ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ខ្សែភាពយន្ត​រឿង​លោក​ជា​ វិជ្ជា​ទទួល​បាន​រង្វាន់​ Peabody ​ដ៏​ល្បី​ល្បាញ​


ឈុត​មួយ​នៅ​ក្នុង​ភាពយន្ត​ឯកសារ «អ្នកណា​សម្លាប់​លោក​ជា​វិជ្ជា?»​ លោក​ជា វិជ្ជា​ គឺជា​មេដឹកនាំ​សហជីព​ដ៏មាន​ប្រជាប្រិយភាព​ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាដ នៅថ្ងៃទី២២ មករា ២០០៤ ក្នុង​រាជធានីភ្នំពេញ។

គ្រាប់​កាំភ្លើង​ដែលបាន​បាញ់​ចេញ​ទាំង​ព្រឹក​ឆក់​យក​ជីវិត​លោក ជា វិជ្ជា​នៅ​ក្បែរ​វត្ត​លង្កា​កាល​ពី​៨​ឆ្នាំ​មុនមិន​បានបញ្ចប់​ភាព​ល្បី​ល្បាញនិងវីរភាព​របស់​អតីត​មេដឹក​នាំ​សហជីព​ដ៏​ជា​ទី​គោរព​រូប​នេះ​ទេ។

ខ្សែ​ភាពយន្ត​ឯកសារ​ស្តីពី​ការសម្លាប់​វីរជន​កម្មករ​ដ៏​ល្បី​ឈ្មោះ​រូប​នេះ​បាន​ទទួល​ពាន​រង្វាន់ ​Peabody​ ដែល​ជា​រង្វាន់​សម្រាប់​អ្នកសារព័ត៌មាន​ដ៏​មាន​កិត្តិយស​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក​ ហូរ៉េស​ ញូខុម ​ប្រធាន​នៃ​គណ​កម្មការ​ផ្តល់​រង្វាន់​ Peabody ​របស់​សាកល​វិទ្យាល័យ ​Georgia បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា ​ក្រុម​គណៈ​កម្មការ​មើល​ឃើញ​ថា​ភាពយន្ត​នេះ​មាន​លក្ខណៈ​ល្អ​អត់​ខ្ចោះ​ដោយសារ​តែ​បាន​ព្យាយាម​បង្ហាញ​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ហើយ​បាន​បង្ហាញ​ពីភស្តុតាង​ខ្លះ​ប៉ុន្តែ​នៅ​បន្ត​រក្សា​ទុក​ភាព​ស្រពិច​ស្រពិល​ ហើយ​ទី​បំផុត​អាច​ចូលរួម​ចំណែក​បាន​ថា​ជា​ស្នាដៃ​ដ៏​សំខាន់​ក្នុង​សាច់​រឿង​នោះ។

លោក រិច ហ្ការីលឡា​ ផលិតករ​មួយ​រូប​នៃ​ខ្សែ​ភាពយន្ត​រឿង​«អ្នកណា​សម្លាប់​លោក​ជា​វិជ្ជា?»​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«យើង​មាន​ការ​រំភើប​និង​សប្បាយ​ណាស់​ដែល​មាន​កិត្តិយស​ទទួល​បាន​រង្វាន់​នេះ។ នេះ​គឺ​ពិត​ជា​រង្វាន់​កំពូល​ដែល​ភាពយន្តអាច​ទទួល​បាន ​ហើយ​វា​មិន​គ្រាន់​តែ​បញ្ជាក់​ពី​គុណភាព​នៃ​ការងារ​របស់​យើង​ទេ ​ក៏​ប៉ុន្តែ​អំពី​សារៈសំខាន់​នៃ​បញ្ហា​ដែល​ខ្សែ​ភាព​យន្ត​នេះ​លើក​យក​មក​បង្ហាញ​ផង​ដែរ»។

