កាលពីថ្ងៃអាទិត្យ សហផលិតករខ្សែភាពយន្ត «សត្រូវរបស់ប្រជាជន» បានឆ្លៀតឱកាសយកខ្សែភាពយន្តនេះមកបញ្ចាំងនៅវត្តពុទ្ធិការាម នៅទីក្រុង Silver Spring រដ្ឋ Maryland ពេលលោកថត សម្បត្តិត្រូវមករដ្ឋធានីវ៉ាស៊ីនតោនមួយសប្តាហ៍ ដើម្បីទទួលរង្វាន់ពី International Center for Journalism គឺមជ្ឍមណ្ឌលអ្នកសារព័ត៌មាន។ លោកមកទទួលរង្វាន់នេះជាមួយអ្នកយកព័ត៌មានឆ្នើមៗផ្សេងៗទៀតក្នុងពិភពលោកដែលបានទទួលរង្វាន់ប្រចាំឆ្នាំនេះដែរ។
ឈុតខ្លះធ្វើឲ្យអ្នកទស្សនាតក់ស្លុតរន្ធត់ ហើយឈុតដដែលនេះក៏បានធ្វើឲ្យអ្នកផ្សេងទៀតផ្ទុះសំណើចដែរ ព្រោះថា ក្នុងខ្សែភាពយន្តនេះ អ្នកធ្វើត្រាប់ជាជនរងគ្រោះនៃអំពើឃាតកម្ម បានបង្ហាញការញើតញញើម ហើយប្រយ័ត្នប្រយែង។
ក្រោយការបញ្ចាំងខ្សែភាពយន្តនេះ លោកទាំងពីរបានអនុញ្ញាតឲ្យអ្នកទស្សនាជិត៥០នាក់សួរអំពីខ្សែភាពយន្តនេះ និងអំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមដែលគេបានឮតែគ្មានការបកស្រាយកន្លងមក។
លោកថេត សម្បត្តិសហផលិតករខ្សែភាពយន្ត«សត្រូវរបស់ប្រជាជន»បានប្រាប់ពីមូលហេតុដែលលោកសម្រេចយកខ្សែភាពយន្តនេះមកបញ្ចាំងជូនជនជាតិខ្មែរទស្សនា។ លោកបានឲ្យដឹងថា៖
«បញ្ចាំងនៅវត្តខ្មែរ ព្រោះវត្តគឺជាទីកន្លែងខ្មែរយើងមកជួបជុំ។ ហេតុដូច្នេះយើងសម្រេចយកវត្តហ្នឹងដើម្បីផ្សព្វផ្សាយដំណឹងដល់បងប្អូនខ្មែរយើង ព្រោះបងប្អូនខ្មែរយើងជាជនរងគ្រោះ។ តាមខ្ញុំដឹងបងប្អូនខ្មែរយើងទាំងអស់គ្នានៅមន្ទិលសង្ស័យ មិនទាន់បានយល់ច្បាស់ច្បាស់ថា ហេតុអ្វីបានមានការសម្លាប់រង្គាលពីឆ្នាំ១៩៧៥ដល់១៩៧៩នោះ»។
លោកRob Lemkin សហផលិតករខ្សែភាពយន្តនេះជាមួយនឹងលោកថេត សម្បត្តិបានពន្យល់ថា៖
«នេះជាលើកទីមួយហើយ ព្រោះកន្លងមកមិនដែលមានអ្នកណានិយាយប្រាប់រឿង បែបនេះ ហើយបានសារភាពពីមេដឹកនាំថ្នាក់កំពូល ដូចជានួន ជារហូត ដល់កម្មាភិបាលថ្នាក់ទាប ដូចជាឃួន និងសួន។ គេនិយាយដោយស្មោះត្រង់ និងបើកចំហអំពីការណ៍ពិត។ នេះជាប្រវត្តិសាស្ត្រ ដែលកំពុងកើតឡើង»។
អ្នកស្រីឈុន ឆោមម៉ាណា លេខាគណៈកម្មការវត្តពុទ្ធិការាម និយាយថា អ្នកស្រីមិនបានរងទុក្ខក្នុងរបបខ្មែរក្រហមទេ តែឪពុកម្តាយ បងប្អូនសរុប១៣នាក់បានស្លាប់ក្នុងរបបវាលពិឃាតនេះ។ អ្នកស្រីនិយាយថា៖
«នៅពេលដែលខ្ញុំមើលកុនដែលលោកថេត សម្បត្តិយកខ្សែភាពយន្ត«សត្រូវប្រជាជន»មកបញ្ចាំងនៅក្នុងទីវត្តពុទ្ធិការាមនេះ ខ្ញុំមានអារម្មណ៍រន្ធត់។ គេយកមនុស្សមកសម្តែងធ្វើជាសម្លាប់ចាក់ក ខ្ញុំរន្ធត់ខ្លាំង ហើយស្រមៃទៅដល់ពេលដែលប៉ុល ពត ឬក៏ក្រុមខ្មែរក្រហមសម្លាប់ប្រជាជនយើងរបៀបហ្នឹងគឺថា គួរឲ្យខ្លាច»។
ឧបាសកគង់ ហេងក៏បាត់បង់ឪពុកម្តាយនិងសាច់ញាតិមិនតិចដែរគឺ១២នាក់ ដោយការកាប់សម្លាប់ និងបង្អត់អាហារក្នុងរបបកម្ពុជាប្រជាធិបតេយ្យនេះ។ លោកមានប្រសាសន៍ថា៖
«កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងអ.ស.ប.បានសម្រេចថា កាត់ទោសតែអ្នកធំៗទេ ណា៎។ បើកាត់ទោសអ្នកតូចៗដូចពួកអម្បាញ់មិញដែលខ្ញុំឃើញនោះ ច្រើនណាស់ពួកហ្នឹងនោះ មិនតិចទេ។ ថ្វីបើខ្ញុំមានបងប្អូនឪពុកម្តាយឯងស្លាប់ ក៏ប៉ុន្តែខ្ញុំយល់ឃើញថា បើធ្វើតទៅទៀត វាកើតអសន្តិសុខទៀត។ ម្ល៉ោះហើយគឺថា បើចប់ត្រឹមហ្នឹងទៅក៏វាម៉្យាងដែរ»។
លោកថេត សម្បត្តិនិងលោក Rob Lemkin បានផ្សព្វផ្សាយលក់DVD«សត្រូវប្រជាជន»នេះដើម្បីប្រមូលថវិកាផលិតខ្សែភាពយន្តមួយទៀត ដែលនិយាយអំពីមូលហេតុនយោបាយ និងអ្នកនៅពីក្រោយការសម្លាប់ប្រជាជនខ្មែរក្នុងសម័យខ្មែរក្រហម។ ខ្សែភាពយន្ត «សត្រូវប្រជាជន» នេះគ្រាន់តែបង្ហាញអ្នកអនុវត្តការកាប់សម្លាប់ និងបទសម្ភាសន៍ជាមួយនួន ជា ដែលសារភាពថា មានការកាប់សម្លាប់មែន។
អ្នកចូលរួមភាគច្រើនចង់ជាវ DVD«សត្រូវប្រជាជន»នេះ ហើយក៏ទន្ទឹងរង់ចាំ DVDរឿងទី២ដែរ។អ្នកស្រីឈុន ឆោមម៉ាណានិយាយថា៖
«នៅក្នុងខ្សែភាពយន្តទីមួយគឺ«សត្រូវប្រជាជន»នេះ ខ្ញុំមើលទៅនៅមិនយល់។ គេមានបង្ហាញមនុស្សប្រុសម្នាក់ ស្រីម្នាក់ តែខ្ញុំនៅមិនទាន់ដឹងថា អ្នកណាជាអ្នកបញ្ជា និងបង្គាប់ឲ្យសម្លាប់ខ្មែរយើងទាំងអស់នោះទេ ចា៎។ នេះជារឿងអាថ៌កំបាំងដែលលោកនិយាយថា នឹងផ្សាយក្នុងខ្សែភាពយន្តទីពីរ ដែលគាត់នឹងធ្វើក្នុងពេលអនាគត ចា៎»។
ក្រោយពីបានទស្សនារឿង«សត្រូវប្រជាជន»នេះ អ្នកចូលរួមកាន់តែឆ្ងល់អំពីរឿងរ៉ាវក្នុងសម័យខ្មែរក្រហម និងមិនអស់ចិត្តថា តើមានរឿងអ្វី មាននយោបាយអ្វីនៅពីក្រោយអំពើប្រល័យពូជសាសន៍នេះ៕