ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ថ្មី​របស់​សមាគម​ខេមបូចា៖ អ្នកសារព័ត៌មាន​ បន្ត​រង​ការយាយី​ពី​អាជ្ញាធរ​មូលដ្ឋាន


រូបឯកសារ៖ អ្នកកាសែត​កម្ពុជា​នាំ​គ្នា​សួរ​ព័ត៌មាន​ពី​សកម្មជន​សិទ្ធិមនុស្ស លោក អំ សំអាត នៃ​អង្គការ​លីកាដូ នៅ​ខាង​ក្រៅ​តុលាការ​ក្រុង​ភ្នំពេញ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។
រូបឯកសារ៖ អ្នកកាសែត​កម្ពុជា​នាំ​គ្នា​សួរ​ព័ត៌មាន​ពី​សកម្មជន​សិទ្ធិមនុស្ស លោក អំ សំអាត នៃ​អង្គការ​លីកាដូ នៅ​ខាង​ក្រៅ​តុលាការ​ក្រុង​ភ្នំពេញ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។

សមាគម​ការពារ​សិទ្ធិ​អ្នក​កាសែត​ក្នុង​ស្រុក​ខេម​បូចាបាន​លើក​ឡើង​ថា ​អ្នក​សារព័ត៌មាន​បន្ត​រង​ការ​យាយី​ក្នុង​ពេល​បំពេញ​ការងារ​របស់​ពួក​គេ ហើយ​អះ​អាង​ថា​ក្រសួង​ព័ត៌​មាន ​បាន​ផ្តល់​ឱកាសឲ្យ​អាជ្ញា​ធរ​មូល​ដ្ឋាន​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​អ្នក​សារ​ព័ត៌មាន។ នេះ​បើ​តាម​របាយ​ការណ៍​ឃ្លាំមើល​ប្រចាំត្រី​មាស​ស្តី​ពី​ស្ថាន​ភាព​អ្នក​សារព័ត៌មាន​របស់​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា​ ខេម​បូចា។

ខេម​បូចា ​បាន​រក​ឃើញ​ករណី​យាយី​អ្នក​កាសែត​ចំនួន​២១​ករណី​ ដែល​រួម​មាន​ការ​យាយី​លើ​អ្នក​កាសែត​ពេល​ធ្វើ​សេចក្តី​រាយ​ការណ៍​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី និង​ការឈូស​ឆាយ​ដី​ព្រៃ​របស់​រដ្ឋ។

របាយ​ការណ៍​ជា​ភាសា​ខ្មែរ​កមា្រស់​៣០​ទំព័រ​ឲ្យ​ដឹង​ថា ​ក្រោយ​មាន​ការ​តវ៉ា​ជា​ច្រើន​លើក​ច្រើ​នសា​របស់​ពលរដ្ឋ​ទាក់​ទង​នឹង​បញ្ហាដីធ្លី​នៅ​ក្នុង​តំបន់គម្រោង​អភិវឌ្ឍ​ន៍​ព្រលាន​យន្តហោះ​ថ្មី​ នៅ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​ អ្នក​កាសែត​មក​ពី​អង្គ​ភាព​ផ្សេង​ៗ​បាន​ចុះ​ទៅ​ប្រមូលព័ត៌មាន និង​ថត​សកម្ម​ភាព​តវ៉ា​ទាំង​នោះ​ ដែល​ជា​ញឹក​ញាប់​ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​ចេញ​មក​រារាំង។

របាយ​ការណ៍​របស់​ខេមបូចា​បន្ថែម​ថា​ ចាប់​ពី​ខែ​កក្កដា​ ដល់​ខែកញ្ញា​ឆ្នាំ​២០២១ យ៉ាង​ហោច​ណាស់​ ​អ្នក​សារ​ព័ត៌មាន​៨​នាក់​ ត្រូវ​បាន​យាយី​ និង​គំរាម​កំហែង​ ហើយ​អ្នក​កាសែត​ម្នាក់​ ត្រូវ​បាន​ផ្តន្ទា​ទោស​ដោយ​សារ​ធ្វើ​សេចក្តី​រាយ​ការណ៍​អំពី​វិវាទ​ដីធ្លី។

