ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ដាក់​«លក្ខខណ្ឌ​អប្បបរមា​» ដើម្បី​ធានា​ភាពស្រប​ច្បាប់​នៃ​ការបោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ​២០២២


រូបឯកសារ៖ បុរស​​កម្ពុជា​​ម្នាក់ ​​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​​កន្លែង​ក្នុងក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​កក្កដា ឆ្នាំ២០១៨។ (វីអូអេ)
រូបឯកសារ៖ បុរស​​កម្ពុជា​​ម្នាក់ ​​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​​កន្លែង​ក្នុងក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​កក្កដា ឆ្នាំ២០១៨។ (វីអូអេ)

អង្គការ​សង្គម​ស៊ីវិល សមាគម ​និង​សហ​គមន៍​ដី​ធ្លី សរុប​ជាង​៦០​ នៅ​ថ្ងៃ​ពុធ​នេះ បាន​ដាក់​ចេញ​នូវ​អនុ​សាសន៍​មួយ​ចំនួន ដែល​ក្នុង​នោះ​មាន​ការ​ផ្សះ​ផ្សា​នយោបាយ​ ដែល​ពួក​គេ​ថា​ ជា​«លក្ខ​ខណ្ឌ​អប្បបរមា» ដើម្បី​ធានាភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ដែល​គ្រោងធ្វើឡើង​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២។

សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​សល់​ពេល​មិន​ដល់​មួយ​ឆ្នាំ​ទៀត​ផង គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ​ថា​តើ​គណ​បក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​រំលាយ​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​មួយ​នេះ ឬ​យ៉ាងណា?

ក្រុម​សង្គម​ស៊ីវិលដែល​បាន​ដាក់​អនុសាសន៍​នោះ មាន​ដូច​ជា​សមាគម​អាដ​ហុក អង្គការ​សង់​ត្រាល់ អង្គការ​តម្លាភាព​កម្ពុជា អង្គការ​ខុម​ហ្រ្វែល អង្គការ​លីកាដូ និង​វិទ្យាស្ថាន​ប្រជាធិប​តេយ្យ​កម្ពុជា​ជា​ដើម​។ សំណើ​របស់​ពួកគេ មាន​ដូច​ជា​ការ​ផ្សះ​ផ្សា​នយោបាយ ដើម្បី​ឲ្យ​អ្នក​នយោបាយ​ទាំង​អស់មាន​សិទ្ធិ​ចូល​រួម​ពេញ​លេញ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត ការបង្ក​បរិយាកា​ស​នយោ​បាយ​សេរី ដោយ​ស្តារ​ឡើង​វិញ​នូវ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ ការ​ជួប​ជុំ ដោះ​លែង​សកម្មជន​នយោបាយ និង​ផ្តល់​សិទ្ធិ​ក្នុង​ការ​ធ្វើ​នយោបាយ។

ទាក់ទង​នឹង​សមាស​ភាព​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ដែល​សមាជិក​គ្រប​ដណ្តប់​លើស​លប់​ពី​អ្នក​ដែល​មាន​និន្នាការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា សង្គម​ស៊ីវិល​បាន​ស្នើ​ឲ្យអនុវត្ត​ស្រប​ទៅ​តាមរដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត ដែល​គណបក្ស​ប្រឆាំងសំខាន់​ចាំ​បាច់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ពិនិត្យ និង​ជ្រើស​រើស​សមា​ជិក​៤​រូប​ក្នុង​ចំណោម​៩​រូប ដូច​ដែល​បាន​ឯក​ភាព​គ្នា​កាលពី​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​បោះ​ឆ្នោត។

សង្គម​ស៊ីវិលក៏​ជំរុញ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ និង​តុលាការ​ ធានា​ភាព​ឯករាជ្យ​ និង​អព្យាក្រឹត។ ពួកគេ​ក៏​ជំរុញ​ឲ្យ​មាន​ការ​ធានា​តួនាទី​របស់​អង្គការ​សង្គម​ស៊ីវិល​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ដោយ​អាច​អនុវត្ត​សិទ្ធិនិង​តួនាទីរបស់​ពួកគេ​ដោយ​សេរី​នៅ​ក្នុង​សង្គម​ប្រជាធិប​តេយ្យ។

​ក្នុង​សន្និសីទ​សារព័ត៌​មាន​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ លោក យង់ គិម​អេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព បាន​ថ្លែង​ថា៖

«សង្គម​ស៊ីវិល​ យើង​ចង់​ឃើញ​បរិយា​កាស​នៃ​ការ​បោះ​ឆ្នោត​ ឲ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ ជា​ពិសេស​គណបក្ស​នយោបាយ​។ ជាមួយ​គ្នា​នោះ​អ្វី​ដែល​សំខាន់​នោះ​ គឺ​ សង្គម​ស៊ីវិល​ចង់​ឃើ​ញ​មាន​ការ​អត់​ឱន​អធ្យាស្រ័យ​គ្នា​ខ្ពស់​ចំពោះ​អ្នក​នយោបាយ​ ហើយ​បញ្ចប់​ទោស​ទណ្ឌ​ទៅ​លើ​អ្នក​នយោ​បាយ ​ដោយ​ដោះ​លែង​ ឬក៏​សកម្មជន​នយោបាយ សកម្មជន​សង្គម​ផ្សេងៗ​ដើម្បី​អាច​ចូល​រួម​ក្នុង​ជីវ​ភាព​នយោបាយ»។

