អ្នកកាសែតម្នាក់នៅខេត្តកោះកុងត្រូវបានស្នងការដ្ឋាននគរបាលខេត្តកោះកុងបញ្ចូនទៅសាលាដំបូងខេត្តក្រោមបទចោទបរិហារកេរ្តិ៍និងផ្សព្វផ្សាយព័ត៌មានមិនពិតក្រោយពីអ្នកកាសែតរូបនោះធ្វើសេចក្តីរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីនៅក្នុងខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសថៃមួយនេះ។
ការចោទប្រកាន់មកលើលោក យួន ឈីវ នាយកគ្រប់គ្រងសារព័ត៌មានអនឡាញ «កោះកុងព័ត៌មានទាន់ហេតុការណ៍» (Koh Kong Hot News) បន្ទាប់ពីមានការដាក់ពាក្យបណ្តឹងរបស់អភិបាលរងខេត្តកោះកុងមួយរូប។
ស្នងការប៉ូលិសខេត្តកោះកុងលោក គង់ មនោ បានប្រាប់វីអូអេនៅថ្ងៃពុធនេះថាអ្នកសារព័ត៌មានឈ្មោះយួនឈីវ ត្រូវបានអភិបាលរងខេត្តកោះកុងលោក សុខ សុទ្ធី ប្តឹងពីបទ«បរិហាកេរ្តិ៏ និងផ្សាយព័ត៌មានមិនពិត» ហើយសំណុំរឿងនេះកំពុងស្ថិតនៅក្នុងដៃសាលាដំបូងខេត្តកោះកុង។
លោកថ្លែងថា៖ «ប្តឹងបទបរិហាកេរ្តិ៏ហើយផ្សាយព័ត៌មានមិនពិត»។
ពាក្យបណ្តឹងរបស់អភិបាលរងខេត្តលោកសុខ សុទ្ធី មកលើលោក យួន ឈីវ ធ្វើឡើងក្រោយពីរដ្ឋបាលខេត្តកោះកុងបានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃអាទិត្យកន្លងទៅដោយច្រានចោលសេចក្តីរាយការណ៍នានាកន្លងមករបស់លោកយួនឈីវ។ រដ្ឋបាលខេត្តកោះកុងបានចោទលោក យួន ឈីវថាបានផ្សព្វផ្សាយព័ត៌មាន«ខុសពីការពិតខ្វះវិជ្ជាជីវៈ ខ្វះក្រមសីលធម៌» ហើយថាអ្នកកាសែតរូបនោះក៏ស្ថិតក្នុងចំណោមក្រុមបុគ្គលដែលចូលទៅទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិនៃឧទ្យានជាតិបូទុមសាគរក្នុងខេត្តកោះកុង។
កាលពីថ្ងៃទី២៦ ខែកញ្ញារដ្ឋបាលខេត្តកោះកុងបានបង្ហាញនូវកាលបរិច្ឆេទមួយចំនួនដែលបញ្ជាក់ពីការផ្សព្វផ្សាយរបស់ទំព័រហ្វេសប៊ុកឈ្មោះ Koh Kong Hot News និងគណនីហ្វេសប៊ុកឈ្មោះ យួន ឈីវ ដែលកាលពីថ្ងៃទី២១ខែកញ្ញា បានចុះផ្សាយអត្ថបទមានខ្លឹមសារថាលោកសុខ សុទ្ធីដែលជាអភិបាលរងខេត្តកោះកុងមិនព្រមធ្វើតាមប្រមុខរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋហើយអាជ្ញាធរខេត្តកោះកុងដឹកនាំដោយលោកសុខ សុទ្ធី មកកាប់ដំណាំនិងផ្ទះប្រជាពលរដ្ឋគ្មានញញើតដៃបន្ទាប់ពីអនុក្រឹត្យលេខ៣០អនក្រ.បកចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។
ក្រោយមួយថ្ងៃនៃការចេញសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកោះកុងលោក ទៀ បាញ់ដែលជាឧបនាយករដ្ឋមន្ត្រីផងនោះបានប្រាប់អង្គភាពព័ត៌មាន Fresh News ថាការផ្សព្វផ្សាយព័ត៌មានរបស់លោកយួនឈីវ ជាព័ត៌មាន«ខុសការពិតមិនគ្រប់ជ្រុងជ្រោយនិងបង្កភាពចលាចលក្នុងសង្គម»។
លោករដ្ឋមន្ត្រីការពារជាតិទៀ បាញ់ ត្រូវបានអង្គភាពព័ត៌មាន Fresh News ស្រង់សម្តីតាមន័យដើមថា៖ «ធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរនិងពិភាក្សាជាមួយអ្នកច្បាប់ធ្វើរឿងហ្នឹងឲ្យបានឆាប់រហ័សទាន់ពេលវេលា»។
មុនពេលមន្ត្រីនគរបាលខេត្តកោះកុងបញ្ជូនលោក យួន ឈីវ ទៅតុលាការអ្នកកាសែតរូបនោះបានចេញលិខិតសុំអភ័យទោសរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់និងអភិបាលខេត្តកោះកុងអ្នកស្រី មិថុនា ភូថងដោយសុំការអនុគ្រោះលើកលែងកំហុសឆ្គងចំពោះការធ្វើសេចក្តីរាយការណ៍កន្លងមកហើយបានសន្យាថានឹងមិនធ្វើឲ្យមានករណីខុសឆ្គងនេះទៀតនោះទេ។
បើតាមលិខិតសុំអភ័យទោសចុះថ្ងៃទី២៧ ខែកញ្ញា ដែលបានបង្ហោះលើទំព័រហ្វេសប៊ុក Koh kong Hot News [កោះកុងព័ត៌មានទាន់ហេតុការណ៍] លោកយួន ឈីវ បានលើកឡើងក្នុងន័យដើមថា៖ «សូមលើកការចោទប្រកាន់ទោសដែលធ្វើឲ្យប៉ះពាល់ដល់ការបំពេញការងាររបស់រដ្ឋបាលសាធារណៈហើយខ្ញុំបាទសូមសន្យាថានឹងមិនធ្វើការចុះផ្សាយព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ និងឈានដល់ធ្វើឲ្យសារធារណៈជនមានការភ័ន្តច្រឡំទៀតទេ»។
លោក យួន ឈីវ ក៏បានធ្វើលិខិតសុំទោសដាច់ដោយឡែកមួយផ្សេងទៀតដល់លោក សុខ សុទ្ធីអភិបាលខេត្តកោះកុងកាលពីថ្ងៃទី២៨ ខែកញ្ញាផងដែរ។
អភិបាលរងខេត្តកោះកុងលោក សុខ សុទ្ធី បដិសេធមិនផ្តល់ការអធិប្បាយនៅថ្ងៃពុធនេះ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុងលោក ហ៊ួរ អ៊ីន យល់ថាករណីលោក យួន ឈីវរដ្ឋាភិបាលគួរមានចំណាត់ការចំពោះអ្នកកាសែតដោយផ្អែកទៅលើរបបសារព័ត៌មានជាជាងការចាត់វិធានការតាមផ្លូវច្បាប់ដែលមានការកាត់ទោសលើអ្នករាយការណ៍ព័ត៌មានដែលតែងខិតខំប្រឹងប្រែងផ្សព្វផ្សាយព័ត៌មានពិតនិងស្ថានភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍។
លោកបន្ថែមថាជម្រើសប្តឹងផ្តល់របស់អាជ្ញាធរឲ្យមានការដាក់ទោសទណ្ឌលើលោកយួន ឈីវនឹងមិនលើកទឹកចិត្តឲ្យអ្នកកាសែតផ្សេងទៀតហ៊ានក្នុងការធ្វើសេចក្តីរាយការណ៍បញ្ហារស៊ើបផ្សេងៗដូចជាវិវាទដីធ្លីជាដើម។
លោកថ្លែងថា៖ «ក្នុងនាមគាត់ [លោក យួនឈីវ] អាជ្ញាធរខេត្តគួរតែអនុវត្តទៅតាមច្បាប់ស្តីពីសារព័ត៌មានហើយបើសិនជាគាត់ធ្វើខុសសូមឲ្យគាត់កែតម្រូវឡើងវិញទៅកែតម្រូវឲ្យបានត្រូវ។ ហើយក្នុងនោះដែរ គាត់ក៏បានសរសេរលិខិតសុំទោសចំពោះសម្តេចសេនាធិជ័យចំពោះអភិបាលខេត្តក៏ដូចជាអភិបាលរងខេត្ត សុខ សុទ្ធី ទៅហើយដែរ»។
លោកបន្ថែមថា៖ «អញ្ចឹងកាលណាយើងមានចំណាត់ការចំពោះអ្នកសារព័ត៌មានដែលរាយការណ៍អំពីចំណុចអវិជ្ជមាននៅក្នុងខេត្តកាលណាយើងមានចំណាត់ការតាមផ្លូវច្បាប់បែបហ្នឹងហើយបើសិនជាមានការឃុំខ្លួន។ យើងឃើញថា ព័ត៌មានពិតនៅតាមស្រុកភូមិឃុំផ្សេងៗដែលជាអំពើអវិជ្ជមាននឹងមិនត្រូវបានរាយការណ៍ឲ្យថ្នាក់ដឹកនាំខេត្តបានដឹងទៀតទេ។ ព្រោះថាបើមានរាយការណ៍ទៅមានការខុសឆ្គងទៅត្រូវបានកសាងសំណុំរឿងទៅតុលាការប្រឈមនឹងការជាប់គុក»។
នាយកប្រតិបត្តិសមាគមអ្នកសារព័ត៌មាន(ខេមបូចា) លោក ណុប វី ទទូចឲ្យថ្នាក់ដឹកនាំទាមទារការកែតម្រូវការរាយការណ៍ព័ត៌មានរបស់លោកយួន ឈីវឲ្យស្របទៅតាមច្បាប់ស្តីពីរបបសារព័ត៌មានជាជាងការចាត់វិធានការច្បាប់ដែលនឹងមិនលើកទឹកចិត្តឲ្យអ្នកសារព័ត៌មានផ្សេងទៀតបន្តធ្វើសេចក្តីរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងមន្ត្រីមានអំណាច។
លោកក៏ទទូចសុំឲ្យអ្នកសារព័ត៌មានត្រូវមានប្រយ័ត្នប្រយែងក្នុងពេលធ្វើសេចក្តីរាយការណ៍ព័ត៌មានដោយត្រូវផ្ទៀងផ្ទាត់ព័ត៌មានដែលត្រូវរាយការណ៍និងធ្វើយ៉ាងណាឲ្យមានតុល្យការនៃបន្ទុកព័ត៌មាននៅពេលសរសេរអត្ថបទឬផ្សព្វផ្សាយព័ត៌មានណាមួយទៅកាន់សាធារណជនទូទៅ៕