អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយនិងសង្គមស៊ីវិលជំរុញឲ្យរដ្ឋអំណាចប្រកាន់យកគោលការណ៍ស្នើសុំការកែតម្រូវនិងបំភ្លឺចំពោះការផ្សព្វផ្សាយព័ត៌មានដែលមានភាពមិនប្រក្រតីឬមិនត្រឹមត្រូវក្រោមច្បាប់ស្តីពីរបបសារព័ត៌មានជាជាងយកច្បាប់ព្រហ្មទណ្ឌមកចាត់ការអ្នកកាសែត។
សំណើខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីសារព័ត៌មាន The Guardian ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឆ្លើយតបនឹងលិខិតស្នើសុំការបំភ្លឺ និងកែតម្រូវពីក្រសួងការបរទេសនិងសហប្រតិបត្តិការកម្ពុជា ពាក់ព័ន្ធនឹងការចេញផ្សាយសេចក្តីរាយការណ៍ព័ត៌មានដែលថា មេដឹកនាំកម្ពុជាហ៊ុន សែនបានទិញសញ្ជាតិពីប្រទេសស៊ីប ដែលជាដែនកោះមួយនៅក្នុងសហភាពអឺរ៉ុប។
កាសែតThe Guardian បានឆ្លើយតបនឹងលិខិតរបស់ក្រសួងការបរទេសកម្ពុជាតាមសារអ៊ីមែលមួយក្នុងន័យដើមថា៖ «ស្មេរអត្ថបទមានការសោកស្តាយដោយបង្កឲ្យមានការបារម្ភដល់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប៉ុន្តែមានសង្ឃឹមថា ចំណាត់ការឆ្លើយតបយ៉ាងឆាប់រហ័សក្នុងការកែតម្រូវកំហុសឆ្គងនេះ នឹងផ្តល់នូវដំណោះស្រាយគួរជាទីពេញចិត្ត»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយជាសាធារណៈកាលពីថ្ងៃចន្ទ។
កាលពីថ្ងៃទី០៣ខែតុលា សារព័ត៌មាន The Guardianបានចេញសេចក្តីកែតម្រូវការចេញផ្សាយព័ត៌មានដើមរបស់ខ្លួនដែលថាលោកហ៊ុន សែនស្ថិតនៅក្នុងចំណោមបុគ្គលដែលទទួលបានលិខិតឆ្លងដែនពីប្រទេសស៊ីប។ សារព័ត៌មាននេះបានកែសម្រួលឡើងវិញដោយថាមន្រ្តីមួយចំនួនក្នុងជួររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែនស្ថិតនៅក្នុងចំណោមជនជាតិមិនមែនអឺរ៉ុបរាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនប្រទេសស៊ីប។
អ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង បានបញ្ជាក់ប្រាប់វីអេអូនៅថ្ងៃអង្គារនេះថា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានផ្ញើសារថ្លែងអំណរគុណត្រឡប់ទៅវិញចំពោះសារអ៊ីមែលឆ្លើយតបពីសារព័ត៌មានThe Guardian ដែលបានទទួលស្គាល់ការផ្សព្វផ្សាយព័ត៌មានខុសឆ្គងថា មេដឹកនាំកម្ពុជាមានលិខិតឆ្លងដែនប្រទេសស៊ីបកន្លងមកនោះ។
លោកបានថ្លែងថា៖ «ការឆ្លើយតបនេះមិនគ្រាន់តែដូចថា កែតម្រូវបញ្ជាក់ពីការកែតម្រូវកំហុសប៉ុណ្ណោះទេ។ ប៉ុន្តែបានផ្តល់នូវយុត្តិធម៌ ក៏ដូចជា សេចក្តីថ្លៃថ្នូរនិងកិត្តិយសដល់ថ្នាក់ដឹកនាំជាតិរបស់ព្រះរាជាណាចក្រយើងនេះ»។
លោក កុយ គួង ក៏បានផ្តល់ការបញ្ជាក់លម្អិតថា នៅក្នុងលិខិតដើមទៅកាន់សារព័ត៌មានThe Guardianក្រសួងការបរទេសកម្ពុជាស្នើសុំឲ្យមានការបញ្ជាក់ពីប្រភពព័ត៌មានជាក់លាក់ដែលបានបង្ហាញថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិតជាកាន់លិខិតឆ្លងកាន់ប្រទេសស៊ីប និងស្នើឲ្យមានការកែតម្រូវប្រសិនបើមិនមានព័ត៌មានច្បាស់លាស់នោះ។
លោកបានបន្ថែមថា ចំណាត់ការផ្លូវច្បាប់គឺមិនត្រូវបានពិចារណានោះទេក្រោមហេតុផលថា សារព័ត៌មានThe Guardian បានចេញសេចក្តីកែតម្រូវភ្លាមៗនិងទាន់ពេលវេលា។
មន្ត្រីផ្នែកទំនាក់ទំនងនៃកាសែត The Guardian បានបញ្ជាក់ប្រាប់វីអូអេថាខ្លួនបានកែតម្រូវអត្ថបទឡើងវិញ ហើយបានបញ្ជូនសារលិខិតឆ្លើយតបនឹងក្រសួងការបរទេសកម្ពុជាពិតប្រាកដមែន។
នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា (CCIM)លោកអ៊ិត សូធឿតបានប្រាប់វីអូអេថា យោងតាមរឿងរ៉ាវពាក់ព័ន្ធនឹងកាសែតThe Guardianនោះលោកគាំទ្រឲ្យរដ្ឋអំណាចធ្វើការស្នើសុំការតម្រូវនិងការបំភ្លឺជាជាងការប្រកាន់ខ្ជាប់ទម្លាប់ប្តឹងផ្តល់នៅពេលមានកំហុសឆ្គងណាមួយនៅក្នុងព័ត៌មានចេញពីបណ្តាញផ្សព្វផ្សាយក្នុងស្រុក។
លោកបាននិយាយថា៖ «ខ្ញុំគិតថា ករណីនេះជាករណីសិក្សាមួយអាចថាជាគំរូល្អមួយដែលរដ្ឋាភិបាលកម្ពុជា គួរតែយកមកអនុវត្តមកលើប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាយើងដូចគ្នា។ គឺពេលដែលមានការផ្សព្វផ្សាយខុសឬព័ត៌មានណាមួយដែលមិនទាន់ត្រឹមត្រូវមិនទាន់គ្រប់ជ្រុងជ្រោយ គឺគាត់អាចស្នើឲ្យមានការកែតម្រូវ ជាជាងការប្រើប្រាស់ប្រព័ន្ធផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ»។
នាយកប្រតិបត្តិសមាគមអ្នកសារព័ត៌មាន(ខេមបូចា) លោក ណុប វី សាទរការទទួលខុសត្រូវចំពោះអត្ថបទព័ត៌មានរបស់ខ្លួនពីសំណាក់សារព័ត៌មានThe Guardian និងការអនុវត្តរបស់ក្រសួងការបរទេសដែលស្របតាមខ្លឹមសារនៃច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា។
ស្របពេលជាមួយគ្នានេះដែរអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយរូបនេះចង់ឃើញមានការអនុវត្តដូចគ្នាចំពោះអ្នកសារព័ត៌មានក្នុងស្រុកដែលលោកមើលឃើញថា គ្រាន់តែបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដូចជា ករណីរបស់លោកយួន ឈីវ អ្នកសារព័ត៌មាននៅខេត្តកោះកុងដែលបានរងការប្តឹងផ្តល់ពីអភិបាលរងខេត្តមួយរូបនៃខេត្តកោះកុង។
លោកបានប្រាប់វីអូអេថា៖ «វាមានស្តង់ដារច្រើននៅក្នុងស្រុកខ្មែរយើងចំពោះការអនុវត្តជាពិសេសទៅលើអ្នកសារព័ត៌មាន។ ដូចករណី The Guardian ហ្នឹងផ្សេងទៅ។ ហើយសម្រាប់ករណីអ្នកសារព័ត៌មាននៅក្នុងខេត្តកោះកុងនោះមួយប្រភេទទៀតទៅ។ សម្រាប់អ្នកសារព័ត៌មានផ្សេងទៀតហ្នឹងគឺរបៀបផ្សេងៗទៀត។ នេះជាការអនុវត្តមួយដែលយើងគប្បីពិនិត្យមើលឡើងវិញ»។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលរបស់អង្គការលីកាដូ លោកអំ សំអាត កត់សម្គាល់ថា អាជ្ញាធរជាញឹកញាប់មានវិធានការផ្លូវច្បាប់ភ្លាមៗរាល់ពេលមានការផ្សព្វផ្សាយព័ត៌មានពីបណ្តាញសារព័ត៌មានក្នុងស្រុកដែលប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ។
ដំណាលគ្នានេះ លោកបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ការអនុវត្តន៍ច្បាប់ស្តីពីរបបសារព័ត៌មានឲ្យបានត្រឹមត្រូវក្នុងករណីមានការផ្សព្វផ្សាយព័ត៌មានខុសឆ្គងដែលជាផ្នែកមួយនៃការពង្រឹងសេរីភាពនិងវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។
លោកបានប្រាប់វីអូអេថា៖ «ដើម្បីធានាវីជ្ជាជីវៈនៃអ្នកសារព័ត៌មានហ្នឹង គឺការបង្កើតច្បាប់ស្តីពីសារព័ត៌មានហ្នឹងមកដើម្បីធានានូវអាជីពនិងវិជ្ជាជីវៈរបស់សារព័ត៌មានហើយលើកលែងតែអ្នកសារព័ត៌មានហ្នឹងគាត់ទៅប្រព្រឹត្តបទឧក្រិដ្ឋ ឬបទមជ្ឈិមដែលមិនមែនជាវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាននោះ»។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌបានប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា សំណើរបស់ក្រសួងការបរទេសស្នើសុំការបំភ្លឺពីសារព័ត៌មាន The Guardian គឺស្របតាមតាមច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា។
លោកបានបញ្ជាក់ថា បុគ្គលសាម៉ីខ្លួនអាចជ្រើសយកចំណាត់ការផ្លូវច្បាប់តែម្តងក៏បានដូចដែលមានចែងនៅក្នុងមាត្រាទី១០នៃច្បាប់ស្តីពីរបបសារព័ត៌មានដោយមិនតម្រូវឲ្យមានការស្នើសុំកែតម្រូវឬបំភ្លឺក្នុងករណីបុគ្គលសាម៉ីខ្លួនបានរងការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនិងកិត្តិយសនៅក្នុងព័ត៌មានដែលត្រូវបានផ្សព្វផ្សាយរួចនោះ។
លោកបានមានប្រសាសន៍ថា៖ «អាស្រ័យលើបុគ្គលដែលគាត់ទទួលរងការផ្សព្វផ្សាយព័ត៌មានមិនពិតនោះជាអ្នកសម្រេចចិត្តទៅតាមសិទ្ធិរបស់គាត់។ បើគាត់យល់ថា ការផ្សព្វផ្សាយនោះវាប៉ះពាល់ធ្ងន់ធ្ងរទៅដល់សេចក្តីថ្លៃថ្នូរកិត្តិយសរបស់គាត់គឺគាត់មានសិទ្ធិប្តឹងទៅតុលាការតែម្តងដោយមិនចាំបាច់ស្នើសុំឲ្យមានការកែតម្រូវឬក៏បំភ្លឺអីទេ។ អានេះគឺមានចែងនៅក្នុងមាត្រា១០នៃច្បាប់របបសារព័ត៌មានហើយ»។
កន្លងមកនេះគេសង្កេតឃើញអាជ្ញាធរតែងមានចំណាត់ការផ្លូវច្បាប់ភ្លាមៗដោយមិនមានការទុកពេលឲ្យកែតម្រូវឬបំភ្លឺ ប្រឆាំងនឹងអ្នកសារព័ត៌មានក្នុងស្រុកមួយចំនួនដែលបានចុះរាយការណ៍ព័ត៌មានពីដំណឹងរសើបៗពាក់ព័ន្ធនឹងទំនាស់ដីធ្លីឬដំណឹងដែលជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍របស់មន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលមួយចំនួន។
កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១៤៤ ក្នុងចំណោមប្រទេសចំនួន១៨០ ក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានឆ្នាំ ២០២១ ដែលជាចំណាត់ថ្នាក់មិនផ្លាស់ប្តូរចាប់តាំងពីឆ្នាំ ២០២០មក។ នេះបើយោងតាមអង្គការអ្នកកាសែតគ្មានព្រំដែន(Reporters Without Borders)៕