លោក គឹម ឈន នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មា​ធិការ​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថាខុ​មហ្វ្រែល បាន​ថ្លែង​ថា​ការ​បោះ​ឆ្នោត ជា​រឿង​សំខាន់​ដែលស្ថាប័នរៀប​ចំការ​បោះ​ឆ្នោត ត្រូវ​តែ​រៀប​ចំ​ដោយ​ឯករាជ្យ ធានា​ភាព​ស្អាត​ស្អំ តម្លា​ភាព និង​ឲ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​គណ​បក្ស​នយោ​បាយ​ទាំង​អស់​។

លោក​ថ្លែង​ថា៖ «យុត្តិធម៌​ក្នុង​ការ​បោះ​ឆ្នោត​ គ.ជ.ប​ ត្រូវ​បង្កើត​នីតិវិធី​ឲ្យមាន​ប្រសិទ្ធ​ភាព​ដោយមាន​ការ​ចូលរួម​ពី​ភាគី​ដែល​ពាក់​ព័ន្ធ ឥត​លម្អៀង ហើយ​ឥត​មាន​ការ​រើស​អើង ពិសេស​ក្នុងការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត...​ អត់​មាន​ផាត់​ចោល​អ្នក​ដែល​គ្រប់​អាយុ​ ដែល​មិន​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ​ទេ»។

លោក ប៉ា ចន្ទរឿន នាយក​ប្រតិបត្តិ​វិទ្យា​ស្ថាន​ប្រជា​ធិប​តេយ្យ​កម្ពុជា បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​ថា ​លោក​មាន​ការ​ព្រួយ​បារម្ភ​អំពី​ដំណើរ​ការ​នៃ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ២០​២២​ខាង​មុខ​ ដោយ​សារ​តែ​ប្រទេស​កម្ពុជា ​មិន​ទាន់​មានប្រជាធិប​តេយ្យ​ចាស់ទុំ​នៅ​ឡើយ​ទេ។

លោក​ថ្លែង​ថា៖ «មាន​តែ​ការ​បោះឆ្នោត ដោយ​សេរី​ត្រឹម​ត្រូវ នឹង​យុត្តិ​ធម៌នេះ​ទេ​ គឺ​ជា​មធ្យោបាយ​មួយ​ធានា​នូវ​ សុខ​សន្តិភាព​ពិត​ប្រាកដ​ ការ​ផ្សះផ្សា ការ​បង្រួប​បង្រួម​ជាតិ​ និង​ការ​ផ្លាស់​ប្តូរអ្នក​ឡើង​កាន់​អំណាច​ ដឹក​នាំ​រដ្ឋាភិបាល និង​ដឹក​នាំ​ប្រទេស​ដោយ​មិន​បង្ហូ​រឈាម​គ្នា រវាង​ខ្មែរ​និង​ខ្មែរ»។

លោក ​សោម សូរីដា ​អគ្គលេខាធិការរង​គ.ជ.ប ​ប្រាប់ ​VOA​ នៅ​ថ្ងៃ​ពុធ​នេះ​ថា គ.ជ.ប អនុវត្ត​ការងារ​របស់​ខ្លួន​ទៅ​តាម​ច្បាប់​ដែល​មាន​ជាធរមាន។ លោក​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ យល់​អំពី​កិច្ច​ការ​របស់​គ.ជ.ប ដែល​ជា​ស្ថាប័ន​បច្ចេក​ទេស និង​ចៀសវាងការ​ចោទ​ប្រកាន់​ថា​ លម្អៀង​ទៅ​ខាង​ណា​មួយ។

លោក​ថ្លែង​ថា៖ «អញ្ចឹង​នៅ​ពេល​ដែល​ភាគី​ទាំង​អស់​យល់​អំពី​ស្ថានភាព​របស់​គ.ជ.ប ដែល​ជា​ស្ថាប័ន​បច្ចេក​ទេសនិង​អនុវត្ត​ច្បាប់​នោះ​ ពួក​គេ​នឹង​មិន​អាច​ធ្វើ​ការ​វាយ​តម្លៃ​មួយ​ ដោយ​គ្មាន​មូល​ដ្ឋាន​គ្រប់​គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់​គ.ជ.ប.ថា ​ជា​អង្គការ​លម្អៀង​បែប​ណា​នោះ​ទេ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ​គ.ជ.ប ចង់​ឲ្យ​គ្រប់​ភាគី​ទាំង​អស់​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​អំពី​សកម្ម​ភាព​ការងាររបស់​គ.ជ.ប ជា​មួយ​ក្រម​និង​ខណ្ឌ​ច្បាប់​នោះ ​មាន​ន័យ​ថា ​បញ្ញត្តិ​ដែល​ចែង​អំពី​កិច្ចការ​ដែលគ.ជ.ប​អនុវត្ត វា​ជា​កញ្ចក់ ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​សកម្មភាព​របស់​គ.ជ.ប​។​ អញ្ចឹង​កន្លែង​នេះ គឺ​តម្លាភាពគ.ជ.ប គឺ​សំដៅ​លើ​កន្លែង​ហ្នឹ​ងហើយ។ កិច្ច​ការ​របស់​គ.ជ.ប អនុ​លោម និង​អនុវត្ត​តាម​ច្បាប់​ជា​ធរមាន​»។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​បដិ​សេធ​មិន​អត្ថាធិប្បាយ ដោយ​បង្វែរ​សំណួរ​នេះ​ទៅ​ស្ថាប័ន​គ.ជ.ប វិញ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG