គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាសហរដ្ឋអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃពុធ បានអនុម័តជាឯកច្ឆន្ទលើសេចក្តីស្នើច្បាប់មួយ ដែលនឹងអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្មលើមន្រ្តីកម្ពុជាដែលពាក់ព័ន្ធនឹងការធ្វើឲ្យខូចប្រជាធិបតេយ្យ ប្រសិនបើសេចក្តីស្នើច្បាប់នេះក្លាយជាច្បាប់ពេញលេញ។
វិធានការដាក់ទណ្ឌកម្មដែលធ្វើឡើងដោយប្រធានាធិបតីអាមេរិក ប្រសិនបើសេចក្តីស្នើច្បាប់នេះ ត្រូវអនុម័តបន្តដោយរដ្ឋសភា និងព្រឹទ្ធសភាអាមេរិក មានដូចជាការបង្កកទ្រព្យសម្បត្តិ និងការបដិសេធមិនផ្តល់ទិដ្ឋាការឬវីហ្សា (visa) ចូលទឹកដីសហរដ្ឋអាមេរិកជាដើម។
សេចក្តីស្នើច្បាប់ស្តីពី «លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ត្រូវបានរៀបចំឡើងដោយលោក Steve Chabotសមាជិករដ្ឋសភាមួយរូបនៃគណបក្សសាធារណរដ្ឋមកពីរដ្ឋ Ohio និងលោក Alan Lowenthal សមាជិកគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ California និងជាសហប្រធានក្រុមសមាជិកសភាចម្រុះគណបក្សដែលគិតគូពីបញ្ហាកម្ពុជា (The Congressional Caucus of Cambodia)។
លោក Steve Chabot បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានលើគេហទំព័រផ្លូវការរបស់លោកថា៖ «លោកនាយករដ្ឋមន្រ្តីហ៊ុន សែននិងបក្ខពួកត្រូវតែប្រឈមនឹងចំណាត់ការធ្ងន់ធ្ងរពីសហរដ្ឋអាមេរិកក្នុងការឆ្លើយតបទៅនឹងការចាប់ខ្លួនលោកកឹម សុខា និងការរំលាយគណបក្សប្រឆាំងកាលពីឆ្នាំ២០១៧ ដែលជាការបង្រ្កាបមួយ និងបានបន្តមកដល់ពេលបច្ចុប្បន្ននេះ»។
លោក Chabot បន្តថា៖ «យើងត្រូវឈរជាមួយនឹងពលរដ្ឋកម្ពុជាស្របពេលលោក ហ៊ុន សែនបន្តរឹតត្បិតសិទ្ធិរបស់ពួកគេ និងមិនឲ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌។ សំណើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យ» នឹងធ្វើឲ្យលោក[ហ៊ុន សែន] ទទួលខុសត្រូវនិងគាំទ្របំណងប្រាថ្នារបស់ពលរដ្ឋកម្ពុជាសម្រាប់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ»។
ចំណែកលោក Alan Lowenthal បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានខាងលើថា៖ «របបផ្តាច់ការបន្តទៅមុខក្រោមលោក ហ៊ុន សែន គឺផ្ទុយស្រឡះពីការសន្យាធ្វើឡើងចំពោះពលរដ្ឋកម្ពុជាក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១។ ការដាក់ទណ្ឌកម្មនៅក្នុងសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺជាផលវិបាកដែលលោកហ៊ុន សែននិងរបបដឹកនាំរបស់លោកត្រូវរ៉ាប់រងចំពោះការវាយប្រហារដោយឥតសំចៃមកលើសេរីភាពរបស់ប្រជាជនកម្ពុជា»។
