ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ផ្លូវ​ មាន​កង្វល់​សម្រាប់​អ្នក​ស្រុក​ខេត្ត​មណ្ឌលគីរី


បុរស​ម្នាក់​ជិះ​ម៉ូតូ​លើ​ផ្លូវ​ដី​ក្រហម​មួយ​ ក្នុង​ស្រុក​ពេជ្រាដា​ ក្នុង​ខេត្ត​មណ្ឌល​គិរី ​ថ្ងៃ​ទី១០​ ខែ​មីនា ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា​/VOA)
បុរស​ម្នាក់​ជិះ​ម៉ូតូ​លើ​ផ្លូវ​ដី​ក្រហម​មួយ​ ក្នុង​ស្រុក​ពេជ្រាដា​ ក្នុង​ខេត្ត​មណ្ឌល​គិរី ​ថ្ងៃ​ទី១០​ ខែ​មីនា ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា​/VOA)

អ្នក​ស្រុក​ខេត្ត​មណ្ឌលគីរី​សង្ឃឹម​ថា ផ្លូវ​ថ្មី​នឹង​នាំ​មក​នូវ​ឲ្យជីវភាព​របស់​ពួក​គាត់​ប្រសើរ​ឡើង​ តែ​ទន្ទឹម​នឹង​នោះ​ ពួក​គាត់ក៏​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ការពារ​សហគមន៍​របស់​ពួកគាត់​ពី​ការ​អភិវឌ្ឍ​ដែល​អាច​នាំ​ឲ្យមាន​ផល​ប៉ះពាល់​ទៅ​លើ​សហគមន៍​ផង​ដែរ។​

ផ្លូវ​ថ្មី​ដែល​នឹង​មាន​ប្រវែង​ប្រមាណ​ជា​៦៧​គីឡូម៉ែត្រ​នឹង​កាត់​តាម​ដី​ព្រៃ​សហគមន៍​របស់​ជនជាតិ​ដើម​ភាគ​តិច​ដែល​បារម្ភ​ថា ​ជីវិត​បែប​ប្រពៃណី​របស់​ពួក​គាត់​នឹង​ត្រូវ​រង​ការ​ប៉ះពាល់​ដោយ​សារ​ផ្លូវ​នេះ​ ដែល​កាត់​តាម​ភាគ​ឦសាន​នៃ​ខេត្ត​មណ្ឌលគីរី​ឆ្ពោះ​ទៅ​កាន់​ប្រទេស​វៀតណាម។​

ប៉ុន្មាន​សប្តាហ៍​មុន ​ប្រជា​ពលរដ្ឋ​មួយ​ក្រុម​តូច​បាន​ប្រមូល​ផ្តុំគ្នានៅ​ក្នុង​ភូមិ​មួយ​នៅ​ក្នុង​ស្រុក​ពេជ្រាដា​ដើម្បី​ពិភាក្សា​រក​មធ្យោបាយ​ដើម្បី​កែ​លម្អ​ជីវភាព​រស់នៅ​របស់​សហគមន៍​របស់​ពួក​គាត់​ និង​ការ​ការពារ​សហគមន៍​របស់​ពួក​គេ។ ​ប្រសិន​បើ​ផ្លូវ​នេះ​ត្រូវ​បាន​គេ​សាងសង់​ ផ្លូវ​នេះនឹង​កាត់​តាម​ព្រៃ​ឈើ​របស់​ពួក​គាត់​ដែល​ជា​ជម្រកសត្វ​ព្រៃ​ និង​ធនធាន​ផ្សេង​ទៀត​ដែល​ជួយ​សម្រួស​ដល់​ការ​រក​កម្រៃ​សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​នៅ​ទីនេះ។​

លោក​ចាំង ​សារិន ​ដែល​ជា​អនុប្រធាន​ភូមិ​មួយ​នៅ​ឃុំ​ក្រង់តេះ​ បាន​និយាយ​អំពី​គម្រោង​ផ្លូវ​នោះ​ថា៖​ «ប្រធាន​មិន​បានឱ្យ​ខ្ញុំ​បាន​ដឹង​អំពី​គម្រោង​នេះ​ទេ»។​

