ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ប៉ាន់​ ឫទ្ធី​បោះជំហាន​ពី​អ្នក​ចូល​ចិត្ត​មើល​កុន​មក​ដល់​ឆាក​រង្វាន់​អូស្ការ

  • គង់ សុឋានរិទ្ធ

ខ្សែ​ភាពយន្ត​ The Missing Picture ​ឬ​កង្វះ​រូបភាព ​នេះ​ធ្លាប់​បាន​ឈ្នះ​​រង្វាន់​ដាច់គេ​នៅ​ក្រុង​កាន ប្រទេស​បារាំង​រួច​ម្តង​ហើយ​កាល​ពី​ខែឧសភា ​ឆ្នាំ​២០១៣។
កាល​ពី​សប្តាហ៍​មុន​ខ្សែភាព​យន្តរឿង​”The Missing Picture” ឬ​«កង្វះ​រូបភាព»​ត្រូវ​បានចាត់​ចូល​ក្នុង​បញ្ជី​ប្រកួត​ប្រជែង​ចុង​ក្រោយ​ ដើម្បី​ដណ្តើម​យក​ពាន​រង្វាន់​អូស្កា(OSCAR)​ ជាមួយ​ខ្សែ​ភាពយន្ត​ខ្នាតវែងចំនួន​បួន​ផ្សេង​ទៀត​ដែល​នាំ​ឲ្យពិភព​លោក​មាន​ការរញ្ជួយ។

គឺជាខ្សែភាព​យន្ត​ខ្មែរ​ដំបូងគេ​ក្នុង​ប្រភេទ​ខ្សែ​ភាពយន្ត​ភាសា​បរទេស​ល្អបំផុត​ដែល​បាន​ជាប់​ចំណាត់​ថ្នាក់​ប្រកួត​ប្រជែង​ពាន​រង្វាន់​របស់​សហរដ្ឋ​អាមេរិក​នេះ​ដែល​មានខ្សែភាព​យន្ត​បរទេស​ប្រមាណ​៦០​រឿង​ចូល​ប្រកួត​ប្រជែង។

ភាពយន្ត​នេះ​បាន​មុជ​ជ្រៅ​ទៅ​ក្នុង​ភាពភ័យរន្ធត់​នៃ​អតីតកាល​របស់​គ្រួសារ​មួយ​ក្នុង​សម័យ​កម្ពុជា​ប្រជា​ធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។
ផលិតករ​ភាព​យន្តនេះគឺ​លោកប៉ាន់ ឫទ្ធី ​ដែល​ជា​ជនជាតិ​ខ្មែរ​បានភៀស​ខ្លួន​ទៅកាន់​ប្រទេស​បារាំង។

លោក​ប៉ាន់ ឫទ្ធី ​ដែល​បរទេស​ហៅ​បញ្ចា្រស​មកវិញ​ថា​ ឫទ្ធី ប៉ាន់ ​បានហៅ​ថា​នេះ​ជាភាព​យន្ត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​មូល។

«ចំពោះ​ខ្ញុំ​កុន​នេះ​មិន​ត្រឹម​តែកុន​របស់​ខ្ញុំ​ទេ​ឥឡូវ​នេះ។ ​វាបាន​ក្លាយ​ជា​កុន​របស់​ប្រទេស​ខ្មែរ​ទាំង​មូល​ហើយ»។

នៅ​ក្នុង​ភាពយន្ត​នេះ​គេឃើញ​ការ​រៀបរាប់ពី​ខែ្ស​ជីវិត​កុមារភាព​របស់​លោក​ប៉ាន់ ឫទ្ធី ។​ វា​គឺជាកុមារភាព ​របស់​លោក​ដែល​រំលឹក​ពី​ការឈឺចាប់​ផ្ទាល់ខ្លួន​ក្នុង​របបខ្មែរក្រហម។​

​ក្នុង​ភាព​យន្តនេះ​ផលិតករ​ភាពយន្ត​វ័យ​៥០​ឆ្នាំ​រូប​នេះ​យក​ដុំ​ដីឥដ្ឋ​តំណាង​ឲ្យ​សមាជិក​គ្រួសារ​របស់​ខ្លួនដែល​បាន​បាត់​បង់ជីវិត​ក្នុង​របប​នោះ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ជិត​ពីរលាន​នាក់​ផ្សេង​ទៀត។

