ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​កម្ពុជា​រង់ចាំ​ការ​យល់​ព្រម​ពី​ភាគី​ថៃ​ដើម្បី​ពិភាក្សា​ទប់​ស្កាត់​ការកាប់ និង​ការនាំ​ឈើ​ប្រណិត​ឆ្លងដែន


រូបឯកសារ៖ ព្រៃឈើ​ត្រូវ​បាន​កាប់​ដើម្បី​ធ្វើ​ដី​សម្បទាន​នៅ​ក្នុង​ខេត្ត​រតនគីរី​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)
រូបឯកសារ៖ ព្រៃឈើ​ត្រូវ​បាន​កាប់​ដើម្បី​ធ្វើ​ដី​សម្បទាន​នៅ​ក្នុង​ខេត្ត​រតនគីរី​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)

មន្រ្តី​នៃ​ខេត្ត​ចំនួន​ពីរ​របស់ប្រទេស​កម្ពុជា ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ​ កំពុង​រង់​ចាំ​ការបញ្ជាក់ពី​ភាគីថៃ ​ទាក់​ទង​នឹង​ការចូលរួមកិច្ច​ប្រជុំ​មួយ​ស្តីពីការ​ទប់ស្កាត់ការ​កាប់​ និង​ការ​នាំឈើ​ប្រណិត​ខុស​ច្បាប់​តាម​ខ្សែបន្ទាត់​ព្រំដែន​របស់​ប្រទេស​ទាំង​ពីរ។​ នេះ​បើ​យោង​តាម​មន្រ្តី​នៃ​ខេត្ត​ឧត្តរមានជ័យ​ និង​ខេត្ត​ព្រះ​វិហារ។

គម្រោង​កិច្ច​ប្រជុំ​ដោយ​មន្រ្តី​ខេត្ត​ទាំង​ពីរ​របស់​កម្ពុជាជាមួយនឹង​មន្ត្រីថៃ​នេះ​ត្រូវ​បាន​បញ្ជាក់​ឲ្យ​ដឹង​តាម​រយៈ​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​ថៃ​មួយដែល​បាន​ផ្សាយកាល​ពី​សប្តាហ៍​មុន​មក​ថា​ ​ខេត្ត​អ៊ូប៊ុនរ៉ាចឆាថានី​នៃ​ប្រទេស​ថៃ​នឹងរៀបចំ​កិច្ច​ប្រជុំ​ពិភាក្សា​លើ​វិធាន​ការ​នានា​ដើម្បី​បង្រ្កាប​ការ​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ។​ កិច្ច​ប្រជុំ​នេះ​នឹង​ត្រូវ​ធ្វើឡើង​ពីថ្ងៃ​ទី​៤​ដល់​ថ្ងៃទី៥​ខែ​មិថុនា​ខាង​មុខ​នេះ។​

លោក​យឹម ប៊ុនថន​ ​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ឧត្តរមាន​ជ័យ​ បាន​ប្រាប់​វីអូអេ​ខេមរ​ភាសា​ថា​ ខាង​លោក​ពុំ​ទាន់​ទទួល​បាន​ការ​អញ្ជើញ​ពី​ភាគី​ថៃ​នៃ​ខេត្ត​អ៊ូប៊ុនរ៉ាចឆាថានី​នោះ​ទេ​ ក៏ប៉ុន្ត​លោកបានឲ្យ​ដឹង​ថា​ ប្រមុខ​ដឹកនាំ​ខេត្ត​របស់​លោក​នឹង​ទៅ​ចូល​រួម​ការ​ប្រជុំ​នោះ ​បើសិន​ជា​មាន​ការ​អញ្ជើញ​ពី​ភាគី​ខាង​ថៃ។

លោក​មាន​ប្រសាសន៍​ថា៖ ​«អត់​អី​ទេ​ ​បើ​មាន​លិខិត​មាន​អី​ទៅ ​ក៏​ដាក់​មក​ទៅយើង​យក​ទៅ​ឆ្លង​ឯក​ឧត្តមអភិបាល​ខេត្ត។​ គាត់​មិន​ដែល​ប្រកែក​អី​ដែរ ​ឲ្យ​តែ​មាន​លិខិត​ត្រឹម​ត្រូវ»។​

កិច្ច​ប្រជុំ​ពិភាក្សា​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​សប្តាហ៍​នេះ​ ក៏​នឹង​ផ្តោត​ផង​ដែរ​ទៅ​លើ​ការ​បង្កើត​គណៈ​កម្មការ​រួមថ្នាក់ជាតិ​មួយ​ និង​ថ្នាក់​អនុ​គណៈ​កម្មការ​រួម​ខេត្ត​មួយរវាង​ប្រទេស​ទាំង​ពីរ​ដើម្បីធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ចាត់​វិការ​លើ​ការកាប់​ឈើ​ខុស​ច្បាប់​ ការ​ប្តូរ​ព័ត៌មាន​ទាក់​ទង​នឹង​ក្រុម​ឈ្មួញ​រក​ស៊ី​ឈើ​ខុស​ច្បាប់​ និង​ការ​ដាក់​ទោស​ពិន័យ​ដោយ​ផ្អែក​លើ​ច្បាប់​របស់​ប្រទេស​ទាំង​ពីរ។​ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​ព័ត៌មាន​ដដែល​របស់​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​ថៃ​ដែល​មាន​ឈ្មោះ​ថា Thai Visa News។

លោក​ អ៊ុំ ម៉ារ៉ា​ អភិបាល​ខេត្ត​ព្រះ​វិហារ​ បាន​មាន​ប្រសាសន៍​ថា​ លោក​ទទួល​បាន​ដំណឹង​នេះ​ ក៏​ប៉ុន្តែភាគី​ខាង​ថៃ​នៅ​ឯ​ខេត្ត​អ៊ូប៊ុន​រ៉ាចឆាថានី​បាន​សុំ​លើក​ពេលការ​ប្រជុំ​នេះ​ ហើយ​លោក​ពុំ​អាច​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ថ្មី​នៃ​ការ​ប្រជុំ​នេះ​ទេ​ ដោយ​លោក​ពន្យល់​ថា៖​

«មិនទាន់​មាន​ដំណើរ​ការ​កិច្ច​ប្រជុំ​ទេ។ ​មាន​គម្រោង​អញ្ចឹង ​ប៉ុន្តែ​ខាង​អូប៊ុន​ហ្នឹង​គឺ​គេ​សុំ​លើក​ថ្ងៃ​វិញ។​ អត់​ទាន់​កំណត់​ទេ។​ ខ្ញុំ​មិន​ដឹង​ទេ ​អាហ្នឹង​សិទ្ធិ​អំណាច​របស់​គេ»។​

វីអូអេ​ពុំ​អាច​ទាក់​ទង​លោក​ឆេង គឹមស៊ុន​ ប្រតិភូ​រដ្ឋបាល​ទទួល​បន្ទុក​រដ្ឋបាល​ព្រៃ​ឈើ​បាន​ទេ​ ដោយ​ទូរស័ព្ទរបស់​លោក​រោទ៍​គ្មាន​អ្នក​ទទួល។​

លោក​យឹម ប៊ុនថន ​ដែល​ជា​អ្នកនាំពាក្យ​ខេត្ត​ឧត្តរ​មានជ័យ​ផង​ដែរ​នោះ​ បាន​ទទួល​ស្គាល់​ថា ​មានការ​ដឹក​រត់​ពន្ធឈើ​ខុស​ច្បាប់​នៅក្នុង​ខេត្ត​ដែល​ស្ថិតជាប់​ប្រទេស​ថៃ​ ហើយ​អាជ្ញាធរ​ខេត្ត​នៅ​តែ​បន្ត​បង្រ្កាប​សកម្ម​ភាព​រត់​ពន្ធ​ឈើ​ខុស​ច្បាប់​ទាំង​នេះ។​

លោក​បន្ថែម​ថា៖ ​«ខ្ញុំ​ក៏​ពិបាក​ថា​ដែរ​រឿង​ហ្នឹង ​ព្រោះ​បើ​សិន​ជាពួក​ខូច​ខិល​វា​ច្រើន​តែ​លួច​រត់​ពន្ធ​ ដូច្នេះ​យើងមិន​អាច​ដឹង​បាន។​ ប៉ុន្តែ​បើ​ដឹង​ទៅ​ ក៏អាជ្ញាធរ​គាត់​ទប់​ស្កាត់។ ​តែ​ថា​ ឲ្យ​អត់​ ក៏​យើង​មិន​ហ៊ាន​ថា​ មាន​ក៏យើង​មិន​ហ៊ាន​ថា ​ព្រោះ​ពេល​ខ្លះ​ក៏​មាន​ គាត់​ចាប់​បាន»។​

របាយ​ការណ៍​ ដែល​ចេញ​ផ្សាយដោយ​សាកល​វិទ្យាល័យ ​Maryland ​នៃ​រដ្ឋ Maryland​ របស់​សហ​រដ្ឋ​អាមេរិក​កាល​ពីខែ​មករា​ឆ្នាំ​នេះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​តាម​ទិន្នន័យ​ដែល​ទទួល​បាន​ពី​ប្រព័ន្ធ​ផ្សាយ​វិទ្យាសាស្ត្រថា​ ​ព្រៃ​ឈើ​ប្រទេស​កម្ពុជា​បាន​បាត់​បង់​ប្រមាណ​៧,១​ភាគ​រយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ចាប់​តាំង​ពី​ឆ្នាំ​២០០០​រហូត​ដល់​ឆ្នាំ​២០១២។​

របាយ​ការណ៍​នេះ​បាន​ឱ្យ​ដឹង​ទៀតថា ​ភាគ​ច្រើន​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​បាន​រីក​រាល​ដាល​លើ​អង្កត់​ទ្រូង​នៃ​ផ្ទៃ​ប្រទេស​ទាំង​មូល​ចាប់​តាំង​ពី​ខេត្ត​ព្រះ​វិហារ​ភាគ​ខាង​ជើង ​ខេត្ត​កំពង់ធំ​ ខេត្ត​កំពង់​ចាម​ និង​ចូល​ដល់​ខេត្ត​ក្រចេះ​ភាគ​ខាង​កើត​ ហើយ​ភស្តុតាង​មួយ​ថ្មី​ទៀត​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​គឺ​បាន​កើត​មាន​ឡើង​នៅ​ភាគ​ខាង​លិច​ជាប់​ព្រំ​ដែន​កម្ពុជា​ថៃ​ ព្រម​ទាំង​លាត​សន្ធឹង​ដល់​ខេត្ត​ស្ទឹង​ត្រែង ​និង​ខេត្ត​រតនៈ​គីរី​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា៕

XS
SM
MD
LG