ប្រភេទ​នៃ​ការ​យាយី​មក​លើ​អ្នក​សារព័ត៌មាន ក្នុង​នោះ​ មាន​វិធាន​ការ​ផ្លូវ​ច្បាប់​មាន​២​ករណី អំពើ​ហិង្សា​ និង​ការ​គំរាម​កំហែង​មាន​២​ករណី ការ​ឃាត់​ខ្លួន​ដើម្បី​សាកសួរ​មាន​២ករណី និង​ការ​ចាប់​ដាក់​ពន្ធនាគារ​មាន​៣​ករណី ដែល​ធ្វើ​ទៅ​លើ​អ្នក​កាសែត​ចំនួន​១១​នាក់។ នេះ​បើ​យោង​តាម​របាយ​ការណ៍។

សមាគម​បាន​ដាក់​ការ​ស្តីបន្ទោស​លើ​លិខិត​របស់​ក្រសួងព័ត៌​មាន​មួយ ដែល​ធ្វើ​ឡើង​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០​២១​ថា​ បាន​ផ្តល់​សិទ្ធិ​អំណាច​ឲ្យ​អាជ្ញាធរមាន​សមត្ថកិច្ច​ក្នុង​ខេត្ត​កណ្តាល​ ចាត់​វិធាន​ការ​ច្បាប់​ប្រឆាំង​នឹង​អ្នក​កាសែត​រូប​ណា​ដែល​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​តំបន់​ដែល​អាជ្ញាធរ​ចាត់​ទុក​ថា​ ជា​តំបន់​ហាម​ឃាត់។

ខេមបូចា​បាន​ដក​ស្រង់​ខ្លឹម​សារ​នៃ​លិខិត​របស់​ក្រសួង​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២​ ខែ​កក្កដា ឆ្នាំ​២០២១​ថា​៖ «ផ្អែក​លើ​មូលដ្ឋាន​គតិ​យុត្តិ អ្នក​សារព័ត៌មាន​ពុំ​មាន​សិទ្ធិ​ចូល​ទៅ​ក្នុង​តំបន់​ហាម​ឃាត់ដោយ​អាជ្ញា​ធរ​មាន​សមត្ថកិច្ច​ ដែល​ធ្វើ​ឲ្យ​រំខាន​ប៉ះពាល់​ដល់​ការ​អនុវត្ត​ការងារ​តាម​ផ្លូវ​ច្បាប់​ ឬបង្ក​គ្រោះ​ថ្នាក់​ដល់​កិច្ច​ប្រតិបត្តិការ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ឬ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ញុះញង់​ឲ្យ​តវ៉ា​ប្រឆាំង​នឹង​ការ​អនុវត្ត​ការងារ​របស់​អាជ្ញាធរ​សាធា​រណៈ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​ និង​ធ្វើ​ឲ្យ​មហាជន​មានការ​ភាន់​ច្រឡំ​ លើ​ការ​អនុវត្ត​ការងារ​តាម​ផ្លូវ​ច្បាប់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នោះ​ឡើយ»។

របាយការណ៍​បញ្ជាក់​ថា៖ «ក្រសួង​ព័ត៌មាន​ដែល​បាន​អះអាង​ថា ​ជា​អ្នក​ការពារ​សេរី​ភាព​សារ​ព័ត៌មាន​នៅកម្ពុជា​ បាន​បង្កើត​គោល​ការណ៍​ណែនាំ​តាម​អំពើ​ចិត្ត​ដែល​កំពុង​ត្រូវ​បាន​គេ​យក​មក​ប្រើ​ប្រាស់​ ដើម្បី​បណ្តេញ​អ្នក​សារព័ត៌មាន​ចេញ​ពី​ទី​កន្លែង​កើត​ហេតុ​ ដែល​អាជ្ញាធ​រមូលដ្ឋាន និង​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ឯកជន​ចង់​លាក់​បាំង​ពី​សាធារណ​ជន»។

លោក ណុប វី នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា បាន​លើក​ឡើង​ថា​ អាជ្ញាធរ​មូល​ដ្ឋាន​ ពេល​ខ្លះ​អនុវត្ត​ការ​ណែនាំ​របស់​ថ្នាក់​លើ​ហួស​ពី​កម្រិត​មួយ​ ដែល​បង្ក​ការ​រំខាន​ដល់​អ្នក​កាសែត​ ពេល​ចុះ​យក​ព័ត៌មាន។ លោក​បន្ថែម​ថា​ លិខិត​របស់​ក្រសួង​ព័ត៌មាន ដែល​លោក​ថា ​មាន​ចរិត​រឹត​ត្បិត​សេរី​ភាពអ្នក​សារព័ត៌មាន គួរ​ត្រូវ​បាន​កែ​សម្រួល ឬ​លុប​ចោល។

លោក​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​គិត​ថា​ ក្រសួង​លោក​គួរ​តែ​ពិនិត្យ ហើយ​នឹង​លុប​ចោល​នូវ​អ្វីដែល​លោក​ធ្លាប់​បាន​ធ្វើ​ការ​បង្គាប់ ឬ​មួយ​ក៏​ជា​ការ​ផ្តល់​យោបល់​ទៅ​ដល់​អាជ្ញាធរ​សាធារណៈ​នៅ​ថ្នាក់​មូលដ្ឋាន​ឲ្យ​អនុ​វត្ត​នៅ​ក្នុង​ន័យ​រឹតត្បិត​ ឬ​មួយ​ក៏​ក្នុង​ន័យ​មួយ​ហាម​ប្រាម​ចំពោះ​ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​អ្នក​សារព័ត៌មាន​ហ្នឹង​បាទ»។

យ៉ាង​ណា​ក៏ដោយ​ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន ​លោក មាស សុភ័ណ្ឌ​ បាន​ចោទ​ប្រកាន់​សមាគម​ខេមបូចា​ថា ​ចេញ​របាយ​ការណ៍​ដែល«មិន​មាន​ភាព​ស្មោះ​ត្រង់» និង​ជា​រឿយៗជំទាស់​នឹង​សេចក្តី​សម្រេច​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ​នានា​កន្លងមក​។

លោក​ប្រាប់​វីអូអេ​ថា៖ «របាយ​ការណ៍​ដែល​ចេញ​ដោយ​ខេមបូចា​នេះ​ គឺ​ជា​របាយ​ការណ៍​ដែល​មិន​មាន​ភាព​ស្មោះ​ត្រង់ និង​មាន​ចេតនា​ចោទ​ប្រកាន់​មក​លើ​ស្ថាប័ន​មាន​សមត្ថកិច្ច​ ដែល​កំពុង​អនុវត្តន៍​តួនាទី​ ភារកិច្ច​របស់​ខ្លួនហ្នឹង​ ទៅតាម​ច្បាប់​ដែល​មាន​ជាធរមាន​»។

លោក​បន្ថែម​ថា៖ «​ទីពីរ​ គឺ​របាយការណ៍​នេះ​ ក៏​មិន​បាន​សិក្សា​ស្រាវ​ជ្រាវឲ្យ​បានគ្រប់​ជ្រុង​ជ្រោយ​ទៅ​លើ​លិខិត​បទ​ដ្ឋាន​គតិ​យុត្តិ​ដែល​ក្រសួង​ព័ត៌មាន​បាន​ចេញ​នាពេល​កន្លង​មក​។ ហើយ​សមាគម​នេះ​ គឺ​តែង​តែ​ជំទាស់​រាល់​សេចក្តី​សម្រេច​នានា​របស់​ស្ថាប័ន​សាធារណៈ​ និង​មិន​ដែល​ទទួល​យក​ការ​ពន្យល់​ ឬ​ការ​បញ្ជាក់​របស់​ស្ថាប័ន​សាធារណៈ​ ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច​ណា​ម្តង​ឡើយ»។

បើ​តាម​លោក​ មាស សុភ័ណ្ឌ ​អះអាងថា ​សមាគម​ខេមបូចា​កាល​ពី​កន្លង​ទៅ ក៏​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍ ថ្កោល​ទោស និងចោទ​ប្រកាន់​មក​លើ​ស្ថាប័ន​មាន​សមត្ថកិច្ច​ថា​ បាន​គំរាម​កំហែង​អ្នក​សាព័ត៌មាន​ឲ្យ​លុប​រូប​ភាព​ ដក​ហូត​បណ្ណ​អ្នក​សារ​ព័ត៌មាន​ខេម​បូចា វីអូអេ និង​បាន​ជិះ​ម៉ូតូ​ដេញ​ឃាត់​អ្នកយក​ព័ត៌មាន​វីអូឌី​ (VOD) ជា​ដើម។ ប៉ុន្តែ​លោក​ថា ពេល​ដែល​ក្រសួង​ព័ត៌​មាន ក៏​ដូច​ជា​ក្រសួង​ពាក់​ព័ន្ធ​ស្នើ​ឲ្យ​អ្នក​កាសែត​ទាំង​នោះ​មក​ផ្តល់​ព័ត៌មាន​លម្អិតបន្ថែម ពួក​គេ​មិន​ដែលមក​បង្ហាញ​ខ្លួន​ទេ។

ខេមបូចា​បាន​ឲ្យ​ដឹង​ថា ​កាល​ពី​កន្លង​ទៅ អាជ្ញាធរ​ បាន​យាយី​អ្នក​សារ​ព័ត៌មាន​ម្នាក់​របស់​វិទ្យុ​សំឡេងប្រជាធិប​តេយ្យ​ (VOD) គឺ​លោក ពក​ ខឺយ ដែល​ត្រូវ​អាជ្ញាធរ​ស្រុក​កណ្តាល​ស្ទឹង​យាយី​ ពេល​លោក​កំពុង​ចុះយកព័ត៌មាន​ជម្លោះ​ដីធ្លី​រវាង​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​ថ្មី​ និង​ក្រុម​អ្នកភូមិ​ដែល​រង​ផលប៉ះពាល់​ដោយ​សារ​គម្រោង​នោះ។ ចំណែក​កាល​ពី​ពេល​ថ្មីៗ​នេះ ចាង​ហ្វាង​កាសែត​អន​ឡាញម្នាក់នៅ​ខេត្ត​កោះកុង​ ​គឺលោក​ យួន​ ឈីវ​ ត្រូវ​តុលាការ​ចេញ​សេចក្តី​សម្រេច​យ៉ាង​ឆាប់​រហ័ស​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​ ពី​បទ​ញុះញង់ បន្ទាប់​ពី​មាន​ពាក្យ​បណ្តឹង​ពី​អភិបាល​រង​ខេត្ត សុខ​ សុទ្ធី និង​បទ​បញ្ជា​របស់​លោក ​ទៀ បាញ់ ​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​។

លោក ​យួន យីហ៊ីន​ អាយុ​១៩ឆ្នាំ កូន​ប្រុស​របស់​លោក​ យួន​ ឈីវ​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ ឪពុក​របស់​លោក​មិន​មាន​កំហុស ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ បើ​សិន​អាជ្ញាធរ​អនុវត្ត​តាម​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន។ លោក​បញ្ជាក់​ថា​ ឪពុកលោក​គ្រាន់​តែ​បំពេញ​ការងារ​ជា​អ្នកកាសែត​ផ្សព្វផ្សាយ​ពី​ទំនាស់​ដីធ្លី​របស់​ពលរដ្ឋ​ដែល​បាន​កើត​ឡើងក្នុង​ខេត្ត​កោះ​កុង​តែ​ប៉ុណ្ណោះ។

លោក​និយាយ​ថា​៖ «​គាត់​គ្រាន់​ផ្សាយ​ហ្នឹង​ ដើម្បី​ប្រជា​ពលរដ្ឋ​ ទាំង​មិន​មែន​តែ​គាត់​ខ្លួន​ឯង​ទេ»។

គួរ​បញ្ជាក់​ថា ​កម្ពុជា​ ជាប់​ចំណាត់ថ្នាក់​លេខ​១៤៤ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០ ក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ឆ្នាំ២០២១ ដែល​ជា​ចំណាត់​ថ្នាក់​មិន​ផ្លាស់​ប្តូរ​ចាប់​តាំង​ពី​ឆ្នាំ២០២០​មក។ នេះ​បើ​យោង​តាម​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​(Reporters Without Borders)៕

XS
SM
MD
LG