ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក កឹម សុខា បញ្ជាក់​ជា​ថ្មី​ថា​លោក​មិន​ក្បត់​ជាតិ ខណៈ​សវនាការ​លើ​រូប​លោក​នៅ​បន្ត​ពន្យារ​ពេល


រូបឯកសារ៖ លោក កឹម សុខា មេដឹក​នាំ​បក្ស​ជំទាស់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​​គេហដ្ឋាន​របស់​លោក​មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូល​រួម​សវនាការ​សប្តាហ៍​ទីពីរលើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស» ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។ (ទុំម្លិះ/វីអូអេ)
រូបឯកសារ៖ លោក កឹម សុខា មេដឹក​នាំ​បក្ស​ជំទាស់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​​គេហដ្ឋាន​របស់​លោក​មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូល​រួម​សវនាការ​សប្តាហ៍​ទីពីរលើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស» ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។ (ទុំម្លិះ/វីអូអេ)

មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​រាជ​ធានី​ភ្នំពេញ ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ បាន​អះ​អាង​ជា​ថ្មី​ថា ​លោក​«មិន​ក្បត់​ជាតិ» ​និង​ មិន​ក្បត់​«​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ»​នោះទេ ហើយ​លោក​សង្ឃឹម​ថា​យុត្តិ​ធម៌​នឹង​មាន​សម្រាប់​រូប​លោក។

លោកបញ្ជាក់​បែប​នេះ ​នៅ​ក្នុង​សារ​មួយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក ​កាល​ពី​ថ្ងៃអាទិត្យ ទី​២៧ ខែ​មិថុនា ដែល​ជា​ឱកាស​ខួប​កំណើត​៦៩​ឆ្នាំ​របស់​លោក។ សារ​របស់​លោក​ក៏​ភ្ជាប់​ជាមួយ​រូប​ថត​៤​សន្លឹក ដែល​ថត​ជាមួយ​ម្តាយ និង​ភរិយា​របស់​លោក ព្រម​ជាមួយ​អ្នក​គាំទ្រ​ផង​ដែរ។

នៅ​ក្នុង​សារ​នោះ លោក កឹម សុខា បាន​បង្ហាញ​ការ​កោត​សរសើរ​ចំពោះ​ទឹក​ចិត្ត​របស់​ប្រជាពលរដ្ឋ​ដែល​លោក​ថា​«នៅ​តែ​ផ្តល់​នូវ​ជំនឿ​ទុក​ចិត្ត និង​ផ្តល់​យុត្តិ​ធម៌​មក​លើ​រូប​ខ្ញុំ ទោះ​បី​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​យ៉ាង​ណា​ក៏​ដោយ​»។

លោកបន្ថែម​ថា៖ «ជា​ថ្មី​ម្តង​ទៀត អ្វី​ដែល​ខ្ញុំ​ធ្លាប់​សន្យា​ និង​ខ្ញុំ​នៅ​តែ​ហ៊ាន​សន្យា​ជាមួយ​ជន​រួម​ជាតិ​ខ្មែរ​នោះ គឺ​«ខ្ញុំ កឹម សុខា មិន​ក្បត់​ជាតិ មិន​ក្បត់​ឆន្ទៈ​របស់​ប្រជាពល​រដ្ឋ និង​មិន​បោះ​បង់​ចោល​មាតុ​ភូមិ​កម្ពុជា​ជាទី​ស្រឡាញ់​របស់​យើង​ខ្ញុំ​ជា​ដាច់​ខាត»។

លោក​ កឹម សុខា ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ បច្ចុប្បន្ន​នេះ កំពុង​រង់​ចាំ​សវនា​ការ​សំណុំ​រឿង​ក្បត់​ជាតិ ដែល​ត្រូវ​បាន​ពន្យារ​ដោយ​មិន​កំណត់​ពេល​វេលា អស់​រយៈ​ពេល​ជាង​១​ឆ្នាំ​មក​ហើយ។ លោក​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ គឺ​មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​ប្រទេស មិន​ឲ្យ​ធ្វើ​នយោបាយ ហើយ​ការ​ធ្វើ​ដំណើរក្នុង​ប្រទេស ក៏​ត្រូវ​បាន​កំហិត​ផង​ដែរ។

មេធាវី​របស់​លោក កឹម សុខា គឺ​អ្នកស្រី​ ម៉េង សុធារី ប្រាប់​VOA​នៅថ្ងៃ​ចន្ទ​នេះ​ថា​ក្រុម​មេធាវី​ជំរុញតុលាការ​ពន្លឿន​បើកសវនា​ការ​លើ​លោក កឹម សុខា ឲ្យ​បាន​ឆាប់ ដើម្បីអាច​ឲ្យ​កូន​ក្តី​របស់​ខ្លួន​មាន​សិទ្ធិពេញ​លេញចូល​រួម​ធ្វើ​នយោបាយ ជា​ពិសេស​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ដែល​នឹង​ធ្វើ​ឡើង​ក្នុង​ខែ​មិថុនា ឆ្នាំ​២០២២។

អ្នកស្រី​ថ្លែង​ថា​៖ «ប្រសិន​បើ​ពេ​លវេលា​ហ្នឹង​អូស​បន្លាយ​វែង​ឆ្ងាយ​ទៀត អញ្ចឹង​ទៅ​ វា​អាច​នឹង​ប៉ះ​ពាល់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ ហើយ​ឥ​ឡូវ​ប៉ះ​ពាល់​ហើយ ​ពីព្រោះ​គាត់​មិន​អាច​មាន​សិទ្ធិចូល​រួម​ធ្វើ​នយោ​បាយ​បាន ក្នុង​នា​ម​អ្នក​នយោបាយ​មួយ​រូប»។

អ្នកស្រី​បន្ថែម​ថា ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា​ បាន​ដាក់​ពាក្យ​ស្នើ​សុំ​តុលាការ​ពន្លឿន​សវនា​ការ​ជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ ក្រោម​ហេតុ​ផល​ជំងឺ​កូវីដ​១៩។ ប៉ុន្តែអ្នក​ស្រី​មើល​ឃើញ​ថា ​តុលាការ​បាន​បើក​សវនា​ការ​ជារៀង​រាល់​ថ្ងៃ។

អ្នក​ស្រី​បញ្ជាក់​ថា៖«តាម​ការ​ជូន​ដំណឹង​របស់​តុលា​ការ​ ដោយសារ​តែ​ស្ថាន​ភាព​កូវីដ​ ប៉ុន្តែ​មែន​ទែន​ទៅ​ទោះ​បី​ជា​មាន​កូវីដ​ក៏​ដោយ​ សវនាការ​នៅ​តុលាការ​ក៏​មាន​បើក​ ហើយ​យើង​គោរព​តាម​វិធាន​សុខា​ភិបាល​ទៅ យើង​អាច​បន្ត​សវនាការ​បាន​ហើយ។

លោក តាំង ស៊ុន​ឡាយ ប្រធាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ប្រាប់​VOA​នៅ​ថ្ងៃ​ចន្ទ​ថា តុលាការ​មិន​ទាន់​អាច​បើក​សវនាការ​លើ​លោក កឹម សុខា បាន​ទេ​នៅ​ពេល​នេះ​ ដោយ​សារជំងឺ​កូវីដ​១៩​បន្ត​រាតត្បាត​ខ្លាំងក្លា។ លោក​បន្ថែម​ថា​សំណុំ​រឿង​របស់​លោក កឹម សុខា នឹង​មាន​អ្នក​តាម​ដាន​ច្រើន នៅ​ពេល​បើក​សវនាការ។

លោក​ថ្លែង​ថា៖ «យើង​មិន​ទាន់​ហ៊ាន​[បើក]​ទូលាយ​ទេ យើង​គឺ​នៅ​បន្តិច​សិន ព្រោះ​រឿង​របស់​គាត់ ​[កឹម​ សុខា] បើ​អាច​ដាក់​មក ប្រហែល​ជា​មាន​មនុស្ស​ច្រើន​ហើយ​ដែល​ចង់​ស្តាប់​ ហើយ​នៅ​ពេល​យើង​រឹត​ត្បិត​មិន​ឲ្យ​គាត់​ចូល​ស្តាប់​ ក៏​ពិបាក។ ដល់​អញ្ចឹង ​ក៏​នៅ​បន្តិច​ទៅ»។

លោក តាំង ស៊ុនឡាយ ​ធ្លាប់​ប្រាប់ ​VOA ​កាល​ពី​ដើម​ខែ​មករា​ថា​សវនា​ការ​លោក កឹម សុខា មិន​មែន​អាទិ​ភាព ដោយ​សារ​លោក​នៅ​ក្រៅ​ឃុំ​រួច​ហើយ។

អ្នក​នាំពាក្យ​អយ្យ​ការ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល បាន​បដិសេធ​មិន​អត្ថា​ធិប្បាយ ដោយ​ថា​លោក​មិន​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​ដែល​លោក​ថា​មិន​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ព័ត៌មាន។

គួរ​បញ្ជាក់​ថា​កាល​ពី​កន្លង​ទៅ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ ក៏​បាន​លើក​ឡើង​ថា​សំណុំ​រឿង​លោក​ កឹម សុខា​ អាច​ពន្យារ​ពេល​ដល់​ឆ្នាំ​២០២៤ ពោល​គឺ​ក្រោយ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ឆ្នាំ​២០២៣ ។

លោក ឯម សុវណ្ណារ៉ា សាស្រ្តាចារ្យ​វិទ្យាសាស្ត្រ​នយោ​បាយ​ និង​ជា​អ្នក​តាម​ដាន​សង្គម​មួយ​រូប​បាន​ប្រាប់​VOA​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ដំណើរ​ការ​សវ​នាការ​លើ​លោក កឹម​ សុខា អាច​នឹង​ត្រូវ​បានអូស​បន្លាយ​រហូត​ដល់​ពេលបោះ​ឆ្នោត​រួច ហើយ​លោក​ កឹម​ សុខា នឹងមិន​អាច​ចូលរួម​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ និង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ក្នុង​ឆ្នាំ​២០២៣​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ខាង​លោក​ កឹម​ សុខា ក៏​គាត់​លើក​ឡើង​ដែរ​ថា​ការ​ចោទប្រកាន់​របស់​ក្រសួង​មហា​ផ្ទៃ និង​រដ្ឋាភិបាល​ គឺ​ថា​សំណុំ​រឿង​គាត់​គឺ​ថា​ក្រោយ​ឆ្នាំ២០២៤អី​អញ្ចឹង​។ ហើយយុទ្ធ​សាស្ត្រ​ផែន​ការ​នេះ​វា​អាច​ទៅដូច​អ្វី​ដែល​ការ​លើក​ឡើង​របស់​គណបក្ស​កាន់​អំណាច។ ​អញ្ចឹង​សំណុំ​រឿងគាត់ ឬ​គណ​បក្ស​គាត់​មាន​សកម្ម​ភាព​ច្រើន ក្រោយ​ឆ្នាំ​២០២៤ ប្រសិន​បើ​ឆ្នាំ​ក្រោយ​មាន​ការ​វិវឌ្ឍ ឬក៏​មាន​ស្ថាន​ភាពអន្តរ​ជាតិ​អន្តរាគមន៍​ពី​គាត់​ច្រើន​ និង​ស្ថាន​ភាព​ក្នុង​ប្រទេស​មាន​ការ​វិវឌ្ឍច្រើន ទើប​លោក កឹម​ សុខា ឬ​គណបក្ស​របស់​គាត់​អាច​មាន​ស្ថាន​ភាព​នយោបាយ​ប្រក្រតី​វិញ​បាន​»។

សាស្ត្រា​ចារ្យ​វិទ្យា​សាស្ត្រ​នយោ​បាយ​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា​ការ​បង្ហោះ​ខ្លឹមសារ​របស់​លោក​ កឹម​ សុខា គឺ​ដោយ​សារ​តែ​គាត់​ចង់​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​រូប​លោក ដើម្បី​លោក​អាច​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ចូលរួម​នយោបាយ​ឡើង​វិញ៕

XS
SM
MD
LG