លោក​បាន​បន្ថែម​ថា៖​«វា​នឹង​ប៉ះពាល់​ដល់​សត្វ​ឃ្មុំ​ និង​សត្វ​ព្រៃ​ដទៃ​ទៀត​ ដូច​ជា​ក្របី​ព្រៃ​ សត្វ​ខ្ទីង​ សត្វ​ទន្សោង​ និង​សត្វ​ព្រៃ​ដទៃ​ទៀត​ដែល​រស់​នៅ​ក្នុង​តំបន់​ការពារ​នោះ។ ​វា​ជា​ព្រៃ​របស់​សហគមន៍»។​

លោក​ក្រាស់ ​តឺញ​ ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​និង​មេ​ដឹក​នាំ​ម្នាក់​របស់​សហគមន៍​ បាន​ថ្លែង​ថា ​លោក​មាន​ការ​ព្រួយ​បារម្ភ​ថា​ប្រជា​ពលរដ្ឋ​នៅ​ទី​នោះ​នឹង​បាត់បង់​ប្រភព​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ប្រសិន​បើ​ការ​សាងសង់​ផ្លូវ​បំផ្លាញ​ព្រៃ​ឈើ​ច្រើន​ពេក។​ ប្រភព​ចំណូល​ទាំង​នោះ​រួមមាន​ការ​ប្រមូល​ផ្តៅ ​និង​វល្លិ។

លោក​ឈិ​ត ​សំអាត ​នាយក​ប្រចាំ​ប្រទេស​កម្ពុជា​របស់​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក​ (WWF) ​បាន​និយាយ​ថា​ ប្រសិន​បើ​ព្រៃ​ឈើ​ត្រូវ​បាន​កាប់​ឆ្ការ​ដើម្បី​ធ្វើ​ផ្លូវ​ នោះ​វា​អាច​នាំ​ឱ្យ​មាន​ការ​កាប់​ឈើ​ខុស​ច្បាប់​និង​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ជា​ច្រើន​ទៀត​ ហើយ​វា​នឹង​ឲ្យមាន​ការ​ខូច​ខាត​អេកូឡូស៊ី។​

លោក​ឈិត ​សំអាត​បាន​មាន​ប្រសាសន៍​ថា៖ ​«ផ្លូវ​នេះ​នឹង​កាត់​ព្រៃ​ការពារនៅខេត្តមណ្ឌលគីរី​ កាត់​តំបន់​ស្នូល ​និង​តំបន់​ទ្រនាប់»។​

លោក​បាន​បន្ថែម​ថា៖​«តំបន់​នេះ​គឺ​ជា​តំបន់​ដែលមាន​សត្វ​ដំរី​ សត្វ​ខ្ទីង​ និង​ទន្សោង​ដែល​រស់​នៅ​ទី​នោះ។ ​អញ្ជឹង​យើង​មាន​ការ​ព្រួយ​បារម្ភ​ប្រសិន​បើ​ផ្លូវ​នេះត្រូវ​សាង​សង់​ឡើង»។​

លោក​បាន​បន្ថែម​ថា៖​«ខ្ញុំ​ថា ​ផ្លូវ​ហ្នឹង​មិន​ចាំ​បាច់សាង​សង់​ទេ។​ ការ​សាងសង់​អាច​ទទួល​នូវ​ការ​អវិជ្ជមាន​ច្រើន ​ដោយសារ​ទីមួយ​ វា​អាច​បង្កើន​ការ​កាប់​ឈើ​ខុស​ច្បាប់​ បង្កើន​ការ​នាំ​សត្វ​ព្រៃ​ចេញ។ ​ការ​ជួញ​ដូរ​សត្វ​ព្រៃ​នឹង​ធ្វើ​ឲ្យប៉ះ​ពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ផ្សេងៗ​ទៀត»។​

លោក​បាន​បន្ថែម​ថា៖ ​«វា​គឺ​ជា​តំបន់​មួយ​ដែល​មាន​សក្តានុពល​ទទួល​ស្គាល់​នៅ​លើ​ពិភពលោក​ ជាពិសេស​ការ​នាំ​វត្តមាន​ខ្លា​ធំ​មក​វិញ​ ហើយ​និង​មានជីវចម្រុះសម្បូរបែប​នៅ​ក្នុង​តំបន់​នោះ»។​

