ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​សារព័ត៌មាន​កម្ពុជាថា ពាន​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំនេះ​ផ្តល់​ជូន​អ្នក​កាសែត​ជា​លើក​ដំបូង​ បង្ហាញ​ពី​តម្លៃ​នៃ​បេសសកម្ម​របស់​ពួកគេ


រូបឯសារ៖ អ្នក​កាសែត​នាំ​គ្នា​រង់ចាំ​យក​ព័ត៌មាន​នៅ​មណ្ឌល​បោះឆ្នោត​មួយ​ក្នុង​ក្រុង​តាខ្មៅ​ មុន​នឹង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ទីនោះ ខេត្ត​កណ្ដាល ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០១៨។
រូបឯសារ៖ អ្នក​កាសែត​នាំ​គ្នា​រង់ចាំ​យក​ព័ត៌មាន​នៅ​មណ្ឌល​បោះឆ្នោត​មួយ​ក្នុង​ក្រុង​តាខ្មៅ​ មុន​នឹង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ទីនោះ ខេត្ត​កណ្ដាល ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០១៨។

ភ្លាមៗ​បន្ទាប់ពីអ្នក​សារព័ត៌មានជើង​ចាស់​នៅ​ហ្វីលីពីន និង​រុស្ស៊ី បាន​ក្លាយ​ជា​ជ័យលាភី​នៃពាន​រង្វាន់​ណូបែល​សន្តិភាព ឆ្នាំ​២០២១ មិត្ត​រួមអាជីព​ជា​អ្នក​សារព័ត៌មាន​ដូចគ្នា​នៅ​ជុំវិញ​ពិភព​លោក​បាន​បង្ហោះ​សារ​អបអរ​សារទរ។ ពួក​គេថា ការ​ប្រគល់​ពានរង្វាន់​សន្តិភាព​ដ៏​ខ្ពង់ខ្ពស់​ដល់​អ្នក​សារព័ត៌មាន​ជា​លើក​ដំបូង​នេះ ជា​ការ​ទទួល​ស្គាល់​ដល់​តួនាទី​និង​បេសកកម្ម​ដ៏​សំខាន់​របស់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សង្គម។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា​ គណៈកម្មការ​ពាន​រង្វាន់ណូបែល​សន្តិភាព​បាន​ប្រកាស​ផ្តល់​ពាន​រង្វាន់​ដល់អ្នកស្រី​ Maria Ressa ដែល​ជា​សហស្ថាបនិក​សារព័ត៌មាន​អនឡាញ​និង​គេហទំព័រ​ Rappler នៅប្រទេស​ហ្វីលីពីន​និង​លោក​ Dmitry Muratov ​នាយកកាសែត Novaya Gazeta នៅ​ប្រទេស​រុស្ស៊ីដោយ​ទទួល​ស្គាល់ថា​អ្នក​កាសែត​ទាំងពីរ​រូប​នេះ «មាន​វីរភាព​អង់អាច​ក្លាហាន​ក្នុងការ​តតាំង​ដើម្បី​ការពារ​សិទ្ធិសេរីភាព​នៃបញ្ចេញ​មតិនៅ​ហ្វីលីពីន និង​រុស្ស៊ី»។​

គណៈកម្មការ​នេះ​បាន​បញ្ជាក់​ថា ​អ្នកស្រី Maria Ressa និង​លោក Dmitry Muratov ដែល​ប្រឡូក​ក្នុង​វិស័យ​សារព័ត៌មាន​ជាង ​៣០ឆ្នាំ មក​នេះ តំណាង​ឲ្យ​អ្នក​កាសែត​ទាំង​អស់​នៅ​ជុំវិញ​ពិភពលោក​ដែល​កំពុង​តតាំង​ការពារ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ដែល​ជា​គោលការណ៍​ដ៏​សំខាន់​សម្រាប់​ការ​កសាង​លទ្ធិ​ប្រជាធិបតេយ្យ និង​សន្តិភាព​យូរ​អង្វែង។​

សម្រាប់​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា ពាន​រង្វាន់​ណូបែល​សន្តិភាព ដែល​ប្រគល់​ឲ្យ​ដល់​អ្នក​កាសែត​ជើង​ចាស់​ទាំងពីរ​រូប​នេះ គឺ​ជា​ការ​ផ្តល់​កម្លាំង​ចិត្ត​កិត្តិយស​ តម្លៃ​ និង​ក្តីសង្ឃឹម​មួយ ​ដើម្បី​ឲ្យ​ពួកគេ​បន្ត​បេសកកម្មនៅ​ក្នុង​អាជីព​នេះ​ទៅ​មុខ​ទៀត។

