ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាលបរិច្ឆេទ​សម្រាប់​ការ​បោះឆ្នោត​នៅ​ប្រទេស​កុងហ្គោ​ប្រហែល​ជា​ត្រូវ​ផ្អាក​រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំ​២០១៧


កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ហ្វូង​បាតុករ​ ដែល​មាន​កាន់​ទង់​របស់​ក្រុម​ប្រឆាំង​ជាច្រើន​ ធ្វើ​ការ​ប្រឆាំង​នឹង​ការ​សម្រេច​នៃ​តុលាការ​ធម្មនុញ្ញ​ដែល​អនុញ្ញាត​ឲ្យ​លោក​ប្រធានាធិបតី Joseph Kabila ឲ្យ​ស្ថិត​ក្នុង​តំណែង​ដដែរ ប្រសិន​បើ​ការ​បោះឆ្នោត​មិន​អាច​ធ្វើ​ឡើង​នៅ​មុន​បំណាច់​ឆ្នាំ២០១៦​នោះ​ទេ។
កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ហ្វូង​បាតុករ​ ដែល​មាន​កាន់​ទង់​របស់​ក្រុម​ប្រឆាំង​ជាច្រើន​ ធ្វើ​ការ​ប្រឆាំង​នឹង​ការ​សម្រេច​នៃ​តុលាការ​ធម្មនុញ្ញ​ដែល​អនុញ្ញាត​ឲ្យ​លោក​ប្រធានាធិបតី Joseph Kabila ឲ្យ​ស្ថិត​ក្នុង​តំណែង​ដដែរ ប្រសិន​បើ​ការ​បោះឆ្នោត​មិន​អាច​ធ្វើ​ឡើង​នៅ​មុន​បំណាច់​ឆ្នាំ២០១៦​នោះ​ទេ។

បន្ទាប់​ពី​មាន​ការ​ពិភាក្សា​រយៈ​ពេល​បួន​ថ្ងៃ​ កាល​ពី​ដើម​ខែ​កញ្ញា​កន្លង​ទៅ​នេះ​ ហាក់​ដូចជា​មាន​ការ​យល់​ស្រប​គ្នា​ ចំពោះ​កិច្ច​ចរចា​នយោបាយ​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។​ ក្រុម​អ្នក​នយោបាយ​មក​ពី​ក្រុម​បក្ស​សម្ព័ន្ធ​ដែល​កំពុង​កាន់​អំណាច​ និង​មក​ពី​ក្រុម​បក្ស​ប្រឆាំង​ បាន​យល់​ស្រប​ថា​កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​នៅ​ក្នុង​ឆ្នាំ​នេះ​ មិន​ប្រាកដ​ប្រជា​នោះ​ទេ ហើយ​ពួកគេ​កំពុងតែ​រក​មើល​កាលបរិច្ឆេទ​មួយ​ដែល​ចាប់​ផ្តើម​ពី​ខែ​ឧសភា​ទៅ។

មាន​តែ​គណបក្ស​ប្រឆាំង​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ​ ហើយ​គណបក្ស​ផ្សេង​ទៀត​ មាន​មន្ទិល​សង្ស័យ​ចំពោះ​វត្តមាន​នៃ​គណបក្ស​ប្រឆាំង​ទាំង​នេះ។

ប៉ុន្តែ​ ពួក​គេ​និយាយ​ថា​មាន​បញ្ហា​ជាក់ស្តែង​ច្រើន​ទៀត​ដែល​ចាំ​បាច់​ត្រូវ​ពិភាក្សា​ និង​ព្រម​ព្រៀង​ជាមុន​ ប្រសិនបើ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ ចង់​បាន​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សន្តិភាព។

ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​មុន​ដំណាច់​ឆ្នាំ​នេះ​ ដោយសារ​តែ​អាណត្តិ​ទី​ពីរ​របស់​លោក​ប្រធានា​ធិបតី​ Joseph Kabila នឹង​បញ្ចប់​នៅ​ចុង​ខែ​ធ្នូ និង​ស្ថិត​នៅ​ក្រោម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​កំណត់​ដែល​លោក​អាច​កាន់​អំណាច​បាន​ត្រឹមតែ​ពីរ​អាណត្តិ​ប៉ុណ្ណោះ។

ប៉ុន្តែ​ បក្ស​សម្ព័ន្ធ​ដែល​កំពុង​កាន់​អំណាច​ បាន​តវ៉ា​អស់​ពេល​មួយ​រយៈ​កន្លង​មក​ថា​ ការ​បោះ​ឆ្នោត​ឆ្នាំ​នេះ​ មិន​ច្បាស់​លាស់​ ពី​ព្រោះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ត្រូវ​ការ​ធ្វើ​បច្ចុប្បន្នភាព។​ យោង​តាម​គណៈ កម្មាធិការ​បោះ​ឆ្នោត​ ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​នេះ​ នឹង​ត្រូវ​ការ​ប្រើ​រយៈ​ពេល​១៦​ខែ។

ក្រុម​អ្នក​ជំនាញ​យល់​ស្រប​ថា​មាន​ជម្រើស​បី​ក្នុង​ការ​ដោះ​ស្រាយ​ទាក់​ទង​នឹង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត។​ ជម្រើស​មួយ​ គឺ​មិន​បញ្ចូល​បន្ថែម​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី​ដែល​គ្រប់​អាយុ​ពី​ឆ្នាំ​២០១១។​ វិធី​នេះ​ ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​មុន​ខែ​ធ្នូ​នៅ​តែ​អាច​ដំណើរ​ការ​ទៅ​បាន។​

ប៉ុន្តែ​ អ្នក​នាំ​ពាក្យ​របស់​បក្ស​សម័ន្ធ​ដែល​កំពុង​កាន់​អំណាច​ លោក​ Leonard She Okitundu បាន​និយាយ​ កាល​ពី​ថ្ងៃ​ទី​៨​ ខែ​កញ្ញា​នេះ​ថា​ ជម្រើស​មួយ​នេះ​ក៏​មិន​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ដែរ។

លោក​និយាយ​ថា​ វា​នឹង​រំលោភ​គោលការណ៍​ច្បាប់​របស់​រដ្ឋ​ធម្មនុញ្ញ​ស្តី​ពី​ការ​ចូលរួម​របស់​មនុស្ស​គ្រប់​គ្នា។​ ការ​កំណត់​ពេលវេលា​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ អាចគោរព​តាម​បាន ប៉ុន្តែ​បើ​អនុវត្ត​តាម​ការ​កំណត់​នៃ​ពេល​វេលា​នេះ​ដោយ​មិន​រាប់​បញ្ចូល​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ចំនួន​ពាក់​កណ្តាល​នោះ​ គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ។

មាន​ចចាមអារ៉ាម​ជាច្រើន​និយាយ​ថា​ គួរ​តែ​មាន​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ប្រហែល​៤៥​លាន​នាក់​នៅ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ប៉ុន្តែ​បច្ចុប្បន្ន ក្នុង​បញ្ជី​មាន​តែ​២៣​លាន​នាក់​ប៉ុណ្ណោះ។

ជម្រើស​ទី​ពីរ​ គឺ​ត្រូវ​ពិនិត្យ​បញ្ជី​តាម​ផ្នែក​ឡើង​វិញ​ និង​ជម្រើស​ទី​បី​ គឺ​ត្រូវ​ពិនិត្យ​ឡើង​វិញ​ទាំង​ស្រុង។​ បក្ស​កាន់​អំណាច​យល់​ស្រប​ចំពោះ​ជម្រើស​ទី​បី​ ហើយ​យោង​តាម​លោក​ She Okitundu នោះ​ គឺ​ជា​ចំណុច​ដែល​ត្រូវ​បាន​គេយក​មក​ពិភាក្សា​ផុសផុល​ក្នុង​កិច្ច​ពិភាក្សា​នោះ។

អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រឆាំង ​លោក​ Jean Lucien Mbusa បាន​ប្រាប់​ឲ្យ​សារព័ត៌មាន​ថា​ ការ​ពិភាក្សា​អំពី​ជម្រើស​ទាំង​នេះ​នៅ​តែ​បន្ត។​ លោក​មិន​បាន​និយាយ​ថា​ជម្រើស​ណា​មួយ​ដែល​គណបក្ស​ប្រឆាំង​យល់ស្រប​តាម​នោះ​ទេ​ ប៉ុន្តែ​លោក​បាន​បញ្ចេញយោបល់​ថា​ រដ្ឋាភិបាល​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ឆ្នាំ​នេះ​មិន​អាច​ប្រព្រឹត្តិ​ទៅ​បាន។

លោក​និយាយ​ថា​ ក្រុម​របស់​លោក​យល់​ថា​រដ្ឋាភិបាល​បាន​បង្កើត​យន្តការ​ទាំង​អស់​ ដើម្បី​បញ្ចៀស​មិន​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតីទាន់​ពេល​វេលា​ ហើយ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ​ ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ច្បាស់​លាស់។

ក្រុម​អ្នក​ជំនាញ​មក​ពី​អង្គការ​សហប្រជាជាតិ និង​មក​ពី​អង្គការ​អន្តរជាតិ​នៃ​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង​ជឿ​ថា​ បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​អាច​នឹង​ត្រូវ​ពិនិត្យ​ឡើង​វិញ​ទាំង​ស្រុង​ ហើយ​ការ​បោះ​ឆ្នោត​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ប្រហែល​១០​ខែ​កន្លះ​ខាង​មុខ​នេះ។

អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រឆាំង​មួយ​រូប​ទៀត​ លោក​ Basil Olongo ដែល​មក​ពី​គណបក្ស​តែ​មួយ​ដូច​ លោក​ Jean-Lucien Mbusa ដែរ​នោះ​ បាន​ឲ្យ​យោបល់​ថា​ រឿង​នេះ​អាច​នឹង​ទទួល​យក​បាន។

លោក​និយាយ​ថា​ដំណើរការ​នេះ​អាច​អូស​បន្លាយ​ពេល​ពី​បួន​ទៅ​ប្រាំ​ខែ​ (លើស​ពេល​កំណត់​ក្នុង​រដ្ឋ​ធម្មនុញ្ញ) ប៉ុន្តែ​វា​មិន​ងាយ​ដូច្នេះ​ទេ។ លោក​បាន​និយាយ​ថា​ រឿង​សំខាន់​គឺ​ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ល្អ​ ដើម្បី​ជៀស​វាង​កុំ​ឲ្យ​ប្រធានាធិបតី​ Kabila ទទួល​បាន​អាណត្តិ​ទី​បី និង​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រជាធិបតេយ្យ​របស់​ប្រទេស។​

ក្រុម​អ្នក​នាំ​ពាក្យ​របស់​បក្ស​សម័្ពន្ធ​ដែល​កំពុង​កាន់​អំណាច​ និង​ក្រុម​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង បាន​និយាយ​ថា​គណៈកម្មការ​កិច្ច​ពិភាក្សា​ នឹង​សម្រេច​ថា​តើ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ គួរ​តែ​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ដោយ​របៀប​ណា។​

ប្រែ​សម្រួល​ដោយ​ សើ​ សាយ្យាណា

XS
SM
MD
LG