ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខេត្តកោះកុង កាត់ទោស​អ្នកកាសែត​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​១ឆ្នាំ ពី​បទញុះញង់


គេហទំព័រ សារព័ត៌មាន​ «កោះកុង​ព័ត៌មាន​ទាន់​ហេតុការណ៍» (Koh Kong Hot News) ថត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២១។
គេហទំព័រ សារព័ត៌មាន​ «កោះកុង​ព័ត៌មាន​ទាន់​ហេតុការណ៍» (Koh Kong Hot News) ថត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២១។

តុលាការ​ខេត្តកោះកុង​ បាន​កាត់​ទោស​ចាង​ហ្វាង​សារ​ព័ត៌​មាន​គេហ​ទំព័រ​ម្នាក់ ​នៅថ្ងៃ​ព្រហ​ស្បតិ៍​នេះឲ្យ​ជាប់​ពន្ធ​នាគាររយៈ​ពេល​១​ឆ្នាំ​ពី​បទ«​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទ៍​» បន្ទាប់​ពីអភិបាលរង​ខេត្ត​មួយ​រូប​ បាន​ប្តឹងអ្នក​កាសែត​រូប​នោះ​ថា​ បាន​បរិហារកេរ្តិ៍​ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ទាក់​ទិនការ​កាត់​ឆ្វៀល​ដី​នៅ​ក្នុង​ខេត្ត​កោះ​កុង​ដែល​មាន​ព្រំប្រទល់ជាប់​ប្រទេសថៃមួយ​នេះ។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្ត​កោះកុង។

លោក ​យួន ឈីវ ត្រូវ​បាន​អភិបាល​រង​ខេត្ត​កោះ​កុង​លោក ​សុខ សុទ្ធី​ សម្រច​ប្តឹង​ទៅ​តុលាការ​កាល​ពីថ្ងៃ​ពុធ​ បន្ទាប់​ពី​អ្នកកាសែត​រូបនោះ​ បង្ហោះ​ព័ត៌មាន​លើ​ទំព័រ​ហ្វេស​ប៊ុក Koh kong Hot News [កោះ​កុង​ព័ត៌​មាន​ទាន់ហេតុ​ការ​ណ៍]ថា ​លោក ​សុខ សុទ្ធី ​មិន​ព្រម​ធ្វើ​តាម​ប្រមុខ​រាជ​រដ្ឋា​ភិបាល​ ពាក់​ព័ន្ធ​នឹង​ការ​កាត់​ឆ្វៀលដី​ជូន​ប្រជាពលរដ្ឋ​ ហើយកាប់​ដំណាំ​ និង​ផ្ទះ​ប្រជាពលរដ្ឋ​ ដោយ​គ្មាន​ការ​ញញើត​ដៃ។

ព្រះរាជ​អាជ្ញារង និង​ជា​អ្នកនាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កោះកុង ​លោក វ៉ៃ ភីរម្យ ​បាន​ប្រាប់​វីអូអេ​នៅថ្ងៃ​ព្រហ​ស្បតិ៍​នេះថា ​លោក ​យួន ឈីវ ​ត្រូវ​បាន​ចៅ​ក្រម​លោក​ ឡោ ក្រឹម​ សម្រេចផ្តន្ទា​ទោស​ដាក់​ពន្ធ​នាគារ​រ​យៈពេល​១ឆ្នាំ និង​ពិន័យ​ជាប្រាក់​ ២លាន​រៀលពីបទ​«​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទ៍​»។

លោក​បញ្ជាក់​ទៀត​ថា ការ​សម្រេច​ផ្តន្ទា​ទោស​យ៉ាង​តក់​ក្រហល់​នេះ​ ធ្វើ​ឡើង​ដោយ​យោង​តាម​ភ័ស្តុតាង​ជាក់​ស្តែង​នៃការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​របស់​លោក​ យួន ឈីវ ​កន្លង​មក​ ការ​សារ​ភាព និង​ការ​សុំ​អភ័យ​ទោស​របស់​គាត់​។

លោក​ថ្លែង​ថា៖ «រឿង​ក្តីនេះ ​ត្រូវ​បាន​ជំនុំ​ជម្រះ​រួច​ហើយ​។ ហើយ​ត្រូវ​បាន​ចៅ​ក្រមសម្រេច​ផ្តន្ទាទោស​ លោក​ យួន ឈីវ​ ចំនួន​រយៈ​ពេល​១ឆ្នាំ និង​ពិន័យ​ជាប្រាក់​២លាន​រៀល​ពីបទ​«​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទ៍​» តាម​បញ្ញត្តិ​មាត្រា​ ៤៩៤ និ​ងមាត្រា​ ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ។ ហើយ​រឿង​ក្តី​នេះដែរ​ចៅ​ក្រម​ ចេញ​ដីកា​បង្គាប់​ឲ្យឃុំ​ខ្លួន​ឈ្មោះ​ យួន ឈីវ​ ដែរ។ មាន​ន័យ​ថា ឈ្មោះ​ យួន ឈីវ ​កំពុងតែ​អនុវត្ត​ទោស​នៅពន្ធ​នាគារ​ខេត្ត​កោះ​កុង​រួច​ហើយ​»។

​លោកបន្ថែម​ថា៖​ «​ចំពោះ​រឿង​ក្តីនេះ មាន​ន័យ​ថា​ គាត់​បាន​ប្រព្រឹត្ត​អំពើ​ហ្នឹង​ជា​ច្រើន​ថ្ងៃ​ហើយ​។ ហើយ​នៅ​ថ្ងៃ​ឃាត់​ខ្លួន​គាត់​ក៏មាន​ការ​សារ​ភាព​ថា ​គាត់​ពិតជាបាន​ធ្វើ​មែ​ន ដែលកំពុង​ត្រូវ​បា​នបង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ជា​ដើម​។ ហើយ​សំណុំ​រឿង​នេះ​ ជាសំណុំ​រឿង​ជាក់​ស្តែង​ អីចឹង​មានការឃាត់​ខ្លួន​ក៏​ផ្អែក​លើ​សំណុំ​រឿង​ជាក់​ស្តែង​»។

កាលពី​ថ្ងៃពុធ​ ​មន្ត្រី​នគរ​បាល​ខេត្ត​កោះ​កុង​បានបញ្ជូន​សំណុំ​រឿង លោក​ យួន​ ឈីវ ​ទៅ​តុលាការ​ ទោះ​បីជា​អ្នក​កាសែត​រូប​នោះ​ បាន​ចេញ​លិខិត​សុំ​អភ័យ​ទោស​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក ទៀ បាញ់ ​និង​អភិបាល​ខេត្ត​កោះ​កុង​អ្នក​ស្រី មិថុនា ភូថង​ និ​ង​អភិបាល​រង​ខេត្ត​ លោក សុខ សុទ្ធី​ ដោយ​សុំ​ការ​អនុគ្រោះ​លើកលែង​កំហុស​ឆ្គង​ចំពោះ​ការ​ធ្វើ​សេចក្តី​រាយ​ការណ៍​កន្លងមក​ និងបា​ន​សន្យា​ថា​ នឹង​មិន​ធ្វើ​ឲ្យ​មាន​ករណី​ខុស​ឆ្គង​នេះ​បន្ត​ទៀត​នោះ​ទេ​។

​កូនប្រុស​របស់​លោក ​យួន ឈីវ គឺ​លោក​ យួន យី​ហ៊ីន អាយុ​១៩ឆ្នាំ​ យល់ថា​ ការ​កាត់​ទោស​ឪពុក​គាត់​មិន​ត្រឹម​ត្រូវ​ទេ​ និង​ស្នើ​ឲ្យ​អាជ្ញាធរ​ផ្តល់​ការ​អនុគ្រោះ​កុំ​ដាក់ទោស​ទណ្ឌ​លើ​ឪពុក​របស់គាត់។

លោក​និយាយថា៖ «វា​អត់​ត្រឹម​ត្រូវ​ទេ ពីព្រោះ​[ការងារ​អ្នក​សារព័ត៌មាន​]នេះ​ ជា​ការ​ជួយ​ប្រជា​ពលរដ្ឋ​... ​ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​គេ​លើក​ទោស​ ហើយ​គាត់​ធ្វើ​ជា​របៀប​លិខិតសុំទោស​អីបន្តទៀត​»។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង​លោក​ ហ៊ួរ​ អ៊ីន ​បាន​ថ្លែងថា តុលាការ​គួរតែ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក​ យួន ឈីវ ដើម្បី​ឲ្យ​គាត់បាន​បំពេញការងាររបស់​គាត់​ ក្នុង​ការ​ចូល​រួម​លើក​ឡើង​អំពីបញ្ហាអយុ​ត្តិធម៌​ ដែល​តែងតែកើត​ឡើងក្នុង​សង្គម​។

លោក​ថ្លែង​ថា​៖ «​បើ​សិន​ជា​មាន​ការ​ជាប់​ពន្ធ​នាគារ​ទៀត ​សេរី​ភាព​នៃ​សារព័ត៌​មាន​វាត្រូវ​បា​ត់​បង់​ហើយ​។ ហើយ​ច្បាប់​[របប]​សារ​ព័ត៌​មាន​ដែល​ការពារ​អ្នកសារព័ត៌មាន​ ក៏វាគ្មាន​តម្លៃ​សម្រាប់​អ្នកសារព័ត៌មាន​។ អីចឹងសួរ​ថា​ អ្នក​សារ​ព័ត៌​មាន​ណា​ដែល​ហ៊ាន​រាយ​ការណ៍​(អំពី​)អំពើ​អយុត្តិធម៌ អំពើ​អវិជ្ជ​មាន​ផ្សេង​ៗរបស់​អាជ្ញា​ធរ​ របស់​អ្នកមាន​លុយ អ្នក​មាន​អំណាច​»។