ក្រៅ​ពី​នេះ ​លោក​បាន​ថ្លែង​ថា​ ​មិន​ចាំបាច់សាងសង់​ផ្លូវ​នេះ​ទេ ​ដោយ​សារ​មាន​ផ្លូវ​រួច​ទៅ​ហើយ​ដើម្បី​ភ្ជាប់​ខេត្ត​មណ្ឌលគីរី​ទៅ​ខេត្ត​ដាឡាត់​នៅ​ក្នុង​ប្រទេស​វៀតណាម។​

លោក​បាន​និយាយ​ថា៖​ «ផ្លូវ​សម្រាប់​តភ្ជាប់​ខេត្ត​រតនគីរី​ទៅ​វៀតណាម​វា​មាន​បួន​រួច​ទៅ​ហើយ»។​

អ្នក​ភូមិ​ដែល​រស់​នៅ​ក្នុង​ស្រុក​ពេជ្រាដា​បាន​និយាយ​ថា​ ផ្លូវ​នេះ​អាច​បំផ្លាញ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។​ ហើយ​ពួក​គេ​មាន​ការ​ខក​ចិត្ត​ដែល​ពួក​គេ​មិន​ត្រូវ​បាន​ជូន​ដំណឹង​អំពី​គម្រោង​សាងសង់​ផ្លូវ​នេះ។​

លោក​ទើន​ លើព​ អ្នក​ដឹកនាំសហគមន៍​ព្រៃឈើ​នៅ​ឃុំ​ក្រង់តេះ ​បាន​និយាយ​ថា ​លោក​ដឹង​ច្បាស់​ថា​ ផ្លូវ​នេះ​នឹង​មាន​អត្ថ​ប្រយោជន៍​ច្រើន​ទៅ​អ្នក​ក្រៅ​តំបន់​ ឬ​អ្នក​ជំនួញ​ជាជាង​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ទី​នោះ។​ ផ្លូវ​កាន់​តែ​ច្រើន​មាន​ន័យ​ថា​ នឹង​មាន​សំឡេង​រំខាន​កាន់​តែ​ច្រើន ​ហើយ​សំឡេង​នោះ​នឹង​ធ្វើ​ឲ្យសត្វ​ព្រៃ​ផ្អើល។​

គាត់​បាន​និយាយ​ថា៖​«ផ្លូវ​កាន់​តែ​ធំ​ បញ្ហា​មាន​កាន់​តែ​ច្រើន។​ ​អត្ថប្រយោជន៍​សម្រាប់​អ្នក​ក្នុង​ស្រុក​ក្នុង​ការ​ធ្វើ​ដំណើរ​នេះ​គឺ​មាន​មិន​ច្រើន​ទេ​ ប៉ុន្តែ​ភាគ​ច្រើន​នឹង​បាន​ទៅ​លើ​អ្នក​ជួញ​ដូរ​ និង​ក្រុម​ហ៊ុន​ស្វែង​រក​រ៉ែ​ជា​ដើម»។​

ផ្លូវ​នេះ​មិន​មាន​ការ​គាំទ្រ​ពី​ប្រជាជន​មួយ​ចំនួន​ បើ​ទោះ​បី​ជា​មិន​មាន​ព័ត៌មាន​ច្បាស់​អំពី​ផល​អវិជ្ជមាន​នៃ​ការ​សាងសង់​ផ្លូវ​នៅ​ពេល​អនាគត​ក៏​ដោយ។​

លោក​ត្រឹក ផុន ​មេ​ឃុំ​ក្រង់តេះ​ បាន​ឱ្យ​ដឹង​ថា ​គាត់​មិន​ត្រូវ​បាន​គេ​ជូន​ដំណឹង​អំពី​គម្រោង​សាងសង់​ផ្លូវ​នោះ​ទេ ​ប៉ុន្តែ​លោក​បាន​និយាយ​ថា ​វា​មាន​ការ​ចាំបាច់​តម្រូវ​ឲ្យមាន​ផ្លូវ​នៅ​ទី​នេះ​ដើម្បីអភិវឌ្ឍ។​

លោក​បាន​និយាយ​ថា៖​ «វា​មិន​មែន​ជា​គម្រោង​ថ្នាក់​ឃុំ​ទេ។ ​វា​ជា​គម្រោង​រវាង​រដ្ឋាភិបាល​ និង​ក្រៅ​ប្រទេស។ វា​ជា​ការងារ​នៅ​ថ្នាក់​ខេត្ត​និង​ថ្នាក់​ជាតិ»។​

លោក​ ស្វាយ ​សំអ៊ាង ​អភិបាល​រង​ខេត្តមណ្ឌលគីរី​ បាន​ឱ្យ​ដឹង​ថា​ ផ្លូវ​នេះ​ត្រូវ​ការ​ដើម្បី​ភ្ជាប់​ទៅ​ខេត្ត​ដាឡាត់​នៅ​ក្នុង​ប្រទេស​វៀតណាម ​និង​ខេត្ត​មណ្ឌលគីរី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ជំរុញ​ពាណិជ្ជ​កម្ម​រវាង​ខេត្ត​ទាំង​ពីរ។​

លោក​បាន​និយាយ​ថា៖​ «ជា​មួយ​ដាឡាត់​ យើង​មិន​ទាន់​មាន​ផ្លូវ​ភ្ជាប់​នៅ​ឡើយ​ទេ»។​

លោក​បាន​បន្ថែម​ថា​ ផ្លូវ​នេះ​នឹង​ត្រូវ​សាង​សង់​ឡើង​ ដោយ​មាន​ការ​សិក្សា​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ទៅ​លើ​ព្រៃ​នៅ​តំបន់​នោះ​ឲ្យមានទាប​បំផុត។

លោក​បាន​និយាយ​ថា៖​«វា​នឹង​មាន​ការ​ប៉ះពាល់។ ​ប៉ុន្តែ​យើង​កំពុង​សិក្សា​ដើម្បី​ជៀសវាង​ផល​ប៉ះពាល់​អវិជ្ជមាន»។​

សម្រាប់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​ទីនេះ​ ផ្លូវ​នេះ​អាច​ជា​រឿង​ល្អ​មួយ​សម្រាប់ពួក​គេ។ អ្នកស្រី​ហ៊ីម ​ស្រស់​ ដែល​ជា​ប្រជា​ពលរដ្ឋ​ម្នាក់​រស់​នៅ​ក្នុង​ឃុំ​ពោធិ៍ជ្រៃ​ក្បែរ​នោះ​ បាន​និយាយ​ថា​ គាត់​មាន​ការ​សប្បាយ​រីករាយ​ដែល​ផ្លូវ​ថ្នល់​នឹង​ត្រូវ​បាន​គេ​សាងសង់​ ដែល​រឿង​ល្អ​សម្រាប់​កូន​របស់​គាត់​ទៅ​សាលា​រៀន។ ​ប៉ុន្តែ​គាត់​មិន​ប្រាកដ​ទេ​ថា ​ទន្ទឹម​នឹង​ពេល​បាន​ផ្លូវ​ថ្នល់​នេះ​ តើ​សហគមន៍​របស់​គាត់​នឹង​បាត់បង់​អ្វី​ខ្លះ។​

គាត់​បាន​និយាយ​ថា៖ ​«ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត ​ពី​ព្រោះ​កូន​របស់​ខ្ញុំ​ត្រូវ​ទៅ​សាលា​រៀន។ ​ប៉ុន្តែ​ខ្ញុំ​ក៏​បារម្ភ​ដែរ​ថា​ វា​អាច​នឹង​មិន​មាន​ភ្លៀង ​ប្រសិន​បើ​មិន​មាន​ដើម​ឈើ។ ​ប្រសិន​បើ​មិន​មាន​ដើម​ឈើ​ វា​នឹង​លំបាក​សម្រាប់​ពួក​យើង»។​

លោក​សន្និដ្ឋានថា​ ផ្លូវនេះ​ប្រហែល​មិន​គួរសាងសង់​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG