន្តែហានិភ័យនោះត្រង់ថា កម្មវិធីទាំងនោះនៅតែពឹងផ្អែកទៅលើប្រព័ន្ធអ៊ីនធើណិត។ ហើយកាលពីឆ្នាំមុននៅក្នុងទ្វីបអាហ្វ្រិក យើងឃើញថា ប្រព័ន្ធអ៊ីនធើណិតនៅទូទាំងប្រទេសត្រូវបានកាត់ផ្តាច់នៅក្នុងរដ្ឋធានី Brazzaville នៃប្រទេស Congo ប្រទេស Gabon និងប្រទេស Uganda រយៈពេលមួយសប្តាហ៍មុននិងក្រោយពេលបោះឆ្នោត ដូច្នេះអ្នកនៅតែត្រូវការប្រព័ន្ធអ៊ីនធើណិត»។
ពានរង្វាន់ Peter Mackler ត្រូវបានបង្កើតឡើងក្រោយពេលដែលលោក Peter Mackler អ្នកគ្រប់គ្រងទីភ្នាក់ងារព័ត៌មានបារាំង AFP ប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន បានទទួលមរណភាពកាលពីឆ្នាំ២០០៨៕