ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ព័ត៌មាន​សង្ឃឹម​ថា​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​នឹង​ត្រូវ​អនុម័ត​ដោយ​សភា​នៅ​ចុង​ឆ្នាំ​២០២១


រូបឯកសារ៖ លោក​ មាស​ សុភ័ណ្ឌ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន និងលោក Fayyaz Shehryar ប្រធាន​វិទ្យាស្ថាន AIBD ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅចុងបញ្ចប់នៃសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។ (សឹង សុផាត/VOA)
រូបឯកសារ៖ លោក​ មាស​ សុភ័ណ្ឌ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន និងលោក Fayyaz Shehryar ប្រធាន​វិទ្យាស្ថាន AIBD ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅចុងបញ្ចប់នៃសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។ (សឹង សុផាត/VOA)

មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធនេះ​ថា​ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មានកំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ពិភាក្សា​ជាមួយ​ក្រសួង​យុត្តិធម៌ ដោយ​សង្ឃឹម​ថា​សេចក្តី​ព្រាង​មួយ​នេះ នឹង​ត្រូវ​អនុម័ត​ដោយ​ស្ថាប័ន​នីតិប្បញ្ញតិ​នៅ​ចុង​ឆ្នាំ​២០២១​នេះ។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ មាស សុភ័ណ្ឌ ​អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​នៃ​ក្រសួង​ព័ត៌មាន ដែល​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​បើកសន្និសីទ​ថ្នាក់​ជាតិ​ស្តី​ពី​«សិទ្ធិ​ទទួល​ព័​ត៌​មាន​សម្រាប់​ទាំង​អស់​គ្នា»ដែល​រៀប​ចំ​ដោយ​ក្រុមអង្គការ​សង្គម​ស៊ីវិល។

លោក​ មាស សុភ័ណ្ឌ ​បាន​ថ្លែង​ថា​មក​ដល់​ពេល​នេះ​ ក្រសួង​បាន​បញ្ចប់​កិច្ច​ពិភាក្សា​ពិគ្រោះ​យោបល់​នៅ​កម្រិ​ត​ក្រុម​ការងារ​បច្ចេកទេស និង​កិច្ច​ពិភាក្សា​ពិគ្រោះ​យោ​បល់​នៅ​កម្រិត​អន្តរ​ក្រសួង​រួច​រាល់​ហើយ។ បច្ចុប្បន្ន ​សេចក្តី​ព្រាង​ច្បាប់​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ពិគ្រោះ​យោបល់​រវាង​ក្រសួង​ព័ត៌មាន និង​ក្រសួងយុត្តិធម៌​លើ​ជំពូក​ទោស​បញ្ញត្តិ និង​ជំពូក​ដែល​ពាក់ព័ន្ធ​នឹង​ជំពូក​ទោស​បញ្ញត្តិ ដែល​នឹង​ឈាន​ដល់​ពេល​បញ្ចប់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

អ្នក​នាំពាក្យ​រូប​នោះ​បញ្ជាក់​ថា​ដោយ​សារ​តែ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ទើប​ដំណើរ​ការ​នៃ​កិច្ច​ពិភាក្សា​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួង​យុត្តិធម៌ និង​ការ​ដាក់​សំណើ​ក្នុង​ការ​ស្នើ​សុំ​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​ទៅ​ស្ថាប័ន​នីតិ​ប្រតិបត្តិ និង​ស្ថាប័ន​នីតិប្បញ្ញត្តិ ត្រូវ​បាន​ពន្យារ​ពេល​ជា​បន្ត​បន្ទាប់។

លោក​ មាស សុភ័ណ្ឌ បាន​បញ្ជាក់នៅ​ក្នុង​សន្និ​សីទ​នៅ​ថ្ងៃ​ពុធ​ថា៖ «បន្ទាប់​ពី​បញ្ចប់​កិច្ច​ពិភាក្សា​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួង​យុត្តិ​ធម៌ ក្រសួង​ព័ត៌មាន​នឹង​រៀបចំ​ដាក់​ស្នើ​សុំ​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​ទៅ​ស្ថាប័ន​នីតិ​ប្រតិបត្តិ និង​ស្ថាប័ន​នីតិ​ប្បញ្ញត្តិឲ្យ​បាន​ឆាប់​បំផុត​ ហើយ​ក្រសួង​សង្ឃឹម​ថា​សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​អនុម័ត​ក្នុង​ឆ្នាំ​២០២១​នេះ»។

បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ក្នុង​ដំណើរ​ការ​នៃការ​រៀប​ចំ​តាក់​តែង​សេចក្តីព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ក្រសួងបាន​សិក្សា​ស្រាវ​ជ្រាវច្បាប់​ និង​លិខិត​បទដ្ឋាន​គតិ​យុត្តិ​ជាតិ​ដែល​ពាក់​ព័ន្ធ និង​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន​របស់​បណ្តា​ប្រទេស​មួយ​ចំនួន​ផង​ដែរ ព្រម​ទាំង​សិក្សា​ពី​គោល​ការណ៍​គ្រឹះ​ជា​សាកល​ទាំង​៩​នៃ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។ លោក​បន្ថែម​ថា​ក្រសួង​ព័ត៌មាន​ក៏​បាន​បើក​ឱកាស​ក្នុង​ការពិ​គ្រោះ​យោបល់​យ៉ាង​ទូលំ​ទូលាយ​ជាមួយ​ប្រជាពលរដ្ឋ តាម​រយៈ​ការ​ផ្តល់​លទ្ធភាព និង​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ដែល​ជា​សមាជិក​ក្រុម​ការងារ​បច្ចេក​ទេស ហៅ​កាត់​ថា​(TWG-A2I)។

មាត្រា​៣​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ចែង​ថា ច្បាប់​នេះ​មាន​វិសាល​ភាព​អនុវត្ត​ចំពោះ​ព័ត៌មាន​គ្រប់​ប្រភេទ ​ដែល​ត្រូវ​ផ្តល់​ដោយ​ស្ថាប័ន​សាធារណៈ ​ទាំង​រដ្ឋបាល​ថ្នាក់​ជាតិ​ ទាំង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​លើក​លែង​តែ​ព័ត៌មាន​សម្ងាត់​ដែល​ស្ថិត​ក្នុង​បទ​បញ្ញត្តិ​ហាម​ឃាត់។ ព័ត៌មាន​សម្ងាត់​ដែល​ស្ថាប័ន​សាធារណៈ​អាច​បដិសេធ​មិន​ផ្តល់​ឲ្យ​មាន​ ដូច​ជា​ព័ត៌មាន​បណ្តាល​ឲ្យ​អន្តរាយ ​និង​ប៉ះពាល់​ដល់​វិស័យ​សាធារណៈ​និង​ឯក​ជន ​ដូច​ជា​អន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ ​និង​សន្តិសុខ​ជាតិ ​ដូច​ជា​ការ​នាំ​ចូល​ ការ​ផលិត​ ការ​រក្សា​ទុក ​និង​ការ​ប្រើប្រាស់​គ្រឿង​សព្វា​វុធ​គ្រប់​ប្រភេទ។ ព័ត៌មាន​ដែល​បណ្តាល​ឲ្យ​អន្តរាយ​ដល់​ទំនាក់​ទំនង​ជាមួយ​រដ្ឋ​បរទេស​ឬ​អន្តរជាតិ ​ព័ត៌មាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ជាតិ។ ព័ត៌មាន​បណ្តាល​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ស៊ើប​អង្កេត​បទ​ល្មើស​ព្រហ្មទណ្ឌ​ ការ​អនុវត្ត​ច្បាប់​និង​ការ​សម្ងាត់​របស់​តុលាការ ​ដែល​ត្រូវ​យក​មក​អនុវត្ត។ ព័ត៌មាន​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ឯកជន​ ព័ត៌មាន​សម្ងាត់​ដែល​ទាក់ទង​ទៅ​នឹង​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង ​និង​ដំណើរ​នៃ​ការ​តែង​តាំង​របស់​ស្ថាប័ន​សាធារណៈ ​និង​ព័ត៌មាន​សម្ងាត់​ដទៃ​ទៀត​ ដែល​បទ​បញ្ញត្តិ​ហាម​ឃាត់។

សេចក្តី​ព្រាង​ច្បាប់​នេះ ក៏​មាន​ចែង​ការ​ដាក់ទោស​ទណ្ឌ​លើ​មន្រ្តី​ទទួល​បន្ទុក​សារ​ព័ត៌មាន​ ឬ​មន្រ្តី​ស្ថាប័ន​សាធារ​ណៈ ដែល​អាក់​ខាន​ ឬ​ក៏​មិន​បាន​បំពេញ​តួនាទី​ភារកិច្ច​តាម​ខ្លឹម​សារ​នៃ​ច្បាប់​នេះ៕

XS
SM
MD
LG