ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

«ស្បែកគង់»​គឺជា​ខ្សែ​ភាពយន្ត​ខ្មែរ​លើក​​ដំបូង​ដែល​អាច​វាយ​លុក​ចូល​ទី​ផ្សារ​ក្រៅ​ប្រទេស

  • ធីតា វីន

លោក​ប៉ុល ​វិបូ​​ ​អគ្គនាយក​​ក្រុមហ៊ុន​​​ Angkor Picture Inc​និង​ជា​ផលិតករ​ភាពយន្ត​«ស្បែកគង់»​

រឿង​«ស្បែក​គង់»​គឺជា​ខ្សែ​ភាពយន្ត​ខ្មែរ​លើកដំបូង ​ដែល​អាច​វាយ​លុក​ចូល​ទី​ផ្សារ​ក្រៅ​ប្រទេស​ក្នុងប្រវត្តិ​ខ្សែ​ភាព​យន្ត​ខ្មែរ​រយៈ​ពេល​៤០​ឆ្នាំ​មក​នេះ។

រឿង«ស្បែក​គង់»​នេះជា​ខ្សែភាព​យន្តប្រភេទ​៤,៥​ខេ​ (4.5K)​ដែល​ជា​ប្រភេទ​ភាព​យន្ត​ខ្នាត​ធំ​បំផុត​ដែល​មាន​ទំហំ​ធំជាង​៥០​មីលីម៉ែត្រ​ដែល​ជា​ភាព​យន្ត​ខ្នាតធំ​លើក​ដំបូង​បំផុត​ផលិត​នៅ​ប្រទេសកម្ពុជា។​

ភាពយន្ត​ដែល​មាន​រយៈ​ពេល​១ម៉ោង៤៥​នាទី​នេះ​បាន​និយាយ​អំពី​គ្រូ​មន្ត​អាគមន៍​ខាង​វិជ្ជា​ស្បែក​គង់កាប់​មិនមុត​ ដុត​មិនឆេះ​ ដ៏ខ្លាំងពូកែ​កម្រិតកំពូល​ម្នាក់​រស់នៅ​លើ​កំពូល​ភ្នំគូលេន។​ គ្រូ​អាគមន៍​គាថានេះ​មានកូន​សិស្ស​ប្រុស​ចំនួន​៨នាក់​មក​រៀន​វិជ្ជា«ស្បែក​គង់»​នេះ។ ​ដើម្បី​ឲ្យ​ស្បែក​គង់ និង​មន្តវិជ្ជា​ស័ក្ដិសិទ្ធិ ​សិស្សៗ​ទាំង​ឡាយ​ត្រូវ​ឆ្លង​កាត់​ការ​លំបាក​ជាច្រើន​ ដូចជា​ត្រូវ​កប់ខ្លួន​ក្នុង​ដីត្រឹម​ក​រយៈ​ពេល​យូរ​ថ្ងៃ ​ត្រូវ​ភ្លៀង ​ខ្យល់​ កម្តៅ​ថ្ងៃ ​និង​ប្រឈម​មុខ​នឹង​សត្វ​អាសិរពិស​ទិច​ឬ​ខាំ​ជា​ដើម។​

ដោយសារ​ការ​លំបាក​ទាំង​នេះ​ ជា​ចុងក្រោយ​ក្នុង​ចំណោម​សិស្ស​ទាំង​៨​នាក់​ នៅ​សល់​តែ​សិស្ស​ពីរ​នាក់​គត់​ដែល​នៅ​រស់​រាន​មាន​ជីវិត។​

ជា​អកុសល​ សិស្ស​ទាំងពីរ​នាក់​នោះ​បាន​ក្លាយ​ជា​សត្រូវ​ស៊ី​សាច់​ហុត​ឈាម​គ្នា​យ៉ាង​សាហាវ​ ដោយ​សារ​ដណ្តើម​កូន​ស្រី​ដ៏​ស្រស់​ស្អាត​របស់​គ្រូ​ស្បែក​គង់​ ក្រោយ​ពី​លោក​គ្រូ​មន្ត​អាគមន៍​នេះ​បានស្លាប់​យ៉ាង​ផុយស្រួយ​បំផុត។​

មួយ​វិញ​ទៀត​ សិស្សទាំង​ពីរ​នាក់នោះ​នៅ​តែ​ជា​សត្រូវ​នឹង​គ្នា​ត​ជាតិ​ ទោះ​បី​ជា​ស្លាប់​ ចាប់​ជាតិ​ជា​ថ្មី​ម្តង​ទៀត​ ក៏​ពួក​គេ​នៅ​តែ​ជា​សត្រូវ​នឹង​គ្នា។​

ខ្សែភាព​យន្ត​រឿង​«ស្បែក​គង់»​បាន​ដាក់​បញ្ចាំងជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៤ ​សីហា​២០១៤​នេះនៅ​រោង​ភាពយន្ត​ចំនួន​ប្រាំពីរ​ ព្រម​គ្នា​ក្នុងទី​ក្រុង​ភ្នំពេញ​និង​ខេត្ត​សៀមរាប។​

ក្រៅពី​នេះ ​ខ្សែភាព​យន្ត​ខ្នាត​ធំ​នេះ​គ្រោង​ដាក់​បញ្ចាំងនៅ​បរទេស​ផង​ដែរ​ ដូច​ជា​ប្រទេស​ថៃ​ វៀតណាម ​ម៉ាឡេស៊ី​ ឥណ្ឌូនេស៊ី​ ហ្វីលីពីន​ ភូមា​ សហ​រដ្ឋ​អាមេរិក​ ​អូស្រ្តាលី ​បារាំង ​ចិន ​និង​ឥណ្ឌា​ជា​ដើម។​ ជា​មួយ​គ្នា​នេះ​ដែរ​ ខ្សែ ​ភាពយន្ត​«ស្បែក​គង់»​មាន​ទូរទស្សន៍​មួយ​ចំនួន​នៅ​ប្រទេសចិន​ អាល្លឺម៉ង់ ​និងឥណ្ឌា​ក៏​បាន​ធ្វើការ​ផ្សព្វផ្សាយ​អំពី​រឿង​នេះ​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​រៀង​ខ្លួន​ផង​ដែរ។​

លោក​ប៉ុល ​វិបូ​ ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន​អង្គរ​ភិច​ឆើ ​(Angkor Picture Inc ) ​និង ​ជា​ផលិតករ​ភាពយន្ត​នេះ​ ​បាន​និយាយ​ដោយ​មោទនភាព​ថា ​ភាពយន្ត​របស់​លោក​ទទួល​បាន​ការ​គាំទ្រ​លើស​ពី​ការ​រំពឹង​ទុក។​

«ក្រោយ​ឆ្នាំ​១៩៧៩​មករ​ហូត​មក​ដល់​ថ្ងៃ​នេះ​ ស្រុក​ថៃ​មិន​ដែល​មាន​ខ្សែ​ភាព​យន្ត​ខ្មែរ​ណា​មួយ​ចាក់​នៅ​ស្រុក​ថៃ​ទេ។ ​ទើប​តែ​ខ្សែភាពយន្ត​មួយ​នេះ​ទេ ​ដែល​ស្រុក​ថៃ​ទទួល​យក​ទៅ​ចាក់​ផ្សាយ​នៅ​ស្រុក​ថៃ។​ ចំពោះ​ស្រុក​ខ្មែរ​គឺ​ជោគជ័យ​ទាំង​ស្រុង​ហើយ​ ពីព្រោះ​ទី​មួយ​យើង​ឈ្នះ​ខ្សែ​ភាពយន្ត​ក​ន្លង​មក​ ហើយ​បើ​សិន​ប្រៀប​ផ្ទឹម​ខ្សែ​ភាពយន្ត​ប​រទេស​ដែល​គេ​កំពុង​ចេញ​ដែរ​គឺ​ថា​ យើង​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​គេ។ ​មក​ដល់​ពេល​នេះ​គឺ​ថា​ នៅ​មានអ្ន​ក​ដែល​ទៅ​មើល​ហ្នឹង​ច្រើន​ណាស់​ ហើយ​តាម​តួលេខ​ក៏​បង្ហាញ​ថា​ អត់​មាន​ការ​ស្រុត​ចុះ​ដែរ ​គឺ​ថា ​រោង​ភាពយន្ត​របស់​យើង​គឺ​ថា​ ពេ​ញៗ»។​

ខ្សែ​ភាព​យន្ត«ស្បែកគង់»​ចំណាយ​ពេល​អស់​១​ឆ្នាំ​ក្នុង​ការ​ផលិត​ និង​បាន​ថតនៅ​ក្នុង​ខេត្ត​សំខាន់ៗ​ជា​ច្រើន ​ដូច​ជា​លើ​ភ្នំ​គូលេន​ ខេត្ត​សៀមរាប ​ខេត្ត​កំពង់ចាម ​កំពង់​ស្ពឺ​ និង​ទី​ក្រុង​ភំ្នពេញ។ ការ​ផលិត​ភាព​យន្ត​នេះ​ចំណាយ​ថវិកា​ចំនួន​៦៨​ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។​

នៅ​ក្នុង​សាច់​រឿង​ មាន​ឈុត ​ឆាក​ប្រើ​មន្ត​អាគមន៍ ​វ៉ៃប្រហារ​ កាប់​ចាក់ ​និង​បាញ់​បោះ​យ៉ាង​ណា​ក៏​ដោយ​ ក៏​ឈុត​ឆាក​ទាំង​អស់​នោះ​សុទ្ធ​តែ​បង្កប់​នូវ​ន័យ​កំប្លែង​ ដែល​ជា​និច្ច​ជា​កាល​ អ្នក​ទស្សនា​តែង​តែ​ផ្ទុះ​សំណើច​ប្រហែល​រៀង​រាល់​៣​នាទី​ម្តង។​

ជាក់​ស្តែង​គ្រូ​មន្ត​អាគមន៍​«ស្បែក​គង់»​នោះ​មាន​មន្ត​អាគមន៍​ខ្លាំង​ក្លា​ កាប់​មិន​មុត ​ដុត​មិន​ឆេះ​ ជាន់​មីន​ផ្ទុះ​មិន​ស្លាប់ ​ក៏​ប៉ុន្តែ​ចុង​ក្រោយ​ស្លាប់​ដោយ​សារ​ជីង​ចក់​ធ្លាក់​លើ​ដៃ​ ភិត​ភ័យ​រ​ហូត​ដល់​គាំង​បេះ​ដូង ​ស្លាប់​តែ​ម្តង។​

អ្នក​និពន្ធ​វ័យ​៣៥​ឆ្នាំ​ដែល​មាន​ភាព​ម៉ឺង​ម៉ាត់​ ហ្មត់ចត់ ​និង​មាន​ការ​ជឿ​ជាក់​លើ​ខ្លួន​ ឯង​យ៉ាង​ខ្លាំង​នោះ​ បាន​សំឡឹងឃើញ​ថា ​ខ្សែ​ភាពយន្ត​ប្រភេទ​រឿង​កំប្លែង​អាច​ដណ្តើម​ទី​ផ្សារ​បាន​ ច្រើន​ជាង​ប្រភេទ​ខ្សែ​ភាព​ផ្សេងៗ​ទៀត។​

«ទស្សនៈ​របស់​យើង​គឺ​យើង​ចង់​ផលិត​ខ្សែ​ភាព​យន្ត​ណា​ដែល​ជា​ប្រយោជន៍​ដល់​អ្នក​មើល​ គ្មាន​ការ​បំភិត​បំភ័យ​ថា​ មើល​ទៅ​មិន​អស់​កម្លាំង​ ​មើល​ហើយ​សប្បាយ​ចិត្ត​ បន្ថយ​បាន​នូវ​ភាព​តានតឹង​នៅ​ក្រោយ​ពេល​យើង​ធ្វើ​ការងារ​អស់​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ។​ ដូ​ច្នេះ​ខ្សែ​ភាពយន្ត​រឿង​កំប្លែង​គួរ​តែ​ផលិត​ឲ្យ​បាន​ច្រើន​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ស្មារតី ​និង​ខួរ​ក្បាល​របស់​យើង​ កុំ​ឲ្យ​យើង​ស្រ្តេស​ខ្លាំ​ងពេក»។​

លោក​ប៉ុល​ វិបូ​បាន​ឲ្យ​ដឹង​បន្ត​ថា​ រយៈ​ពេល​៩​ថ្ងៃ​នេះ​ ខ្សែ​ភាពយន្ត​«ស្បែក​គង់»​លក់​សំបុត្រ​បាន​ចំនួន​៤​ម៉ឺន​សន្លឹក​ដោយ​រក​បាន​ប្រាក់​ចំណូល​ប្រមាណ​ជា​១៦​ម៉ឺន​ដុល្លា​សហ​រដ្ឋ​អាមេរិក។ ​ក្នុង​នោះ​សំបុត្រ​មួយ​តម្លៃ​៤​ដុល្លារ​សហរដ្ឋ​អាមេរិក ​ក៏​ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ ខ្សែ​ភាពយន្ត​នេះ​បាន​បាត់​ប្រាក់​ចំណូល​ប្រហែល​ជា​៤០​ភាគ​រយ​នៃ​ការ​លក់​សំបុត្រ​សរុប​ ដោយ​សារ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​បាន​កំណត់​អាយុ​អ្នក​ចូល​ទស្សនា​ត្រូវ​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ឡើង​ទៅ។

លោក​ប៉ុល​ វិបូ​បាន​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​បម្រាមនេះ ​ហើយ​លោក​បាន​ចាត់​ទុក​ថា​ មិន​មាន​ភាព​យុត្តិធម៌​សម្រាប់​ខ្សែ​ភាពយន្ត​«ស្បែក​គង់»​ ពី​ព្រោះ​មាន​ខ្សែ​ភាពយន្ត​បរទេស​ និង​ខ្មែរ​ផ្សេង​ទៀត​ដែល​មាន​ឈុត​ឆាក​ស្នេហា​ និង​កាប់​សម្លាប់​សាហាវ​ជាង​នេះ​ទៀត ​ក៏​ប៉ុន្តែ​បែរ​ជា​ក្រសួង​មិន​មាន​ការ​ដាក់​បម្រាមនោះ​ឡើយ។​

«ខ្សែ​ភាពយន្ត​មួយ​នេះ​គឺ​ជា​ខ្សែ​ភាពយន្ត​ដែល​គ្រួសារ​គេ​ចូល​ចិត្ត​ទៅ​ទស្សនា​គឺ​ឪពុក ​ម្តាយ ​កូន​គេ​នាំ​គ្នា​ទៅ​មើល​ជាក្រុមៗ​ ហើយ​ដល់​ពេល​បម្រាមរបស់​ក្រសួង​បែប​នេះ​ទៅ​ ខាង​រោង​កុន​គេ​មិន​ឲ្យ​កុមារ​នោះ​ចូល​មើល​ទេ។ ​ឪពុក ​ម្តាយ​មិន​ដឹងធ្វើ​ដូច​ម្តេច​ ត្រូ​វ​ត្រឡប់​យក​កូន​ទៅវិ​ញ​ អត់​បាន​មើល​ទាំង​អស់​គ្នា​ ឬ​ក៏​រោង​កុន​គេ​ណែ​នាំ​ឲ្យ​មើល​រឿង​បរទេស​ផ្សេង​ ដែល​កំពុង​បញ្ចាំង​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ដែរ។ ​ដូច្នេះ​ចំណូល​ទាំង​អស់​នេះ​យើងត្រូវ​បាត់​បង់»។

ជុំ​វិញ​បញ្ហា​ទាំង​អស់​នេះ ​លោក​សោម ​សុគន្ធ​ រដ្ឋ​លេខា​ធិការ​នៃ​ក្រសួង​វប្បធម៌និង​វិចិត្រ​ សិល្បៈ ​បាន​ឲ្យ​ដឹង​ថា ​រឿង​«ស្បែក​គង់»​មាន​ឈុត​ឆាក​កាប់​សម្លាប់និង​ស្នេហា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អារម្មណ៍​របស់​ក្មេង ​និង​ប្រពៃណី​ខ្មែរ​ ទើប​ក្រសួង​ដាក់​បម្រាមបែប​នេះ។​

ក៏​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​បាន​បញ្ជាក់​ថា ​ខ្សែ​ភាពយន្ត​«ស្បែក​គង់»​គឺ ​ពិត​ជា​មោទន​ភាព​របស់​ខ្មែរ​មួយ​ក្នុង​វិស័យ​ភាពយន្ត​នា​ពេល​បច្ចុប្បន្ន​នេះ​ដោយ​ខ្សែ​ភាពយន្ត​នេះ​អាច​ជ្រៀត​ចូល​ទី​ផ្សារ​បរទេស​បាន។​

«ខ្ញុំ​យល់​ឃើញ​ថា​ នេះ​ជា​មោទន​ភាព​របស់​ខ្មែរ​យើង​មួយ។​ យើង​ឃើញ​ថា​ កន្លង​មក​៣០​ប្លាយ​ឆ្នាំ​របស់​យើង​មក​គឺ​ថា​ លើក​ទី​មួយ​ដែល​ស្នា​ដៃ​ផលិតករ​ក្នុង​ស្រុក​យើង​ហ្នឹង​បាន​ទៅ​បម្រើ​នៅ​ទី​ផ្សារ​នៃ​បណ្តាល​ប្រទេស​ជិត​ខាង ​ឬ​ក៏​បណ្តាល​ប្រទេស​មួយ​ចំនួន​ទៀត។ ​នេះ​ជា​ការ​បើក​ផ្លូវ​មួយ​ដែល​ធ្វើ​ឲ្យ​ផលិតករ​ដទៃ​ទៀត​ហ្នឹង​យល់​ដឹង​ថា​ ប៉ុណ្ណា​ដែល​ខ្លួន​អាច​ធ្វើ​បាន​ ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ឲ្យ​ចូល​ទី​ផ្សារ​ហ្នឹង​បាន»។​

និស្សិត​ឈ្មោះ ​ចាន់ ​សុផល ​ដែល​បាន​ចូល​ទស្សនា​ខ្សែ​ភាព​យន្ត​«ស្បែកគង់»​នេះ​ទទួល​ស្គាល់​ពី​គុណ​ភាព​នៃ​ខ្សែ​ភាពយន្ត​នេះ។​

«រឿង​ខ្មែរ​«ស្បែក​គង់»​នេះ​និយាយ​ទៅ​ វា​មាន​ចំណុចបច្ចេកវិ​ជ្ជាថ្មីៗ​ច្រើន​ជាង។ ​សាច់​រឿង​គឺ​វា​ល្អ​មើល​ជាង។ ​តួ​សម្តែងក៏​មាន​លក្ខណៈ​អស្ចារ្យ​ដែរ ​មើល​ទៅ​គួរ​ឲ្យ​ទាក់​ទាញ​ខ្លាំង​ជា​ងរឿង​មុនៗផ្សេងៗ។​ រឿង​នេះ​ល្អ​ជាង​ច្រើន ​និយាយ​ទៅ ​បើ​ប្រៀប​ធៀប​ខុស​គ្នា​ច្រើន ​ទាំង​បច្ចេក​ទេស​ថត​រូបភាព​ក៏​ច្បាស់​ល្អ​មើល​ មើល​ហើយ​មិន​នឹក​ស្មាន​ថា ​ខ្មែរ​ទេ​ ហើយ​ក្នុង​រឿង​ហ្នឹង​ក៏​មាន​លក្ខណៈ​ថា​ ផ្សព្វ​ផ្សាយ​វប្បធម៌​ខ្មែរ​ច្រើន​ដែរ​ ដូច​មាន​អាវ​ដាក់​ថា​ I Love Cambodia»។​

ក្រោយ​ពី​ជោគ​ជ័យ​ជា​មួយ​ស្នាដៃ​របស់​ខ្លួន​នៅ​ពេល​នេះ ​ផលិតករ​ភាព​យន្ត​លោក​ប៉ុល វិបូ​គ្រោង​នឹង​ចាប់​ផ្តើម​ផលិត​ខ្សែភាព​យន្ត​ខ្នាត​ធំបំផុត​លើក​ទី​២​របស់​ខ្លួន​នៅ​ដើមឆ្នាំ​ក្រោយ​ ដោយ​លោក​ជឿជាក់​ថា ​លោក​នឹង​បង្កើត​គុណភាព​ផលិត​កម្ម​ និង​ការ​ចំណាយ​ក្នុង​ការ​ផលិត​ឲ្យ​មាន​កម្រិត​ខ្ពស់​ជាង​នេះ៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG