ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ភ្លើង​ទៀន​ចាប់​ផ្តើម​រៀបចំ​រចនា​សម្ព័ន្ធ ទោះ​ស្ទាក់​ស្ទើរ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ


រូបឯកសារ៖ លោក​ ទាវ វណ្ណុល​ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណប្ស​ភ្លើងទៀន ផ្តល់​បទសម្ភាស​ដល់​​ VOA​ ​កាល​លោក​​នៅ​ជា​​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី​ នៅ​ទីស្នាក់​ការគណបក្ស​សង្គ្រោះជាតិ​ នៅភ្នំពេញ​​​ នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ២០១៧។​ (ខាន់​ សុគុំមនោ​/ VOA)
រូបឯកសារ៖ លោក​ ទាវ វណ្ណុល​ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណប្ស​ភ្លើងទៀន ផ្តល់​បទសម្ភាស​ដល់​​ VOA​ ​កាល​លោក​​នៅ​ជា​​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី​ នៅ​ទីស្នាក់​ការគណបក្ស​សង្គ្រោះជាតិ​ នៅភ្នំពេញ​​​ នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ២០១៧។​ (ខាន់​ សុគុំមនោ​/ VOA)

ខណៈ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ឆ្នាំ​២០២២ ខិត​ជិត​មក​ដល់ អតីត​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ភ្លើង​ទៀន​ដែល​កើត​មក​ពី​គណបក្ស​សម រង្ស៊ី បាន​ស្ទុះ​ស្ទា​រៀបចំ​រចនា​សម្ព័ន្ធ​របស់​ខ្លួន​ឡើង​វិញ ដោយ​ជា​ដំបូង​នឹង​ធ្វើ​សមាជ​សាមញ្ញ​របស់​គណបក្ស នៅ​ថ្ងៃ​ទី​២២ ខែ​សីហា។

​សមាជ​របស់​គណបក្ស​ភ្លើង​ទៀនដែល​ប្រជាជន​ធ្លាប់​ស្គាល់​ថា​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​សម រង្ស៊ី​នឹង​រៀប​ចំ​កែ​តម្រូវ​គោល​ការណ៍និង​លក្ខ​ខណ្ឌ​មួយ​ចំនួន​របស់​គណបក្ស បើ​ទោះ​មន្រ្តី​គណបក្ស​នេះ​នៅ​មិន​ទាន់​ប្រាកដ​ប្រជា​នៅ​ឡើយ​ថា​តើ​នឹង​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ឬ​យ៉ាង​ណា ក្រោម​ហេតុ​ផល​ថា​លម្ហ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ។ នេះ​បើ​យោង​តាម​មន្រ្តី​គណបក្ស​ភ្លើង​ទៀន។

អតីត​សមា​ជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​សម រង្ស៊ី លោក ទាវ វណ្ណុល ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​ភ្លើងទៀន​ប្រាប់​ VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ការ​ធ្វើ​សមា​ជ​របស់​គណបក្ស តែង​តែ​ប្រារព្ធ​ឡើង​រៀង​រាល់​៣​ឆ្នាំ​ម្តង។​ដោយឡែក​ការ​ធ្វើ​សមាជ​លើក​នេះ សមាជិក​គណបក្ស​មាន​គម្រោង​កែ​ប្រែ​គោល​ការណ៍​ផ្ទៃ​ក្នុងរបស់​គណបក្ស​មួយ​ចំនួន។

​លោក​ថ្លែង​ថា​៖ «ក្នុង​សមាជ​លើក​នេះ គឺ​ថា​យើង​មាន​ការ​កែ​តម្រូវ​ផ្លាស់​ប្តូរ​ប្រការ​មួយ​ចំនួន​នៅ​ក្នុង​លក្ខន្តិកៈ​។ ទីមួយ​គឺ​អាណត្តិ​របស់​ប្រធាន​គណបក្ស ពី​មុន​យើង​អត់​កំណត់​អាណត្តិ​ទេ ប្រធាន​អាច​ឈរ​ជា​ប្រធាន​បក្ស​បាន​រហូត ចង់​និយាយ​ថា​អស់​មួយ​ជីវិត។ ប៉ុន្តែ​ឥឡូវ​នេះ គឺ​យើង​កែ​លក្ខ​ន្តិកៈ​ប្រធាន​បក្ស​អាច​ឈរ​បាន​តែ២​អាណត្តិ[ដែល]​មួយ​អាណត្តិ​មាន​៥​ឆ្នាំ ដូច្នេះគឺ​១០​ឆ្នាំ»។

លោក​បញ្ជាក់​ទៀត​ថា​គណបក្ស​ភ្លើង​ទៀន​មិន​ទាន់​សម្រេច​ថា​នឹងចូល​រួម​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០២២ ឬយ៉ាង​ណា​នោះ​ទេ គឺ​អាស្រ័យ​ទៅលើ​សមាជិក​និង​ការ​សម្រេច​ចិត្តរបស់​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍។

លោក​បន្ត​ថា​៖ «ក្រោយ​ពេល​សមាជ យើង​នឹង​ពិភា​ក្សា​ផ្តោត​ទៅ​លើ​គោល​នយោបាយ​ក្នុង​ការ​ចូល​រួម​បោះ​ឆ្នោត​ឃុំ​សង្កាត់ឆ្នាំ​២០២២​ខាង​មុខនេះ​យើង​នឹង​ពិចារ​ណា​ពិភាក្សា​អំពី​រឿង​ហ្នឹង។ ហើយ​ការ​ចូ​ល​រួម ឬ​មិន​ចូលរួម​ស៊ី​សង​ទៅ​លើ​ការ​សម្រេច​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍»។

រូបឯកសារ៖ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ក៏​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​ផង​នោះ លើក​ដៃគ្រវី​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​ ក្នុង​អំឡុងពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​នៅ​ថ្ងៃ​ចុងក្រោយ ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។
រូបឯកសារ៖ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ក៏​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​ផង​នោះ លើក​ដៃគ្រវី​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​ ក្នុង​អំឡុងពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​នៅ​ថ្ងៃ​ចុងក្រោយ ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។

​ទោះ​ជាយ៉ាងណា លោក​យល់​ថា​លម្ហ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​ចង្អៀត ហើយ​សកម្ម​ភាព​ន​យោ​បាយ​គណបក្ស​ប្រឆាំ​ង​តែង​តែ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដែល​វា​អាច​ជា​ឧបសគ្គ​ក្នុង​ការ​ប្រមូល​សកម្មជន។

បើ​តាម​លោក ទាវ វណ្ណុល គណបក្ស​ភ្លើង​ទៀន​មិន​មាន​ទំនាក់​ទំនង​អ្វី​ជា​មួយ​លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង និង​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២៥​ឆ្នាំ រឿង​គម្រោង​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ ខណៈ​ប្រឈម​នឹង​សំណុំ​រឿង​ជា​ច្រើន​ក្នុង​ដៃ​តុលាការ។

លោក ទាវ វណ្ណុល មិន​ទាន់​ដឹង​ថា​តើ​សមាជិក​សរុប​ដែល​នឹង​ចូលរួម​សមាជ​តាមប្រព័ន្ធ​អនឡាញ​ប៉ុន្មាន​នាក់​នោះ​ទេ ដោយ​គ្រាន់​តែ​ដឹង​ថា​មាន​ថ្នាក់​ដឹក​នាំ​គណបក្ស​សំខាន់​ៗ​ចំនួន​១៥​នាក់​ចូល​រួម​នៅ​សណ្ឋាគារ​សាន់វេ នា​ថ្ងៃទី​២២ ខែសីហា។

ពេល​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ លោក ទាវ វណ្ណុល និង​អតីត​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ភ្លើង​ទៀន​ចំនួន​១០​នាក់​ផ្សេង​ទៀត មិន​ត្រូវ​បាន​កាត់​សិទ្ធិ​ធ្វើ​នយោបាយ​នោះ​ទេ ដោយ​សារ​កាល​នោះ​ពួកគេ​ស្ថិត​នៅ​ជា​សមាជិក​ព្រឹទ្ធសភា ហើយ​ស្ថិត​នៅ​ក្រោម​គណបក្ស​ភ្លើង​ទៀន ដែល​ជា​ឈ្មោះ​ថ្មី​របស់​គណបក្ស​សម រង្ស៊ី។

រូបឯកសារ៖ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់លាបថ្នាំពី​លើ​ស្លាកសញ្ញាគណបក្សនេះនៅឯទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
រូបឯកសារ៖ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់លាបថ្នាំពី​លើ​ស្លាកសញ្ញាគណបក្សនេះនៅឯទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

​អតីត​សមាជិក​ព្រឹទ្ធសភា និង​ជា​សមាជិក​ម្នាក់​របស់​គណបក្ស​ភ្លើង​ទៀន អ្នកស្រី លី នារី បាន​ប្រាប់​VOA​ នៅ​ថ្ងៃព្រហស្បតិ៍​ថា​អ្នកស្រី​នឹង​ចូលរួម​ក្នុង​សមាជ​របស់​គណបក្ស ប៉ុន្តែ​ការ​សម្រេច​ចូល​រួម​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​តែ​ជា​សំណួរ​សម្រាប់​ការ​សម្រេច​ចិត្ត​នៅ​ឡើយ។ អ្នកស្រី​យល់​ឃើញ​ថា​ស្ថាន​ភាព​នយោបា​យ​ក្នុង​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​ទេ។

អ្នកស្រី​ថ្លែង​ថា៖ «គណបក្ស​ភ្លើង​ទៀន​បើ​សិន​ណា​ជាដូច​ថា​ស្ថានភាព​នយោបាយ​ធូរ​ស្រាល​អី​បាន​ចូល​រួម​បោះ​ឆ្នោត។ បើ​វា​នៅ​តែ​តាន​តឹង​អញ្ចឹង​អត់​ទេ គ្រាន់​តែ​ដាក់​នៅ​ចុះ​បញ្ជី​ទេ អត់​ទាន់​ច្បាស់​ថា​ចូល​រួម​បោះ​ឆ្នោត ឬ​អត់​ទេ អត់​ទាន់​ច្បាស់​ទេ»។​

ចំណែក​លោក យឹម ឃុន​ឃឿន ដែល​ជា​អតីត​សមាជិក​ព្រឹទ្ធសភា និង​ជា​សមាជិក​មួយ​រូប​នៃ​គណបក្ស​ភ្លើង​ទៀន​ដែរ បាន​ថ្លែង​ស្រដៀង​គ្នា​នឹងអ្នកស្រី លី នារី ​ថា​លោក​នឹង​ចូល​រួម​សមាជ​របស់​គណបក្ស។ ប៉ុន្តែលោក​នៅ​តែ​ចង់​ឲ្យគណបក្ស​សង្គ្រោះ​ជា​តិ​មាន​វត្ត​មាន​ក្នុង​ការ​ចូល​រួម​បោះ​ឆ្នោត​ក្នុង​ពេ​ល​ខាង​មុខ​។

លោក​បញ្ជាក់​ថា៖«យើង​មើល​សភាព​ការ​នយោបាយ តើ​លម្ហ​នយោបាយ​ហ្នឹង​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ស្មើ​ភាព តម្លាភាព យុត្តិធម៌​ទេ។ រឿង​សំខាន់ គឺ​មិន​មែន​ភ្លើង​ទៀន​ទេ សំខាន់​គណបក្ស​សង្គ្រោះជាតិ។ បើ​សង្គ្រោះ​ជាតិ​ចូល​រួម​ប្រកួត គណបក្ស​ភ្លើង​ទៀន ក៏​ប្រហែល​ជា​ភ្លើង​ទៀន​មិន​មាន​វត្ត​មាន​អ្វី​តទៅ​ទៀត​ទេ»។

រូប​ឯកសារ៖ បុរស​ម្នាក់​ទម្លាក់​សន្លឹក​ឆ្នោត​របស់​លោក​ទៅ​ក្នុង​ហិប​ឆ្នោត ក្នុង​ការិយាល័យ​បោះ​ឆ្នោត​មួយ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ (ទី អូលីស្សា/វីអូអេ)
រូប​ឯកសារ៖ បុរស​ម្នាក់​ទម្លាក់​សន្លឹក​ឆ្នោត​របស់​លោក​ទៅ​ក្នុង​ហិប​ឆ្នោត ក្នុង​ការិយាល័យ​បោះ​ឆ្នោត​មួយ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ (ទី អូលីស្សា/វីអូអេ)

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​អ្នក​តាមដាន​សង្គម​បាន​ប្រាប់​VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ការ​ចូល​រួម​បោះ​ឆ្នោតរបស់​គណបក្ស​ភ្លើង​ទៀន​ក្នុង​ការ​បោះ​ឆ្នោត វា​អាច​មាន​ការ​លំបាក ដោយ​សារ​តែ​ប្រព័ន្ធ​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​មិន​ទាន់​មាន​ភាព​សុក្រឹត សេរី និង​យុត្តិធម៌​នៅ​ឡើយ​ទេ។

លោក​បន្ថែម​ថា៖ «បើ​គណបក្ស​នេះ​ចូល​រួម ខ្ញុំ​មើល​ឃើញ​ថា​ប្រហែល​ជាគាត់​នឹង​ប្រមូល​សំឡេង​គាំទ្រ​របស់​គាត់​នៅ​ថ្នាក់​មូល​ដ្ឋាន​កុំ​ឲ្យ​បាត់​ឱកាស​ជាជាង​គណបក្ស​សង្រ្គោះ​ជាតិ​មិន​អាច​ចូល​បាន។ អញ្ចឹង​គណបក្ស​តូច​ៗ ដូច​ជា​គណបក្ស​សម រង្ស៊ី ភ្លើង​ទៀន គណបក្ស​សិទ្ធិ​មនុស្ស​អាច​ធ្វើ​សកម្មភាព​មួយ​ចំនួន ដើម្បី​ប្រមូល​យកសំឡេង​គាំ​ទ្រ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ វា​ដូច​ជា​ទទួល​ស្គាល់​ខ្លួនឯង​ដែល​កន្លង​មក​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​បាន​ទាត់​ចោល​ទៅ​លើ​បទ​ចោទ​របស់​រដ្ឋាភិបាល​មក​លើ​លោក កឹម សុខា ដែល​ជា​មេ​ដឹក​នាំ​គណបក្ស​ខ្លួន​ឯង»។

លោក ឯម សុវណ្ណារ៉ា បន្ត​ថា​ប្រសិន​បើ​មិន​មាន​គណបក្ស​ប្រឆាំង​ចូល​រួម​នោះ​ទេ ការ​បោះ​ឆ្នោត​នឹង​មិន​ត្រូវ​បានទទួល​ស្គាល់និង​ឲ្យ​តម្លៃ​ពី​សហគមន៍​អន្តរ​ជាតិ​នោះទេ។ លោក​ថាដំណោះ​ស្រាយ គឺ​មាន​តែ​អ្នក​នយោបាយ​ទាំង​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច​ចរចា ឬធ្វើ​បែប​ណា​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​បាន​របស់សហគម​ន៍​អន្ត​រជាតិ។ លោក​បន្ថែម​ថា​បើ​មិន​មាន​ដំណោះ​ស្រាយ​នយោបាយ​ល្អ​ប្រសើរ​ទេ កម្ពុជា​នឹង​អាច​ជួប​វិបត្តិ​ធ្ងន់​ធ្ងរ ឬទទួល​សម្ពាធ​ពី​ប្រទេស​លោក​ខាង​លិច។

លោក​ថ្លែង​ថា៖ «ប្រសិន​បើ​យើងធ្វើ​នយោបាយ​ខ្វះ​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្ត​ជាតិ វា​មិន​មាន​តម្លៃ​ពេញ​លេញ​ទេ។ ហើយ​ខ្ញុំ​ឃើញ​ចរន្ត​ក្រុម​[ប្រទេស​លូតលាស់​ផ្នែក​ឧស្សាហកម្ម]​ G7 ប្រទេស​ទាំង​៧ ហើយសហរដ្ឋ​អាមេរិក​ដាក់​យុទ្ធ​សាស្រ្ត​ថ្មីៗ វា​ប្រឈម​ទៅ​ក្នុង​តំបន់​។ ហើយ​ប្រសិន​បើឆ្នាំ​ក្រោយ កម្ពុជា​ជា​ប្រទេស​[ម្ចាស់​ផ្ទះ​]​អាស៊ាន​ទៀត មាន​បញ្ហា​ជំហរ​នយោបាយការ​បរទេសកម្ពុជា​ងាក​ទៅ​ចិន​ទៀត ខ្ញុំ​គិត​ថា​យើង​ជួប​វិបត្តិ​ធ្ងន់​ធ្ងរ ដោយ​ស្រប​នឹង[មាន]​ច្បាប់​ប្រជាធិប​តេយ្យ​សហ​រដ្ឋ​អាមេរិក ត្រៀម​អនុម័ត​លើក​ទី៣​នេះ​ខ្ញុំ​គិត​ថា​ជា​សម្ពាធ​មួយ​សម្រាប់​កម្ពុជា​យើង»។

គួរ​បញ្ជាក់​ថា​គណបក្ស​ភ្លើង​ទៀន​ជា​គណបក្ស​ដែល​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ពី​គណបក្ស​សម រង្ស៊ី ក្នុង​ឆ្នាំ​២០​១៧ ក្រោយ​មាន​វិសោធន​កម្ម​ច្បាប់​គណបក្ស​នយោបាយ​ដែល​ហាម​មិន​ឲ្យ​ប្រើ​ឈ្មោះ​បុគ្គល​ធ្វើ​ជា​ឈ្មោះ​គណបក្ស៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG