ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិ​មនុស្ស​សុំ​ឱ្យ​បារាំង​ប្រាប់​លោក​ហ៊ុន សែន​ឱ្យ​គោរព​សិទ្ធិមនុស្ស


លោក​ប្រធានាធិបតី​បារាំង François Hollande កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៥។
លោក​ប្រធានាធិបតី​បារាំង François Hollande កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៥។

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​​គ្រោង​នឹង​បំពេញ​ទស្សនកិច្ច ​ក្នុង​ប្រទេស​បារាំង​ចាប់​ពី​ចុង​សប្ដាហ៍​នេះ។

ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​និង​ក្នុង​ប្រទេស​កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​ប្រធានាធិបតី​បារាំង​ François Hollande​ ប្រាប់​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ឲ្យ​បញ្ឈប់​ការ​រំលោភ​សិទ្ធិមនុស្ស​ហើយ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិមនុស្ស ​៤នាក់​និង​សកម្ម​ជន​គណបក្ស​ជំទាស់​ ១៤​នាក់​ ព្រះសង្ឃ​២អង្គ​ ហើយ​នឹង​ សមាជិក​ព្រឹទ្ធ​សភា​ម្នាក់។ លោក​ហ៊ុន សែនគ្រោង​នឹង​បំពេញ​ទស្សនកិច្ច ​ក្នុង​ប្រទេស​បារាំង​ចាប់​ពី​ចុង​សប្ដាហ៍​នេះ។

​នៅ​ក្នុង​លិខិត​ចំហ​រួមគ្នា​មួយ​ច្បាប់​របស់​ក្រុម​អង្គការ​សិទ្ធិមនុស្ស​មកពី​អង្គការ​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស​ អង្គការ​សិទ្ធិមនុស្ស​លីកាដូ ​អង្គការ​សិទ្ធិមនុស្ស​អាដហុក ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​បាន​ទទូច​ឲ្យ​លោក ​Hollande ​ធ្វើអន្តរាគមន៍​ដោយ​បញ្ជាក់​ថា៖

«យើង​សុំ​ទទូច​ដល់​លោក​ប្រធានាធិបតី​ដើម្បី​ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​បញ្ជា​ឲ្យ​ដោះលែង​ជា​បន្ទាន់​និង​ដោយ​ឥត​លក្ខខណ្ឌ​ចំពោះ​សកម្មជន​ទាំង ២១​អង្គ​នាក់​ ដែល​ជាប់​ឃុំឃាំង​តាំងពី​ខែ​កក្កដា​មក»។

ក្នុង​លិខិត​ដដែល​នោះ ​ក្រុម​អង្គការ​សិទ្ធិមនុស្ស​បាន​ទាមទារ​ឲ្យ​បារាំង​ត្រៀម​ថ្កោលទោស​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ហើយ​បន្ថែម​ថា​ក្រុម​សកម្មជន​ទាំងនោះ​ត្រូវ​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​តាម​ទំនើង​ចិត្ត​ដោយសារ ​តែ​ពួកគេ​គ្រាន់តែ​អនុវត្ត​សេរីភាព ​បញ្ចេញ​មតិ​ដូច​មាន​ចែង​ក្នុង​ច្បាប់​សិទ្ធិ​មនុស្ស​ជា​អន្តរជាតិ​ប៉ុណ្ណោះ។ ​លិខិត​រួម​ដដែល​នោះ​បាន​ទទូច​ដល់​ប្រធានាធិបតី​បារាំង​ដែរ​ថា៖

«យើង​សុំ​ជំរុញ​ដល់​លោក​ប្រធានាធិបតី​ឲ្យ​លើក​ឡើង​បញ្ហា​ដែល​បាន ​បញ្ជាក់​ ខាងលើ​ក្នុង​ពេល​ជួប​ពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​និង​ទាមទារ​ឲ្យ​រដ្ឋបាល​របស់​លោក​គោរព ​លើក​កម្ពស់ ​និង​អនុវត្ត​គោលការណ៍​សិទ្ធិមនុស្ស​ស្រប ​តាម​កាតព្វកិច្ច​ជា​អន្តរជាតិ​របស់​កម្ពុជា​ និង​អនុសាសន៍​មួយ​ចំនួន​ដែល​បាន​ធ្វើ​ដោយ​ ស្ថាប័ន​សិទ្ធិមនុស្ស​របស់​អ.ស.ប»។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​គ្រោង​នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​រយៈពេល​៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២៥ ​តុលា។ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ កិច្ច​ព្រមព្រៀង​មួយ​ចំនួន​រួម​ទាំង​ការ​ធ្វើ​បត្យាប័ន​រវាង​ប្រទេស​ទាំងពីរ​នឹង​ត្រូវ​ចុះហត្ថលេខា។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​យក​ថ្ងៃ​គោរព​សន្ធិសញ្ញា​សន្តិភាព​ក្រុង​ប៉ារីស​ខួប​ទី​២៤ឆ្នាំ​ក្នុង​ប្រទេស​កម្ពុជា​ថ្ងៃ​សុក្រ​នេះ​ បង្ហាញ​ពី​ក្តី​បារម្ភ​ពី​ការ​បិទ​សិទ្ធ​សេរីភាព​ និង ​ការ​គាប​សង្កត់​ ដោយសារតែ​ច្បាប់​អង្គការ​ដែល​ទើប​តែ​អនុម័ត​ដោយ​សភា​និង​សេចក្ដី​ព្រាង​ច្បាប់ ​សហជីព​ជាដើម៕

XS
SM
MD
LG