ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ខ្សែ​ភាពយន្ត​ខ្មែរ​«កង្វះ​រូបភាព»​បញ្ចាំង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​មាន​ការ​គាំទ្រ​ច្រើន


ខ្សែ​ភាពយន្ត​ The Missing Picture នេះ​ផលិត​ដោយ​ជនជាតិ​ខ្មែរ​ម្នាក់​គឺ​លោក​ប៉ាន់​ ឫទ្ធី​ ដែល​ប្រើប្រាស់​វិធី​ផ្សេងៗ​ ដូចជា​ដី​ឥដ្ឋ​ និង​រូបភាព​ឯកសារ​សម័យ​ខ្មែរក្រហម​ដើម្បី​ប្រាប់​ឲ្យ​ដឹង​អំពី​ជីវិត​ ទុក្ខ​វេទនា​ អំពើ​សាហាវ​យង់ឃ្នង​តាម​ទម្រង់​ផ្សេងៗ​ក្នុង​សម័យ​ខ្មែរក្រហម ​ដែល​គេ​ចាត់​ទុក​ថា​ បាត់បង់​រូបភាព។​
ខ្សែ​ភាពយន្ត​ឯកសារ​ខ្មែរ«កង្វះរូបភាព» ​ឬ​ហៅ​ថា​ «The Missing Picture»​ ដែល ជ្រើស​ឲ្យ​ចូល​ប្រកួត​ដើម្បី​ទទួល​ពាន​រង្វាន់​អូស្ការ​ត្រូវ​គេ​ដាក់​បញ្ចាំង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ហើយ​នៅ​សប្តាហ៍​នេះ។​

ក្រុម​អ្នក​ទស្សនា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​កោត​សរសើរខ្សែភាពយន្ត​ «កង្វះរូបភាព» ​ឬ​ហៅ​ថា ​«The Missing Picture»​ដែល​ជា​ខ្សែ​ភាពយន្ត​ត្រូវគេ​ ជ្រើសរើស​ដើម្បី​ប្រកួត​យក​ពាន​រង្វាន់​ធំជាង​គេ​ក្នុង​ពិភពលោក​ហៅ​ថា​ ពាន​រង្វាន់​អូស្ការ។​



ខ្សែ​ភាពយន្ត​នេះ​ផលិត​ដោយ​ជនជាតិ​ខ្មែរ​ម្នាក់​គឺ​លោក​ប៉ាន់​ ឫទ្ធី​ ដែល​ប្រើប្រាស់​វិធី​ផ្សេងៗ​ ដូចជា​ដី​ឥដ្ឋ​ និង​រូបភាព​ឯកសារ​សម័យ​ខ្មែរក្រហម​ដើម្បី​ប្រាប់​ឲ្យ​ដឹង​អំពី​ជីវិត​ ទុក្ខ​វេទនា​ អំពើ​សាហាវ​យង់ឃ្នង​តាម​ទម្រង់​ផ្សេងៗ​ក្នុង​សម័យ​ខ្មែរក្រហម ​ដែល​គេ​ចាត់​ទុក​ថា​ បាត់បង់​រូបភាព។​

អ្នក​ចូលរួម​ទស្សនា​ជាច្រើន​រយ​នាក់​បាន​ទស្សនា​យ៉ាង​ស្ងាត់​ស្ងៀម​ក្នុង​ពេល​បញ្ចាំង​ខ្សែ​ភាពយន្ត​នេះ​ នៅ​ក្នុង​រោង​ភាពយន្ត​របស់​អង្គការ​ស្រាវជ្រាវ​ វិទ្យាសាស្ត្រ​ និង​ការ​អប់រំ​របស់​ស.រ.អា.​ហៅ​ថា ​National​ Geographic​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​

ក្រោយពី​ទស្សនា​ខ្សែ​ភាពយន្ត​នេះ លោកស្រី ​ខារីន ឃីង ​(Karin King) ​ពលរដ្ឋ​អាមេរិកាំង​ក្នុង​រដ្ឋ​វីជីនៀ​បាន​ថ្លែង​ប្រាប់​វីអូអេ​ខ្មែរ​ថា ​ការ​ថត​សាច់​រឿង​និង​ការ​ពន្យល់​អំពី​បញ្ហា​ជីវិត​ អំពើ​ឃោរឃៅ​នានា ​និង​ការ​គ្រប់គ្រង​ក្នុង​របប​ខ្មែរក្រហម​ ដោយ​ប្រើ​រូបភាព​ដី​ឥដ្ឋ​ជា​តំណាង​នោះ​ វា​ពិតជា​រឿង​ដែល​ពិសេស​ណាស់។​

«ព្រោះ​ជារឿយៗ​ យើង​ឃើញ​ការ​ឃោសនា​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​តាម​រយៈ​ដំណឹង។​ អ្វីដែល​យើង​ឃើញ​ពេល​នោះ​មិនមែន​ជា​រឿង​ពិត​ដែល​បាន​កើត​ឡើង​ទេ។​ ហើយ​ការ​មើល​ឃើញ​ខ្សែ​ភាពយន្ត​ថ្ងៃនេះ​ ជាមួយ​នឹង​ភាព​រស់រវើក ​ដោយ​មាន​ការ​និយាយ​ប្រាប់​រឿង​តាម​រយៈ​រូប​សំណាក​មនុស្ស​ សត្វ​ធ្វើ​ពី​ដីឥដ្ឋ ​ជារឿង​ដែល​និយាយ​ពី​ជីវិត​មួយ​បែប​ផ្សេង​ ជាង​ការ​ដែល​ខ្ញុំ​ស្រមៃ​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​សម័យ​នោះ»។​

លោកស្រី​ថ្លែង​ថា​ ខ្សែ​ភាពយន្ត​នេះ​មាន​លក្ខណៈ​ពិសេស​ដោយ​ផ្ទាល់​ខ្លួន​ មាន​ឥទ្ធិពល ​មាន​លក្ខណៈ​រស់​រវើក​ និង​រំជួល​ចិត្ត។​ លោកស្រី​បាន​ប្រៀបធៀប​អ្វី​ ដែល​លោក​ស្រី​បាន​ឃើញ​ក្នុង​កុន​នេះ​ទៅ​នឹង​របស់​ណាហ្ស៉ី ​(Nazi)​ អាល្លឺម៉ង់​ នៅ​ពេល​ឃើញ​ខ្សែ​ភាពយន្ត​នេះ។​

«លោក​អ្នក​ដឹង​ទេ​វា​ជារឿង​សំខាន់​ណាស់​សម្រាប់​មនុស្ស​ម្នារ​ក្នុងការ​យល់​ដឹង​អំពី​មនុស្ស​តាម​របៀប​នេះ។​ វាជារឿង​ដែល​ខុស​ពី​ព័ត៌មាន ​ដែល​លោក​អ្នក​បាន​ដឹង។ ​រឿង​ផ្ទាល់​ខ្លួន​នេះ​ធ្វើឲ្យ​មាន​ចំណុចច្រើនដែល​គួរ​ឲ្យ​ជឿជាក់ខ្លាំង​ណាស់។​ ខ្ញុំគិត​ថា​ វាធ្វើ​ឲ្យ​ខ្ញុំមាន​ការ​យល់​ដឹង​ជាច្រើន​ និង​មាន​ចិត្ត​អាណិត​អាសូរ។​ វា​មិនមែន​គ្រាន់តែ​ជា​ព័ត៌មាន​ទេ»។​

ថ្លែង​ប្រាប់​វីអូអេ​ក្រោយពី​ទស្សនា​ខ្សែ​ភាពយន្ត​នោះ​ លោក​សុខា គីម​ អាយុ​៣៣​ឆ្នាំ​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មក​ពី​រដ្ឋ​វីជីនៀ​ ​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីតោន​ផ្នែក​ព័ត៌មាន​វិជ្ជា​ ហើយ​ដែល​មាន​ដើម​កំណើត​ក្នុង​ខេត្ត​បាត់ដំបង ​បាន​អះអាង​ថា​ លោក​បាន​ដឹងពី​ប្រវត្តិសាស្ត្រ​ច្រើន​តាម​រយៈ​ខ្សែ​ភាពយន្ត​នេះ​ ហើយ​ក៏​បាន​ដឹង​ថា​ ហេតុអ្វី​បានជាឪពុក​ម្តាយ​របស់​លោក​មិនចង់​និយាយ​អំពី​រឿង​ខ្មែរក្រហម។​

«ដូច្នេះ​ខ្សែ​ភាពយន្ត​នេះ​ធ្វើ​ឲ្យ​ខ្ញុំយល់។​ ហេតុ​ដែល​ពួក​គាត់​មិន​ចង់​និយាយ​អំពី​រឿង​ខ្មែរក្រហម​ ព្រោះ​វា​ជា​រឿងទុក្ខ​សោកវេទនា។ ​ហើយ​ពួកគាត់​ចង់​បំភ្លេច​រឿង​រ៉ាវ​នោះ​ជាជាង​រំឭក​វា​ឡើង​វិញ។​ តែពួក​គាត់​ពិត​ជា​មាន​ការ​លើក​ទឹក​ចិត្ត​ឲ្យខ្ញុំទស្សនា​ខ្សែ​ភាពយន្ត​ដូច​នេះ​ ដើម្បី​ឲ្យ​ខ្ញុំ​យល់​អំពី​ប្រវត្តិសាស្ត្រ​របស់​យើង»។​

ខ្សែ​ភាពយន្ត​នេះ​មាន​ការ​បង្ហាញ​អំពី​ការ​បង្ខំឲ្យ​ធ្វើការ​លើកទំនប់​ជីក​ប្រឡាយ ​ដក​ស្ទូង ​ធ្វើការ​ហួស​កម្លាំង ​ការ​បង្អត់​អាហារ​ គ្មាន​សិទ្ធិ​នេសាទ​ ការ​ធ្វើ​ទារុណ្មកម្ម ​ការ​ដែល​ពលរដ្ឋ​គ្មាន​សេរីភាព​គ្រប់បែប​យ៉ាង​ ការ​ភ័យ​ខ្លាច ​ការ​គ្មាន​មន្ទីរពេទ្យ​ព្យាបាល​ គ្មាន​ទីជម្រក​សមរម្យ ​សង្គា្រម​រ៉ាំរ៉ៃ​ ការ​សម្លាប់​ ដោយ​គ្រាន់​តែ​ទទួល​ទានផ្លែឈើ ​ឬមើម​ដំឡូង​មួយ​ដុំ​ ការ​ដែល​ប៉ុល ពត​ជា​មេ​ដឹកនាំ​ជួប​ប្រជុំ​ជា​មួយ​កម្មាភិបាល​ខ្មែរក្រហម​ អាវខ្មៅ​ក្នុង​ផែនការ​គ្រប់គ្រង​របស់​គេ​ ជាដើម​ ដែល​ខ្សែ​ភាពយន្ត​បាន​បង្ហាញ។​

ក្រុម​អ្នក​ទស្សនា​ ដែល​វីអូអេ​បាន​ជួប​សម្ភាស បាន​និយាយ​ថា​ ខ្សែ​ភាពយន្ត​ «កង្វះ​រូបភាព» ​ឬ ​ហៅ​ថា ​«The Missing Picture»​ ដែល​ជា​ខ្សែ​ភាពយន្ត​ផ្នែក​ភាសារ​បរទេស​នេះ​ គួរ​ជាប់​ពាន​រង្វាន់​អូស្ការ ​(OSCARS)។​

ក្រោយ​ពេល​ទស្សនា​ លោក​ឯម ​សិរី ​អ្នក​ទស្សនា​មកពី​រដ្ឋ​វីជីនៀ​ ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ បាន​ថ្លែង​ប្រាប់​វីអូអេ​ដែរ​ថា៖​«ខ្ញុំ​សង្ឃឹម​ថា​ វា​ទទួល​បាន​ពាន​រង្វាន់​ ព្រោះ​មាន​អត្ថន័យ​ទូលំទូលាយ ​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ដល់​ពេល​ហ្នឹង។​ ខ្ញុំ​សរសើរ​អ្នក​រៀបចំ​និង​អ្នក​តែង​ហ្នឹង»។​

លោក​ថ្លែង​ថា​ អត្ថន័យ​ ពាក្យ​ពេជន៍ ​ខ្លឹមសារ​ ការ​ពន្យល់​តាម​របៀប​ច្រើន​យ៉ាង​ អំពី​របប​ខ្មែរក្រហម​ដែល​លោក​បាន​ឆ្លងកាត់​និង​រង​ទុក្ខវេទនា​ផង​នោះ​គឺ​មាន​លក្ខណៈ​ល្អ​ណាស់។​

ខ្សែ​ភាពយន្ត​នេះ​កំពុង​ប្រកួត​ជាមួយ​នឹង​ខ្សែ​ភាពយន្ត​បរទេស​ចំនួន​បួន​ប្រទេស​ផ្សេង​ទៀត​មុន​នឹង​ត្រូវ​គេ​បោះឆ្នោត​នៅ​ចុង​ខែ​កុម្ភ​នេះ​ហើយ​នឹង​ប្រកាស​ពាន​រង្វាន់​នៅ​ថ្ងៃ​ទី២​ ខែ​មិនា​នៅ​ឯ​ហូលីវូដ​ក្នុង​ទីក្រុង​ ឡូសអាន់ជឺលេស ​រដ្ឋ​កាលីហ្វ័រញ៉ា។​

លោក​រ៉សស្ស៊ែល វីលៀម ​(Russell William)​ ជា​មន្ត្រី​ផ្នែក​ទំនាក់​ទំនង​សាលា​សិល្បៈនៃ​សាកល​វិទ្យាល័យ​ American University​ ដ៏ល្បីល្បាញ​ក្នុង​ប្រទេស​ និង​ជាអ្នក​មាន​សិទ្ធិបោះឆ្នោត​ម្នាក់​សម្រាប់​ខ្សែ​ភាពយន្ត​អូស្ការ (សុខ ខេមរា វីអូអេ)
លោក​រ៉សស្ស៊ែល វីលៀម ​(Russell William)​ ជា​មន្ត្រី​ផ្នែក​ទំនាក់​ទំនង​សាលា​សិល្បៈនៃ​សាកល​វិទ្យាល័យ​ American University​ ដ៏ល្បីល្បាញ​ក្នុង​ប្រទេស​ និង​ជាអ្នក​មាន​សិទ្ធិបោះឆ្នោត​ម្នាក់​សម្រាប់​ខ្សែ​ភាពយន្ត​អូស្ការ (សុខ ខេមរា វីអូអេ)
ក្រោយពេល​ទស្សនា​ខ្សែភាពយន្ត​នេះ លោក​រ៉សស្ស៊ែល វីលៀម ​(Russell William)​ ជា​មន្ត្រី​ផ្នែក​ទំនាក់​ទំនង​សាលា​សិល្បៈនៃ​សាកល​វិទ្យាល័យ​ American University​ ដ៏ល្បីល្បាញ​ក្នុង​ប្រទេស​ និង​ជាអ្នក​មាន​សិទ្ធិបោះឆ្នោត​ម្នាក់​សម្រាប់​ខ្សែ​ភាពយន្ត​នេះ​ បាន​ថ្លែង​ប្រាប់​វីអូអេខ្មែរ​ថា៖

«ខ្ញុំចូល​ចិត្ត​ពី​វិធី​ដែល​គេដាក់​បញ្ចូល​គ្នា​នូវ​សកម្មភាព​រស់​រវើក​នៃវីដេអូ​ដែល​គេរក្សា​ទុក ​និង​រូប​តំណាង​ធ្វើពី​ដីឥដ្ឋ​ ជា​អ្វី​ដែល​ខ្ញុំគិត​ថា​ ពិតជាវិធី​ដ៏​ជំនាញ ក្នុង​ការ​បង្ហាញ​យើង​អំពីមហន្តរាយ​ដែល​បាន​កើត​ឡើង​នោះ»។​
ក៏ប៉ុន្តែ​លោក​ថ្លែង​ថា តាមរយៈ​រូប​សំណាក​ធ្វើពី​ដីឥដ្ឋ​នោះ​ គេអាច​និយាយ​ថា ​នោះ​ជាម្តាយ​ខ្ញុំ ​នោះ​ជា​ជីដូន​ជីតា​ខ្ញុំ ​រូបនេះ​ខ្មែរ​ក្រហម​ រូបនេះ​ជា​ក្មេង​ហើយ​រូប​ទាំងនោះ​អាច​ជា​តំណាង​ឲ្យ​អ្នក​ណា​ក៏​បាន។​

លោក​បន្តថា៖​ «ចំណុច​នោះ​ហើយ​ដែល​ខ្ញុំគិត​ថា​ ធ្វើឲ្យ​ទៅ​ជារឿង​ផ្ទាល់​ខ្លួន​យ៉ាង​ពិត​ប្រាកដ»។​

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​បាន​បញ្ជាក់​ថា​ លោក​មិនអាច​ប្រាប់ថា​ លោក​ត្រូវ​បោះឆ្នោត​ជូន​ខ្សែ​ភាពយន្ត​ណា​មួយ​ទេ​ នៅមុន​ពេល​ដែល​លោក​ទស្សនា​ខ្សែ​ភាពយន្ត​ទាំង​៥ ​ផ្នែក​ភាសា​បរទេស​នេះ។​

អ្នក​រៀបចំ​ការ​បញ្ចាំង​ខ្សែ​ភាពយន្ត​ម្នាក់​ គឺ​លោក​ ហ្កេ្រហ្គ័រី ម៉ាក់ហ្គ្រូឌឺ ​(Gregory McGruder)​ ជា​អនុប្រធាន​កម្មវិធី​ទំនាក់​ទំនង​សាធារណៈ​របស់​អង្គការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ និង​ការ​អប់រំ​របស់​ស.រ.អា.​ហៅ​ថា​ National Geographic ​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា​ វាជា​រឿង​ទាក់ទាញ​ទឹកចិត្ត​ណាស់​ ព្រោះអ្នក​ដឹកនាំ​រឿង​ បង្ហាញ​អំពីរូប​អជីវចល​ធ្វើពី​ដីឥដ្ឋ​នេះ​ ហើយ​ក្រុមអ្នក​ទស្សនា​ក៏បាន​ទស្សនា​ដោយ​ជក់​ចិត្ត​ដែរ។​ លោកថ្លែង​ដូច្នេះ​បន្ទាប់​ពីបានទស្សនា​ឈុតឆាក​ និង​ទិដ្ឋភាព​ដ៏​សែន​សាហាវ​ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា។​

លោកបន្តថា៖ «ព្រោះ​ថា​ រឿង​នេះ​ប្រហែល​ជា​ខ្សែ​ភាពយន្ត​មួយ​ដែល​ល្អបំផុត​ ដែល​យើង​បាន​ទស្សនា។ ​ តែ​ខ្ញុំបាន​ឃើញ​មាន​ដំណាក់​កាលជា​ច្រើន​ដែល​ខ្ញុំ​សង្កេត​ឃើញ​ថា​ អ្នក​ទស្សនា​សម្តែង​អាការៈ​ភ្នាក់ផ្អើល​នៅ​ដំណាក់​កាល​ទាំងនោះ​ ដែល​ពិត​ជា​បង្ហាញ​ថា​ ពួក​គេយក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់»។​

ដូច​អ្នក​ទស្សនា​ដទៃ​ទៀត​ដែរ​ លោក​ថ្លែង​ថា​ អ្នក​ដឹកនាំ​រឿង​បាន​បង្ហាញ​ប្រវត្តិ​សាស្ត្រ​កម្ពុជា​តាម​របៀប​ច្នៃ​ប្រឌិត​មួយ​ដោយ​រឿង​ខ្លួន​ឯង​ផង​និង​លើកពី​រឿងរ៉ាវ​ពលរដ្ឋ​ជា​ជន​រងគ្រោះ ​និង​ប្រទេស​ជាតិ​ ដែល​ធ្លាក់ចូល​ក្នុង​របប​ឃោរឃៅ​នោះ៕
XS
SM
MD
LG