រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលឡើងកាន់តំណែងកាលពីចុងឆ្នាំ ២០២២ បានអំពាវនាវឲ្យកសិករ និងអ្នកពាក់ព័ន្ធចងក្រងគ្នាជាក្រុមដើម្បីងាយស្រួលផលិត និងផ្គត់ផ្គង់ផលិតផលកសិកម្មឲ្យឆ្លើយតបតម្រូវការទីផ្សារ និងធានាបាននូវស្ថិរភាពតម្លៃ។ នេះបើតាមការថ្លែងរបស់លោក ឌិត ទីណា នៅក្នុងសន្និសីទសារព័ត៌មានមួយស្ដីពី «ទស្សនទានក្នុងវិស័យកសិកម្មនៅកម្ពុជា» ដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃព្រហស្បតិ៍នេះ។
លោក ឌិត ទីណា ថ្លែងថា កាលណាតម្លៃផលិតផលកសិកម្មលើទីផ្សារធ្លាក់ចុះ នោះនឹងធ្វើឲ្យអ្នកផលិតដែលផ្គត់ផ្គង់ក្នុងស្រុកជួបការលំបាក ហើយនៅពេលតម្លៃផលិតផលកសិកម្មលើទីផ្សារកើនឡើងខ្ពស់ នោះនឹងធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងអ្នកបរិភោគ។ ដូច្នេះលោកថា ការចង់ក្រងគ្នាជាក្រុមរវាងកសិករ អ្នកចែកចាយ អ្នកនាំចូលសម្ភារៈកសិកម្ម ជី ថ្នាំ និងអ្នកពាក់ព័ន្ធផ្សេងទៀត គឺជារឿងសំខាន់ ដែលអាចធានាដល់ការរក្សាតម្លៃថេរផលិតផលកសិកម្មលើទីផ្សារបាន។
លោកបន្ថែមថា យុទ្ធសាស្ត្រនេះ ក្រសួងកសិកម្មនឹងយកមកអនុវត្ត ទាំងលើផលិតកម្មស្រូវ ដំណាំបន្លែ និងផលិតកម្មសត្វជាដើម ដើម្បីធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាអាចទទួលបានផលចំណេញស្មើៗគ្នា ដែលរួមមានទាំងអ្នកផលិត អ្នកចែកចាយ និងអ្នកបរិភោគ។
លោកថ្លែងថា៖ «ក្នុងទស្សនទានរួម ក្រសួងនឹងមានបន្ទុកថ្មីក្នុងការរៀបចំនូវប្រព័ន្ធផលិតកម្មកសិកម្មមួយ ដែលមានប្រសិទ្ធភាពបំផុត។ អ៊ីចឹងក្នុងន័យនេះ ខ្សែទាំង២ [ទាំងទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ] ដែលខ្ញុំលើកខាងដើម ខ្សែសង្វាក់ទីមួយទៅដល់ទីផ្សារក្នុងស្រុក យើងនឹងធ្វើយ៉ាងណាធានានូវស្ថិរភាពថ្លៃ (តម្លៃ) … មិនឲ្យកើនឡើង តែក៏មិនឲ្យធ្លាក់ចុះ»។
រដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះថ្លែងបន្ថែមថា៖ «ប៉ុន្តែការរៀបចំទាំងអស់នេះ គឺតោងឲ្យមានការចូលរួមជាមួយគ្នាជាអង្គការលេខ ១ ជារចនាសម្ព័ន្ធមួយ។ រចនាសម្ព័ន្ធនេះ គឺនឹងប្រមូលផ្តុំទាំងអ្នកផ្គត់ផ្គង់វត្ថុធាតុដើម អ្នកផលិតរហូតដល់អ្នកចែកចាយ អ្នកកែច្នៃ ហើយទៅដល់អ្នកប្រើប្រាស់»។
លោក ឌិត ទីណា បានបញ្ជាក់ទៀតថា ទាំងកសិករ និងអ្នកពាក់ព័ន្ធគួរចូលរួមក្នុងការរៀបចំរចនាសម្ព័ន្ធថ្មីនេះ ព្រោះការរៀបចំជាក្រុមនេះនឹងមានការកំណត់ផែនការផលិតកម្មកសិកម្មច្បាស់លាស់ ទាំងបរិមាណផលិត ក្នុងការផ្គត់ផ្គង់លើទីផ្សារ និងគុណភាព។ លោកថា ការរៀបចំនេះក៏នឹងអាចលើកស្ទួយដល់ជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។
