ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ខ្សែ​ភាពយន្ត​ចាស់ថ្មី​បង្ហាញ​ស្នាដៃ​ក្នុង​មហោ​ស្រព​ភាពយន្ត​នៅភ្នំពេញ


ទស្សនិកជន​អាច​ចូល​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​ ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ទី​១៥ ​រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ​នៅ​តាម​ទីតាំង​សំខាន់ៗ​មួយ​ចំនួន ​ដូច​ជា​រោង​ភាពយន្ត​ Legend Cinema ​នៅ​ផ្សារ​ទំនើប​ City Mall​ រោងភាពយន្ដ​ The Cineplex ​នៅ​ផ្សារ​ទំនើប​សុរិយា ​នៅ​មជ្ឈមណ្

ខ្សែ​ភាពយន្ដ​សរុប​ចំនួន​៩១​រឿង ​ដែល​ជា​ស្នាដៃ​របស់​ផលិតករ​មក​ពី​ប្រទេស​ចំនួន​១៧ ​នឹង​ត្រូវ​ដាក់​បញ្ចាំង​នៅ​ក្នុង​មហោស្រព​ភាពយន្ដ​អន្ដរជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ​ ដើម្បី​ជា​ការ​ចែក​រំលែក​បច្ចេកទេស ​និង​បទពិសោធន៍​គ្នា។

ទស្សនិកជន​អាច​ចូល​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​ ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ទី​១៥ ​រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ​នៅ​តាម​ទីតាំង​សំខាន់ៗ​មួយ​ចំនួន ​ដូច​ជា​រោង​ភាពយន្ត​ Legend Cinema ​នៅ​ផ្សារ​ទំនើប​ City Mall​ រោងភាពយន្ដ​ The Cineplex ​នៅ​ផ្សារ​ទំនើប​សុរិយា ​នៅ​មជ្ឈមណ្ឌល​កំសាន្ដ​កោះពេជ្រ​ មជ្ឈមណ្ឌល​បុប្ផានណា ​និង​ វិទ្យាស្ថាន​ភាសា​បារាំង។

លោក​ជៀប ​សុវិជ្ជា ​នាយក​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​ និងការ​ផលិត​ភាពយន្ត​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រារព្ធ​ពិធី​មហោស្រព​ភាពយន្ត​អន្តរជាតិ​នេះ​ គឺ​ដើម្បី​ជួយ​លើក​កម្ពស់​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​តាមរយៈ​ការ​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ផលិតករ​ខ្មែរ​ និង​បរទេស។

«គោល​បំណង​ដែល​យើង​រៀបចំ​មហោស្រព​ភាពយន្ត​នេះ​ឡើង​គឺ​យើង​ចង់​លើក​កម្ពស់​ខ្សែ​ភាព​យន្ត​នៅ​កម្ពុជា​យើង​ឲ្យ​រីក​ចម្រើន​ឡើង​ ព្រោះ​ថា​ ពេលណា​ដែល​យើង​មាន​ទិវា​មហោស្រព​ភាព​យន្ត​អន្តរជាតិ​នេះ​ម្តងៗ ​វា​តែងតែ​មាន​អ្នក​ដឹកនាំ​បរទេស​មក​ចូលរួម។​ អញ្ចឹង​វា​ជា​ឱកាស​មួយ ​ដែល​គាត់​អាច​ជួបជុំ​គ្នាផ្លាស់ប្តូរ​បទ​ពិសោធន៍​គ្នា។​មួយ​វិញ​ទៀត​ យើង​ចង់​បញ្ចាំង​ខ្សែភាពយន្ត​បរទេស​ហ្នឹង​ឲ្យ​ទស្សនិកជន​ខ្មែរ​យើង​បាន​មើល​ដើម្បី​ទាក់ទាញ​គាត់​ឲ្យ​ចាប់​អារម្មណ៍​លើ​វិស័យ​ភាពយន្ត​ខ្មែរ​ឡើងវិញ​ ហើយ​ដើម្បី​រំឭក​ផលិតករ​ខ្មែរ​យើង​ឡើង​វិញ​ ដើម្បី​ឲ្យ​គាត់​ផលិត​ខ្សែ​ភាពយន្ត​វិញ​ ឲ្យ​បាន​ល្អ​ជា​លក្ខណៈ​ស្តង់ដា​អន្តរជាតិ​ ដែល​គេ​អាច​ទទួល​យក​បាន»។

នៅ​ក្នុង​ចំណោម​ខ្សែភាពយន្ត​ទាំង​៩១​រឿង​នោះ​ មាន​ខ្សែ​ភាពយន្ត​ខ្មែរ​ចំនួន​១៧​រឿង​ដែល​ផលិត​ដោយ​ផលិតករ​ខ្មែរ​ និង​ជំនួយការ​ពី​បរទេស។ ​ក្នុង​នោះ​២​រឿង​ជា​ខ្សែភាពយន្ត​ជំនាន់​សង្គម​រាស្រ្ត​និយម។ ​ក្រៅពី​នេះ​ជា​ខ្សែភាពយន្ត​របស់​ផលិតករ​មក​ពី​ប្រទេស​ស្រីលង្កា​ សហរដ្ឋ​អាមេរិច​ ជប៉ុន​ កូរ៉េ ​ប្រទេស​ហ្វីលីពីន ​ម៉ាឡេស៊ី ​បារាំង​ និងប្រទេស​ចិន​ជា​ដើម។ ​ខ្សែភាពយន្ត​ទាំង​នោះ​មាន​ភាពយន្ដ​ប្រភេទ​ជា​ប្រវត្តិសាស្រ្ត ​ភាពយន្ត​ស៊ើបអង្កេត ​ភាពយន្ត​បែប​កំប្លែង ​និង​គំនូរជីវចល​ផង​ដែរ។

លោក​គង់ ​កន្តារ៉ា ​អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ ​និង ​វិចិត្រសិល្បៈ​ បាន​ចាត់​ទុក​មហោស្រព​ភាពយន្ត​នេះ​ គឺ​ជា​ការ​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ការ​ផលិត​ខ្សែភាពយន្ត​រវាង​អ្នក​ផលិត​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ដើម្បី​បង្កើន​នូវ​គុណភាព​ក្នុង​ការផលិត។​ ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ​ទោះ​បី​ជា​យ៉ាង​ណា​ ការប្រារព្ធ​មហោស្រព​ភាពយន្ត​នេះ​ នៅ​មិន​ទាន់​អាច​ជួយ​អ្វី​ឲ្យ​បាន​ច្រើន​គ្រាប់គ្រាន់​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​ដែល​កំពុង​មាន​ការ​ចុះ​ទន់ខ្សោយ​នោះ​ទេ។

«ផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​ផលិតករ​កម្ពុជា​យើង​ក៏ដូច​ជា​ផលិតករ​នានា​ ព្រោះ​ថា​ ភ្ញៀវ​ជា​ច្រើន​គឺ​ចម្រុះ​ជាតិសាសន៍​មក​បញ្ចាំង​ហ្នឹង។​ ហើយ​អាច​ដកស្រង់​បទពិសោធន៍​ បច្ចេកទេស​គ្នា​ទៅ​វិញ ​ទៅ​មក។ ​អា​នេះ​ក៏​ជា​ផ្នែក​មួយ​ដើម្បី​ជួយ​ជំរុញ​ឲ្យ​ផលិតករ​របស់​យើង​ ឲ្យ​គាត់​ខំ​ផលិត​ឲ្យ​បាន​ស្នាដៃ​ល្អ​ទៅ​ ដើម្បី​បម្រើ​ទស្សនិកជន​ក្នុង​ស្រុក​របស់​យើង ​ឲ្យ​បាន​រីកចម្រើន​ឡើង»។

លោក​អ៊ីវ៉ុង ​ហែម ​ជា​ផលិតករ​ខ្មែរ​ជើង​ចាស់​មួយ​រូប​ បាន​ឲ្យ​ដឹង​ថា​ លោក​មាន​ខ្សែភាពយន្ត​ចំនួន​២​រឿង​ បាន​ដាក់​បញ្ចាំង​នៅ​ក្នុង​មហោស្រព​ភាពយន្ត​នេះ​ដែរ។

«យើង​អបអរសាទរ។ ធ្វើ​បាន​ប៉ុណ្នឹង​ គឺ​អស្ចារ្យ​ណាស់​ចំពោះ​អ្នក​រៀបចំ​ហ្នឹង​ណា៎។​ ប៉ុន្តែ​គ្រាន់​តែ​ថា​ តើ​វា​មាន​លទ្ធផល​កម្រិត​ណា​ ខ្ញុំ​អត់​ហ៊ាន​និយាយ​រឿង​នេះទេ ​ហើយ​ ខ្ញុំ​រងចាំ​មើល​ដែរ។ ​តើ​វា​មាន​ទំនាក់ទំនង​របៀប​ម៉េច»?

ដីមីន ​ដីមាស​គឺ​ជា​ខ្សែភាពយន្ត​ខ្មែរ​ខ្នាត​ខ្លី​មួយ។ ​ភាពយន្ដ​នេះ​ត្រូវ​យក​មក​បញ្ចាំង​ នៅ​មជ្ឈមណ្ឌល​បុប្ផាណា។ ​ភាពយន្ដ​នេះ​បាន​ពិពណ៌នា​អំពី​ស្ថានភាព​គ្រាប់មីន​នៅ​ខេត្ត​ប៉ៃលិន​ ដែល​ជា​ខេត្ត​មួយ​សម្បូរ​ដោយ​គ្រាប់មីន​នៅ​កម្ពុជា។

ប្រជាពលរដ្ឋ​នៅ​ក្នុង​រឿង​នេះ​ជួបប្រទះ​ការ​លំបាក​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយសារ​ផ្ទៃដី​នៅ​ទីនោះ​ភាគ​ច្រើន​ពោរពេញ​ទៅ​ដោយ​គ្រាប់មីន។ ​ហើយ​ពួក​គេ​ប្រឈម​នឹង​គ្រោះថ្នាក់​ជា​ខ្លាំង។ ​ប៉ុន្ដែ​ទីបំផុត​ បន្ទាប់​ពី​ការ​ដោះគ្រាប់មីន​ ដី​ទាំង​នេះ​បាន​ក្លាយ​ជា​ដី​កសិកម្ម​យ៉ាង​ល្អ​បំផុត។ ​គឺ​ជា​កំណប់​មាស​របស់​ប្រជាពលរដ្ឋ​នៅ​ទីនោះ។

«គ្មាន​ស្អី​រក​ទេ​ ខែ​ហ្នឹង។​ ធ្វើ​ចម្ការ​ស្រែ ​ធ្វើ​ចម្ការ​ស្រែ​ផុត​ទៅ ​ផុត​មក។ ​ជីក​ទំពាំង ​កាប់​អុស​ កាប់​ឫស្សី​ អី​យក​ទៅ​លក់។ ​មួយ​បាច់​៣៥០០​ទៅ ​ឬ៣០០០​រៀល។ ​រក​បាន​ហើយ​ឲ្យ​ថ្លៃ​គោយន្ត​គេ​៥០០​ទៅ ​ហើយ​ព្រៃ​ឫស្សី​អី​ហ្នឹង​គឺ​សុទ្ធ​តែ​ព្រៃមីន​ទាំង​អស់។ ​ធ្វើ​ម៉េច​ បើ​សិន​ជា​យើង​មិន​រក​ វា​ដាច់​ពោះ​ ប្រពន្ធ​កូន​យើង​ស្លាប់។ ​អញ្ចឹង​យើង​ត្រូវ​តែ​តស៊ូ។ ​នរណា​មិន​ខ្លាច​ស្លាប់។​ អ្នក​ណា​មិន​ខ្លាច​មីន។ ​ស្លាប់​ ក៏​ស្លាប់​ទៅ! ​បើ​មិន​រក​ ក៏​ស្លាប់​ដែរ។ ​វា​ដូច​តែ​គ្នា​ហ្នឹង»។

អ្នកស្រី​ឃីម ​ស្រីរាល​ជា​ជំនួយការ​គ្រូ​នៅ​សាលា​លីសេដេកាត ​ដែល​បាន​នាំកូន​ និង​ប្តី​មក​ចូលរួម​ទស្សនា​រឿង​នេះ។ គាត់បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ទស្សនា​រឿង​នេះ​ហើយ​ ទើប​បាន​ដឹង​ច្បាស់​ថា​ប្រទេស​កម្ពុជា​ពិត​ជា​មាន​គ្រាប់មីន​ជា​ច្រើន​ដែល​បាន​គំរាមកំហែង​ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​រាល់ថ្ងៃ។

អ្នកស្រី​បាន​បញ្ជាក់​ថា អ្នកស្រី​ចូលចិត្ត​ខ្សែភាពយន្ត​ប្រភេទ​នេះ​ ពីព្រោះ​វា​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ពិតប្រាកដ​ នៅ​ក្នុង​ប្រទេស​កម្ពុជា។

«ខ្ញុំ​ឃើញ​អ្នក​រងគ្រោះ​ដោយសារ​គ្រាប់មីន​ច្រើន​ហើយ។ ​ខ្ញុំ​ដូច​ថា ​ពិបាក​ចិត្ត​ សោកស្តាយ ​ដែល​មាន​គ្រាប់មីន​នៅ​ស្រុកខ្មែរ​ច្រើន​អញ្ចឹង។ ​ភាពយន្ត​ខ្មែរ​យើងជា​ច្រើន​និយាយ​ពី​ស្នេហា។ ​ប្រសិន​បើ​និយាយ​ពី​រឿង​បច្ចុប្បន្ន​ហ្នឹង​ មាន​អ្វី ល្អដែរ ​ដូច​ជា​អំពី​គ្រាប់មីន​ អំពី​មនុស្ស​យើង​ អត់​ឃ្លាន​ អត់​មាន​អី​ហូប​ អញ្ចឹង​គឺល្អ​ណាស់»។

កម្មវិធី​មហោស្រព​ភាពយន្ត​អន្តរជាតិ​ឆ្នាំ​នេះ​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ជំនាញ​ និង​ទទួល​ការ​ផលិត​ភាពយន្ត​នៅ​កម្ពុជា ​មជ្ឈមណ្ឌល ​បុប្ផាណា ​និង​វិទ្យាស្ថាន​ភាសា​បារាំង​ ដែល​មាន​ការគាំទ្រ​ពី​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​ ហើយ​មាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG