ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក ទៀ បាញ់ គ្រោង​បឹ្តង​អ្នកកាសែត​ម្នាក់​ចំពោះ​ការរាយការណ៍​ពី​ជម្លោះ​ដីធ្លី​នៅ​ខេត្តកោះកុង


រូបឯកសារ៖ លោក ទៀ បាញ់ រដ្ឋមន្រ្តី​ការពារ​ជាតិ​កម្ពុជា បាន​ជជែក​តាម​ប្រព័ន្ធ​វីដេអូ​ទូរ​គមនាគមន៍​ជាមួយ​សម​ភាគី​​ជប៉ុន លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​ Nubuo Kishi អំពី​បញ្ហា​សន្ដិសុខ​ក្នុង​តំបន់ កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ២០២១។ (ពី​គេហទំព័រ​ក្រសួង​ការពារ​ជាតិ)
រូបឯកសារ៖ លោក ទៀ បាញ់ រដ្ឋមន្រ្តី​ការពារ​ជាតិ​កម្ពុជា បាន​ជជែក​តាម​ប្រព័ន្ធ​វីដេអូ​ទូរ​គមនាគមន៍​ជាមួយ​សម​ភាគី​​ជប៉ុន លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​ Nubuo Kishi អំពី​បញ្ហា​សន្ដិសុខ​ក្នុង​តំបន់ កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ២០២១។ (ពី​គេហទំព័រ​ក្រសួង​ការពារ​ជាតិ)

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិលោក ​ទៀ បាញ់​ បាន​ប្រាប់​អង្គភាព​ព័ត៌មាន​ក្នុងស្រុក​មួយនៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ លោក​បាន​ឲ្យ​អ្នក​ក្រោម​បង្គាប់​រៀបចំ​ដាក់​ពាក្យ​ប្តឹង​អ្នក​សារព័ត៌មាន​អនឡាញ​ម្នាក់ ក្រោយ​ធ្វើ​សេចក្តី​រាយ​ការណ៍​ពាក់​ព័ន្ធ​នឹង​ការ​កាត់​ឆ្វៀល​ដី​នៅ​ក្នុង​ខេត្ត​កោះកុង។

បើ​តាម​សេចក្តី​រាយការណ៍​របស់​អង្គភាព​ព័ត៌មាន​ Fresh News ដែល​ស្និទ្ធនឹង​រដ្ឋាភិបាល​ លោក​នាយឧត្តម​សេនីយ៍​ ទៀ បាញ់​ សម្រេច​ប្តឹង​លោក ​យួន​ ឈីវ​ បន្ទាប់ពី​នាយក​គ្រប់គ្រង​សារព័ត៌មាន «​កោះកុងព័ត៌មាន​ទាន់​ហេតុ​ការណ៍​» (Koh Kong Hot News) រូបនេះ​ ចេញផ្សាយ​វីដេអូ​មួយ​ ដោយ​ដាក់​ចំណង​ជើង​ថា​ «លោក​សុខ សុទ្ធី​ (អភិ​បាល​រងខេត្តកោះកុង)​ ឃោរ​ឃៅ​បំផុត ​ធ្វើ​បាប​ពលរដ្ឋ។

លោក ​ទៀ បាញ់ ​ដែល​ជា​ឧប​នាយក​រដ្ឋមន្ត្រី​មួយ​រូប​ផងនោះ​ ចាត់​ទុក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះថា​ ជា​ព័ត៌មាន​«ខុស​ការពិត​ មិន​គ្រប់ជ្រុង​ជ្រោយ​ និង​បង្ក​ភាព​ចលាចល​ក្នុងសង្គម»។ លោក​រដ្ឋមន្ត្រី​ការពារជាតិ​ទៀ បាញ់​ ត្រូវ​បាន​អង្គភាព​ព័ត៌​មាន​ Fresh News ស្រង់​សម្តី​តាម​ន័យដើមថា៖ «​ធ្វើ​របាយការណ៍​ជាលាយ​លក្ខណ៍​អក្សរ​ និង​ពិភាក្សា​ជាមួយ​អ្នកច្បាប់​ ធ្វើ​រឿង​ហ្នឹង​ឲ្យ​បាន​ឆាប់​រហ័ស​ទាន់​ពេល​វេលា​»។

នៅ​មុន​ពេល​លោក ​ទៀ បាញ់​ ឲ្យ​ដឹង​ពី​គម្រោង​ដាក់​ពាក្យ​បណ្តឹង​លើ​លោក ​យួន​ ឈីវ ទំព័រ​ហ្វេសប៊ុក​របស់​សារ​ព័ត៌​មាន​កោះកុង​ព័ត៌មាន​ទាន់​ហេតុការណ៍ ​កាលពី​ថ្ងៃទី​៩ ខែកញ្ញា​ បាន​បង្ហោះសារមួយ​ដោយ​ចោទ​លោក​សុខ សុទ្ធី​ ថា​ ព្រហើន​នឹង​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ហើយ​ថា​ លោក​ សុខ សុទ្ធី​ អាង​ខ្លួន​កាន់​តួនាទី​ ខាង​រក​ដំណោះ​ស្រាយដីធ្លី​ តែ​អភិ​បាល​រូប​នេះ​ ធ្វើឲ្យ​ប្រជា​ពលរដ្ឋ ​ឈឺ​ចាប់​អស់​មួយ​ជីវិត​ ក្រោយ​ពេល​ចេញ​អុនក្រិត្យ​លេ​ខ៣០​សនក្រ បក​កាត់​ឆ្លៀល​ដីក្នុង​តំបន់​ឧទ្យាន​ជាតិ​ បូទុម​សាគរ​ ដើម្បី​កាត់​ជូន​ប្រជា​ពលរដ្ឋ​ដែល​បាន​អាស្រ័យ​ផល​ជាក់​ស្តែង​។


លោក​នាយ​ឧត្តម​សេនីយ៍ ឈុំ សុជាតិ​ អ្នកនាំពាក្យ​ក្រសួង​ការពារ​បដិសេធ​មិនផ្តល់​ការ​អធិប្បាយ​ដោយ​ថា​ ជាប់​ប្រជុំ។

​នាយក​ប្រតិបត្តិ​សមាគម​អ្នកសារព័ត៌មាន​ (ខេមបូចា) លោក​ ណុប វី​ ​ទទូចឲ្យ​ថា្នក់​ដឹកនាំទាមទារ​ការ​កែតម្រូវការ​រាយ​ការណ៍​ព័ត៌មាន​របស់​លោក​ យួន​ ឈីវ​ ឲ្យ​ស្រប​ទៅតាម​ច្បាប់​ស្តីពីរបប​សារព័ត៌មាន​ ជាជាង​ការ​ចាត់​វិធាន​ការ​ច្បាប់​ ដែល​នឹង​មិន​លើក​ទឹកចិត្ត​ឲ្យ​អ្នក​សារព័ត៌មាន​ផ្សេង​ទៀត​ បន្ត​ធ្វើ​សេចក្តី​រាយការណ៍​ព័ត៌មាន​ ពាក់​ព័ន្ធ​នឹង​មន្ត្រី​មាន​អំណាច​។​

យ៉ាង​ណាក៏​ដោយ​កាលពីយប់​ថ្ងៃទី​២៦​ ខែកញ្ញាលោក ​យួន​ ឈីវ​ បាន​ចេញមុខ​សុំ​ទោស​លោក ​ទៀ បាញ់​ តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ចំពោះ​ការណ៍​ដែលលោកធ្វើ​ឲ្យលោក ​ទៀ បាញ់​ អាក់​អន់ស្រពន់​ចិត្ត​។ លោក​ប្រាប់​វីអូអេ​បន្ថែមថា​ លោក​មិន​ទាន់​ដឹង​មូលហេតុ​នៅពីក្រោយ​ គម្រោង​ប្តឹង​របស់​លោក ​ទៀ បាញ់​ មក​លើ​រូបលោក​នោះ​ទេ​។​ លោកថា​ មន្ត្រីប៉ូលិស​ក្នុង​ខេត្តកោះកុង ​ក៏បាន​អញ្ជើញ​លោក​ឲ្យទៅបំភ្លឺ​ ទាក់​ទិន​ការ​ធ្វើ​សេចក្តី​រាយ​ការណ៍​របស់លោក​កន្លងមក​នៅថ្ងៃ​ចន្ទនេះ​ផងដែរ​៕

XS
SM
MD
LG