នៅមុនការបោះឆ្នោតឃុំសង្កាត់ដែលនឹងធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំក្រោយនេះ គណបក្សកែទម្រង់កម្ពុជា (Cambodia Reform Party) ដែលត្រូវបានបង្កើតឡើងដោយអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានចាប់ផ្តើមរៀបចំរចនាសម្ព័ន្ធថ្នាក់មូលដ្ឋានរបស់ខ្លួន។
សកម្មភាពនៃការចុះទៅតាមបណ្តាខេត្ត ដើម្បីជួបសកម្មជនរបស់ខ្លួន ត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់គណបក្សកែទម្រង់កម្ពុជា ដែលមានពាក្យស្លោកថា«ប្រជាធិបតេយ្យ កំណែទម្រង់ ឯកភាពជាតិ»និង«គិតផលប្រយោជន៍ខ្មែរជាធំ»។ ស្លាកសញ្ញាគណបក្សមានរូបសត្វដំរីស ដែលប្រមោយមានតោងផ្កាឈូក។ នៅក្នុងការចុះតាមមូលដ្ឋាននោះ ក៏មានលោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តនៃគណបក្សសង្រ្គោះជាតិ ដែលត្រូវបានផ្តល់សិទ្ធិធ្វើនយោបាយ ក្រោយមានការស្នើសុំទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង។
លោក អ៊ូ ច័ន្ទរ័ត្ន ដែលជាស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានថ្លែងប្រាប់VOAនៅថ្ងៃអង្គារនេះថាលោកនិងក្រុមការងារគណបក្សបានចុះតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តតាកែវ ព្រះវិហារ និងកំពង់ចាមជាដើម នាពេលថ្មីៗនេះ ដើម្បីជួបសំណេះសំណាលជាមួយសកម្មជននិងអ្នកដែលចង់ចូលរួមជាមួយគណបក្សរបស់លោក។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តតាកែវ លោក អ៊ូ ច័ន្ទរ័ត្ន បានប្រកាសបង្កើតថា «គណបក្សកែទម្រង់កម្ពុជា» កាលពីខែមករា បន្ទាប់ពីលោកទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។ ក្រោយមក លោក ប៉ុល ហំម អតីតអនុប្រធានទីមួយរបស់គណបក្សសង្រ្គោះជាតិ បានចូលរួមក្នុងគណបក្សនេះផងដែរនាពេលថ្មីៗនេះ។
លោក អ៊ូ ច័ន្ទរ័ត្ន ក៏បានសង្កត់ធ្ងន់ពីសារ:សំខាន់នៃការចូលរួមរបស់លោក ប៊ុល ហំម នៅក្នុងគណបក្ស ខណៈទទួលស្គាល់ថាមានការជំទាស់ពីអ្នកដែលនៅបន្តរង់ចាំការវិលត្រឡប់របស់គណបក្សសង្រ្គោះជាតិមកវិញផងដែរ។
លោកថ្លែងថា៖ «យើងឃើញមានការប្រែប្រួលច្រើនដោយសារតែប្រជាពលរដ្ឋនៅតាមមូលដ្ឋានហ្នឹងលោកគាំទ្រឯកឧត្តម ប៉ុល ហំម ហើយជាពិសេសឯកឧត្តម ប៉ុល ហំម លោកជាអនុប្រធានទីមួយនៅក្នុងគណបក្សសង្រ្គោះជាតិនោះ។ អាចនឹងទាញ ធ្វើឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានហ្នឹងលោកមានទំនុកចិត្តកាន់តែខ្លាំង។ ប៉ុន្តែមានឧបសគ្គមួយចំនួនដែរ ដូចជាការរារាំងពីអ្នកមាននិន្នាការប្រឆាំងក៏មានខ្លះដែរ។ មានអ្នកមានទស្សនៈចាំអន្តរជាតិហ្នឹងក៏មានទៅ។ អ្នកដែលមានទស្សនៈថាបើមិនមានសង្រ្គោះជាតិទេ មិនចូលរួមទេហ្នឹង ក៏មានខ្លះដែរ»។
លោកបន្ថែមថានាពេលបច្ចុប្បន្ន ថ្នាក់ដឹកនាំគណបក្សកំពុងរៀបចំប្រមូលស្នាមមេដៃសមាជិក និងគោលនយោបាយជូនក្រសួងមហាផ្ទៃ ក្នុងរយៈពេលប្រមាណពីរសប្តាហ៍ខាងមុខ ដើម្បីចុះបញ្ជីឈរឈ្មោះ មុនចាប់ផ្តើមប្រតិបត្តិការលើកស្លាកគណបក្ស និងបណ្តុះបណ្តាលអ្នកចូលរួម ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ដែលត្រូវកំណត់យកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។ ហើយបេក្ខជនក្នុងរចនាសម្ព័ន្ធមូលដ្ឋានរបស់គណបក្សកែទម្រង់កម្ពុជានឹងក្លាយជាបេក្ខជនឈរឈ្មោះតាមឃុំសង្កាត់នានា។
លោកបន្តថា មកទល់ពេលនេះ មិនទាន់ការកំណត់តួនាទី តំណែងជាក់លាក់ណាមួយនៅក្នុងជួរគណបក្សនៅឡើយទេ ថាតើអ្នកនយោបាយណាមួយជាប្រធាន និងអនុប្រធាន។
VOA មិនអាចទាក់ទងសុំការបំភ្លឺបន្ថែមពីលោក ប៉ុល ហំម បានទេនៅថ្ងៃអង្គារនេះ។
លោក មាស នី អ្នកវិភាគសង្គម និងនយោបាយលើកឡើងថាទំនាក់ទំនងជាសម្ព័ន្ធផ្នែកយុទ្ធសាស្រ្តមិនមាននោះទេនៅក្នុងជួរគណបក្សតូចៗ ដូច្នេះគណបក្សទាំងនោះ មិនអាចប្រកួតប្រជែងនឹងគណបក្សកាន់អំណាច ដើម្បីអាចស្តារនូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដមួយបាននោះទេ។
លោកថ្លែងថា៖ «នៅក្នុងការស្តារឡើងវិញនេះ វាអាចមានពីរ។ ទីមួយប្រសិនបើគ្រាន់តែបង្កើតឡើងរៀងខ្លួន ហើយធ្វើការរៀងខ្លួន។ អាហ្នឹងវាអាចទៅជាសួនលម្អប្រជាធិបតេយ្យ ហើយគណបក្សកាន់អំណាចក៏អាចអះអាងថា គេកំពុងស្តារដែរហើយនៅក្នុងនោះព្រោះអីនៅពេលនេះមានគណបក្សតូចៗកើតកាន់តែច្រើន។ ដូច្នេះ បើសិនជាយើងចង់ឲ្យមានការផ្លាស់ប្តូរ ឬក៏ឈានទៅរកការនាំមកវិញនូវប្រជាធិបតេយ្យពិតប្រាកដសម្រាប់កម្ពុជានេះ គណបក្សតូចៗ ហ្នឹងខ្ញុំគិតថាបើធ្វើរៀងខ្លួនបែបនេះ មិនដឹងអាចទៅយកជ័យជម្នះអីមកគណបក្សកាន់អំណាចបាននោះទេ»។
លោក មាស នី បន្ថែមថាការប្រមូលការគាំទ្រមូលដ្ឋានពីសំណាក់គណបក្សនយោបាយតូចៗបង្កើតឡើងដោយអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ គឺកាន់តែធ្វើឲ្យបាចសាចសំឡេងគាំទ្រដែលធ្លាប់តែប្រមូលផ្តុំគ្នា ក្រោមឈ្មោះគណបក្សសង្រ្គោះជាតិបន្ថែមទៀតតែប៉ុណ្ណោះ។
លោក សយ ស៊ីនថាត អតីតមេឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម មកពីអតីតគណបក្សសង្រ្គោះជាតិ បានលើកឡើងថាលោកមិនទាន់សម្រេចចិត្តចូលរួមជាមួយគណបក្សនយោបាយតូចណាមួយ ដែលបង្កើតឡើងដោយអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិនៅឡើយទេ ដោយលោករង់ចាំមើលគោលនយោបាយជាក់ស្តែងរបស់គណបក្សទាំងនោះជាមុនសិន។
លោកប្រាប់VOAថា៖ «សំខាន់ត្រង់ថាទិសដៅ ហើយនិងបំណងរបស់អ្នកដែលទៅបង្កើតបក្សថ្មីហ្នឹង គាត់មានឆន្ទៈការពារពលរដ្ឋ ការពារប្រទេសជាតិ ជាការពារអ្វីៗដែលមាននៅលើប្រទេសកម្ពុជា ដែរឬក៏អត់។ បើសិនជាគាត់ធ្វើទៅ ដើម្បីតែចូលរួម ចង់បានតែតំណែង ឬលាភសក្ការៈផ្សេងៗ គឺខ្ញុំមិនអាចចូលរួមបានទេ»។
ចំណែកលោក អ៊ុត ជឿន អតីតមន្រ្តីមូលដ្ឋានរបស់គណបក្សសង្រ្គោះជាតិនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ក៏នៅរង់ចាំពិនិត្យមើលជាមុនសិនផងដែរ មុនពេលសម្រេចចិត្តថានឹងចូលរួមក្នុងគណបក្សនយោបាយតូចណាមួយ ដោយសារសព្វថ្ងៃនេះលោកនៅជាប់បម្រាមក្នុងការចូលរួមសកម្មភាពនយោបាយ ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់»។ យ៉ាងណាក្តី លោកបន្ថែមថាលោកនឹងចូលរួមក្នុងគណបក្សនយោបាយណាដែលលោកគិតថា«បម្រើប្រជាពលរដ្ឋពិតប្រាកដ»៕