លោកបន្ថែមថា ការរៀបចំរចនាសម្ព័ន្ធនេះនឹងត្រូវប្រើពេលវេលាយូរ ដោយមិនមានបង្ខំអ្នកណាម្នាក់ឲ្យមកចូលរួមចងក្រងជាក្រុមនេះទេ តែលោកថា បើអ្នកណាម្នាក់ដើរម្នាក់ឯង ហើយនៅពេលដួល ឬជួបបញ្ហាប្រឈមអ្វីមួយ នោះនឹងអាចប្រឈមការពិបាក។
បើតាមលោក ឌិត ទីណា មន្ត្រីរបស់ក្រសួងកសិកម្មនឹងជាអ្នកសម្របសម្រួលចងក្រងជារចនាសម្ព័ន្ធនេះ។
លោកថ្លែងថា៖ «ក្រោយពេលដែលបង្កើតរចនាសម្ព័ន្ធនេះបាន ខ្ញុំគិតថា នឹងប្រើពេលមួយចំនួនធំ ព្រោះថាឥឡូវនេះ ប្រជាកសិករយើងក្តី អាជីវករយើងក្តី គាត់នៅមានផ្នត់គំនិតក្នុងការចង់ដើរតែឯង ដើរតែឯងស្រួលដើរលឿន។ ក៏ប៉ុន្តែនៅពេលដែលយើងរៀបចំឲ្យមានការដើរជាមួយគ្នា គឺយើងនឹងដើរបានឆ្ងាយ។ ចំណុចនេះសំខាន់ណាស់។ ដើរតែឯងដួល អត់មានអ្នកណាលើកទេ ប៉ុន្តែដើរជាមួយគ្នា[បើ]ដួល [គឺ]មានគ្នីគ្នាជួយក្រៀក[ស្មា]»។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) យល់ថា នេះជាការល្អ នៅពេលដែលក្រសួងចង់ចងក្រងជាក្រុមនៅក្នុងវិស័យកសិកម្មនេះ ប៉ុន្តែលោកថា អាជ្ញាធរនិងក្រសួងត្រូវតែធានាឲ្យបាននូវបរិយាកាសល្អប្រសើរសម្រាប់កសិករ និងអ្នកពាក់ព័ន្ធនៅក្នុងដំណើរការនេះនិងដាក់បញ្ហាលើតុដើម្បីរកដំណោះស្រាយរួមគ្នា។
លោកថ្លែងថា៖ «ដើម្បីឲ្យការរៀបចំប្រព័ន្ធផលិតកម្មកសិកម្មមួយមានប្រសិទ្ធភាពបំផុត គឺត្រូវតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយការរៀបចំឲ្យមានកិច្ចសន្ទនាសង្គម វេទិកា សិក្ខាសាលា សន្និសីទ ដែលមានគ្រប់ភាគីពាក់ព័ន្ធ...ទាំងរដ្ឋាភិបាល វិស័យឯកជន កសិករដែលជាអ្នកផលិត គួរត្រូវ[មាន]គំនិតផ្តូចផ្តើមឡើង ដើម្បីយើងប្រមូលធាតុចូល ដែលជាក្តីកង្វល់ទាំងអស់នេះដើម្បីដាក់លើតុ ក្នុងការដោះស្រាយបញ្ហាទាំងអស់គ្នា»។
លោកបន្ថែមថា ខ្សែសង្វាក់ទីផ្សារផលិតផលកសិកម្ម ការផ្គត់ផ្គង់ទុន បញ្ហាទឹក បញ្ហាកែច្នៃនិងការវេចខ្ចប់ គឺទាំងអស់នេះ នៅតែជាបញ្ហាសម្រាប់អ្នកប្រកបរបរក្នុងវិស័យកសិកម្ម។
គួរបញ្ជាក់ថា កាលពីកន្លងទៅ រដ្ឋមន្ត្រីក្រសួងកសិកម្មធ្លាប់បានឆ្លើយតបទៅនឹងអ្នករិះគន់ថា ការរិះគន់ទាំងឡាយគួរតែធ្វើឡើងដោយពិនិត្យនូវសកម្មភាព និងលទ្ធផលរបស់លោក។ លោកក៏បានលើកឡើងថា បើទោះបីជាលោកខ្វះជំនាញកសិកម្មក្តី ក៏លោកមានសុទិដ្ឋិនិយមថា បទពិសោធន៍របស់លោក ដែលធ្លាប់ជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងនៅក្រសួងពាណិជ្ជកម្ម បូករួមការស្វែងយល់បន្ថែមទៀតទាក់ទងចំណេះដឹងកសិកម្មនឹងធ្វើឱ្យលោកអាចកាន់ចង្កូតដឹកនាំវិស័យកសិកម្មនេះរីកចម្រើនទៅមុខបាន៕