លោក​បន្ថែម​ថា សង្គម​មួយ​ដែល​មិន​ផ្តល់​លម្ហ​ឲ្យមានមតិ​រិះគន់​ ​សង្គមនោះ​នឹង​មិន​ទទួល​បាន​ការអភិវឌ្ឍ​ពេញលេញទេ​ ហើយ​ផល​ប្រយោ​ជន៍​នឹងបាន​ទៅ​តែ​លើ​ក្រុម​បុគ្គល​មួយ​ក្តាប់​តូច​ប៉ុណ្ណោះ​។

នាយក​ប្រតិ​បត្តិ​សមា​គម​អ្នក​សារ​ព័ត៌មាន​(ខេមបូចា) លោក ​ណុប វី លើក​ទឹកចិត្ត​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធប្រើប្រាស់​ច្បាប់​ស្តីពីរបប​សារព័ត៌មាន​ ដោយ​ការ​ស្នើឲ្យអ្នក​សារ​ព័ត៌​មាន​ដែល​បាន​ធ្វើ​ខុស​ មាន​ការ​កែ​តម្រូវ​នូវ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដែល​មាន​ប្រភព​មិន​គ្រប់​គ្រាន់​ ឬត្រឹមត្រូវ ជាជាង​ចាប់​យក​ច្បាប់​ព្រហ្មទណ្ឌ​ មក​ដាក់​ទោស​ទណ្ឌ​លើ​អ្នកកាសែត​។

​លោក​និយាយថា៖ «ការ​ប្រើ​ប្រាស់​ស្តីពីក្រម​ព្រហ្មទណ្ឌ​ យក​មក​ចាត់​វិធាន​ការ​លើ​អ្នកសារព័ត៌មាន​ គឺ​ជា​ការ​បំភិត​បំភ័យ គឺ​ជាការ​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​របស់​អ្នកសារព័ត៌មាន​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​រាយ​ការណ៍​ព័ត៌មាន​ផ្សេង​ៗ ជាពិសេស​រឿង​ដែល​ទាក់​ទិន​មន្ត្រី​ធំ​ៗ អ្នកសារព័ត៌មាន​ទៅជា​លែង​ហ៊ាន​ធ្វើ​សេចក្តី​រាយការណ៍​ទៅវិញ»។

លោក​បន្ថែម​ថា៖​ «បើ​សិន​ជា​យើង​មិនអនុវត្ត​ច្បាប់​ស្តីពី​របប​សារព័ត៌​មាន​ទេ ច្បាប់​ហ្នឹង​នៅ​តែ​អត់​មាន​គុណភាព និង​ប្រសិទ្ធ​ភាព​អ្វី​នៅក្នុង​ការ​អនុវត្ត​នៅពេល​ដែល​ច្បាប់​ហ្នឹង​គឺ​មាន​ជាធរមាន​ហើយ​សម្រាប់​ប្រើ​ប្រាស់​ ចាត់​វិធាន​ការ​ចំពោះការ​អនុវត្ត​មិន​បាន​ត្រឹម​ត្រូវ​ អនុវត្ត​ល្មើស​របស់​អ្នកសារព័ត៌មាន​ ក៏ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ច្បាប់​ហ្នឹង​មិនត្រូវ​បាន​យក​មកប្រើ​ប្រាស់​។ ដូច្នេះ​ហើយ​បា​នធ្វើ​ឲ្យ​ខ្លឹម​សារនៃ​ច្បាប់​ហ្នឹង​ វា​អត់​មា​នប្រសិទ្ធិ​ភាព​នៅ​ក្នុង​ការ​អនុវត្ត​»។

គួរ​បញ្ជាក់​ថា លោក យួន ឈីវ បាន​ទទួលរង​ពាក្យ​បណ្តឹង​របស់​អភិបាល​រង​ខេត្ត​ លោក ​សុខ សុទ្ធី​ ក្រោយពី​រដ្ឋបាល​ខេត្ត​កោះកុង ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​ ដោយ​ច្រាន​ចោល​សេចក្តី​រាយ​ការណ៍​នានា​កន្លង​មក និងបាន​ចោទ​លោក​ យួន​ ឈីវ​ ថា​ បាន​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​«ខុស​ពី​ការ​ពិត​ ខ្វះ​វិជ្ជាជីវៈ ខ្វះ​ក្រម​សីលធម៌» ហើយ​ថា ​អ្នក​កាសែត​រូបនោះ​ ក៏ស្ថិត​ក្នុងចំណោមក្រុម​បុគ្គល​ដែល​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​នៃ​ឧទ្យាន​ជាតិ​បូទុម​សាគរ​ក្នុង​ខេត្ត​កោះ​កុងផងដែរ៕

XS
SM
MD
LG