អ្នកសារព័ត៌មាន២នាក់ក្នុងខេត្តព្រះវិហារ បានសុំអន្តរាគមន៍ពីក្រសួងយុត្តិធម៌ និងអង្គភាពប្រឆាំងអំពើពុករលួយ ក្រោយពួកគេត្រូវបានតុលាការកោះហៅ នៅក្នុងសំណុំរឿងដែលពួកគេចុះយកព័ត៌មាន កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ អំពីការឈូសឆាយដីព្រៃរដ្ឋ ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។
ការស្វែងរកអន្តរាគមន៍ពីស្ថាប័នទាំងនេះ ធ្វើឡើងនៅក្នុងពាក្យបណ្តឹងមួយច្បាប់ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីពួកគេត្រូវបានតុលាការកោះហៅជាលើកទី២ ពាក់ព័ន្ធនឹងដំណើររឿង៤ករណី ហើយពួកគេខ្លាចមានការចាប់ខ្លួនពេលចូលបំភ្លឺនៅតុលាការ។
នៅក្នុងពាក្យបណ្តឹងនោះ លោក ទ្រី វិច្ឆិកា អាយុ២៧ឆ្នាំ ដែលជាអ្នកយកព័ត៌មានឲ្យទូរទស្សន៍ហង្សមាស និងលោក ទ្រី សុផល អាយុ៣១ឆ្នាំ ត្រូវជាបងប្រុសរបស់លោក ដែលជាអ្នកយកព័ត៌មានឲ្យទូរទស្សន៍ NICE TV ប្រចាំខេត្តព្រះវិហារដូចគ្នា បានប្តឹងលោក ទី សុវិនថាល់ ព្រះរាជអាជ្ញា និងលោក វុធ សារី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ ដែលបានចុះទៅកន្លែងឈូសឆាយដីព្រៃរដ្ឋក្នុងឃុំត្បែងពីរ ស្រុកភ្នំគូលែន ជាមួយអ្នកសារព័ត៌មានទាំង២នាក់នោះ។
នៅពេលចុះពិនិត្យដីព្រៃរដ្ឋដែលត្រូវបានទន្រ្ទាននោះ ក៏មានការប៉ះទង្គិចហិង្សាកើតឡើងផងដែរ។
មនុស្ស៣នាក់ដែលពាក់ព័ន្ធនឹងការទន្រ្ទានដីរដ្ឋនេះ ត្រូវបានតុលាការខេត្តព្រះវិហារកោះហៅ ហើយសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីខែមិថុនា ឆ្នាំ២០២១ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ ប៉ុន្តែក្រោយមក មានការដោះលែងអ្នកទាំងនោះ ដោយដាក់នៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ កាលពីខែថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។ នេះបើតាមពាក្យបណ្តឹងរបស់អ្នកសារព័ត៌មាន។
អ្នកសារព័ត៌មានបានអះអាងថា ការដោះលែងនេះ មានភាពមិនប្រក្រតី ដោយសង្ស័យមានការសូកប៉ាន់។
បើតាមពាក្យបណ្តឹងរបស់អ្នកសារព័ត៌មានពីដើមឡើយ អ្នកឈូសឆាយដីព្រៃរដ្ឋនេះបានប្តឹងលោក វុធ សាវី ដែលជាព្រះរាជអាជ្ញារង លោក ចក សម្បត្តិ ដែលជាមន្រ្តីតុលាការមួយរូប ព្រមទាំងអ្នកសារព័ត៌មាន លោក ទ្រី វិច្ឆិកា និងលោក ទ្រី សុផល ដោយចោទប្រកាន់ពីបទ«លួចមានស្ថានទម្ងន់ទោស កំហែងយក ហិង្សាដោយចេតនា និងគំរាមកំហែងថានឹងសម្លាប់»។
អ្វីដែលធ្វើឲ្យអ្នកសារព័ត៌មានស្វែងរកអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ គឺក្រោយតុលាការកោះហៅពួកគេ ឲ្យចូលបំភ្លឺនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ពីដំណើររឿង«ធ្វើឲ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ បទចុះផ្សាយដោយសរសេរបញ្ឆិតបញ្ឆៀង ដើម្បីឲ្យអ្នកអានមានការសង្ស័យលើបុគ្គលណាម្នាក់ បទប៉ះពាល់ដល់អាថ៌កំបាំងខាងវិជ្ជាជីវៈ និងបទញុះញង់ឲ្យបទឧក្រិដ្ឋជាអាទិ៍»។
អ្នកសារព័ត៌មានត្រូវបានកោះហៅឲ្យចូលខ្លួនបំភ្លឺម្តងទៀត នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្រោយខកខានមិនបានចូលមកតុលាការកាលពីសប្តាហ៍មុន។
លោក ទ្រី វិច្ឆិកា ប្រាប់វីអូអេនៅថ្ងៃអង្គារថា រឿងនេះមានភាពមិនប្រក្រតី ដោយលោកចង់ឲ្យមានការស៊ើបអង្កេតច្បាស់លាស់ និងចង់ឲ្យមានការផ្ទេរសំណុំរឿងនេះ មកសាលាដំបូងរាជធានីភ្នំពេញវិញ។
លោកថ្លែងថា៖« រឿងនេះខ្ញុំថា មិនចង់មានពាក្យបណ្តឹងតបតជាមួយតុលាការទេ។ តែនេះវាហាក់ជាមានភាពអយុត្តិធម៌ វាមានគំនាបខ្លាំងពេកមកលើខ្ញុំទាំង២នាក់ ទើបខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ពីព្រោះថាពាក់ព័ន្ធក្នុងរឿងនេះវាមានអាថ៌កំបាំង អំពើពុករលួយហើយ។ ហើយអញ្ចឹង ខ្ញុំក៏សំណូមពរទៅឯកឧត្តមរដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាបើកការស៊ើបអង្កេត ចំពោះជនទាំង៣នាក់ [អ្នកឈូសឆាយដីរដ្ឋ]ឲ្យនៅក្រៅឃុំហ្នឹង»។
ចំណែកលោក ទ្រី សុផល ជាភ្នាក់ងារសារព័ត៌មានទូរទស្សន៍អនឡាញ NICE TV បានប្រាប់វីអូអេថា មនុស្សជំនិតរបស់ព្រះរាជអាជ្ញារង លោក វុធ សាវី បានមកនិយាយជាមួយលោកថា ចង់ផ្តល់សំណង២ពាន់ដុល្លារអាមេរិកដល់រូបលោក ប៉ុន្តែលោកមិនទទួលយក ដោយលោកគិតថារឿងនេះ មានភាពមិនប្រក្រតី និងអយុត្តិធម៌ សម្រាប់រូបលោក និងប្អូនប្រុស។
លោកថ្លែងថា៖ «ពេលដោះលែងមនុស្ស វាទៅខាងជនល្មើស៣នាក់នោះ វាសុំទោសលោកព្រះរាជអាជ្ញា[ចំនួន]តែ២នាក់ ចុះខ្ញុំ២នាក់ដែលជាជនរងគ្រោះដែរ ហើយអត់មានដំណោះស្រាយអ្វីសោះ ហើយចំពោះលោក វុធ សាវី ខ្ញុំបានតេឡេក្រាមទៅគាត់ ហើយខលតាមប្រព័ន្ធទូរស័ព្ទ ដើម្បីទំនាក់ទំនងសួរព័ត៌មាន[អំពីការដោះលែង] ប៉ុន្តែគាត់មិនមានការឆ្លើយឆ្លងជាមួយខ្ញុំទេ»។
លោកបន្តថា៖ «ក្រោយដែលខ្ញុំអត់ទទួលយកលុយ២ពាន់ដុល្លារហ្នឹងហើយ ស្អែកឡើងតុលាការគេធ្វើសេចក្តីថ្លែងការណ៍បដិសេធ និងច្រានចោលទាំងស្រុងនូវការផ្តល់ព័ត៌មានដល់សារព័ត៌មាននៅក្នុងស្រុកដែលគេខលមកសម្ភាសខ្ញុំ ហើយគេបានចុះផ្សាយ។ ដល់ពេលអញ្ចឹងតុលាការគេច្រានចោលទាំងស្រុងហើយ គេថានឹងមានចំណាត់ការផ្លូវច្បាប់ចំពោះខ្ញុំ២នាក់បងប្អូន។ ប៉ុន្តែគ្រាន់ខ្ញុំចង់លើកជាសំណួរមួយថាក្នុងនាមជាជនរងគ្រោះ ជនរងភាពអយុត្តិធម៌ តើមិនអាចផ្តល់យុត្តិធម៌ តើមិនអាចផ្តល់វីដេអូ ឬភស្តុតាង ដើម្បីទាមទារយុត្តិធម៌មកដល់ខ្លួនបានទេយ៉ាងម៉េច?»។
លោក មាស រឹទ្ធី អគ្គនាយករងនៃស្ថាប័នព័ត៌មានហង្សមាស បានប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា លោកស្នើសុំឲ្យខាងតុលាការពន្លឿនការដោះស្រាយ ពាក់ព័ន្ធទៅនឹងពាក្យបណ្តឹងរបស់លោក ទ្រី វិច្ឆិកា ដែលជាអ្នកសារព័ត៌មាននៅស្ថាប័នហង្សមាស ដោយយុត្តិធម៌។
លោកថ្លែងថា៖ «សុំឲ្យការផ្ទេរពីសមត្ថកិច្ចពីនឹង[ខេត្តព្រះវិហារ] ដើម្បីកុំឲ្យកាត់ក្តីទៅវាលម្អៀង ឲ្យវាយុត្តិធម៌ទាំងអស់គ្នាទៅ»។
នៅពេលវីអូអេទាក់ទងទៅ លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ បានចុចផ្តាច់ទូរស័ព្ទ ក្រោយដឹងថា អ្នកសារព័ត៌មាន សួរនាំទាក់ទិននឹងការសុំអន្តរាគមន៍របស់អ្នកសារព័ត៌មានពីរនាក់នោះ។
ក្រោយមានការផ្សព្វផ្សាយរឿងរ៉ាវដោះលែងមនុស្ស នៅតាមបណ្តាសារព័ត៌មានក្នុងស្រុក សាលាដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី៧ ខែសីហា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថា អ្នកសារព័ត៌មានទាំង២នាក់នោះ បានធ្វើឲ្យបាត់ជំនឿទុកចិត្តលើសេចក្តីថ្លៃថ្នូររបស់ព្រះរាជអាជ្ញារង។ សេចក្តីថ្លែងការណ៍ដដែលនេះ បានលើកឡើងទៀតថា គេហទំព័រទូរទស្សន៍អនឡាញ«ខ្មែរម្ចាស់ការ» បានចុះផ្សាយជាអត្ថបទលើបណ្តាញសង្គមហ្វេសប៊ុក ដោយដាក់ចំណងជើងថា «តុលាការខេត្តព្រះវិហារបានដោះលែងជនជាប់ឃុំ៣នាក់ [ពាក់ព័ន្ធការឈូសឆាយ និងកាន់កាប់ដីរដ្ឋ] ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ខណៈជនរងគ្រោះក្នុងរឿងអយុត្តិធម៌ មិនទាន់មានការសម្រចសម្រួល ឬទទួលយកសំណងរដ្ឋប្បវេណីនៅឡើយ»។
ការចុះផ្សាយអត្ថបទសារព័ត៌មាននេះ ត្រូវបានអ្នកនាំពាក្យអយ្យការអមសាលាដំបូងបានប្រតិកម្ម និងបានឲ្យកែតម្រូវ ហើយព្រមានថា បើមិនកែតម្រូវនោះទេ នឹងចាត់វិធានការតាមផ្លូវច្បាប់។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា ក្រសួងបានទទួលពាក្យបណ្តឹងរបស់អ្នកសារព័ត៌មានទាំង២នាក់នោះ ប៉ុន្តែមិនទាន់អាចអត្ថាធិប្បាយនាពេលនេះ ដោយរង់ចាំពិនិត្យពាក្យបណ្តឹងជាមុនសិន៕