ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​មិន​សម្រេច​បាន​ទាំង​ស្រុង​លើ​គោលដៅ​ការពារ​បរិស្ថាន

  • ម៉ែន គឹមសេង

ព្រៃឈើត្រូវបានកាប់ដើម្បីធ្វើដីសម្បទាននៅក្នុងខេត្តរតនគីរីនៃប្រទេសកម្ពុជានៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)

ការសន្យា​ថែរក្សា​គម្រប​ព្រៃឈើ​របស់​កម្ពុជា​ឱ្យ​នៅ​សល់​៦០​ភាគរយ​បាន​បរាជ័យ​ព្រោះ​ធនធានធម្មជាតិ​នេះ​កាន់​តែ​រិចរិល​ជាង​មុន​ដោយ​សារ​សកម្មភាព​កាប់​បំផ្លាញ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ។

កាលពី​ឆ្នាំ​២០០០ ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្ដេជ្ញា​ថា​នឹង​រក្សា​គម្រប​ព្រៃឈើ​ឱ្យ​នៅ​ថេរ​ក្នុង​កម្រិត​៦០​ភាគរយ​រហូត​ដល់​ឆ្នាំ​២០១៥​តាម​គោលដៅ«​ធានា​ចីរភាព​បរិស្ថាន»ដែល​ជា​គោលដៅ​ទី៧​នៃគោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា។​

ប៉ុន្តែ​យោង​តាម​របាយការណ៍​មួយ​ចេញ​ផ្សាយ​កាលពី​ដើម​ឆ្នាំ​២០១៥​នេះដោយ​សាកលវិទ្យាល័យ ​Maryland ​ របស់​សហរដ្ឋ​អាមេរិក​ដោយ​ផ្អែក​តាម​ទិន្នន័យ​ដែល​បាន​ផ្តល់​ដោយ​ប្រព័ន្ធ​ផ្សាយ​រណប​បានបញ្ជាក់​ថា​ព្រៃ​ឈើ​ប្រទេស​កម្ពុជា​បាន​បាត់​បង់​ប្រមាណ​៧,១​ភាគរយចាប់​តាំង​ពី​ឆ្នាំ​២០០០​រហូត​ដល់​ឆ្នាំ​២០១២។​

រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ទទួល​ស្គាល់​ពី​ការ​ប្រែប្រួល​នេះ​ដែរ​ប៉ុន្តែ​អះអាង​ថា ​វា​មិន​បាត់​បង់​អស់​ច្រើនដូច​អ្វី​ដែល​សាកលវិទ្យាល័យ​នោះ​បាន​រក​ឃើញ​ទេ។

លោក​ ឆេង គឹមស្រ៊ុន ​ប្រធាន​រដ្ឋបាល​ព្រៃឈើ​បាន​បញ្ជាក់​ប្រាប់ ​VOA ​ថា៖

«ខ្ញុំ​មាន​ទិន្នន័យ​ក្នុង​ដៃ​ជា​ផ្លូវការ​ក្នុង​គម្រប​ព្រៃ​ឈើ​នៅ ឆ្នាំ​២០១០​នៅសល់​៥៧,០៧ភាគរយ​ហើយ​គម្រប​ព្រៃឈើ​នេះ​មាន​ការ​ផ្ទៀងផ្ទាត់​ដោយ​ភាគី​ទីបី​គឺ​សាកលវិទ្យាល័យ​កូប៉ិនហាក (Copenhagen)»។​

លោក​ឆេង គឹមស្រ៊ុន ​បញ្ជាក់​ថា​កម្ពុជា​នៅ​មិន​ទាន់​ធ្វើ​ផែនទី​ថ្មី​ទៀត​ទេ​ព្រោះ​តាម​លក្ខណៈ​បច្ចេកទេស​គឺ​ធ្វើ​ជា​រៀងរាល់​ប្រាំ​ឆ្នាំ​ម្តង​ហើយ​នៅ​ឆ្នាំ​២០១៦​អាច​នឹង​មាន​ទិន្នន័យ​ថ្មី​ដែល​អាច​នឹង​មាន​ទំហំ​ព្រៃឈើ​ច្រើន​ជាង​មុន​ឬ​តិច​ជាង​មុន​ទៅ​តាម​ការវិវត្តន៍​នៃ​ព្រៃ​ធម្មជាតិ​និង​ព្រៃ​ប្រភេទឈើ​ដាំ។

លោក​បាន​បន្ថែម​ថា៖

«បញ្ហា​ការ​បាត់​បង់​គម្រប​ព្រៃឈើ​មិន​មែន​ជា​ការ​បាត់​បង់​ទេ​គ្រាន់តែ​ជា​ការ​ប្រែប្រួល។ ខ្ញុំ​សូម​លើកឧទាហរណ៍​ជាក់​ស្តែង​ដូចជា​ខាង​តំបន់​ទំរីង​កាលពី​ដើម​ទសវត្សរ៍​២០០០​រដ្ឋាភិបាល​បាន​ធ្វើការ​ប្រែក្លាយ​ព្រៃ​រិចរិល​មួយ​ចំនួន​ដែល​ជា​អតីត​បុស​ចាស់។ បាន​ន័យ​ថា​ចម្ការ​ជំនាន់​ ប៉ុល ពត ​អត់​មាន​ឈើ​ដែល​មាន​តម្លៃ​ទេ។ វា​គ្រាន់​តែ​មាន​លក្ខណៈ​ឈើ​តូចៗ​បានន័យ​ថា​ព្រៃ​រិចរិល។ អញ្ចឹង​យើង​បាន​ធ្វើការ​កែប្រែ​ដីវិញ​ដោយ​យើង​ធ្វើ​ការ​ដាំ​កៅស៊ូ។ កៅស៊ូ​គឺ​ជា​រុក្ខជាតិ​ឈើ​មួយ​ដែរ​ហើយ​ស្ថិតនៅ​ក្នុង​និយម​គឺ​ថា​ប្រភេទ​ឈើ​ដាំ។ ឥឡូវ​នេះ​តំបន់​ទំរីង​បាន​ក្លាយ​ជា​តំបន់​ព្រៃឈើ​មកវិញ​ហើយ​យើង​បាន​ឃើញច្បាស់​នៅ​លើ​ Satellite ។ អញ្ចឹង​អត់​មាន​អ្វី​ជា​អាថ៌កំបាំង​ទេ​នៅ​លើ​លោក​យើង​នេះ‍»។

គោលដៅ​ទី៧​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា​ដែល​រដ្ឋាភិបាល​សន្យា​ធ្វើ​ឱ្យ​សម្រេច​បាន​នៅ​ឆ្នាំ​នេះ​ក៏​មាន​បញ្ចូល​ការ​អភិរក្ស​ព្រៃ​ឈើ ​ការ​ផ្តល់​ទឹក​ស្អាត​ដល់​ពលរដ្ឋ​ប្រើ​ប្រាស់ ​អនាម័យ​ជនបទ ​និង​ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ជាដើម។

ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទូទាំង​ប្រទេស​ឱ្យ​បាន​ដល់​៦៥​ភាគរយ​នៅ​ឆ្នាំ២០១៥​បាន​បរាជ័យ​ដោយ​រដ្ឋាភិបាល​បាន​សម្រេច​សម្រួល​មក​គោលដៅ​ថ្មី​តែ​៤៣ភាគរយ​វិញ។ នេះ​បើ​តាម​របាយការណ៍​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា​ចេញផ្សាយ​ឆ្នាំ​២០១៤។ ប៉ុន្តែ​តួលេខ​ចុងក្រោយ​ថា​នឹង​សម្រេច​បាន​តាម​គោលដៅ​កែប្រែ​ថ្មី​នេះ​ឬ​យ៉ាង​ណា​គឺ​នៅមិន​ទាន់​ដឹង​ច្បាស់​លាស់​នៅ​ឡើយ​ទេ​បើ​ទោះបី​ជា​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់ ​អះអាង​ថា​បាន​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​ដល់​ដៃ​ប្រជាពលរដ្ឋ​ចំនួន​សរុប​ជាង​៣លាន៨សែនប័ណ្ណ​ក៏ដោយ។

ប៉ុន្តែ​ក្រសួង​មិនបាន​រៀបរាប់​ពី​ចំនួន​ពលរដ្ឋ​ជាង​៧៧០.០០០នាក់​ដែល​អង្គការ​សិទ្ធិមនុស្ស​រាយការណ៍​ថា​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ទី​លំនៅដ្ឋាន​ដោយសារ​ការ​អភិវឌ្ឍ​ទេ។

លោក អំ សំអាត​ ប្រធាន​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​បញ្ជាក់​ថា​ចំនួន​ជនរងគ្រោះ​ដោយសារទំនាស់​ដីធ្លី​នៅ​តែ​កើន​ឡើង​ច្រើន​ជាង​ឆ្នាំ​មុនៗ​ដោយ​សារ​តែ​បញ្ហាការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​យឺតយ៉ាវ ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ចអ្នកមាន​អំណាចរំលោភ​ដីធ្លី​ប្រជា​ពលរដ្ឋ ​និង ​យន្តការ​ដោះស្រាយ​ទំនាស់​មិន​មាន​ប្រសិទ្ធភាពជាដើម។

លោក​បាន​បន្ថែម​ថា៖

«ទោះបី​ជា​បច្ចុប្បន្ន​យើង​ឃើញ​ថា​គណបក្ស​ទាំងពីរ​បាន​ធ្វើការ​រួមគ្នា​នៅ​ក្នុង​រដ្ឋ​សភា​ហើយ​មាន​គណៈកម្មការ​ទី​មួយ​ជា​គណៈកម្មការ​ទទួល​ពាក្យ​បណ្តឹង​ ការពារ​សិទ្ធិមនុស្ស​និង​ទំនាក់​ទំនង​រដ្ឋសភា​ព្រឹទ្ធសភា​ក្តី​ ក៏បញ្ហា​នៃ​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ​នៅ​តែ​ជា​បញ្ហា​ក្តៅ​គគុក​នៅ​ឡើយ‍»។​

គ្រាន់តែ​នៅ​ក្នុង​ឆ្នាំ ២០១៤ ​អង្គការ ​លីកាដូ ​បាន​រក​ឃើញ​ថា​មាន​គ្រួសារ​ចំនួន​ ១០.៦២៥ ​គ្រួសារ​ ឬ​ពលរដ្ឋ​ចំនួនប្រហែល​ ៤៩.៥១៩ ​នាក់ ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ជម្លោះ​ដីធ្លី។ អង្គការ​នេះ​បន្ថែម​ថា​ចំនួន​នេះជា​ការ​កើន​ឡើង​បីដង​នៃ​ចំនួន​គ្រួសារ​ដែល​ទើប​ទទួល​រង​ផល​ប៉ះពាល់​ថ្មី​ ដោយសារ​ជម្លោះ​ដីធ្លី​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៤ ​ដោយ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ២០១៣។

លោកស្រី យ៉ោម បុប្ផា ​ជនរងគ្រោះ​ដោយ​សារ​បញ្ហា​ដីធ្លី​នៅ​តំបន់​បឹងកក់ដែល​បាន​ប្រែក្លាយ​ជា​សកម្មជនដីធ្លី​ដ៏​ល្បី​ឈ្មោះ​បាន​បញ្ជាក់​ថា​ករណី​របស់​តំបន់​បឹង​កក់​ដែល​នៅ ​បន្ត​រ៉ាំរ៉ៃគឺ ​រដ្ឋាភិបាលមិនមាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ ​និង​មាន​អំពើពុករលួយ​ក្នុង​ការ​បែងចែក​ដី។ ដើម្បី​ជៀសវាង​ជម្លោះដីធ្លី​នេះ​កាន់​តែ​រីកធំ​ឡើង ​លោក​ស្រី​បាន​ផ្តល់​យោបល់​ថា៖

«ទី​មួយ​ត្រូវ​ផ្តល់​ប្លង់​កម្មសិទ្ធិ​ឱ្យ​ពួកគាត់​ដែល​មាន​បញ្ហា​ដីធ្លី​ឱ្យ​បាន​គ្រប់ៗគ្នា​ទៅ។ ហើយ​ដីសម្បទាន​ត្រូវ​ពិនិត្យ​ថា​តើ​មាន​រំលោភ​បំពាន​ដី​របស់​ប្រជាពលរដ្ឋ​ឬ​អត់? ក្រុមហ៊ុន​នោះ​មាន​ធ្វើ​ខុស​កិច្ចសន្យា​ឬ​អត់​ដើម្បី ​ជៀសវាង​ជម្លោះ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​។ ហើយ​ពេល​ប្រជាពលរដ្ឋ​គាត់​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​អស់​គាត់​អាច​ប្រកប​និង​ពង្រីក​មុខ​របរ​គាត់​ឬ​ក៏​អាច​ដាំដំណាំ​ធ្វើ​ឱ្យ​ជីវភាព​គាត់​កាន់​តែល្អ​ថែម​ទៀត​ដោយសារ​គាត់​មាន​ប្លង់​កម្មសិទ្ធិ​ដែល​ទទួល​ស្គាល់​ដោយ​ច្បាប់។ ហើយ​មួយ​ទៀត​ដែរ​ខ្ញុំ​សូម​ឱ្យ​រដ្ឋាភិបាល​សិក្សា​ឱ្យ​ច្បាស់​ជៀសវាង​យក​ប្រជាពលរដ្ឋ​ទៅ​ចាក់​ចោល​នៅ ​តំបន់​មួយ​ថ្មី ​ទៀត​ដែល​ធ្វើ​ឱ្យ​គាត់​វេទនា​គាត់​មក​ទាមទារ។ នេះ​ជា​គំរូ​មួយ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ដែរ។ ឧទាហរណ៍​ដូច​ជា​អ្នក​អតីត​បឹងកក់​អញ្ចឹង»។

អ្វី​ដែល​ជា​ការគួរ​ឱ្យ​សង្ឃឹម​គឺ​ការ​ខិតខំ​ធ្វើ​ឱ្យ​ប្រជាជន​រស់នៅ​ទីប្រជុំជន​ចំនួន​៨០ភាគរយ​មាន​ទឹក​ស្អាត​ប្រើប្រាស់​គឺ​សម្រេច​បាន​មុន​គោលដៅ​កំណត់​ចំនួន​បួន​ឆ្នាំ។ ប៉ុន្តែ​នៅ​តាម​ទី​ជនបទ​នៅ មាន​បញ្ហា​នៅឡើយ​ដោយ​ពលរដ្ឋ​នៅ​ប្រើ​ប្រាស់​ប្រភព​ទឹក​តាម​បែប​បុរាណ​ដដែល។

លោកស្រី​ មៀច សុធារី ​អគ្គលេខាធិការ​សមាគម​នារី​កម្ពុជា​សន្តិភាព​និង​អភិវឌ្ឍន៍​បាន​បញ្ជាក់​ថា

«នៅ​តំបន់​មួយ​ចំនួន​ដែល​យើង​មិន​អាច​ផ្តល់​ឱ្យ​គាត់​បាន​គ្រប់​គ្រាន់​នោះ​ នៅ ពេល​ខ្វះ​ខាត​គាត់​ប្រើ​អណ្តូង​ដៃ​...អ្នកខ្លះ​ក៏​នៅ​ប្រើ​ទឹក​ទន្លេ​ អ្នក​ខ្លះ​នៅ​ប្រើ​ទឹក​បឹង​ ទឹក​ត្រពាំង​ដែល​គាត់​ជីកនៅ​ក្បែរៗ​ផ្ទះ​ ហើយ​ខ្លះ​ក៏ប្រើ​ទឹកភ្លៀង‍»។​

រីឯ​លើ​ផ្នែក​អភិរក្ស​ព្រៃ​ឈើ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​វិជ្ជមាន​ក្នុង​ការ​រក្សា​តំបន់​អភិរក្ស​ឱ្យ​បាន​ចំនួន​២៣​តំបន់​រហូតដល់​ឆ្នាំ​២០១៥​នេះ។​ នេះ​បើ​តាម​ការ​លើកឡើង​ក្នុង​របាយការណ៍​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា​ចេញផ្សាយ​កាលពី​ឆ្នាំ​២០១៤។ ប៉ុន្តែបាន​បរាជ័យ​ក្នុង​ការ​ធ្វើ​ឱ្យ​បាន​តាម​ការ​ប្តេជ្ញា​ថា​នឹង​រក្សា​មន្ត្រី​អភិរក្ស​ការពារ​ព្រៃឈើ​ឱ្យ​នៅ​ចំនួន​៥០០​នាក់​ដោយ​ធ្លាក់​មក​នៅ​ចំនួន​៣១៥នាក់​ហើយ​ចំនួន​មន្ត្រី​អភិរក្ស​តំបន់​ការពារ​មាន​តែ​៩៦០នាក់​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១២​ដែល​ជា​ការ​ខកខាន​មិន​សម្រេច​បាន​តាម​គោលដៅ​ដែលចង់​បាន​ចំនួន​១.២០០​នាក់។

របាយការណ៍​នេះ​ក៏បាន​បន្ថែម​ថា​កម្ពុជា​ក៏​ទំនង​ជា​មិន​អាច​សម្រេច​បាន​ការកាត់​បន្ថយ​ការប្រើ​ប្រាស់​អុស ​និង​ធ្យូង​សម្រាប់​ចម្អិន​អាហារ​តាម​ចំណុច​ដៅ​បាន​ទេ។

មន្ត្រី​ក្រសួង​បរិស្ថាន​បាន​បដិសេធ​មិន​ព្រម​ឆ្លើយ​តប​នៅ​ពេល​ដែល​ VOA​ ព្យាយាម​ទាក់ទង​ដើម្បី​ចង់​បាន​ព័ត៌មាន​និង​តួលេខ​ចុងក្រោយ​និង​ផល​ប៉ះពាល់​មក​លើ​ការ​អភិរក្ស​ព្រៃឈើ៕

XS
SM
MD
LG