ខ្សែ​ភាពយន្ត​រឿង«អ្នកណា​សម្លាប់​លោក​ជា វិជ្ជា?» រៀបរាប់​ពី​ការធ្វើ​ឃាត​ដែល​មាន​លក្ខណៈ​នយោបាយ​ហើយ​មិន​ត្រូវ​បាន​វែក​មុខ​រកឃាតករ​ឃើញ​នៅ​ឡើយ​ទេ។ មាន​តែ​បុរស​ពីរ​នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក​ហើយ​ត្រូវ​ដោះលែង​ចេញ​វិញ​ឱ្យ​នៅ​ក្រៅ​ឃុំ​ដោយ​សារ​មាន​ការជំទាស់​ខ្លាំងៗ​ពីក្រុ​មអង្គការសិទ្ធិមនុស្សថាពួកគេជា​ឃាតករ​សិប្ប​និមិ្មត​ហើយ​សូម្បី​តែ​គ្រួសារ​ជន​រង​គ្រោះ​ក៏​មិន​ជឿ​ថា​ពួក​គេ​ជា​ជន​ល្មើស​ទេ។

ខ្សែ​ភាពយន្ត​នេះ​ត្រូវ​បាន​ហាម​មិន​ឱ្យ​បញ្ចាំង​ក្នុង​ប្រទេស​កម្ពុជា​ទេ​ហើយ​ក្រុម​គ្រួសារ​និង​ផលិតករ​បាន​ឆ្លៀត​យក​ឱកាស​នេះ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​លើក​លែង​ការហាមឃាត់។

ពិធី​ប្រគល់​រង្វាន់​ជា​ផ្លូវការ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១ ​ខែ​ឧសភា​ក្នុង​បុរី​ញ៉ីវយ៉ក ​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ​ការផ្តល់​រង្វាន់​នេះ​ជៀស​មិន​ផុត​ពី​ការរិះគន់​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ទេ។

លោក​ផៃ ស៊ីផាន ​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​នៃ​ក្រុម​ប្រតិកម្ម​រហ័ស​បាន​បញ្ជាក់​ថា៖

«ខ្សែ​ភាពយន្ត​នេះ​មាន​ការ​ផ្សព្វ​ផ្សាយ​ដែល​មាន​ចរិក​ជា​នយោបាយ​ដែល​មិន​មែន​ជា​ចរិក​ឯកសារ​ហើយ​អ្វី​ដែល​ជា​ផល​ប៉ះពាល់​នៃ​ការផ្តល់​អ្វី​ដែល​ជា​កិត្តិយស​ដែល​ជា​រង្វាន់​នោះ​ជា​រឿង​ឯកជន​ទេ​មិន​មែន​ជា​រឿង​យុត្តិធម៌​សម្រាប់​កម្ពុជា​ទេ។ ដូច្នេះ​នេះ​ជា​ឯកជន​នៅ​ក្នុង​បំណង​របស់​គេ​អ្វី​មួយ​ក៏​ប៉ុន្តែ​កម្ពុជា​ស្ថិត​នៅ​លើ​ដែន​រង្វង់​នៃ​យុត្តិធម៌​សុទ្ធ​សាធ​ដូច្នេះ​ខ្សែភាពយន្ត​ដែល​គេ​ហៅ​ថា​ជា​ខ្សែ​ភាពយន្ត​ឯកសារ​គ្រាន់​តែ​ជា​ការនាំ​មុខ​ប្រាប់​រឿង​មួយ​ដែល​គេ​មិន​ចាត់​ថា​រឿង​ពិត​ចេញ​ពី​តុលាការ»។

​ប៉ុន្តែ​លោក​ ហូរ៉េស​ ញូខុម ​បាន​បញ្ជាក់​ថា​គណៈ​កម្មការ​ផ្តល់​រង្វាន់​ Peabody ​គឺ​ធ្វើ​ការ​ដោយ​ផ្អែក​លើ​វិជ្ជា​ជីវៈ​ពិត​ប្រាកដ។

«ពាន​រង្វាន់​ Peabody​ គឺ​មិនមាន​ហេតុ​ផល​ជំរុញ​ខាង​ផ្នែក​នយោបាយ​ទេ។ យើង​សំឡឹង​មើល​លើ​ឧត្តមភាព​ក្នុង​ការ​ផលិត​របស់​បណ្តាញ​ព័ត៌មាន​ ឧត្តមភាព​ក្នុង​ផ្នែក​ជា​ច្រើន ​ឧត្តម​ភាព​ឯករាជ្យ​ដោយ​ខ្លួន​ឯង​ហើយ​នោះ​គឺ​ជា​អ្វី​ដែល​យើង​រក​ឃើញ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ឯកសារ​នេះ»។

​មុន​ពេល​ដែល​ត្រូវ​គេ​បាញ់​សម្លាប់​នៅថ្ងៃ​ទី​២២ ​ខែម​ករា​ឆ្នាំ​២០០៤​ពេល​កំពុង​អង្គុយ​អាន​កាសែតពេល​ព្រឹក​នៅតូប​លក់​កាសែត​ខាងក្រៅ​របង​វត្ត​លង្កា​ លោក ជា​ វិជ្ជា​ ដែល​មានមាឌស្តើ​ងខ្ពស់​ជា​មនុស្ស​ម្នាក់​ដែល​អាច​មាន​លទ្ធភាពប្រមូល​កម្មកររាប់​ពាន់​នាក់​ចេញ​មក​តវ៉ា​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​លក្ខខណ្ឌ​ការងារ​របស់​ពួកគេ។

ស្ថានភាព​សម្រាប់​ក្រុម​សហជីព​នៅ​កម្ពុជា​បាន​ប្រែប្រួល​រូបភាព​ច្រើន​ចាប់​តាំង​ពី​ការបាញ់​សម្លាប់​លោក​ជា វិជ្ជា​មក​ដោយ​ផ្លាស់ប្តូរ​មិន​មាន​ការ​ដើរ​ហែរ​ក្បួន​តវ៉ា​ដែល​មាន​កម្មករ​ចូលរួម​ច្រើន​មក​ជា​ការ​តវ៉ា​តាម​រោងចក្រ​ហើយ​ជារឿយៗ​ក្រុម​តំណាង​សហជីព​តែងតែ​ត្រូវ​ថៅកែ​រោងចក្រ​ប្តឹង​ផ្តល់។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ជា មុន្នី ​ប្អូន​ប្រុស​លោកជា វិជ្ជា ​ដែល​បាន​កាន់​តំណែងជាប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជាបន្ត​ពី​បងប្រុស​របស់​លោក។

ក្នុង​ការវិវត្តន៍​ចុង​ក្រោយ​នេះ​មាន​ការបាញ់​លើ​កម្មករ​ដែល​តវ៉ា​ដើម្បី​សុំ​ដំឡើង​ប្រាក់​កម្រៃ​ការងារ​និង​ស្នើ​ឱ្យ​ស្ថានភាព​ការងារ​ប្រសើរ​ជាង​មុន។ ជន​ដៃ​ដល់​ក្នុង​រឿង​នេះ​គឺ​ឈ្មោះ​ឈូក បណ្ឌិត​ជា​អតីត​អភិបាល​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​នៅតែ​បន្ត​រស់​នៅ​ដោយ​មិន​មាន​ការដាក់​ទោស​ទណ្ឌ​អ្វី​ឬ​ត្រូវ​តុលាការ​ចាប់​ឃុំឃាំង​ទេ។

លោក​ ជា មុន្នី​បាន​បន្ថែម​ថា៖​

«នីតិវិធី​ខុស​គ្នា​កាលពី​ដែល​បងប្រុស​ខ្ញុំ​ដឹកនាំ​កាលនោះ​ការដឹកនាំ​របស់​បងប្រុស​ខ្ញុំ​គឺ​ថា​សេរី​ភាព​មាន​ច្រើន​ជាង​បច្ចុប្បន្ន។ បច្ចុប្បន្ន​កុំ​ថា​ឡើយ​សហជីព​សូម្បី​តែ​ប្រជា​ពលរដ្ឋ​ដែល​ដី​ធ្លី​ផ្ទះ​សម្បែង​ដែល​គេ​យក​របស់​គាត់​ក៏​គាត់​មិន​អាច​ធ្វើ​ការ​ទាម​ទារ​អ្វី​បាន​ធំ​ដុំ​ដែរ។​ យើង​មើល​ជា​ជាក់​ស្តែង​។ អញ្ចឹង​មាន​ការ​ប្រែ​ប្រួល​មាន​ការវិវត្តន៍​ប៉ុន្តែ​ការ​ប្រែ​ប្រួល​វិវត្តន៍​វា​មិន​មែន​ការ​ប្រែ​ប្រួល​វិវត្តន៍​ទៅ​រក​លក្ខណៈ​ប្រជា​ធិបតេយ្យ​ទេ​ការប្រែ​ប្រួល​វិវត្តន៍​ទៅ​រក​ភាព​ភ័យ​ខ្លាច​ទៅ​រក​ការ​ចូល​ទៅ​ក្នុង​ករណី​មួយ​ដែល​គេ​ហៅ​ថា​ប្រជា​ធិបតេយ្យ​មាន​តែ​ឈ្មោះ​ប៉ុន្តែ​សិទ្ធិ​បញ្ចេញ​មតិ​សិទ្ធិ​បញ្ចេញ​យោបល់​គឺ​អត់​មាន​តែម្តង»។

យ៉ាង​ណា​ក៏​ដោយ លោក ខេន លូ ​អគ្គលេខាធិការ​នៃ​សមាគម​និយោជក​កាត់ដេរ​ក្នុង​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ថាការ​នាំចេញ​ផលិតផល​កាត់ដេ​សម្លៀក​បំពាក់មាន​ការ​កើន​ឡើង​ជាលំដាប់​ហើយ​រង្វាន់​ដែល​ផ្តល់​ដល់​ភាពយន្ត​នេះ​មិនអាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការកើន​ឡើង​នៃ​ការនាំចេញ​ផលិត​ផល​កាត់​ដេរទៅ​សហរដ្ឋ​អាមេរិក​ក៏​ដូចជា​ទៅ​ទីផ្សារ​បរទេស​ដទៃ​ទៀត​ទេ​ប៉ុន្តែ​លោក​ក៏​លើក​សរសើរ​ពី​សកម្មភាព​ការងារ​របស់​លោក​ជា វិជ្ជា។

«លោក​ជា វិជ្ជា​គឺ​ជា​មេដឹកនាំ​ដ៏​គួរ​ឱ្យ​គោរព​ម្នាក់។ ការធ្វើឃាត​គាត់​គឺជា​រឿង​ក្រៀមក្រំ​មួយ​សម្រាប់​យើង​និង​សម្រាប់​មនុស្ស​គ្រប់គ្នា។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​វា​អាច​ជា​ការងាយ​ស្រួល​ក្នុង​ការអះ​អាង​ថាការធ្វើឃាត​នោះ​ដោយ​មូល​ហេតុ​នយោបាយ។ ប៉ុន្តែ​យើង​ក៏ត្រូវតែ​យល់​ថា​៨ឆ្នាំ​មុន​ស្ថានភាពសន្តិសុខ​ក្នុង​ប្រទេស​កម្ពុជា​មិន​ល្អ​ទេ​ហើយ​មាន​មនុស្ស​ខ្លះ​ដែល​មិន​ល្បី​ឈ្មោះ​ដូច​លោក ជា វិជ្ជាត្រូវគេ​បាញ់សម្លាប់​តាម​ផ្លូវ​ដែរ»។

ដូច​ដែល​ចំណង​ជើង​នៃ​ខ្សែ​ភាពយន្ត​បាន​ចោទ​សួរ​អញ្ចឹង​គេ​នៅ​តែ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ជា​ឃាត​ករពិតប្រាកដ​នៅឡើយ​ទេ ​ប៉ុន្តែ​អ្វីដែល​គេ​បាន​ដឹង​ច្បាស់​គឺ​វីរភាព​របស់​លោក​ជា​វិជ្ជា​មិនស្លាប់ទៅតាមរូប​គាត់​ឡើយ​ហើយ​ភាព​ល្បីល្បាញ​នៃ​ខ្សែភាពយន្ត​នេះ​នឹង​បន្តបង្ហាញ​ពី​អ្វី​ដែលបាន​កើត​មាន​ឡើង​នា​ពេល​នោះ ​និង​ការខកខាន​របស់​អាជ្ញាធរ​ក្នុង​ការស្វែង​រក​ឃាតករ​យកមកកាត់ទោស៕

XS
SM
MD
LG