សេចក្តីស្នើច្បាប់ស្តីពី«លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»នេះ ត្រូវឆ្លងការបោះឆ្នោតគាំទ្រពីកិច្ចប្រជុំសភាពេញអង្គមុនត្រូវបញ្ជូនបន្តទៅព្រឹទ្ធសភា ដើម្បីពិភាក្សានិងអនុម័ត។ ហើយចុងក្រោយដាក់ទៅការិយាល័យរបស់ប្រធានាធិបតីអាមេរិក ដើម្បីចុះហត្ថលេខាប្រកាសឲ្យប្រើប្រាស់។
នៅមុនការចេញនូវសេចក្តីស្នើច្បាប់នេះ សេចក្តីស្នើច្បាប់ស្តីពី«លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»ឆ្នាំ២០១៩ លេខ៥២៦ និងសេចក្តីស្នើច្បាប់ស្តីពី«លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ឆ្នាំ២០១៨ លេខ៥៧៥៤ ត្រូវបានរដ្ឋសភាអាមេរិកអនុម័ត ប៉ុន្តែមិនបានឆ្លងការសម្រេចពីព្រឹទ្ធសភានោះទេ ដែលព្រឹទ្ធសភាកាលពីគ្រានោះស្ថិតនៅក្រោមការដឹកនាំរបស់គណបក្សសាធារណរដ្ឋ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា សេចក្តីស្នើច្បាប់នេះ មិនឆ្លើយតបនឹងដំណើរការនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ។
លោកថ្លែងថា៖ «ខ្ញុំថាការធ្វើច្បាប់ដាក់ទណ្ឌកម្មហ្នឹងមិនឆ្លើយតបនឹងវិធានការក្នុងការកសាងនិងពង្រឹងលទ្ធិប្រជាធិបតេយ្យនោះទេ។ ទីមួយ គួរតែធ្វើច្បាប់មួយពង្រឹងសង្គមស៊ីវិល។ ដើម្បីបានរបបមួយប្រជាធិបតេយ្យពិតប្រាកដ ទាល់តែសង្គមស៊ីវិលហ្នឹងមានសមត្ថភាពក្នុងការចូលរួមកសាងប្រជាជាតិចូលរួមក្នុងការដោះស្រាយបញ្ហា»។
លោក ផៃ ស៊ីផាន បន្តថាចំណាត់ការខាងលើគឺជាការសម្រេចផ្ទាល់ពីសំណាក់សមាជិកសភាអាមេរិក ប៉ុន្តែកម្ពុជានៅតែបន្តផ្តោតកិច្ចពិភាក្សាការដោះស្រាយនិងពង្រឹងកិច្ចសហប្រតិបត្តិការដោយយោងទៅតាមស្ថានភាពពិតប្រាកដនៅក្នុងប្រទេស។
ចំណែកលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាព្រឹទ្ធសមាជិកមួយរូប បានប្រាប់ VOA ថាសំណើច្បាប់ដាក់ទណ្ឌកម្មលើមន្រ្តីនៅកម្ពុជាគឺមិនផ្សារភ្ជាប់នឹងស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសនោះទេ ខណៈលោកចោទសួរពីប្រសិទ្ធភាពនៃវិធានការនេះ។
លោកបញ្ជាក់ថា៖ «យើងដឹងហើយថាការដាក់ទណ្ឌកម្មនេះ វាមិនមែនតែម្តងលើកហ្នឹងទេ។ វាច្រើនដងហើយ។ អញ្ចឹងទេសួរថាតើតាំងពីដាក់មករហូតដល់ថ្ងៃនេះមានប្រសិទ្ធភាពអីទៅ»។
លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាបានថ្លែងក្នុងសារអ៊ីមែលមកកាន់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា៖ «សហរដ្ឋអាមេរិកនៅតែព្រួយបារម្ភពីការធ្លាក់ចុះសិទ្ធិមនុស្ស និងការធ្វើឲ្យចុះខ្សោយស្ថាប័នគាំទ្រលទ្ធិប្រជាធិបតេយ្យនានានៅកម្ពុជា»។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយនិងសង្គម បានថ្លែងប្រាប់VOAថាសេចក្តីស្នើច្បាប់នេះជាយន្តការមួយក្នុងការជំរុញឲ្យរដ្ឋជាសមាជិកអង្គការសហប្រជាជាតិគោរពសិទ្ធិមនុស្ស និងអនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
លោក ឯម សុវណ្ណារ៉ា បញ្ជាក់ថា៖ «ប្រសិនបើមន្រ្តីគាត់អាងកាន់អំណាចគាត់មិនគោរពតាមច្បាប់កម្ពុជាផងអញ្ចឹងប្រទេសដទៃដែលមានលទ្ធភាពដូចសហរដ្ឋអាមេរិក ដែលជួយតម្រង់ទិសឲ្យងាកមកប្រជាធិបតេយ្យ ខ្ញុំគិតថា វាជាយន្តការល្អមួយសម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា»។
លោកបន្តថាប្រសិនបើសេចក្តីស្នើច្បាប់នេះត្រូវអនុម័តក្លាយជាច្បាប់ វាអាចជំរុញឲ្យមន្រ្តីដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា «ខ្លាចរអា» និងងាកមកគោរពគោលការណ៍ច្បាប់កម្ពុជាស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ លោកបញ្ជាក់ថាក្នុងករណីមិនមានការកែប្រែស្ថានការណ៍នយោបាយ សហរដ្ឋអាមេរិកអាចចាត់វិធានការធ្ងន់ធ្ងរដូចជាការដកប្រព័ន្ធអនុគ្រោះពន្ធ GSP ជាដើម។
ប្រទេសកម្ពុជាទទួលបានអត្ថប្រយោជន៍ប្រព័ន្ធអនុគ្រោះពន្ធ GSP (Generalized System of Preferences) ដែលផ្តល់ដោយសហរដ្ឋអាមេរិក។ បើតាមស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាអាមេរិកបានផ្តល់ឲ្យកម្ពុជានូវការអនុគ្រោះផ្នែកពាណិជ្ជកម្មនៅក្រោមកម្មវិធីនៃប្រព័ន្ធអនុគ្រោះទូទៅGSPដែលជាការធ្វើឲ្យកម្ពុជាអាចនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកដោយមិនបង់ពន្ធគយនូវទំនិញជាង៥ពាន់មុខ។ នៅក្រោមGSPដែលដល់ពេលត្រូវពិភាក្សាជាមួយអាមេរិកដើម្បីបន្តឡើងវិញនេះកម្ពុជាបាននាំទំនិញសម្រាប់ការធ្វើដំណើរដែលមានតម្លៃជិត១ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩។
លោក អៀ សុផល សាស្រ្តាចារ្យរងជំនាញការទូត និងកិច្ចការសាកលនៅមហាវិទ្យាល័យOccidental សហរដ្ឋអាមេរិកបានថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះតាមរយៈសារអ៊ីមែលថា ខណៈលម្ហនយោបាយ សង្គមស៊ីវិល និងសេរីភាពបន្តរងការរឹតត្បិតនៅកម្ពុជា សំណើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាត្រូវតែទទួលបានការអនុម័តជាធរមាន។
លោកបញ្ជាក់ក្នុងន័យដើមថា៖ «យើងទាំងអស់គ្នាដឹងថារដ្ឋាភិបាលកម្ពុជាបន្តដាក់ការរឹតត្បិតមកលើសកម្មភាពនយោបាយសង្គមស៊ីវិល សិទ្ធិមនុស្ស និងសេរីភាពក្នុងការបញ្ចេញមតិ និងបានបង្អាក់សមត្ថភាពសម្រាប់ការបោះឆ្នោតសេរីនិងយុត្តិធម៌នៅកម្ពុជា។ សេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺជាសេចក្តីព្រាងច្បាប់សំខាន់មួយ ដែលត្រូវការអនុម័តដោយសភាទាំងពីរថ្នាក់ និងហត្ថលេខាពីប្រធានាធិបតី។ ជនដែលធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនអាចនិងមិនត្រូវរួចខ្លួននោះទេ»៕