ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្សែ​ភាពយន្ត​ថ្មី​រឿង​«៣​កន្លះ»​ត្រូវ​អាជ្ញាធរ​មិន​​អនុញ្ញាត​ឲ្យ​បញ្ចាំង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ខ្សែ​ភាពយន្ត​ថ្មី​រឿង​៣​កន្លះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក់​បញ្ចាំង​ដោយសារ​ឈុតឆាក​អá

ខ្សែ​ភាពយន្ត​ខ្នាត​វែង​របស់​ផលិតករ​ភាពយន្ត​ខ្មែរ​គឺ​លោក​ឆាយ បូរ៉ា​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក់​បញ្ចាំង​នៅ​តាម​រោង​កុន​នានានៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែ​ឈុតឆាក​មួយ​ចំនួន​ដែល​អាជ្ញាធរ​ត្រួត​ពិនិត្យ​ខ្សែ​ភាពយន្ត​យល់​ថា ​បង្ហាញ​ភាពអវិជ្ជមាន​សម្រាប់​ប្រទេស​កម្ពុជា។​

ខណៈ​ពេល​ដែល​រដ្ឋ​មន្ត្រី​ថ្មី​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​គឺ​លោក​ស្រី ភឿង សកុណា​កំពុង​ថ្លែង​នៅ​លើ​ឆាក​ សរសើរផលិតករ​ភាពយន្ត​ខ្មែរ​ចំពោះ​ការ​ខំប្រឹង​នាំ​យក​មក​វិញ​នូវ​កិត្យានុភាព​នៃ​វិស័យ​ភាពយន្ត​ខ្មែរ​នៅ​ឯពិធី​បើក​មហោស្រព​ភាព​យន្ត​អន្តរជាតិ​កម្ពុជា​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅនេះ ​ផលិត​ករភាពយន្ត​ខ្មែរ​ដ៏​ល្បី​ឈ្មោះ​ម្នាក់​គឺ​លោក​ឆាយ​ បូរ៉ា​បាន​អង្គុយ​ស្តាប់​យ៉ាង​ស្ងៀមស្ងាត់ រួច​បាន​ទះដៃ​អបអរ​សាទរ​ចំពោះ​ការ​ថ្លែង​របស់​លោក​ស្រី​រដ្ឋ​មន្ត្រី​ថ្មី។

ប៉ុន្តែ​ខ្សែភាពយន្ត​ខ្នាត​វែង​ចុងក្រោយ​របស់​លោក​ឆាយ បូរ៉ា​គឺ​រឿង​៣​កន្លះ​ដែល​លោក​បាន​សហ​ការ​ផលិត​ជាមួយ​ផលិតករ​ភាពយន្ត​សឹង្ហបុរី​ មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក់​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ។​

«ខ្ញុំ​គិត​ថា រដ្ឋ​មន្ត្រី​ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី ប្រហែល​ជា​ពិចារណា​អំពី​ការ​លើក​ស្ទួយ​វិស័យ​សិល្បៈ​គ្រប់​វិស័យ​ ជាពិសេស​គឺ​វិស័យ​ភាពយន្ត​ហ្នឹង ហើយ​នឹង​បើក​ជើង​មេឃ​ឲ្យ​ទូលាយ​ជាង​នេះ​ទៀត»។​

រឿង​៣​កន្លះ ដែល​ត្រូវ​បាន​ថត​នៅ​ក្នុង​រាជធានី​ភ្នំពេញ លាត​ត្រដាង​អំពី​អំពើ​ជួញ​ដូរ​ផ្លូវភេទ ​ជា​ពិសេស​គឺ​ការ​ទិញ​និង​លក់​ព្រហ្មចារីយ៍​ស្ត្រី​នៅក្នុង​ប្រទេស​កម្ពុជា។ ឈុត​ឆាក​ខ្លះ​នៅក្នុង​ខ្សែ​ភាពយន្ត​នេះ​បង្ហាញ​ពី​ការ​បង្ខំ​របស់​មេបន​ឲ្យ​នារី​វ័យ​ក្មេង​ដេរ​សន្ទះ​ព្រហ្មចារីយ៍​របស់​ខ្លួន​ម្តង​ហើយ​ម្តងទៀត​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​ដែល​ស្វែងរក​ការ​រួមភេទ​ជាមួយ​នារី​ក្រមុំ​ព្រហ្មចារីយ៍។

ផលិតករ​ភាពយន្ត​នេះ​និយាយ​ថា គណៈកម្មការ​ត្រួត​ពិនិត្យ​ភាព​យន្ត​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈមិន​យល់​ស្រប​នឹង​ឈុត​ឆាក​មួយ​ចំនួន​នៅ​ក្នុង​រឿង​នេះ ដោយ​ពួក​គេ​យល់​ថា ឈុត​ទាំង​នោះ​បង្ហាញ​ភាព​អវិជ្ជមាន​ចំពោះ​សង្គម​កម្ពុជា។ ដូច្នេះ​ ពួកគេ​បាន​ស្នើ​ឲ្យ​ផលិតករ​កាត់​ឈុតឆាក​ទាំង​នោះ​ចេញ មុន​នឹង​ពួក​គេ​អាច​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ចាក់​បញ្ចាំង​រឿង​នេះ​បាន។​

ប៉ុន្តែ​លោក​ឆាយ បូរ៉ា​បាន​បដិសេធ៖ «អ្នក​ធ្វើ​ខ្សែ​ភាពយន្ត​មិន​ថា​ ​តែ​រូប​ខ្ញុំ ​ឬ​មិត្ត​រួម​អាជីព​ទេ​គឺ​ត្រូវ​ការ​ឥស្សរភាព​ក្នុង​ការ​បញ្ចេញ​មតិ​ យោបល់​ អវិជ្ជមាន​នៅ​ក្នុង​សង្គម​ ដើម្បី​លាត​ត្រដាង ​និង​ដើម្បី​ជា​ការ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ផង»។​

សម្រាប់​លោក​បូរ៉ា ដែល​ខ្សែ​ភាព​យន្ត​ខ្នាត​វែង​របស់​លោក​រឿង​«ឃ្លាត​ទៅ​សែនឆ្ងាយ»​ត្រូវ​បាន​ជ្រើសរើស​យក​ទៅ​ប្រកួត​ប្រជែង​សម្រាប់​ពានរង្វាន់​អូស្ការ​ផង​នោះ​ កង្វះ​សិទ្ធិ​បញ្ចេញ​មតិ​នេះ​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​ផលិត​ករ​នាំ​គ្នា​ផលិត​តែ​ភាពយន្ត​បែប​ភ័យ​រន្ធត់​ និង​កម្សាន្ត​សប្បាយ​តែ​ប៉ុណ្ណោះ ជាជាង​ភាពយន្ត​ដែល​បង្កប់​ទៅ​ដោយ​សារ​អប់រំ​ដល់​សង្គម។

«វិស័យ​ភាព​យន្ត​យើង​មិន​មែន​លើក​ស្ទួយ​តែប្រភេទ​ខ្សែ​ភាព​យន្ត​ដែល​អភិនិហា​ឬ​ក៏​បែប​ខ្មោចព្រាយ​បីសាច ​ឬក៏​ប្រភេទ​ខ្សែ​ភាពយន្ត​ដែល​នាំ​ឲ្យ​យើង​សើចលេង​សប្បាយ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​កញ្ចក់​ ហើយ​ក៏​ជា​មេរៀន​សម្រាប់​អប់រំ​ដល់​យុវជន​ផងដែរ»។

វិស័យ​ភាព​យន្ត​ខ្មែរ​បាន​ឈាន​ដល់​ចំណុច​កំពូល​របស់​ខ្លួន​នៅ​ក្នុង​អំឡុង​ទសវត្ស​១៩៦០ ប៉ុន្តែ​បាន​ដាំក្បាល​ធ្លាក់​មក​វិញ​យ៉ាង​គំហុក​ចាប់​តាំង​ពី​ទសវត្ស​ឆ្នាំ​១៩៧០​មក។ ទើប​តែ​នៅ​ទសវត្ស​ចុង​ក្រោយ​នេះ​ទេ ដែល​គេ​ឃើញ​មាន​ការ​រើប​ឡើង​វិញបន្តិច​ម្តងៗ ដោយ​មាន​ផលិតករ​និង​ស្នាដៃ​ដែល​មាន​គុណភាព​មួយ​ចំនួន។​

ប៉ុន្តែ​អ្នក​ជំនាញ​ខាង​វិស័យ​ភាពយន្ត​នេះ​និយាយ​ថា ផលិតករ​ត្រូវ​ការ​ធ្វើ​ការ​ងារ​ច្រើន​ថែម​ទៀត​ដើម្បី​រុញច្រាន​វិស័យ​នេះ​ឲ្យ​រីកចម្រើន​ទៅ​មុខ​បាន​លឿន។​

លោក​សេឌ្រិច អេឡូយ​គឺ​ជា​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មការ​បណ្តុះ​បណ្តាល​និង​ទទួល​ផលិត​ភាព​យន្ត​នៅ​កម្ពុជា ឬ​ហៅជា​ភាសា​អង់គ្លេស​ថា Cambodia Film Commission។​

«ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវ​តែ​ធ្វើ​ភាពយន្ត​ដែល​អាច​ឈាន​ទៅ​ដល់​ទីផ្សារ​អន្តរជាតិ​បាន​និង​អាច​ចាក់​បញ្ចាំង​ឲ្យ​គេ​មើល​បាន​នៅ​តាម​រោង​ភាពយន្ត​ទាំង​នៅ​ក្នុង​ស្រុក​ និង​នៅ​កន្លែង​ផ្សេងៗ​ទៀត​ជុំវិញ​ពិភពលោក»។​
ផលិតករ​ភាព​យន្ត​ក្នុង​ស្រុក​និយាយ​ថា គ្រាន់​តែ​ការ​ជ្រើសរើស​ផលិត​ភាពយន្ត​គឺ​ជា​ការ​ពិបាករួច​ស្រេច​ទៅ​ហើយ ដោយសារ​តែ​ពួកគេ​មិន​អាច​ស្វែង​រក​ថវិកា​បាន​ច្រើន​ទេ​នៅក្នុង​ប្រទេស សម្រាប់​ផលិត​កម្ម​របស់​ខ្លួន។ ដូច្នេះ ការ​រិតត្បិត​ណា​មួយ​ចំពោះ​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ដែល​ផលិត​បាន​ហើយ​នោះ​ រឹត​តែ​ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទឹកចិត្ត​ លែងចង់​ផលិត​តទៅ​ទៀត។

លោក​ នាង កាវ៉ិច ​គឺ​ជា​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ដែល​បាន​ផលិត​ស្នាដៃ​មួយ​ចំនួន​កន្លង​មក។​

«រាល់​ដង​ខ្ញុំ​គិត​ថា ធ្វើ​កុន ខ្លាច​តែ​រឿង​អត់​ល្អ។​ ប៉ុន្តែ​ឥឡូវ​មាន​រឿង​ហើយ គេ​អត់​ឲ្យ​ចាក់​បញ្ចាំង។ ដល់​អញ្ចឹង​មាន​អារម្មណ៍​ភ័យ​ថា នៅពេល​ខ្ញុំ​ធ្វើ​កុន​ក្នុង​ជំនាន់​ខ្ញុំ​នេះ មិន​ដឹង​ថា​ យក​កុនហ្នឹង​ទៅ​ចាក់​នៅ​កន្លែង​ណា បើ​ក្រសួង​ ឬ​ស្ថាប័ន​ពាក់​ព័ន្ធ គេ​អត់​ឲ្យចាក់»។​

លោក​ស៊ិន ច័ន្ទសាយ៉ា​គឺ​ជា​ប្រធាន​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ។ លោក​មាន​ប្រសាសន៍​ថា ក្រសួង​របស់​លោក​ក៏​ដូចជា​រដ្ឋាភិបាលមិន​ដែលបាន​ហាមឃាត់​ខ្សែ​ភាព​យន្ត​ណាមួយ​មិន​ឲ្យ​ចាក់​បញ្ចាំង​នោះ​ទេ។​

ប៉ុន្តែ នៅ​ពេល​ដែល​ត្រូវ​ចោទ​សួរ​ថា ហេតុអ្វី​បាន​ជា​រឿង​៣​កន្លះ​របស់​លោក​ឆាយ បូរ៉ា​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក់​បញ្ចាំង​នោះ លោកស៊ិន ច័ន្ទសាយ៉ា​បាន​ស្នើ​សូម​កុំ​ឲ្យ​ថត​ និង​ស្នើ​កុំ​ឲ្យ​លើក​យក​រឿង​នេះ​មក​និយាយ។​

យ៉ាង​ណាក៏​ដោយ លោក​ឆាយ បូរ៉ា​មាន​ប្រសាសន៍ថា ការ​បង្កការ​លំបាក​ដល់​ផលិតករ​ភាពយន្ត​ក្នុង​ការ​ចាក់​បញ្ចាំង​ស្នាដៃ​របស់​ពួកគេ​នោះ​បាន​ត្រឹម​តែទាញ​វិស័យ​ភាពយន្ត​ក្នុង​ស្រុក​ឲ្យដើរ​ថយ​ក្រោយ​ប៉ុណ្ណោះ។​

«ខ្មែរ​គួរ​តែ​គូស​វាស​វិស័យ​ខ្សែ​ភាពយន្ត​ខ្មែរ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ។ បើ​មិន​គាំទ្រ ក៏​កុំហាម​ឃាត់​ពេក​ដែរ»។

លោក​បន្ថែម​ថា លោក​នឹង​ព្យាយាម​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ថ្មី​របស់​លោក​ម្តង​ទៀត​នៅ​ចុង​ឆ្នាំ​នេះ ​ឬ​ដើម​ឆ្នាំ​ក្រោយ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG