ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អំពាវនាវ​ឱ្យ​​ក្រុម​ធុរកិច្ច​ចូលរួម​ការពារ​សិទ្ធិ​និង​ផលប្រយោជន៍​របស់​អ្នកប្រើប្រាស់


រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ ថ្លែង​ក្នុង​សន្និសីទ​អ្នកប្រើប្រាស់ថ្នាក់​ជាតិឆ្នាំ២០២៣ ក្រោមប្រធានបទ«ពង្រឹងសិទ្ធិ​អំណាច​អ្នកប្រើប្រាស់​ដើម្បីជំរុញ​ការអនុវត្តដោយសុចរិតលើទីផ្សារ»នៅ​សណ្ឋាគារ​សូហ្វីតែល រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ ថ្លែង​ក្នុង​សន្និសីទ​អ្នកប្រើប្រាស់ថ្នាក់​ជាតិឆ្នាំ២០២៣ ក្រោមប្រធានបទ«ពង្រឹងសិទ្ធិ​អំណាច​អ្នកប្រើប្រាស់​ដើម្បីជំរុញ​ការអនុវត្តដោយសុចរិតលើទីផ្សារ»នៅ​សណ្ឋាគារ​សូហ្វីតែល រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក ប៉ាន សូរស័ក្ដិ នៅ​ថ្ងៃ​អង្គារ​នេះ បាន​អំពាវ​នាវ​ឱ្យ​អ្នក​ធុរកិច្ច ឬ​អ្នក​ប្រកប​ពាណិជ្ជកម្មនៅ​កម្ពុជា ចូល​រួម​ការពារសិទ្ធិ​និង​ផល​ប្រយោជន៍​របស់​អ្នក​ប្រើប្រាស់ ដោយ​អនុវត្ត​ទៅ​តាម​ច្បាប់​ដែល​កម្ពុជា​មាន។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​សន្និសីទ​អ្នក​ប្រើប្រាស់​ថ្នាក់​ជាតិ​ឆ្នាំ​ ២០២៣ ក្រោម​ប្រធានបទ​«ពង្រឹង​សិទ្ធិ​អំណាច​អ្នក​ប្រើប្រាស់​ដើម្បី​ជំរុញការ​អនុវត្ត​ដោយ​សុចរិត​លើទីផ្សារ» ដែល​ធ្វើ​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ។

រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា​ ការ​ប្រកបធុរកិច្ច​មិន​សុចរិត​បាន​បង្ក​ផល​លំបាក​ដល់​អ្នក​ប្រើប្រាស់ ហើយ​វា​នៅ​បន្ត​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា។

លោក​ថ្លែង​ថា៖ «ទន្ទឹម​នឹង​នេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នក​ធ្វើ​ធុរកិច្ច​ទាំង​ឡាយ ដែល​មិន​ទាន់​បាន​អនុវត្ត​នូវ​កាតព្វកិច្ច​ការពារ​អ្នក​ប្រើប្រាស់ សូម​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​កាតព្វកិច្ច​ទាំង​នោះស្រប​តាម​ច្បាប់​និង​បទបញ្ញត្តិ​ជា​ធរមាន​ទាំង​អស់​គ្នា ដើម្បី​រួម​ចំណែក​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច និង​អ្នក​ប្រើ​ប្រាស់​ក្នុង​ការ​កសាង​សង្គម​យើង​ឱ្យ​មាន​សុខដុមនីយកម្ម​ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព» ។

លោក ប៉ាន សូរស័ក្ដិ ថ្លែង​បន្ថែម​ថា​ ការ​ដោះ​ស្រាយ​បណ្តឹង​របស់​អ្នក​ប្រើ​ប្រាស់​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​នៅ​តែ​ជា​បញ្ហា​ស្មុគស្មាញ​នៅ​ឡើយ ខណៈ​រដ្ឋាភិបាល​កំពុង​ពង្រឹង​បន្ថែម​នូវ​កិច្ច​ការពារ​អ្នក​ប្រើ​ប្រាស់។

លោក​ថ្លែង​ថា៖ «ចំពោះ​ការ​ស្វែង​រក​បទ​ល្មើស ការ​ទទួល​និង​ដោះ​ស្រាយ​បណ្តឹង​របស់​អ្នក​ប្រើប្រាស់ អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​តែ​ជួប​បញ្ហា​ប្រឈម និង​ស្មុគស្មាញ​នៅ​ឡើយ»។

លោក​បញ្ជាក់​ទៀត​ថា៖ «ជា​ការ​ពិត​ណាស់ ការ​ដាក់​ចេញ​នូវ​ឯកសារ​គតិយុត្តិ​នានា ការ​ជំរុញ​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់ ស្តីពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា ​រាជ​រដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​ចូលរួម​អនុវត្ត​ផែន​ការសកម្មភាព​ជា​យុទ្ធសាស្រ្ត សម្រាប់​កិច្ចការ​ពារ​អ្នក​ប្រើ​ប្រាស់​ឆ្នាំ​ ២០១៦ ​ដល់​ ២០២៥​ ដើម្បីការពារ​អ្នក​ប្រើ​ប្រាស់»។

ប្រទេស​កម្ពុជា​បាន​អនុម័ត​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នក​ប្រើប្រាស់ ដែល​ត្រូវ​បាន​ប្រកាស កាល​ពី​ចុង​ឆ្នាំ​ ២០១៩។ ចំណែក​ក្រសួង​ពាណិជ្ជកម្ម​ក៏​មាន​សេនាធិការ​មួយ​ឈ្មោះ​ថា​ «នាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ច​ការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ» ដែល​ជា​អង្គភាព​ទទួល​បន្ទុក​លើ​កិច្ចការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​របស់​អ្នក​ប្រើប្រាស់។

នៅ​ក្នុង​វេទិកា​ស្តីពី​សិទ្ធិ​អ្នក​ប្រើប្រាស់​នេះ ក៏​មាន​ការ​ចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល​មក​ពី​ស្ថាប័ន​រដ្ឋ​ផ្សេងៗ ក្នុង​នោះ​ក៏​មាន​ក្រសួង​ប្រៃសណីយ៍​ផង​ដែរ ដែល​ទទួល​បន្ទុក​ពិនិត្យ​មើល​ការ​ផ្តល់​សេវា​អ៊ីនធឺណិត​ជា​ដើម។

លោក គង់ ផល្លៈ រដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម​នា​គមន៍ ដែល​ជា​វាគ្មិន​នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយថ្លែង​ថា​ ក្រសួង​បាន​ដោះ​ស្រាយ​ម្តង​មួយៗ​នូ​វ​បញ្ហា​ប្រឈម​ជាក់​ស្តែង​របស់​ប្រជា​ពលរដ្ឋ ទាក់​ទង​នឹង​សេវា​អ៊ីនធឺណិត និង​បញ្ហា​ទូរសព្ទមិន​មាន​សេវាប្រើ​ប្រាស់​ជាដើម។

លោក គង់ ផល្លៈ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ជា​វាគ្មិន​ក្នុង​កិច្ចពិភាក្សា​អំពី​សារៈសំខាន់​នៃ​ការសម្របសម្រួល​អន្តរក្រសួង​សម្រាប់​ការការពារ​អ្នកប្រើប្រាស់​តាម​អ៊ីនធឺណិត ឬឌីជីថល នៅក្នុង​សណ្ឋាគារ​សូហ្វីតែល រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក គង់ ផល្លៈ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ជា​វាគ្មិន​ក្នុង​កិច្ចពិភាក្សា​អំពី​សារៈសំខាន់​នៃ​ការសម្របសម្រួល​អន្តរក្រសួង​សម្រាប់​ការការពារ​អ្នកប្រើប្រាស់​តាម​អ៊ីនធឺណិត ឬឌីជីថល នៅក្នុង​សណ្ឋាគារ​សូហ្វីតែល រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

លោក​ថ្លែង​ថា៖ «ដូច​បញ្ហា​អត់​សេវា​ អត់​អី​អ៊ីចឹង​ គឺ​យើង​ពង្រឹង​ការ​រៀប​ចំ​ អនុក្រឹត្យ​ស្តី​ពី​ការ​ប្រើប្រាស់​ហេដ្ឋា​រចនាសម្ព័ន្ធ​រួម។ ឥឡូវ​ហ្នឹង​យើង​ដល់​កិច្ច​ពិភាក្សា​ជាមួយ​ក្រសួង​យុត្តិធម៌​ហើយ​ពី​ទោស​បញ្ញត្តិ ហើ​យ​យើង​គិត​ថា ​អនុក្រឹត្យ​នេះ​នឹង​ចេញ​លឿន។ អ៊ីចឹង​កា​រៀបចំ​បណ្តាញ​ហេដ្ឋា​រចនាសម្ព័ន្ធ​ ទូរគមនាគមន៍​ដែល​យើង​បាន​លើក​ពីដើមថា ​Building infrastructure​ [កសាង​ហេដ្ឋារចនាសម្ព័ន្ធ]​ សម្រាប់​វិស័យ​ហ្នឹង ​វា​កាន់​តែ​ទៅ​លឿន​ឡើង»។

លោក​បន្ថែម​ថា ​ពាក់​ព័ន្ធ​សេវា​អ៊ីនធឺណិត​នៅ​ក្នុង​បុរី​វិញ គឺ​ត្រូវ​ឱ្យ​មាន​ប្រតិបត្តិករ​ទូរគមនាគមន៍​យ៉ាង​ហោច​ណាស់​ចំនួន​ ៣ ​ដើម្បី​អាច​ប្រកួ​ត​ប្រជែង​គ្នា​ឱ្យ​មាន​សេវា​គ្រប់​គ្រាន់ ព្រោះ​នៅ​ពេល​ណា​ដែល​បុរី​មួយ​ចុះ​កិច្ច​សន្យា​ដាច់​មុខ​ជាមួយ​ប្រតិបត្តិករ​តែ​មួយ​ នោះ​វា​ជា​ការបំពាន​គោល​ការណ៍ និង​ច្បាប់ប្រកួត​ប្រជែង​ទាំង​ស្រុង។ ដូច្នេះ​លោក​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ប្តឹង​មក​និយ័តករ​ទូរគមនាគមន៍ ឬប្តឹង​មក​ក្រសួង​ប្រៃសណីយ៍ ដើម្បី​ដោះស្រាយ​បញ្ហា​នានា។

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​បើ​សិន​ជាបុរី​ណា​ដែលមាន​សិទ្ធិ​ផ្តាច់​មុខ​ហើយ ​ហើយ​នៅ​តែ​អត់​ឱ្យ​គេ​ចូល ខ្ញុំ​ថា ​ប្តឹងមក​ក្រសួង​ប្រៃសណីយ៍​មក ដើម្បី​ឱ្យ​ក្រុម​ការងារ​យើ​ង​ចុះ​អន្តរាគមន៍​ធ្វើ​ម៉េច​រុញ​ឱ្យ​មាន​សេវា​ក្នុង​បុរី»។

នៅ​ក្នុង​វេទិកា​នោះ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​លើក​ទឹក​ចិត្តដ​ល់​អ្នក​ប្រើប្រាស់​រួម​គ្នា​បង្កើត​សមាគម​អ្នក​ប្រើប្រាស់​តាម​វិស័យ​ស្រប​ទៅ​តាម​ច្បាប់ ដើម្បី​ធ្វើ​ជា​តំណាង​ការពារ​សិទ្ធិ និង​ផល​ប្រយោ​ជន៍​ស្រប​ច្បាប់​ឱ្យ​សមាជិក​របស់​ខ្លួន និង​ជួយ​រាយការណ៍​អំពី​ធុរកិច្ច​ទាំង​ឡាយ​ណា ដែល​ប្រព្រឹត្ត​សកម្មភាព​មិន​សុចរិត​ក្នុង​ធុរកិច្ច៕

XS
SM
MD
LG