កញ្ញា​នូវ​ ពៅ​លក្ខិណា ធ្លាប់​មាន​បទ​ពិសោធន៍ហ្វឹកហាត់​ការងារ​ជា​អ្នកសារ​ព័ត៌មាន​នៅ​ស្ថាប័ន​សារព័ត៌មាន Rappler ដែល​ដឹក​នាំ​ដោយ​អ្នកស្រី ​Maria Ressa។ ជា​និពន្ធ​នាយក​នៃ​គេហទំព័រ​ព័ត៌មាន Focus កញ្ញា​ ពៅលក្ខិណា ប្រាប់​វីអូអេ​ថា​ ពាន​រង្វាន់​មួយ​នេះ ជា​កិត្តិយស​មួយដល់​តម្លៃ​របស់​អ្នក​សារព័ត៌មាន​ហើយ​ថា ​អ្នក​ Maria Ressa គឺជា​គំរូ​មួយ​បង្ហាញពី​ការប្តេជ្ញា​របស់​អ្នក​កាសែត​លើបេសកកម្មខ្លួន​ដោយ​មិន​បោះ​បង់។

រូបផ្គុំ៖ អ្នកស្រី Maria Ressa សហស្ថាបនិកនិងនាយិកាប្រតិបត្តិនៃប្រព័ន្ធសារព័ត៌មានអនឡាញនិងគេហទំព័រ Rappler នៅហ្វីលីពីន និងលោក Dmitry Muratov ស្ថាបនិកនិងនាយកប្រតិបត្តិកាសែត Novaya Gazeta នៅរុស្ស៊ី បានទទួលពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២១ សម្រាប់កិច្ចខំប្រឹងប្រែងការពារសិទ្ធិក្នុងការបញ្ចេញមតិ។
រូបផ្គុំ៖ អ្នកស្រី Maria Ressa សហស្ថាបនិកនិងនាយិកាប្រតិបត្តិនៃប្រព័ន្ធសារព័ត៌មានអនឡាញនិងគេហទំព័រ Rappler នៅហ្វីលីពីន និងលោក Dmitry Muratov ស្ថាបនិកនិងនាយកប្រតិបត្តិកាសែត Novaya Gazeta នៅរុស្ស៊ី បានទទួលពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២១ សម្រាប់កិច្ចខំប្រឹងប្រែងការពារសិទ្ធិក្នុងការបញ្ចេញមតិ។

កញ្ញា​ នូវ ពៅ​លក្ខិណា ​ដែល​ជា​គ្រូបង្រៀន​ផ្នែក​សារព័ត៌មាន​ម្នាក់​នៅ​កម្ពុជា​ដែរ​នោះ ​ថ្លែង​ថា៖ ​«អ៊ីចឹង​អាច​ឆ្លើយ​បាន​ថា​ទីបំផុត​ហ្នឹង ​កិច្ច​ខំប្រឹងប្រែង​របស់​អ្នក​កាសែត​ត្រូវ​បាន​គេទទួល​ស្គាល់​ទូទាំងពិភពលោក ​មិនមែន​ចាំ​បាច់​ដល់​ទៅ​អ្នកកាសែត​ហ្នឹង តស៊ូ​ដល់​ស្លាប់​ត្រូវបាន​គេសម្លាប់​នៅ​ក្នុងព្រៃ​ហើយ​បាន​ត្រូវបាន​គេ​ឲ្យតម្លៃ​តាមរយៈពាន​រង្វាន់នោះ​ទេ។ នេះ​មាន​ន័យ​ថា ​ពាន​រង្វាន់​ឲ្យ​មនុស្ស​នៅ​រស់ ដើម្បី​ធ្វើ​ការងារបន្តទៀត»។

លោក ប្រាក់​ ចាន់ថុល ជា​អ្នក​ឆ្លងឆ្លើយ​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រ៉យទ័រ ​(Reuters) និង​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​សមាគមសម្ព័ន្ធ​អ្នក​សារព័ត៌មានកម្ពុជា​ (ខេមបូចា) ថា ការ​ផ្តល់​ពាន​រង្វាន់​ណូបែល​សន្តិភាព​ដល់​អ្នក​សារព័ត៌មាន ជា​សញ្ញា​វិជ្ជមាន​ដល់​អ្នក​កាសែត​ផ្សេងទៀត ​រួមទាំង​រូប​លោក​ផង​ដែរ។

លោក​ ចាន់ថុល ថ្លែង​ថា៖​«នៅ​ពេល​ដែល​យើង​ទទួល​បាន​ពាន​រង្វាន់​ដូច្នេះ គឺ​ជា​ការ​ជំរុញឲ្យ​មាន​ការ​លើកទឹកចិត្ត​កាន់​តែ​ខ្លាំង ថា​អ្វី​ដែល​យើង​ធ្វើ​ហ្នឹង ត្រឹម​ត្រូវ គឺ​យើង​ធ្វើ​ល្អ​ដើម្បី​ប្រជា​ពលរដ្ឋទូទៅ​អ្នក​អាន​ទូទៅ»។

អ្នក​នាង ​ផន​ បុប្ផា ជា​អ្នក​សារព័ត៌មាន​ឯករាជ្យ​សរសេរ​ព័ត៌មាន​ឲ្យ​ស្ថាប័ន​សារព័ត៌មាន ​Al Jazeera។ អ្នកនាង ផន​ បុប្ផា​ បាន​ប្រាប់​វីអូអេ​ថា ​ពាន​រង្វាន់​ណូបែលសន្តិភាព​ដែល​ប្រគល់​ឲ្យ​អ្នក​សារព័ត៌មាន បញ្ជាក់​បន្ថែម​ថា ពិភព​លោក​បាន​មូល​មតិ​គ្នា​ផ្តល់តម្លៃសាកល​មួយ​ដល់​អ្នក​សារព័ត៌មាន ដែល​ជា​ផ្នែក​មួយ​ចូលរួម​ផ្លាស់​ប្តូរសង្គម​និង​ស្វែង​រក​យុត្តិធម៌ដល់​ប្រជាពលរដ្ឋ។ អ្នក​នាង​ បុប្ផា ថា ​វា​រឹត​តែ​សំខាន់ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​កាសែត​ត្រូវបាន​បង្ខូច​កេរ្តិ៍​ឈ្មោះ​ជា​រឿយៗ​ ដោយ​អ្នក​នយោបាយ​មាន​ឥទ្ធិពល។

អ្នកនាង​ បុប្ផា ថ្លែង​ថា៖ «នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​នៅក្រោម​ការ​វាយប្រហារ នៅ​ក្រោម​ការ​រិះ​គន់​ដូចជា​ក្រុមហ៊ុន​ធំៗ​ព្យាយាម​និយាយ ​ហើយ​អ្នក​នយោបាយ​មួយ​ចំនួនព្យាយាម​ធ្វើ​ឲ្យ​តម្លៃ​អ្នក​សារព័ត៌មាន​ធា្លក់ទាប ​អ៊ីចឹង​ពាន​រង្វាន់​ហ្នឹង គឺល្អ​ អាហ្នឹង​ ទី១។ ហើយ​មួយ​ទៀត ​វា​ក៏ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដែល​អ្នក​សារព័ត៌មាន​ផ្សេងទៀត គឺ​មាន​ន័យថា ​អ្វី​ដែល​យើង​ធ្វើ​រាល់ថ្ងៃ ដែល​យើង​គិត​ថា​វា​អត់មាន​ការ​ផ្លាស់​ប្តូរ​ ឬ​ក៏អត់មាន​អ្នក​ខ្វល់ទេ​ ត្រូវ​អត់? តែ​តាម​ពិត​ គឺ​មាន​គេ​ខ្វល់»។

លោក ​អ៊ិត សូធឿត នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ ហៅ​កាត់​ថា​ (CCIM)​ បាន​លើក​ឡើង​ថា​ ពានរង្វាន់​កម្រិត​ខ្ពស់​នេះ​ផ្តល់​ជូន​អ្នក​កាសែត ស្រប​ពេល​ដែល​អ្នកធ្វើការ​ក្នុងវិស័យ​នេះ​កំពុង​រង​ការ​យាយី​ខ្លាំង​ជា​បន្តបន្ទាប់​។

លោក​បាន​ថ្លែង​ថា​៖ «វា​ជាសញ្ញាណល្អ​ថ្មី​មួយដែល​ពញ្ញាក់​អារម្មណ៍​ទៅដល់​មេដឹកនាំ​នៅប្រទេស​ក្នុងតំបន់និង​នៅ​ប្រទេសកម្ពុជាយើង​ដែរ​ ឲ្យឃើញ​ពី​សារសំខាន់របស់​វិស័យ​សារព័ត៌មាន ក៏ដូចជា​អ្នក​សារព័ត៌មាន​ឯករាជ្យ»។

សេរីភាព​សារព័ត៌មាន​ដ៏​ផុយ​ស្រួយ

នៅ​កម្ពុជា សិទ្ធិ​សេរីភាពនៃ​ការ​បញ្ចេញមតិ​និង​សេរីភាព​សារព័ត៌មាន​ត្រូវ​បាន​គេ​ចាត់​ទុក​នៅ​មាន​កម្រិត​ ហើយ​កំពុង​រង​ការ​រឹតត្បិត​កាន់តែ​ខ្លាំង​ឡើង។ រីឯ​អ្នក​សារព័ត៌មាន​ដែល​ហ៊ាន​ផលិត​ខ្លឹមសារ​ព័ត៌មាន​បែប​ស៊ើបអង្កេត​និង​ស៊ីជម្រៅ​ ដើម្បី​បង្ហាញ​ពី​ការ​រំលោភ​អំណាច​របស់​មន្ត្រី​មាន​សមត្ថកិច្ច និង​ជំរុញ​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ក៏​នៅ​មាន​ចំនួន​តិចតួច​នៅ​ឡើយ ដោយសារ​ការ​គំរាម​កំហែង​ដល់សុវត្ថិភាព​អាយុជីវិត​របស់​ពួកគេ។

នៅ​ឆ្នាំ​ ២០២១ នេះ​ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី ១៤៤ ក្នុង​ចំណោម​ ១៨០​ប្រទេស​សម្រាប់​សេរី​ភាព​សារព័ត៌មាន​គឺ​ធ្លាក់ពី​លេខ ១២៨​ កាលពីឆ្នាំ​ ២០១៦ ដែល​ជា​ចំណាត់​ល្អជាងគេ​ក្នុង​រយៈពេល ​៨ឆ្នាំ​ចុងក្រោយ។ នេះ​បើតាម​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន។

លោក ប្រាក់ ចាន់ថុល​ បាន​រៀបរាប់​អំពី​ស្ថាន​ភាព​ការងាររបស់​អ្នក​សារព័ត៌មាន ថា៖ «ហើយ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​អ្នក​សារព័តមាន​ហ្នឹង គឺ​ដើម្បី​តែ​ផ្សព្វផ្សាយ​ព័ត៌មាន​ណា​ដែល​ត្រឹម​ត្រូវ មាន​វិជ្ជា​ជីវៈ ដើម្បី​ឲ្យ​អ្នក​បោះ​ឆ្នោត​នឹង​ប្រជា​ពលរដ្ឋសាមញ្ញ​ដឹង​ឮ​អំពី​មន្ត្រី​និង​ថ្នាក់ដឹក​នាំ ​ដែល​គាត់​បោះ​ឆ្នោតឲ្យ​ហ្នឹង​ បាន​ធ្វើ​កិច្ច​ការ​ត្រឹម​ត្រូវ​ឬអត់​ទៅ​តាម​ការសន្យា​របស់​គាត់។ ​អ៊ីចឹង​នៅ​ពេល​ដែល​យើង​ធ្វើ​ទៅ​វា​ មាន​ការ​ប្រឈម​មុខ​ច្រើន​ដល់​អ្នក​កាសែត​ មាន​ការ​គំរាម​កំហែង ការ​សម្លុត រង​ការ​ប្តឹងផ្តល់ ការ​ចោទ​ប្រកាន់​នេះ​ ចោទ​ប្រកាន់​នោះ ​លាប​ពណ៌​អ៊ីចឹង​អី​ទៅ»។

រូបឯកសារ៖ ក្រុម​ប៉ូលិស​បង្ក្រាប​កុបកម្ម​ហាមឃាត់​អ្នក​កាសែត​មិន​ឲ្យ​ចូល​ទៅ​កាន់​ផ្លូវ​ធំ​នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ដែល​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។
រូបឯកសារ៖ ក្រុម​ប៉ូលិស​បង្ក្រាប​កុបកម្ម​ហាមឃាត់​អ្នក​កាសែត​មិន​ឲ្យ​ចូល​ទៅ​កាន់​ផ្លូវ​ធំ​នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ដែល​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។

ហើយ​ការ​គំរាម​កំហែង​បែប​នេះ​តែងតែ​កើត​មាន​ឡើង​លើ​អ្នក​យក​ព័ត៌មាន​អំពី​ជម្លោះ​ដីធ្លី​ ឬ​ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ ដែល​ពាក់ព័ន្ធ​នឹង​ជន​មាន​ទ្រព្យធន និង​មាន​អំណាច។ នេះ​ជា​ការ​លើកឡើង​របស់កញ្ញា​ ខាន់ លក្ខិណា​ ជាអ្នក​សារព័ត៌មាន​នៅ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ ហៅ​កាត់​ថា (VOD)។​ លក្ខិណា បញ្ជាក់​ថា​ នៅ​ពេល​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនោះ ​ពួកគេ​អាច​រង​ការ​ចោទ​ប្រកាន់​អំពី​បទ​ញុះ​ញង់​ក្រោម​បទព្រហ្មទណ្ឌ​របស់​ប្រទេស​ ប្រសិនបើ​ព័ត៌មាន​ស៊ើប​អង្កេត​ទាំងនោះ​មាន​លក្ខណៈ​រសើប​ខ្លាំង។​

កញ្ញា​ ខាន់ លក្ខិណា បាន​ប្រាប់​វីអូអេ​ថា៖​ «ត្បិតបច្ចុប្បន្ន​ស្ថាប័ន​ព័ត៌មាន​នៅកម្ពុជា​មាន​ច្រើន​ដល់​រា​ប់ពាន់​ក៏​ពិតមែន ​ប៉ុន្តែ​អ្នក​សារព័ត៌មាន​ដែល​ហ៊ាន​រិះគន់ និង​បង្ហាញពី​ចំណុចច​ខ្វះ​ចន្លោះ​របស់​រដ្ឋាភិបាលគឺ​មាន​តិចតួច។ ហើយអ្នក​សារព័ត៌មាន​ដែល​មាន​សំឡេង​រិះគន់​ភាគច្រើន ត្រូវបាន​រដ្ឋាភិបាល​ចាត់​ទុកថា​ជា​ក្រុម​ប្រឆាំង​ ហើយ​ធ្វើការ​តាមដាន​យ៉ាង​យក​ចិត្តទុុកដាក់​ពី​សកម្ម​ភាព​ធ្វើការ ​រួមទាំង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន។ ឧទាហរណ៍ ពេល​យើង​ទៅ​ខេត្ត​ធ្វើការ​យក​ព័ត៌មាន​ត្រូវបាន​អាជ្ញាធរ​តាម​ដាន​សួរនាំ ហើយ​កន្លែង​ខ្លះ​ត្រូវបាន​អាជ្ញាធរ​រារាំងមិន​ឲ្យ​ចូល​ទៀត»។

ការ​បង្ក្រាប​លើ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បាន​ចាប់ផ្តើម​ឡើង ​ស្រប​ពេល​ដែល​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​មាន​ភាព​តានតឹង​រវាង​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រឆាំង ដែល​ត្រូវបាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ចោល​ កាលពី​ចុង​ឆ្នាំ ២០១៧។​

លោក អ៊ិត សូធឿត នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៃ​មជ្ឈ​មណ្ឌល CCIM បាន​ពន្យល់ថា ព្រឹត្តិការណ៍​បង្ក្រាបទៅ​លើ​សារព័ត៌មាន​ឯករាជ្យ​ផ្ទួនៗ​ តាំងពី​ឆ្នាំ ២០១៧ មក​ បានធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​ហាក់​ដូចជា​«ថយ​ក្រោយ​បន្តិច» ដោយសារ​មាន​ការយាយី​និង​គំរាម​កំហែង​លើ​ពួកគេ និង​ស្ថាប័ន​ដែល​ពួកគេ​បម្រើការងារ។

លោក​សូធឿត បាន​ថ្លែង​ថា៖ «គឺ​តាំង​ពី​ឆ្នាំ ២០១៧ ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ត្រូវបាន​គេ​បំបិទ​សំឡេង​តាម​រយៈ​ការ​បិទ​កាសែត​ផ្សេងៗ ការ​បិទ​ការិយាល័យ​ក៏ដូចជា​ការ​មិន​អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​បាន ផ្សព្វផ្សាយ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី ដូចជា​វិទ្យុអី​អ៊ីចឹង​ទៅ អា​ហ្នឹង​យើង​ឃើញ​ថា​បន្ទាប់ពី​ឆ្នាំហ្នឹង គឺ​សេរី​ភាព​នេះ​មាន​ការ​ថយចុះ​យ៉ាង​ខ្លាំង»។

លោក អ៊ិត សូធឿត ក៏​បាន​កត់​សម្គាល់​ពី​ភាព​ក្លាហាន​និង​សមត្ថភាព​របស់​អ្នក​សារព័ត៌មាន​មាន​វិជ្ជាជីវៈ​របស់​កម្ពុជា​មុន​ការ​បង្ក្រាប ​ថា៖ «កន្លងមក​នៅ​កម្ពុជា យើង​ក៏​សម្បូរ​ដោយអ្នក​កាសែត​ដែល​ក្លាហាន​ដែល​មាន​សមត្ថភាព​ជាច្រើន ដែល​តាមរយៈ​សំណេរ​របស់​គាត់ បង្ហាញ​ចំណុច​ខ្វះខាត​និង​អវិជ្ជមាន​ផ្សេងៗ​របស់​រដ្ឋាភិបាល។ ហើយ​យើង​ឃើញ​ការផ្លាស់ប្តូរ​ជាវិជ្ជមាន​ជាច្រើន​ដែរ»​។

សិទ្ធសេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​ត្រូវបាន​ធានា​ដោយ​ច្បាប់​រដ្ឋធម្មនុញ្ញ។​ យ៉ាង​ណា​ក្តី​ របាយការណ៍របស់​សមាគមសម្ព័ន្ធអ្នក​សារព័ត៌មាន​កម្ពុជា (ខេមបូចា) សិក្សា​លើ​ការ​យាយី​អ្នក​សារព័ត៌មាន​ចំនួន​ ៣៥​ករណី ​បញ្ជាក់ថា នៅ​ឆ្នាំ ​២០២០ ​អ្នក​សារព័ត៌មាន​កម្ពុជា​ចំនួន​ ៧២​នាក់ រង​ការ​យាយី​ការ​គំរាមកំហែង​ និង​ការ​រឹតត្បិត។

លោក ប្រន​ ស៊ាន ចាងហ្វាង​សារព័ត៌មាន​«អាណាចក្រ​ខ្មែរ» (ឆ្វេង) ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​វាយដំ កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​ក្នុង​ក្រុង​សៀមរាប។ (រូបថត​ពី​ទំព័រ Facebook សារព័ត៌មាន​អាណាចក្រ​ខ្មែរ)
លោក ប្រន​ ស៊ាន ចាងហ្វាង​សារព័ត៌មាន​«អាណាចក្រ​ខ្មែរ» (ឆ្វេង) ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​វាយដំ កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​ក្នុង​ក្រុង​សៀមរាប។ (រូបថត​ពី​ទំព័រ Facebook សារព័ត៌មាន​អាណាចក្រ​ខ្មែរ)

ប្រភេទ​នៃ​ការ​យាយី​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន​ដែល​កើត​មាន​ឡើង​ច្រើន​ជាង​គេ គឺ​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ និង​ការ​ប្រើអំពើ​ហិង្សា។ ​អ្នក​សារព័ត៌មាន​យ៉ាង​តិច ៣១ ​នាក់​ ត្រូវ​បានចាប់​ឃុំ​ខ្លួន អ្នក​សារព័ត៌មាន​ចំនួន ​២២​នាក់ ត្រូវ​បាន​ទទួល​រង​ការ​វាយ​ដំ​លើ​រូប​រាង​កាយ ​ឬ​រង​ការ​គំរាម​ប្រើ​អំពើ​ហិង្សា​នៅ​ពេល​កំពុង​បំពេញ​ការងារ។

របាយការណ៍​នេះ​បាន​សរសេរ​ថា៖​ «ក្រម​ព្រហ្មទណ្ឌ​នៅ​តែ​ជា​ឧបករណ៍​ច្បាប់​ដ៏​មាន​ឥទ្ធិពល​មួយ​ដែល​ត្រូវ​បាន​គេ​ប្រើ​ជា​ញឹក​ញាប់ ​ដើម្បី​បំភិត​បំភ័យ​និង​ចាប់​អ្នក​សារ​ព័ត៌មាន​ដាក់​ពន្ធនាគារ»។​

អ្នកនាង​ផន បុប្ផា ដែល​ធ្លាប់​ជា​ជ័យ​លាភី​ម្នាក់​នៃ​ពាន​រង្វាន់​អ្នក​សារ​ព័ត៌មាន​ស្រ្តី​អន្តរជាតិ​ដែល​មាន​សេចក្តី​ក្លាហាន​ក្នុង​ការងារ​សារ​ព័ត៌មាន កាលពី​ឆ្នាំ​២០១៣ នៅ​ពេល​ដែល​អ្នកនាង​ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​ឌឹខេមបូឌា ​ដេលី (The Cambodia Daily)។ អ្នក​កាសែត​រូបនេះ​ក៏​បាន​កត់​សម្គាល់​ថា​ការ​យក​ព័ត៌មាន​បែបស៊ើបអង្កេតនិង​ស៊ី​ជម្រៅ​នៅ​កម្ពុជា​មាន​កម្រិត មួយ​ផ្នែក​គឺ​ដោយ​សារ​តែមានការ​ខ្វះខាតការ​គាំទ្រនូវ​សេរី​ភាព​បញ្ចេញ​មតិ​និង​សេរី​ភាព​សារព័ត៌មាននេះ ពី​ក្រុមសាធារណជន​ទូទៅ ឬក្រុម​ឯកជន​ ដែល​ពួកគេ​ក៏រង​ការបំភិត​បំភ័យ​ពី​អ្នក​មាន​អំណាច​និង​ឥទ្ធិពលដែរ​។

អ្នក​នាង បុប្ផា ថ្លែង​ថា៖ «ប្រទេស​ហ្វី​លី​ពីន​បើ​និយាយ​អំពីប្រជា​ធិបតេយ្យ​គេនៅ​មុន​យើង​ឆ្ងាយ​ណាស់។ គេ​មាន​សារព័តមាន​ឯករាជ្យ និង​មាន​អ្នក​គាំទ្រ​ផ្នែក​នេះ​ដោយ​បើក​ចំហ​តែម្តង។ បើ​ទោះបី​ជា​មាន​អ្នក​សារព័ត៌មាន​ច្រើន​នៅ​ហ្វី​លីពីន​ត្រូវបាន​គេសម្លាប់​ក៏ដោយ ប៉ុន្តែ​គេ​មាន​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន តាម​ខ្ញុំ​ដឹង មាន​អ្នក​មាន​មួយ​ចំនួន ដែល​គាត់​គាំទ្រ។ អ៊ីចឹង​មាន​ន័យថា​ អត់​ដូចគ្នា​ជាមួយខ្មែរ​យើង​ទេ។ ហើយ​សមត្ថភាព​ក្នុង​ការ​យក​ព័ត៌មាន​និង​ការ​ស៊ើប​អង្កេត​របស់គេ​ក៏នៅ​ឆ្ងាយ​ជាង​យើងដែរ។ យើង​នៅ​មាន​អ្វី​ដែល​ត្រូវ​រៀន​ច្រើន»។

តាម​រយៈ​ពាន​រង្វាន់​ណូបែល​សន្តិភាព​សម្រាប់​អ្នក​សារព័ត៌មាន​នា​ឆ្នាំ ២០២១នេះ ទោះជា​រង​ការ​គំរាម​កំហែង​និង​បំភិត​បំភ័យ​ឥតឈប់​ឈរ​ក្តី ក៏​អ្នក​សារព័ត៌មាន​ឯករាជ្យ​និង​មាន​វិជ្ជាជីវៈ​នៅ​កម្ពុជា និង​នៅ​ជុំវិញ​ពិភពលោក នៅតែ​បន្ត​បេសកកម្ម​របស់​ខ្លួន ដើម្បី​លាតត្រដាង​ការពិត​ក្នុង​សង្គម​តាម​រយៈ​ការ​ចុះ​យក​ព័ត៌មាន និង​រាយការណ៍​ព័ត៌មាន​ដោយ​សុច្ចរិត និង​ត្រឹមត្រូវតាមវិជ្ជាជីវៈរបស់ខ្លួន​៕​

XS
SM
MD
LG