ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​បន្ត​ផ្តល់​អាជ្ញាប័ណ្ណ​ដី​សម្បទាន​នឹង​ធ្វើ​ឲ្យ​មាន​មហន្តរាយ​ព្រៃឈើ​កម្ពុជា

  • សុខ ខេមរា

លោក អ៊ូច ឡេង អ្នក​ឃ្លាំ​មើល​បញ្ហា​ធនធាន​ធម្មជាតិ​និង​បរិស្ថាន​ក្នុង​ប្រទេស​កម្ពុជា ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​ផល​ប៉ះពាល់​នៃ​ការ​ហិនហោច​នៃ​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​ពិសេស​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

ក្រុម​អ្នក​ឃ្លាំ​មើល​ធនធាន​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា​និយាយ​ថា​ ប្រសិន​បើ​រដ្ឋាភិបាល​នៅ​តែ​ការពារ​ក្រុមហ៊ុន​ឯកជន​ឲ្យ​បន្ត​កាប់​ឈើ​ខុស​ច្បាប់​និង​ដឹក​ចេញ​ទៅ​លក់​ទីផ្សារ​អន្តរជាតិ​ នោះ​ព្រៃឈើ​កម្ពុជា​នឹង​ជួប​គ្រោះ​មហន្តរាយ​ ហើយ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​សម្រាប់​ប្រទេស​និង​ពលរដ្ឋ​ទាំងមូល។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ អ៊ូច ឡេង ​អ្នក​ឃ្លាំមើល​បញ្ហា​ធន​ធាន​ធម្មជាតិ​និង​បរិស្ថាន​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​វាគ្មិន​នៃ​កម្មវិធី​ហេឡូវីអូអេ​ពិសេស​កាល​ពី​យប់​ថ្ងៃ​អង្គារ​ទី១០ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

លោក​ អ៊ូច ឡេង ថ្លែង​ថា​ បញ្ហា​ចម្បង​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​គឺ​ការ​ផ្តល់​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន​និង​ការ​ខកខាន​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​កាប់​ព្រៃឈើ។

លោក​ថ្លែង​ថា​ កម្ពុជា​មាន​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​យ៉ាង​ខ្លាំង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ដោយសារ​ទឹក​ជំនន់​ អាកាសធាតុ​ប្រែប្រួល​ក្តៅ​ខ្លាំង​ គ្រោះ​រាំង​ស្ងួត ​និង​ការ​ស្លាប់​មនុស្ស​ដោយសារ​ទឹក​ជំនន់​ជាង​២០០​នាក់​ និង​ស្លាប់​ដោយសារ​រន្ទះ​បាញ់​ជា​ច្រើន​ផង​ដែរ។

លោក​បាន​បន្ថែម​ថា ​រដ្ឋាភិបាល​ត្រូវ​តែ​ងាក​ចេញ​ពី​ការ​គាំទ្រ​ក្រុមហ៊ុន​មក​គិត​ពី​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​វិញ​ព្រោះ​បើ​មិន​ដូច្នោះ​ទេ​ រដ្ឋាភិបាល​នេះ​នឹង​ត្រូវ​គេ ឃើញ​ថា​ គ្មាន​ប្រជាធិបតេយ្យ​យក​ប្រជាពលរដ្ឋ​ជា​ធំ​ទេ​ បើ​សិន​ណា​ជា​នៅ​គាំទ្រ​ ការពារ​ក្រុមហ៊ុន​នោះ៕

XS
SM
MD
LG