ក្រសួងការបរទេសសហរដ្ឋអាមេរិកសម្តែងការព្រួយបារម្ភថា ការបោះឆ្នោតក្នុងពេលខាងមុខនៅក្នុងប្រទេសកម្ពុជានឹងមិនមានយុត្តិធម៌ និងត្រឹមត្រូវទេ ដោយសារតែមានការបំភិតបំភ័យមកលើគណបក្សប្រឆាំង។
នៅក្នុងសវនាការនៅឯគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកនាថ្ងៃព្រហស្បតិ៍ លោក Scott Busby ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងពលកម្មបានបញ្ជាក់ថា៖
«យើងមានការព្រួយបារម្ភខ្លាំងណាស់ថា ការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១៧និងការបោះឆ្នោតជាតិឆ្នាំ២០១៨ នឹងមិនមានលក្ខណៈសេរី និងយុត្តិធម៌ទេ ហើយអាចនឹងមានអំពើហិង្សាផងដែរ។ យើងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបំភិតបំភ័យលើគណបក្សប្រឆាំង ដោយធ្វើការកត់សម្គាល់ថាប្រជាជនកម្ពុជានៅតែបន្តសម្តែងការចង់បានឱ្យមានសេរីភាពធំជាងមុន និងការទទួលខុសត្រូវខ្ពស់ពីរដ្ឋាភិបាល»។
សវនាការនេះធ្វើឡើងស្របពេលដែលកម្តៅនយោបាយកើនឡើងកាន់តែខ្លាំងនៅក្នុងប្រទេសកម្ពុជា ដោយរួមមានការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ការដកតំណែងរបស់លោក កឹម សុខា ពីអនុប្រធានរដ្ឋសភាជាតិ និងការវាយដំទាត់ធាក់អ្នកតំណាងរាស្រ្តគណបក្សប្រឆាំងចំនួនពីរនាក់ដោយក្រុមបាតុករគាំទ្រគណបក្សប្រជាជនកម្ពុជា។
លោក Scott Busby បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយដល់ដំណើរការរៀបចំការបោះឆ្នោតក្នុងប្រទេសកម្ពុជាផងដែរ។
លោកបញ្ជាក់ថា៖«យើងនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងដល់ដំណើរការបោះឆ្នោត ក្នុងនោះរួមមានធានាថា ការចុះឈ្មោះអ្នកបោះឆ្នោតនឹងអាចជឿទុកចិត្តបានតាមរយៈការផ្តល់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរូបនេះបញ្ជាក់ថា«វប្បធម៌សន្ទានា»ដែលគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាបានបង្កើតឡើងបានបរាជ័យទៅវិញហើយនៅពេលដែលមេដឹកនាំគណបក្សបានបង្កើនការវាយប្រហារ និងគំរាមកំហែងគ្នា។ ហើយលោកថាសហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីតម្រូវការឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យមានលំហរសេរីភាពនយោបាយគ្រប់គ្រាន់សម្រាប់គណបក្សប្រឆាំង។
លោក សម រង្ស៊ី នៅពេលនេះកំពុងតែស្ថិតនៅក្នុងប្រទេសហ្វីលីពីន ដើម្បីជួបជាមួយនឹងមេដឹកនាំពិភពលោកមួយចំនួន ដែលចូលរួមប្រជុំនៅទីនោះ ហើយគ្រោងនឹងជួបជាមួយថ្នាក់ដឹកនាំដទៃទៀតក្នុងគណបក្សរបស់លោក បន្ទាប់ពីលោកបានពន្យាពេលត្រឡប់ចូលក្នុងប្រទេស ដោយសារតែអាជ្ញាធរត្រៀមរៀបចំចាប់ខ្លួនលោកទាក់ទិននឹងបណ្តឹងបរិហារកេរ្តិ៍ជាមួយនឹងលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាដែលលោក សម រង្ស៊ី ធ្លាប់បានថ្លែងថាលោក ហោ ណាំហុង បានឃុបឃិតជាមួយនឹងក្រុមខ្មែរក្រហមពេលនៅក្នុងមន្ទីរឃុំឃាំងបឹងត្របែក។
នៅក្នុងសវនាការនោះដែរលោក Scott Busby ក៏បានលើកឡើងនូវដំណើរការដ៏ចម្រូងចម្រាសក្នុងការអនុម័តច្បាប់ស្តីការគ្រប់គ្រងអង្គការសង្គមស៊ីវិល ហើយកំពុងរង់ចាំមើលថា តើរដ្ឋាភិបាលនឹងអនុវត្តច្បាប់នេះយ៉ាងតឹងរឹងដល់កម្រិតណា។
លោកបន្ថែមថា សហរដ្ឋអាមេរិកនឹងដើរតួនាទីសំខាន់ជាងមុនក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ ដែលតម្លៃនៃលទ្ធិប្រជាធិបតេយ្យកំពុងតែរងការគំរាមកំហែង។
លោក Busby បានប្រាប់ដល់សវនាការព្រឹទ្ធសភាដែរថា រដ្ឋសភានៃប្រទេសកម្ពុជាគ្រោងនឹងអនុម័តសេចក្តីព្រាងច្បាប់សហជីព ដែលមានការចូលរួមផ្តល់មតិតិចតួចពីសហជីពឯករាជ្យ ហើយដែលអាចមិនស្របតាមនឹងបទដ្ឋានរបស់អង្គការពលកម្មអន្តរជាតិស្តីពីសេរីភាពនៃការប្រមូលផ្តុំ។
លោកបានបន្ថែមថា៖«សហរដ្ឋអាមេរិកនឹងបន្តទទូចឱ្យមានតម្លាភាព និងគណនេយ្យភាពក្នុងដំណើរការនីតិកម្ម ដោយចាប់ផ្តើមពីការធ្វើច្បាប់ដែលសាធារណជនអាចរកបាន៕