សេចក្តីព្រាងច្បាប់សហជីពបានទៅដល់គណៈកម្មការនីតិកម្មនៃរដ្ឋសភាជាតិ កាលពីចុងខែវិច្ឆិកាកន្លងទៅនេះ បន្ទាប់ពីគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់នេះ ដោយគ្មានការកែប្រែ។ នេះបើយោងទៅតាមអ្នកនាំពាក្យនៃគណបក្សគ្រប់គ្រងប្រទេស និងអ្នកនាំពាក្យរបស់អ្នកតំណាងរាស្ត្រមកពីគណបក្សប្រឆាំងនៅក្នុងរដ្ឋសភា។
សេចក្តីព្រាងច្បាប់សហជីពដ៏ចម្រូងចម្រាសនេះ បានទៅដល់សភាជាតិកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ហើយសេចក្តីព្រាងច្បាប់នេះ កំពុងស្ថិតក្នុងការពិនិត្យរបស់ គណៈកម្មការនីតិកម្មដែលដឹកនាំដោយអ្នកតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា។
លោក សុខ ឥសាន អ្នកតំណាងរាស្ត្រមកពីគណបក្សគ្រប់គ្រងប្រទេស និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងប្រាប់ VOA ថា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវដាក់ឲ្យអនុម័តដោយសភាជាតិក្នុងពេលខាងមុខ បើទោះជាមិនមានការចូលរួមពីក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិក៏ដោយ។
«ច្បាប់ណាដែលអនុម័តដោយសំឡេង ៥០%បូក១ គឺកូរ៉ុមក៏៥០% បូក ១ដែរ ដូច្នេះវាអត់មានទើសទាស់អីទេ ពីព្រោះគណបក្សប្រជាជនធ្វើម៉េចឲ្យតែចំនួនចូលរួមប្រជុំលើសពី ៥០ បូក ១ ៥០%បូកមួយហ្នឹង គឺថាយើងអាចប្រជុំបាន អាហ្នឹងទីមួយ។ ទីពីរ ការអនុម័តច្បាប់ហ្នឹងគេយក ៥០%បូកមួយដែរ អញ្ចឹងវាអត់មានទាស់អីទេ។ ចំពោះការណ៍ដែលពហិការមិនចូលរួម របស់គណបក្សសង្គ្រោះជាតិ អាហ្នឹងជារឿងគាត់»។
ការតាក់តែងសេចក្តីព្រាងច្បាប់ដែលមានលក្ខណៈរឹតបន្តឹងដល់ការចងក្រងសហជីពនៅតាមបណ្តារោងចក្រ និងសហគ្រាស ទទួលរងការរិះគន់ពីក្រុមសហជីពឯករាជ្យខ្លះដែលធ្វើការដើម្បីប្រយោជន៍កម្មករ។ តំណាងនិយោជក ក៏សម្តែងការមិនពេញចិត្តចំពោះសេចក្តីព្រាងច្បាប់នេះដែរ ដោយខាងនិយោជកយល់ថា ការកំណត់ចំនួនមនុស្សត្រឹមតែ១០នាក់ដើម្បីបង្កើតសហជីពដូចដែលបានសរសេរនៅក្នុងសេចក្តីព្រាងច្បាប់នេះ នឹងបង្កឲ្យមានសហជីពច្រើនលើសលប់ក្នុងគ្រឹះស្ថានសហគ្រាសមួយ។
លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និងជាអ្នកនាំពាក្យអ្នកតំណាងរាស្ត្ររបស់គណបក្សប្រឆាំងនៅក្នុងរដ្ឋសភា ថ្លែងថា លោកទទួលបានសេចក្តីព្រាងច្បាប់នេះ ហើយថា ការជួបប្រជុំគ្នាមួយរបស់ក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សប្រឆាំងនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែធ្នូខាងមុខនេះ ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់នេះ។ លោកពុំទាន់អាចបញ្ជាក់ពីការធ្វើពហិការក្នុងការចូលរួមប្រជុំអនុម័តសេចក្តីព្រាងច្បាប់នេះទេ។
«ខ្ញុំបានទទួលសេចក្តីព្រាងច្បាប់នោះមួយច្បាប់ដែរ ហើយគណបក្សសង្គ្រោះជាតិ មានគោលបំណងប្រជុំក្រុមតំណាងរាស្ត្រដើម្បីសិក្សាស្តីពីសេចក្តីព្រាងច្បាប់នេះដែរ»។
នៅក្នុងប្រទេសកម្ពុជាមានសហជីពចំនួន៣.២១៤ ដែលកំពុងចុះបញ្ជីបច្ចុប្បន្ននេះ ក៏ប៉ុន្តែមានតែសហជីពជាង១ពាន់ប៉ុណ្ណោះ ដែលមានសកម្មភាពជួយកម្មករ៕