ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមាគម​រោង​ចក្រ​កាត់ដេរ​ស្នើ​ឲ្យ​កម្មករ​បង្កើន​ផលិតភាព ក្រោយពី​ឡើង​ប្រាក់ខែ


កម្មករ​កាត់ដេរ​ខ្មែរ​ឈរ​នៅ​ខាងក្រៅ​ក្រុមហ៊ុន​អឹមវ៉េ (M&V) កាត់ដេរ​អន្តរជាតិ នៅ​ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៥។ (ឡេង ឡែន/VOA)

មេ​ដឹកនាំ​សហជីព​ថ្លែង​ថា​ និយោជក​ទៅ​វិញ​ទេ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ធំជាង​កម្មករ​ក្នុង​ការ​បង្កើន​ផលិត​ភាព។

សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ស្នើ​ឲ្យ​កម្មករ​បង្កើន​ផលិតភាព​ បន្ទាប់​ពី​ប្រាក់​ឈ្នួល​របស់​កម្មករ​បាន​ឡើង​ដល់​១៤០​ដុល្លារ។​ ប៉ុន្តែ​មេ​ដឹកនាំ​សហជីព​ថ្លែង​ថា​ និយោជក​ទៅ​វិញ​ទេ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ធំជាង​កម្មករ​ក្នុង​ការ​បង្កើន​ផលិត​ភាព។

តំណាង​និយោជក​នៅ​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ​សម្លៀក​បំពាក់​ និង​ស្បែក​ជើងបាន​ជំរុញ​ឲ្យ​កម្មករ​នៅ​ក្នុង​ឧស្សាហ​កម្ម​នេះ​បង្កើន​ផលិត​ភាព​ដើម្បី​ទប់​ទល់​នឹង​ការ​ចំណាយ​លើ​ប្រាក់​ឈ្នួល​ដែល​នឹងកើន​ឡើង។​ នេះ​បើ​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅកម្ពុជា​ហើយ​កាត់​ថា​ GMAC ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ។

សេចក្តី​អំពាវនាវ​របស់​និយោក​ជក​នេះកើត​មាន​ឡើងបន្ទាប់​ពីរដ្ឋាភិបាល​កម្ពុជា​កំណត់​ជា​ផ្លូវ​ការ​នូវ​ប្រាក់​ឈ្នួល​អប្បរមា ដែល​បាន​ដំឡើង​ពី​១២៨​ដុល្លារ​ដល់​១៤០​ដុល្លារ​ក្នុង​មួយ​ខែ​ បើទោះ​ជា​មាន​ការ​មិន​ពេញ​ចិត្ត​ពី​ក្រុម​សហជីព​ឯករាជ្យ​ក៏​ដោយ។​

លោក​ ខេន លូ​ អគ្គ​លេខាធិការ​របស់​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅកម្ពុជា ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ថា៖​

«ប្រាក់​ឈ្នួល​គឺ​ជា​ចំណាយ​ប្រតិបត្តិ​ការ​ដ៏​ធំ​មួយ​សម្រាប់​រោងចក្រ​កាត់​ដេរ។​ ឥឡូវ​នេះ​ យើង​ត្រូវ​មើល​ថា ​ភាគី​ទាំង​អស់​ ទាំង​អ្នក​បញ្ជា​ទិញ​ ដោយ​ផ្តោត​លើការ​បង្កើន​ផលិតភាព​ការងារ​ ដើម្បី​ជួយ​ទប់​ទល់​នឹង​ចំណាយ​ដែល​កើន​ឡើង​ ទើប​អាច​រក្សា​រោង​ចក្រ​ឲ្យ​បន្ត​ទៅ​មុខ​បាន»។

ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​ដែល​នឹង​ធ្វើ​ឡើង​នៅដើម​ខែ​មករា​ខាង​មុខ​នេះ​ បាន​ទទួល​អន្តរាគមន៍​ពី​លោក​ហ៊ុន សែន​ នាយករដ្ឋ​មន្ត្រី​ដ៏​មានឥទិ្ធពល ដោយ​លោក​បាន​បញ្ជា​ឲ្យបន្ថែម​៥​ដុល្លារ​ទៀត​ទៅ​លើ​ប្រាក់​ឈ្នួល​ត្រឹមតែ​១៣៥​ដុល្លារ​ដែល​បាន​កំណត់​ដោយ​ក្រុម​ប្រឹក្សាការងារ។​

គណបក្ស​របស់​លោកហ៊ុន ​សែន​ហៀបចាញ់​ការ​បោះឆ្នោត​សភានៅ​ឆ្នាំ​២០១៣។ ​ការ​បោះឆ្នោត​សភា​លើក​ក្រោយ​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៨​ ​ហើយគណបក្ស​កាន់​អំណាច​ត្រូវ​តែ​លើក​ស្ទួយ​កិត្យានុភាព​របស់​ខ្លួន​ក្នុង​ចំណោម​ពួក​កម្មករ​កាត់​ដេរ ​ដែល​ភាគ​ច្រើន​ជា​ស្រ្តី​ក្មេងៗ ​ដែល​ជា​ប្រពៃណី​គាំទ្រ​គណបក្ស​ប្រឆាំង។ ​កម្មការិនី​ភាគ​ច្រើនចែក​រំលែក​ប្រាក់​ឈ្នួល​របស់​ពួក​គេ​ជួយ​ឧបត្ថម្ភ​ក្រុម​គ្រួសារក្នុង​តំបន់​ទី​ជនបទ។​

ទោះ​ណា​ជា​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​ត្រូវ​បាន​ដំឡើង​ដល់​១៤០​ដុល្លារ​ក្តី​ ក្រុម​សហជីព​ឯករាជ្យ​តូច​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មិន​បាន​ត្រេកអរ​ចំពោះ​ការ​ដំឡើង​នេះ​ទេ។​ មេ​ដឹកនាំ​សហជីព​ទាំង​នោះ​និយាយ​ថា​ ការ​បង្កើន​ផលិតភាព​មិន​មែន​ជា​បន្ទុក​ទាំង​ស្រុង​របស់​កម្មករ​ទេ​គឺ​វាជា​ការ​ទទួល​ខុសត្រូវ​របស់​ភាគី​និយោជក​ និង​រដ្ឋាភិបាល​ផង​ដែរ។​ ពួកគេ​ថា​ ការ​ដំឡើង​ប្រាក់​ឈ្នួល​ដែល​នៅ​មាន​ចំនួន​តិច​នេះ​គឺ​ជាផ្នែក​មួយ​នៃ​ការ​មិន​អាច​ធ្វើ​ឲ្យ​មាន​ការ​បង្កើន​ផលិត​ភាព​កាន់​តែ​ច្រើន​ទៅ​វិញ។​

លោក​ អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ បាន​ថ្លែង​ប្រាប់​ VOA ​ថា និយោជក​មាន​ចំណែក​នៃ​ការ​ទទួល​ត្រូវ​៩០%​នៅ​ក្នុង​ការ​បង្កើន​ផលិតភាព។​ លោក​បញ្ជាក់​ថា៖​

«មាន​ន័យ​ថា​ បច្ចុប្បន្ន​នេះ​កម្មករ​របស់​យើង​ប្រាក់​ខែ​តិច។​ នៅ​ពេល​ដែល​ប្រាក់​ខែ​តិច​ ​គាត់​ធ្វើ​ការ​ច្រើន​ម៉ោង ​គាត់​អស់​សង្ឃឹម។​ គាត់​ធ្វើ​ការ​យូរ​ទៅ​នៅសល់​តែ​ជំងឺ។​ គាត់​ជំពាក់​លុយ​គេច្រើន។​ ហើយ​អ្នក​ខ្លះ​ហ្នឹង​ កិច្ច​សន្យា​ខ្លីៗ​ដែល​និយោជក​ប្រើ​រាល់​ថ្ងៃ​ហ្នឹង​ ធ្វើ​ឲ្យ​គាត់​ហ្នឹង​គឺ​ថា​ មិន​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​បង្កើន​ជំនាញ​ ឬ​មិនក៏​ចង់​ធ្វើ​ការ​ដោយ​យក​ចិត្ត​ទុក​ដាក់​ច្រើន​ប៉ុន្មាន​ទេ​ ដោយ​សារ​តែ​ឧបសគ្គ​ទាំង​អស់​ ដែល​និយោជក​ធ្វើ​មក​ហ្នឹង»។​

លោក​បន្ថែម​ថា​ កង្វះ​ខាត​ជំនាញ​ច្បាស់​លាស់​ ​សីលធម៌​របស់​អ្នកគ្រប់​គ្រង​នៅ​ក្នុង​រោងចក្រ​ ​និង​ការ​ធ្វើ​បាប​កម្មករ​ដោយ​ការ​ប្រើ​កិច្ច​សន្យា​ការងារ​ខ្លីៗ​ គួប​ផ្សំ​និង​ការ​ប្រើ​ប្រាស់​ឧបករណ៍​ និង​ម៉ាស៊ីន​ចាស់ៗ​នៅ​ក្នុង​រោង​ចក្រ​គឺ​ជាឧបសគ្គសំខាន់​ផងដែរ​ ដែល​នាំឲ្យ​រោងចក្រ​មិន​អាច​បង្កើន​ផលិត​ភាព​បាន​ច្រើន​សម្រាប់ឧស្សាហ​កម្ម​ ដែល​មាន​ភាព​ចម្រូង​ចម្រាស់​នេះ។

អ្នកស្រី ​យ៉ាង សោភ័ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហ​ជីព​កម្ពុជា​ យល់​ឃើញ​ស្រដៀង​គ្នា​នឹងការ​លើក​ឡើង​របស់​លោក​អាត់​ ធន់។​ អ្នក​ស្រី​និយាយ​ថា៖​

«វា​ដូច​ជា​មិនមែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​កម្មករ​តែ​ម្នាក់​ទេ។ អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​គឺ​និយោជក​ ឬក៏​ប្រធាន​ផ្នែក​ក្រុម​ ប្រធាន​ផ្នែក​ចិន​ដែល​គាត់​ជា​អ្នក​គ្រប់​គ្រង​កម្មករ ពីព្រោះ​ពួកគាត់​ជា​អ្នក​ដើរ​តួនាទី​ជា​អ្នក​បង្រៀន​កម្មករ​នៅក្នុង​ការ​ធ្វើ​ការងារ ដើម្បី​ធ្វើ​ឲ្យ​ផលិតភាព​ដើរ​ទៅ​មុខ។​ អញ្ចឹង​ពួក​គាត់​រួម​ចំណែក​សំខាន់​ណាស់​ក្នុង​ការ​ដែល​ធ្វើ​ឲ្យ​ពួក​គាត់ ​កម្មករ​ដំណើរ​ការ​ទៅ​មុខ​អី​អញ្ចឹង​ តាម​រយៈ​បច្ចេក​ទេស​ ដែល​គាត់​បាន​បង្រៀន​ទៅ​កម្មករ។​ អញ្ចឹង​ខ្ញុំ​គិត​ថា​ ចំណែក​ធំ​បំផុត​ នៅ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ហ្នឹង​គឺ​ពួក​គាត់​ជា​អ្នក​គ្រប់​គ្រង​ហ្នឹង។ ហើយ​កម្មករ​គ្រាន់​តែ​ទទួល​ខុសត្រូវមួយ​ផ្នែក​តូច​ទេ»។​

អ្នកស្រី​បាន​បន្ទោស​ថា​ ​ថៅ​កែ​រោង​ចក្រ​មិន​បាន​ពង្រឹង​បរិយាកាស​ក្នុង​កន្លែង​ធ្វើ​ការ​ឲ្យ​បាន​ល្អ​ប្រសើរ​សម្រាប់កម្មករ​ទេ។​ ​ជា​ញឹកញាប់ចំនួន​កម្មករដួល​សន្លប់​នៅ​តាមរោងចក្រ​បាន​កើន​ឡើង​ ហើយថា​ ក្រសួង​ការងារ​ក៏ពុំទាន់​បាន​ធ្វើការ​ដិត​ដល់​នៅ​ក្នុង​ការ​ចុះ​ទៅពិនិត្យ​បរិយាកាស​ និង​បញ្ហា​ការងារ​ នៅ​ទី​កន្លែង​ធ្វើ​ការ​ផង​ដែរ។​ អ្នក​ស្រី​សង្កត់​ធ្ងន់​ថា​ ថៅកែ​រោង​ចក្រ​ច្រើន​តែ​បង្ខំ​ក្រុម​កម្មករ​ឲ្យ​ធ្វើ​ការ​លើស​ផែន​ការ​ការ​ងារ​ដែល​បាន​កំណត់​ នៅ​ក្រោយ​ពេល​កម្មករ​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ឈ្នួល។

«ខ្ញុំ​ប្រៀប​ធៀប​ឆ្នាំ​មុន​ ឆ្នាំ​មុន​ខ្ញុំ​ ឧទាហរណ៍​ថា​ គេ​ដាក់​គោលដៅ​ឲ្យ​កម្មករមួយ​ក្រុម​អញ្ចឹង​ ត្រូវ​ធ្វើ​ខោអាវឲ្យបាន​ប្រាំរយ​ខោអាវ។​ ខ្ញុំ​ឧទាហរណ៍​អញ្ចឹង​ទៅ​ចុះ។​ ប៉ុន្តែ​នៅ​ពេល​ដែល​មាន​ការ​ឡើង​ប្រាក់​ឈ្នួល​ភ្លាម​គឺ​ការ​កំណត់​គោលដៅ​ហ្នឹង​គឺលើស​រហូត​ដល់​៧០០​អញ្ចឹង​ទៅ​ចុះ​ លើស​២០០​ទៀត។​ ​ហើយ​យើង​សួរ​កម្មករ​គាត់​តវ៉ា​អញ្ចឹង​ទៅ​ គាត់​សួរ​មូលហេតុ​អី​បាន​ជា​អ្នក​ឯង​ដំឡើង​គោលដៅ​ខ្ពស់​ម្ល៉េះ?​ គេ​ថា ​អូ!​ ប្រាក់​ឈ្នួល​ឡើង​ដែរ​ រឿង​អី​មិន​ឲ្យ​គេ​ឡើង? រឿង​ហ្នឹង​វា​អញ្ចឹង។​ ហើយ​ស្ថាន​ភាព​ហ្នឹង​ ​យើង​ជួប​ប្រទះ​នៅពេលឆ្នាំមុន។ ​ហើយ​អញ្ចឹង​យើង​ឃើញ​ថា​ ឆ្នាំ​នេះ​ យើង​ឃើញ​ថា​ នឹង​មាន​បញ្ហា​ហ្នឹង​កើត​ឡើង​ទៀត ​ក្រោយ​ការ​ចរចា​ប្រាក់​ឈ្នួល​បាន​បញ្ចប់»។​

មេដឹកនាំ​សហជីព​ទាំង​ពីរ​ថ្លែង​ថា​ ពួក​គេ​នៅ​បន្ត​ការ​តស៊ូ​មតិ​ក្នុង​ការ​ទាមទារ​អត្ថប្រយោជន៍​បន្ថែម​ទៀត​ដល់​ក្រុម​កម្មករ​ ពីព្រោះ​ពួក​គេ​យល់​ថា​ ប្រាក់​ឈ្នួលដែល​ទើប​បាន​ឯកភាព​ថ្មីៗ​នេះ​ មិនទាន់​ជួយ​កម្មករ​ឲ្យ​រស់​នៅ​បាន​សម​រម្យ​នៅ​ឡើយ​នោះ​ទេ​ ហើយ​ប្រាក់​ឈ្នួល​ដ៏​តិចតូច​នេះ​មិន​អាច​នាំ​ឲ្យ​មាន​ការ​បង្កើន​ផលិតភាព​បាន​ច្រើន​ដូច​ដែល​និយោជក​ទាម​ទារ​នោះ​ដែរ។​ យ៉ាង​ណាក៏​ដោយ ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ​កាល​ពី​ថ្ងៃ​ច័ន្ទថា​ ប្រាក់​ឈ្នួលអប្បបរមា​នៅ​កម្ពុជា​គឺ​ខ្ពស់​ជាង​ប្រាក់​ឈ្នួល​នៅ​ប្រទេស​ភូមា ​ឡាវ​ និង​បង់​ក្លាដេស​ ​ដែល​កម្មករ​ទទួល​បាន​ តែ​៦៧​ដុល្លារ​ ​៨០​ដុល្លារ​ និង​៧៥​ដុល្លារ​ប៉ុណ្ណោះ។ ​លោក​ថា​ ប្រាក់​ឈ្នួល​នៅ​ប្រទេស​ឥណ្ឌា​ និង​ប្រទេស​ណេប៉ាល់​ក៏​នៅ​ទាបជាង​កម្ពុជាផង​ដែរ។​

VOA ​មិន​អាច​ទាក់​ទងលោក​ហេង​ សួ​ អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ​បាន​ទេ​ ដោយ​ទូរស័ព្ទ​របស់​លោក​រោទិ៍តែ​គ្មាន​អ្នក​ទទួល។​

ឧស្សាហ​កម្ម​កាត់​ដេរ​សម្លៀក​បំពាក់​គឺ​ជា​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា ​ដោយសារ​កម្ពុជា​នាំចេញ​សម្លៀក​បំពាក់​ដល់​ទៅ​៦​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​ ដែល​បង្កើត​ការងារ​ដល់​មនុស្ស​ជាង​៧០​ម៉ឺននាក់​ជាស្ត្រី។ ​កម្ពុជា​នាំ​ចេញ​មួយ​ភាគ​ធំ​នៃ​ផលិត​ផល​សម្លៀក​បំពាក់​របស់​ខ្លួន​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប៕

XS
SM
MD
LG