​មាន​ដើម​កំណើត​នៅ​ក្រុងភ្នំពេញ​លោក​ប៉ាន់ ឫទ្ធី ​ត្រូវ​ពួក​ខ្មែរ​ក្រហម​ជម្លៀស​ទៅ​កាន់​ស្រុកមោង​ឫស្សី ខេត្ត​បាត់​ដំបង​ជាមួយ​គ្រួសារ​ដែល​មានសមាជិក​ជាង​ដប់​នាក់។​

ជិតបួន​ឆ្នាំ​ក្រោយ​មក​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ ​ឱពុក​ម្តាយ​និង​សាច់ញាត្តិ​របស់​លោក​ស្លាប់​អស់​ក្នុង​របប​ដ៏គួរ​ឲ្យតក់ស្លុត​នេះ ​ហើយ​នៅ​សល់​តែ​រូប​លោក​និង​បងស្រី​បង្កើត​ម្នាក់​តែ​ប៉ុណ្ណោះ។

​លោកប៉ាន់ ឫទ្ធី ​ឧទ្ទិសភាព​យន្ត​មួយខ្សែ​នេះ​ទៅ​ដល់ឱ​ពុក​របស់​លោក​ឈ្មោះ​ប៉ាន់ ឡូវ ​ដែល​ជា​បញ្ញវ័ន្ត​មួយរូប​និងជា​គ្រូ​បង្រៀន​ដែល​មាន​ទេព​កោសល្យ​ម្នាក់។

«ដូច​ជាការ​ដឹងគុណ​ទៅ​ឱពុក​ខ្ញុំ​ចឹង។ គាត់​បាន​ស្លាប់​ក្នុង​សម័យ​ខ្មែរ​ក្រហម។​ខ្ញុំ​បាត់បង់​គាត់ ខ្ញុំ​នៅ​ក្មេង​ពេក។​ ខ្ញុំ​អត់​ទាន់​ស្គាល់គាត់​ច្បាស់។​ប៉ុន្តែ​អ្វី​ៗ​ដែល​ខ្ញុំ​បាន​ទទួល​ពី​គាត់​ក្នុង​រយៈ​ពេល​ខ្លី​ដែល​ខ្ញុំ​បាន​ស្គាល់​គាត់​ប្រៀប​ដូច​ជា​កំណប់​មាន​តម្លៃ​ជាង​មាស​ប្រាក់​ទៅ​ទៀត»។

ខ្សែ​ភាពយន្ត​ The Missing Picture ​ឬ​កង្វះ​រូបភាព ​នេះ​ធ្លាប់​បាន​ឈ្នះរង្វាន់​ដាច់គេ​នៅ​ក្រុង​កាន ប្រទេស​បារាំង​រួច​ម្តង​ហើយ​កាល​ពី​ខែឧសភា ​ឆ្នាំ​២០១៣។

រង្វាន់​OSCAR ​គឺ​សម្រាប់​ភាព​យន្ត​ល្អ​បំផុត​ក្នុង​ពិភព​លោក​ដើម្បី​ឈ្នះ​ពានរង្វាន់​នេះ ​ភាព​យន្តThe Missing Picture ​របស់​លោក​ប៉ាន់ ឫទ្ធី ​ត្រូវ​ប្រកួត​នៅទឹក​ចុង​ក្រោយ​ជាមួយ​ភាពយន្តThe broken circle breakdown ​របស់​ប្រទេស​បែលហ្ស៊ិក ​ភាពយន្ត​The Great Beauty ​របស់​ប្រទេស​អ៊ីតាលី ​The Hunt របស់​ប្រទេស​ដាណឺម៉ាក​និង​ប្រកួត​ជាមួយ​ភាពយន្ត​ដែល​មាន​ចំណង​ជើង​ថា​ Omar ​របស់​ប្រទេស​ប៉ាឡេស្ទីន។

​ជ័យ​ជម្នះ​នៃ​រង្វាន់​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ដើម​ខែ​មិនា ​ខាងមុខ​នៅ​សហរដ្ឋ​អាមេរិក។

នៅ​ចន្លោះ​ពេល​នេះលោកប៉ាន់ ឫទ្ធី ​ត្រូវ​ធ្វើ​យុទ្ធនាការ​ជា​បន្ត​បន្ទាប់​ដើម្បី​ស្វែង​រក​ការគាំទ្រ​ពី​មហា​ជន។

​ការពិត​វិស័យ​ភាពយន្ត​គឺជា​ឧបនិស្ស័យ​របស់​លោក​ប៉ាន់ ឫទ្ធី ​ពី​កំណើត។​ក្រោយ​ពី​បាន​ទៅ​ដល់​ប្រទេស​បារាំង​នៅ​ឆ្នាំ​១៩៨០ ​ក្រោយ​ពីបាន​ស្នាក់​នៅ​ជំរំ​ជនភៀស​ខ្លួន​នៅព្រំដែន​ប្រទេសថៃ​ លោក​បាន​ចាប់​ផ្តើម​រៀន​ភាសា​បារាំង​ឡើងវិញ​បន្ទាប់​មកក៏​ផ្ចង់​អារម្មណ៍​ទៅ​រក​វិស័យ​ភាពយន្ត។

​លោក​បាន​ចូល​សិក្សា​សាលា​ជំនាញ​ផ្នែក​ភាព​យន្ត​ឈ្មោះ​ថា​Institut des Hautes Etudes Cinematographiques ​នៅ​ក្រុង​ប៉ារីស។ បេក្ខជន​ជាង​១.២០០​នាក់​បាន​ចូល​ប្រឡង​ហើយ​បេក្ខជន​ដែល​ប្រឡង​ជាប់មានត្រឹមតែ​២២​នាក់​ប៉ុណ្ណោះ។

​មុន​បាន​ចូលរៀន​សាលា​នេះ​លោក​ជា​អ្នក​ងប់ងល់​ចង់មើល​ភាពយន្ត​យ៉ាង​ខ្លាំង។​ ដូច្នេះ​ដើម្បី​បាន​លុយ​ចូល​រោង​កុន​លោក​ត្រូវ​ស៊ីឈ្នួល​សម្អាត​អាង​ហែល​ទឹក​ឲ្យ​គេ។​ដោយ​ឃើញ​ដូច្នេះ​គ្រូ​របស់​លោក​បាន​ឲ្យ​យោបល់​ឲ្យ​លោក​ប្រឡង​ចូល​សាលា​ឯកទេស​ភាព​យន្ត។

«ខ្ញុំ​អត់​លុយ​មើល​កុន​។​យប់ឡើ​ង​ខ្ញុំ​ទៅ​លាង​អាង​ហែល​ទឹក​ឲ្យ​គេ​ដើម្បី​បាន​លុយ​មើល​កុន។​ដូច្នេះ​គ្រូ​គាត់​ស្រឡាញ់​ខ្ញុំ​ គាត់​ប្រាប់​ថា​ប្រឡង​បាក់ឌុប​ចប់​ទៅ​ហើយ​ទៅ​រៀន​សាលា​កុន​ទៅ។​សាលា​នោះ​ល្អ កាលណា​យើង​ប្រឡង​ជាប់​ហើយ​គេ​នឹង​ឲ្យ​កាត​មួយ ​ដើម្បី​អាច​ចូល​មើល​កុន​គ្រប់​រោង​កុន​ដោយ​មិន​គិត​លុយ។ ខ្ញុំ​ចង់​បាន​កាត​នោះ​មែនទែន។​ខ្ញុំសម្រេច​ចិត្ត​ទៅ​ប្រឡង។​គាត់​ក៏​មិន​បាន​ប្រាប់​ថា​សាលា​នោះ​ប្រឡង​តឹង​ដែរ។​ហើយ​ខ្ញុំ​ប្រថុយ​ទៅ​ប្រឡង​ក៏​ជាប់​ទៅ»។

បញ្ចប់​ការសិក្សា​ផ្នែក​ភាពយន្ត​លោក​ប៉ាន់ ឫទ្ធី ​បាន​កំណត់​ដោយ​ខ្លួនឯង​នូវគម្រោង​ថត​កុន​អំពីការ​រំលឹក​អតីតកាល​ដ៏​ខ្មៅ​ងងឹត​នៅ​កម្ពុជា។

«រៀន​ថត​កុន​ចប់​ហើយ​ ខ្ញុំ​ចាប់​ផ្តើម​ថត​កុន​លើ​ការ​ចង​ចាំ​លើ​ស្រុក​ខ្មែរ។​ខ្ញុំ​មិន​ដែល​ថតកុន​ដើម្បី​គ្រាន់​តែ​ជា​សិល្បៈ​សម្រាប់​បង្ហាញ​គេ​ដើម្បី​កំសាន្ត​សប្បាយ​តែ​ប៉ុណ្ណោះ​ទេ។ ខ្ញុំ​ចង់​យក​ផ្នែក​នេះ​ដើម្បី​ការ​សិក្សា​ឬ​ការចងចាំ​ឬបង្ហាញ​អត្តសញ្ញាណ​អ្វី​មួយ»។​

​រហូត​មក​ទល់​ពេល​នេះ​លោក​ប៉ាន់ ឫទ្ធី ​បាន​ថតភាព​យន្ត​ប្រឌិត​និង​ភាព​យន្ត​ឯកសារ​សរុប​ជិត​២០​រឿង។ ភាពយន្ត​ឯកសារ​ដំបូង​គេ​របស់​លោកឈ្មោះ​Site 2​ឬ​ជំរំ​សាយធូ ​ដែល​រំលឹក​ដល់​ទិដ្ឋភាព​ក្រោយ​របប​ខ្មែរក្រហម​ដែល​ពលរដ្ឋ​កម្ពុជា​បានភៀស​ខ្លួន​ទៅជ្រក​កោណ​នៅ​ជំរំ​ក្នុង​ប្រទេសថៃ​ដើម្បី​អាច​ទៅ​រស់នៅ​ប្រទេស​ទី​បី។

​លោក​បាន​ទទួល​ពានរង្វាន់​ជាច្រើនក្នុង​ការប្រកួត​ប្រជែង​ខ្សែភាពយន្តដូចជា​រង្វាន់​ប្រចាំ​ទ្វី​ប​អាស៊ី នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ​រង្វាន់ពី​ប្រទេស​បារាំង ​ជប៉ុន ​អាហ្វ្រ៊ិក​ អាមេរិក ​និង​ប្រេស៊ីល​ជាដើម។

ភាពយន្ត​ឯកសារ​ខ្នាតវែង​នេះ​នឹង​ត្រូវ​បោះ​ឆ្នោត​ជា​ចំណាត់​ថ្នាក់ចុង​ក្រោយ​នៅ​ដើម​ខែ​មិនា ​ឆ្នាំ​២០១៤​នេះ ​នៅ​សហរដ្ឋ​អាមេរិក។

ដោយ​ផ្អែក​លើ​ជំហាន​ជោគជ័យ​របស់​ខ្លួន​លោក​ប៉ាន់ ឫទ្ធី ​បាន​កា្លយ​ជា​ផលិតករ​ខ្មែរ​តែ​មួយគត់​ក្នុង​សម័យ​ទំនើប​ដែល​បាន​ស្តារមុខមាត់​ប្រទេស​កម្ពុជា​ឡើងវិញ​ក្នុង​វិស័យភាព​យន្ត​នៅ​លើ​ឆាក​អន្តរ​ជាតិ។

អន្តរជាតិ​ចាប់ផ្តើម​ស្គាល់កម្ពុជា​កាន់តែច្បាស់​ក្នុងវិស័យ​វប្បធម៌​រស់រវើក​មួយនេះ​ដែល​ធ្វើ​ឲ្យ​លោក​ប៉ាន់ ឫទ្ធី ​រៀប​ផែនការ​បង្កើត​សាលាភាព​យន្ត​របស់​រដ្ឋាភិបាល​មួយ​នៅ​ថ្ងៃ​អនាគត។
វា​គឺជា​សាលា​ភាពយន្ត​ដែល​លោក​ចង់​លើក​ទឹកចិត្ត​ដល់​និស្សិត​ក្រី​ក្រ​ខ្វះធនធាន​អាចមាន​ឱកាស​ចូល​សិក្សា​បាន៕
XS
SM
MD
LG