គណៈកម្មការសភាកម្ពុជាមួយកំពុងពិចារណាពិនិត្យមើលរបាយការណ៍អង្គការបរិស្ថាន Global Witness ដែលចោទប្រកាន់ថា មានការឃុបឃិតគ្នាកាប់បំផ្លាញ ព្រៃឈើក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ដើម្បីយកទៅលក់ក្នុងប្រទេសចិន។
ទោះជារដ្ឋាភិបាលបានច្រានចោលរបាយការណ៍នោះថា គ្មានការណ៍ពិតក្តី តែគណៈកម្មការសភាមួយមកពីគណបក្សទាំងពីរកំពុងពិនិត្យមើលរបាយការណ៍នេះ ហើយអាចចាប់ផ្តើមស្រាវជ្រាវមើលអំពីការប្រមូលពន្ធ ការផ្តល់អាជ្ញាបណ្ណកាប់ឈើ ដែលជាការបំផ្លាញធនធានធម្មជាតិខ្មែរ និងបញ្ហានាំចេញផ្សេងៗទៀត។
ប្រធានគណៈកម្មការទី១០នៃរដ្ឋសភាគឺលោកតំណាងរាស្ត្រហូរ វ៉ាន់បានថ្លែងប្រាប់ VOA ថា គណៈកម្មការលោកមានការចាប់អារម្មណ៍ចំពោះរបាយការណ៍ អង្គការការពារបរិស្ថានអន្តរជាតិ Global Witness អំពីការកាប់បំផ្លាញព្រៃឈើ ទៅលក់នៅប្រទេសចិន និងការប្រព្រឹត្តអំពើពុករលួយ ឃុបឃិតគ្នាជាប្រព័ន្ធដែលត្រូវបានចោទប្រកាន់ក្នុងរបាយការណ៍នោះ។ តែលោកបានអះអាងថា គណៈកម្មការរបស់លោកកំពុងពិនិត្យមើលនីតិវិធី និងរកមូលដ្ឋានរឹងមាំសិនមុនចាត់វិធានការតាមនីតិវិធីថា តើត្រូវកោះហៅតំណាងរដ្ឋាភិបាល ឬក្រសួង និងក្រុមហ៊ុនដែលពាក់ព័ន្ធមកសួរនាំនោះឬយ៉ាងណា។ គម្រោងការនេះត្រូវបានគាំទ្រដោយក្រុមសង្គមស៊ីវិលមួយចំនួនដែរ។
លោកតំណាងរាស្ត្រ ហូរ វ៉ាន់ ប្រធានគណៈកម្មការទី១០របស់សភាខាងគណបក្សសង្គ្រោះជាតិទទួលបន្ទុកកិច្ចការមហាផ្ទៃ ការពារជាតិ អង្កេត បោសសម្អាតប្រឆាំងនឹងអំពើពុករលួយ បានអះអាងថា គណៈកម្មាធិការរបស់លោកដែលមានសមាជិកគណៈកម្មការមកពីគណបក្សគ្រប់គ្រងប្រទេសគឺគណបក្ស ប្រជាជនកម្ពុជាផងនោះ បានប្រជុំគ្នាពិភាក្សាអំពីរបាយការណ៍អង្គការ Global Witness រួចហើយ កាលពីថ្ងៃពុធសប្តាហ៍មុន ក្រោយពេលមានការផ្សាយជា សារធារណៈដែលមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋអំពីការចោទប្រកាន់រឿង បំផ្លាញព្រៃឈើ និងអំពើពុករលួយនាំឈើចេញពីប្រទេស។
«ហើយយើងមានការចាប់អារម្មណ៍បញ្ហានេះ ហើយយើងបានលើកបញ្ហា នេះមកប្រជុំសម្រេចជារួមក្នុងគណៈកម្មការ។ ហើយគណៈកម្មការទី១០យើងខ្ញុំដែលហៅថា គណៈកម្មាការអង្កេត បោសសម្អាតប្រឆាំងនឹងអំពើពុករលួយនោះគឺសម្រេចថា យើងមិនទាន់ធ្វើការចោទឬក៏ធ្វើលិខិតទៅក្រសួងមានសមត្ថកិច្ចរបស់រដ្ឋាភិបាលដើម្បីជំរុញការស៊ើបអង្កេតពីអំពើដែលយើងយល់ថា អាចនឹងមានអំពើពុករលួយខុសច្បាប់នេះនៅឡើយទេ»។
លោកបញ្ជាក់ថា ដោយសាររឿងនេះជារឿងសំខាន់ លោកត្រូវការភស្តុតាង និង ឯកសារជាមុនសិន។ តែលោកថា ចំណាត់ការរបស់លោកនៅថ្ងៃខាងមុខនឹង ចាប់ផ្តើមពីបញ្ហាជាច្រើនរួមទាំងការប្រមូលពន្ធជាដើម។
«ច្បាស់ហើយ ក្នុងការដែលយើងស្រាវជ្រាវនេះគឺយើងចាប់ផ្តើមពីការពិនិត្យ មើលទំហំនៃការនាំចេញឈើ និងឈើប្រណិតនេះ ហើយប្រៀបធៀបនឹងប្រាក់ចំណូល ប្រៀបធៀបនឹងពន្ធអាករដែលរដ្ឋទទួលបាន។ នេះហើយជាអ្វីដែល យើងស្រាវជ្រាវ ហើយដែលយើងអាចសង្ឃឹមថា នឹងសុំការផ្តល់ជូនពីរដ្ឋមន្ត្រី ដែលពាក់ព័ន្ធក្នុងបញ្ហានេះ យកមកជាមូលដ្ឋានដើម្បីយើងស្រាវជ្រាវដើម្បីយើងពិនិត្យឲ្យបានច្បាស់លាស់ មុននឹងយើងនិយាយថា រឿងនេះជារឿងរត់ពន្ធឈើ រឿងនេះជារឿងកាប់ឈើខុសច្បាប់ រឿងនេះជារឿងពុករលួយ»។
របាយការណ៍របស់អង្គការការពារបរិស្ថានពិភពឈ្មោះ Global Witness កាលពីសប្តាហ៍ថ្មីៗនេះ បានចង្អុលបង្ហាញចំៗថា ឧកញ៉ាទ្រី ភាពមានជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើក្នុងប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ ហើយនាំឈើប្រណិតៗទាំងនោះចេញទៅលក់នៅក្នុងប្រទេសចិន។ លោកឧកញ៉ាជាមហាសេដ្ឋីខ្មែរល្បីល្បាញម្នាក់ស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែននោះ។
របាយការណ៍ ដែលដាក់ចំណងជើងថា«ថ្លៃប្រណិត ជំនួញឈើមានតម្លៃខុស ច្បាប់របស់កម្ពុជាជាមួយចិន»នោះ បាននិយាយថា ឈើប្រភេទល្អៗជាច្រើនមាន តម្លៃដល់ទៅជាង៥លានដុល្លារ រួមទាំងក្រញ៉ូង ត្រូវគេនាំចេញទៅកាន់ប្រទេស ចិនចំនួន៩០០ម៉ែត្រត្រីគុណតាមកប៉ាល់ជារៀងរាល់ថ្ងៃ ដែលឈើទាំងនោះត្រូវកាប់ចេញពីតំបន់ការពារ និងឧទ្យានជាតិកម្ពុជា ហើយដែលល្មើសនឹងច្បាប់តឹងរ៉ឹងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលការពារប្រភេទឈើប្រណិត ហើយច្បាប់នេះមានសុពលភាពចាប់តាំងពីឆ្នាំ២០០២មក។
លោកអ៊ូច ឡេង អ្នកឃ្លាំមើលការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា និងជាប្រធាន អង្គការកិច្ចការពិសេសសិទ្ធិមនុស្ស (CHRTF) បានអះអាងថា វិធានការរបស់សភាអាចជួយធានាភាពគង់វង្សព្រៃឈើ និងធ្វើឲ្យមានតម្លាភាពចំពោះអាជ្ញាបណ្ណព្រៃឈើ ដែលការផ្តល់កន្លងមកគ្មានការដឹងឮជាសារធារណៈ។
«បើយើងពិនិត្យមើលនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណគឺមានលក្ខណៈជាសម្ងាត់ ស៊ីសស៊ុះគ្នា មិនមានការយល់ព្រមពីប្រជាពលរដ្ឋ មិនមានការជជែកដេញ ដោលគ្នានៅក្នុងសភា ព្រឹទ្ធសភា ឬក៏មិនឲ្យនរណាម្នាក់ដឹងដែរគឺមនុស្សម្នាក់ ផ្តល់ដោយសម្ងាត់ សូម្បីតែទីស្តីការគណៈរដ្ឋមន្ត្រី ឬអភិបាលខេត្តមួយចំនួនក៏មិនបានដឹងអំពីអាជ្ញាបណ្ណហ្នឹងដែរ»។
លោកថា នេះជាការរកស៊ីតាមរយៈអ្នកមានអំណាចផ្តាច់មុខ ដែលមានរដ្ឋាភិបាលគាំទ្រ ហើយនឹងមិនដឹងថា តើមានស្ថាប័នណាដែលមានសមត្ថភាពចាត់ការមិនឲ្យក្រុមហ៊ុននេះកាប់ឈើខុសច្បាប់នោះ។
«ក្រុមហ៊ុនទ្រី ភាព គាត់ដើរតែកាប់ត្រពាសតែម្តង ដោយសារគាត់អាងអំណាច មានអាជ្ញាបណ្ណពីរដ្ឋាភិបាលអីជាដើម។ ហើយនៅពេលយើងសុំមើលអាជ្ញា បណ្ណនៅតំបន់ថ្មីហ្នឹងគាត់ថា បើចង់បានអាជ្ញាប័ណ្ណ ទាល់តែទៅសុំពីព្រះឥន្ទ្រ ណោះគឺមានន័យថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ អញ្ចឹងហើយគាត់ប្រើ អំណាចពីលោកហ៊ុន សែន ហើយគាត់កាប់ឈើទូទាំងប្រទេសតែម្តង»។
លោកក៏បានអះអាងដែរ បើមន្ត្រីគយ ឬកាំកុងត្រូល ឬសមត្ថកិច្ចណាហ៊ាន ឆែកឆេររកអាជ្ញាបណ្ណឡានដឹកឈើរបស់ក្រុមហ៊ុនលោកឧកញ៉ាទ្រី ភាពនោះ សមត្ថកិច្ចនោះអាចនឹងរងគ្រោះឬត្រូវដាក់ទោស។
«បើសិនជាមានគយណា មានមន្ត្រីកាំកុងត្រូលណាដែលធ្វើការត្រួតពិនិត្យគឺថា អ្នកទាំងនោះនឹងត្រូវបញ្ឈប់ពីតួនាទីអីជាដើម។ រឿងនេះហើយដែលជារឿងត្រូវខ្លាច។ តែបើសិនជាចង់បានលុយគេឲ្យលុយ។ បើសិនជាសុំគេត្រួតពិនិត្យ គេ នាំគ្នាចតឡានដាក់កណ្តាលផ្លូវ ហើយគេដើរចេញ។ អញ្ចឹងមានការកកស្ទះដូច ជានៅអូរយ៉ាដាវជាដើមអញ្ចឹងទៅ»។
ក្រុមហ៊ុនទ្រី ភាព ឬលោកឧកញ៉ាទ្រី ភាពមិនបានឆ្លើយនឹងសំណួររបស់ VOA តាមអ៊ីម៉ែលនិងទូរស័ព្ទទេ នៅពេល VOA ព្យាយាមសុំការអត្ថាធិប្បាយបំភ្លឺចំពោះការចោទប្រកាន់ពីអង្គការក្រៅរដ្ឋាភិបាលនានា រួមទាំងអង្គការ Global Witness ផងនោះ ហើយលោកក៏មិនទាន់ចេញមុខបកស្រាយជាសាធារណៈដែរ។
គេឃើញមានតែមន្ត្រីរដ្ឋាភិបាលខ្លះ រួមទាំងលោកអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ចេញមុខការពារថា ក្រុមហ៊ុនទ្រី ភាពនេះត្រូវបានអនុញ្ញាតឲ្យធ្វើអាជីវកម្មព្រៃឈើស្របច្បាប់ រាប់ទាំងការនាំចេញនិងបង់ពន្ធត្រឹមត្រូវតាមច្បាប់ផងដែរ។
តែបើតាមការអះអាងរបស់លោកអ៊ូច ឡេង អ្នកឃ្លាំមើលធនធានធម្មជាតិវិញ បានឲ្យដឹងថា ចំណូលពន្ធពីព្រៃឈើក្នុងមួយឆ្នាំៗមិនបានស្មើការរកស៊ីចំណេញ មួយថ្ងៃរបស់ក្រុមហ៊ុនឈើរបស់លោកឧកញ៉ាទ្រី ភាពផង ដែលគិតតែច្រកកំពង់ផែកំពង់សោមមួយគឺជាង១០០លាន។
«មួយកុងតឺន័រ វាមាន៥លាន។ អញ្ចឹង៣០កុងតឺន័រយ៉ាងហោចណាស់ក៏ ១៥០លានដុល្លារដែរក្នុង១ថ្ងៃ។ ហើយបើយើងប្រៀបធៀបចំណូលពន្ធដែលបានមកវិញគឺប្រចាំឆ្នាំ២០១៤ត្រឹមតែ១១លាន៩សែនដុល្លារតែប៉ុណ្ណោះ ឬ១២លានចុះ តែប៉ុណ្ណឹង។ វាតិចបំផុតសម្រាប់ចំណូលមកពីបញ្ហាព្រៃឈើនេះ»។
លោកថ្លែងបន្តថា ការបង់ពន្ធមានលក្ខណៈជាការបន្លំ ដូចជាគេព្យាយាមដាក់តម្លៃឈើមានមុខកាត់តិច។ ការកាត់បន្ថយចំនួនពន្ធមានការកែវិក័្កយបត្រជាដើម កែប្រភេទឈើថ្លៃទៅជាឈើមានតម្លៃថោក ដើម្បីគេចពន្ធ។ រឿងនេះ លោកអ៊ូច ឡេងបានអះអាងថា ធ្វើឲ្យកម្ពុជាស្ថិតនៅតែជាប្រទេសក្រីក្រ។
បើតាមឯកសារប្រមូលចំណូលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលVOA ទទួលបាន បានឲ្យដឹងថា ចំណូលសរុបដែលក្រសួងប្រមូលបានពីវិស័យព្រៃឈើគឺមានជាង១៧លានដុល្លារសម្រាប់ឆ្នាំ២០១៤គឺកើនពីជាង១១លានដុល្លារក្នុងឆ្នាំ២០១០ កើនពី១៥លានដុល្លារក្នុងឆ្នាំ២០១១ កើនពី១៥លានដុល្លារ ក្នុងឆ្នាំ២០១២ ហើយនឹងកើនពីជិត១៦លានដុល្លារក្នុងឆ្នាំ២០១៣។ ឯកសារដដែលបញ្ជាក់ដែរថា ការប្រមូលចំណូលពីវិស័យព្រៃឈើសរុបរយៈពេល៥ឆ្នាំគឺមានត្រឹមតែជាង៧៥លានដុល្លារប៉ុណ្ណោះ។
ប្រទេសកម្ពុជាជាប្រទេសក្រីក្រមួយ ដែលនៅពឹងផ្អែកលើប្រាក់កម្ចីពីបរទេសប្រមាណ១ពាន់លានដុល្លារក្នុង១ឆ្នាំៗ។ ពលរដ្ឋជាង២០ភាគរយរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ដែលគេស្តីបន្ទោសថា មកពីបញ្ហាអំពើពុករលួយ ដែលមិនអាចទប់ស្កាត់បាន និងការមិនប្រមូលពន្ធបានត្រឹមត្រូវ។
VOAបានព្យាយាមទាក់ទងក្រុមមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីសុំការអត្ថាធិប្បាយ តែពុំអាចទាក់ទងបាន។ យ៉ាងណាក្តី បើតាមការអះអាងរបស់មន្ត្រីម្នាក់ទទួលបន្ទុកផ្នែកពន្ធដារ បាននិយាយប្រាប់ VOA ក្នុងលក្ខខណ្ឌមិនឲ្យចេញឈ្មោះថា រដ្ឋាភិបាលបានប្រមូលពន្ធបានត្រឹមតែ១ពាន់លានដុល្លារតែប៉ុណ្ណោះ នៅឆ្នាំ២០១៤។ ហើយរដ្ឋាភិបាលកំពុងពង្រឹងវិស័យយកពន្ធឲ្យមានប្រសិទ្ធភាព។ លោកនិយាយថា ក្រុមហ៊ុននានាត្រូវមកបង់ពន្ធរបស់ខ្លួននៅក្នុងខែមិនា ហើយលោកអះអាងថា នឹងមានការផាកពិន័យ បើគេមិនបានបង់ពន្ធត្រឹមត្រូវឬគេចវេសពន្ធ។ មន្ត្រីដដែលបានអះអាងថា ការប្រមូលពន្ធមានការថយចុះបន្តិចដោយសាររដ្ឋាភិបាលអនុញ្ញាតឲ្យមានការនាំចូលសម្ភារៈផលិតដោយមិនគិតពន្ធ។ តែវាមិនប៉ះពាល់ដល់ថវិកាជាតិទេ។
ទោះជាយ៉ាងណាក៏ដោយ លោកតំណាងរាស្ត្រហូរ វ៉ាន់បានអះអាងបន្ថែមថា គណៈកម្មការរបស់លោកមានសំណុំរឿងចំនួន៥២កំពុងត្រូវចាត់ការ ក្នុងនោះរាប់ទាំងរឿងពាក់ព័ន្ធនឹងការចោទប្រកាន់ថា មានអំពើពុករលួយ។ ហើយសំណុំរឿងស្តីពីរបាយការណ៍របស់អង្គការ Global Witness ដែលលោកចាត់ទុកថា ជាព័ត៌មានសម្រាប់ការស្រាវជ្រាវនេះ ក៏មិនលោកអាចព្រងើយកន្តើយដែរ។ លោករំពឹងថា អាជ្ញាធររដ្ឋាភិបាលនឹងសហការអំពីរឿងស៊ើបអង្កេតនេះនៅពេលគណៈកម្មការលោកចាប់ផ្តើមធ្វើកិច្ចការដ៏ស្មុគស្មាញនេះ។
«យើងត្រូវដឹងថា ប្រជាពលរដ្ឋក៏គាត់ដឹងដែរថា ទំហំនេះធំ ហើយពាក្យថា ទំហំធំ ហើយអ្វីដែលយើងធ្វើឧបសគ្គក៏ធំដែរ។ ដូច្នេះបញ្ហានេះ យើងរាយការណ៍ជូន មហាជន ជូនប្រជាពលរដ្ឋម្ចាស់ឆ្នោតវិញ អ្វីដែលយើងស្រាវជ្រាវបានកម្រិតណា? យើងធ្វើបានកម្រិតណា? យើងខ្ញុំតែងតែរាយការណ៍»។
លោកព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ដែលផ្តោតលើការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅកម្ពុជា គាំទ្រឲ្យមានការសួរដេញដោលដោយសភា ដោយលោកបានអះអាងថា គួរតែមានការពិនិត្យមើលរបាយ ការណ៍ហ្នឹងដើម្បីបំភ្លឺ ថាតើរបាយការណ៍នេះពិតឬយ៉ាងណា?
«ហើយកន្លងមកគឺមានការចោទប្រកាន់ មានការរាយការណ៍ជាហូរហែទាក់ទងនឹងការកាប់បំផ្លាញធនធានធម្មជាតិ ជាពិសេសព្រៃឈើ ការនាំឈើចេញខុស ច្បាប់ជាដើមនេះគឺធ្វើឲ្យប្រជាពលរដ្ឋខ្មែរហ្នឹងមានការងឿងឆ្ងល់ ក៏ដូចជាមាន អារម្មណ៍អវិជ្ជមាន។ ដូច្នេះជាឱកាសមួយខ្ញុំថា បើសិនជាមិនមានរឿងហ្នឹងកើត ឡើងទេ អ្នកដែលពាក់ព័ន្ធហ្នឹងគួរតែរៀបចំខ្លួនឆ្លើយបំភ្លឺ ហើយភាគីដែល សួរដេញដោលហ្នឹងគួរតែធ្វើការស៊ើបអង្កេត ផ្ទៀងផ្តាត់ដើម្បីស្វែងរកការណ៍ពិត»។
លោកព្រាប កុលក៏បានអះអាងដែរថា ការបង់ពន្ធរបស់ក្រុមហ៊ុនឈើនេះគួរត្រូវត្រួតពិនិត្យផងដែរ។
«ក្នុងករណីដែលកិច្ចព្រមព្រៀងអាជីវកម្មតម្រូវឲ្យម្ចាស់អាជីវកម្មបង់ពន្ធជូនរដ្ឋ ហើយបើមិនបានបំពេញកាតព្វកិច្ចបង់ពន្ធទៅតាមកិច្ចព្រមព្រៀង ឬក៏មិនតាម ច្បាប់ជូនរដ្ឋទេ មានន័យថា យើងអាចចាត់ថា ជាការឃុបឃិតគ្នាដើម្បីរួចពន្ធ។ វាអាចជារូបភាពមួយនៃអំពើពុករលួយដែរ។ ដូច្នេះវាខាតថវិកាជាតិ។ រូបភាព វាអាចខាតថវិកាជាតិផង ហើយវាអាចជាចំណោទសួរពីរឿងថា តើការកាប់ឈើឬ លក់ឈើទាំងនោះ វាស្របច្បាប់ឬខុសច្បាប់យ៉ាងម៉េច? ដូច្នេះត្រូវតែមានការ ត្រួតពិនិត្យផ្ទៀងផ្ទាត់ ព្រោះបញ្ហានេះជាបញ្ហាធំដែលយើងធ្លាប់បានឮច្រើនដង មកហើយបាទ»។
លោកថា តំណាងរាស្ត្រអាចប្រើអភ័យឯកសិទ្ធិសភារបស់ខ្លួនដើម្បីស្រាវជ្រាវ រឿងនេះងាយស្រួលជាងអង្គការនិងពលរដ្ឋ ទោះបីរឿងនេះពាក់ព័ន្ធនឹងរឿងអ្វីក៏ដោយ។
អំពើពុករលួយត្រូវគេដឹងថា ធ្វើឲ្យបាត់បង់ថវិកាជាតិយ៉ាងតិច៥០០លានដុល្លារក្នុង១ឆ្នាំៗ ហើយធ្វើឲ្យរាំងស្ទះដល់ការកាត់បន្ថយភាពក្រីក្រនិងរាំងស្ទះការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ហើយនឹងការអភិវឌ្ឍប្រទេស។
ពលរដ្ឋកម្ពុជាជាង៧៧ម៉ឺននាក់ត្រូវគេប៉ាន់ប្រមាណថា បានរងផលប៉ះពាល់ដោយសារការរំលោភបំពានដីធ្លីក្នុងប្រទេសកម្ពុជាក្នុងរយៈពេលជិត១ទសវត្សរ៍ ចុងក្រោយនេះ ដែលត្រូវគេមើលឃើញថា គ្មានប្រព័ន្ធណាមួយក្នុងរដ្ឋាភិបាល អាចរកដំណោះស្រាយបញ្ហានេះជូនពលរដ្ឋបានទេ។ ហើយព្រៃឈើយ៉ាងច្រើនត្រូវគេអះអាងថា ត្រូវវិនាសហិនហោចអស់ ដោយសារការផ្តល់សម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនិងការអនុញ្ញាតឲ្យកាប់ឈើគ្មានតម្លាភាព៕