ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ពិភព​លោក៖ សេដ្ឋកិច្ច​កម្ពុជា​កំពុង​មាន​កំណើន​ឡើងវិ​ញ តែ​ប្រឈម​វិបត្តិ​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ


រូបឯកសារ៖ តារាង​តម្លៃ​ប្រេង​សាំង​ និង​ម៉ាស៊ូត​ ដាក់​លក់​នៅ​តាម​ស្ថានីយ​ប្រេងឥន្ធនៈ​ នៅ​ជាយ​ និង​កណ្តាល​ទីក្រុង​​ភ្នំពេញ​ ថ្ងៃទី​ ២៣ ខែ​មិថុនា​ ឆ្នាំ​ ២០២២។ (ហ៊ុល រស្មី/វីអូអេ)​
រូបឯកសារ៖ តារាង​តម្លៃ​ប្រេង​សាំង​ និង​ម៉ាស៊ូត​ ដាក់​លក់​នៅ​តាម​ស្ថានីយ​ប្រេងឥន្ធនៈ​ នៅ​ជាយ​ និង​កណ្តាល​ទីក្រុង​​ភ្នំពេញ​ ថ្ងៃទី​ ២៣ ខែ​មិថុនា​ ឆ្នាំ​ ២០២២។ (ហ៊ុល រស្មី/វីអូអេ)​

នៅ​ក្នុង​ការ​ព្យាករ​ចុង​ក្រោយ​របស់​ធនាគារ​ពិភពលោក​ សេដ្ឋកិច្ច​កម្ពុជា​នឹង​ទទួល​បាន​កំណើន​ ៤,៥​ភាគ​រយ​ ក្នុង​ឆ្នាំ​២០២២​នេះ​។ ប៉ុន្តែ​ប្រទេស​នេះ​ ត្រូវ​ទប់​ទល់​នឹង​វិបត្តិ​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​។

របាយការណ៍​បច្ចុប្បន្ន​ភាព​ស្តី​ពី​ស្ថានភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា​ ក្រោម​ចំណង​ជើងថា​ Weathering the Oil Price Shock ឬ ការ​ទប់​ទល់ថ្លៃ​ប្រេង​ដែល​កំពុង​ហក់​ឡើង​ខ្លាំង​ ដែល​ចេញផ្សាយ​ដោយ​ធនាគារ​ពិភពលោក​ក្នុង​ខែ​មិថុនា​នេះ​ បាន​ឱ្យ​ដឹង​ថា​ ខណៈ​ដែល​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ និង​ការ​នាំ​ចេញ​ទំនិញ​ទៅ​បរទេស​កំពុង​បន្ត​រើប​ឡើង​ពី​ការ​ធ្លាក់​ចុះ​ក្នុង​សម័យ​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​ កំណើន​មាន​សភាព​មិន​ដូច​គ្នា​នៅ​តាម​គ្រប់​ផ្នែក ដោយ​សារ​តែ​អតិផរណា​ដែល​បណ្តាល​មក​ពី​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែន។

ប្រធាន​គ្រប់​គ្រង​ការិយាល័យ​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​អ្នកស្រី​ម៉ារីយ៉ាម​ សាលីម (Maryam Salim) ត្រូវ​បាន​ស្រង់​សម្តី​ក្នុង​សេចក្តីប្រកាស​មួយ​តាម​ន័យ​ដើមថា៖ «​យុទ្ធសាស្ត្រ​រស់​នៅ​ជាមួយ​កូវីដ​១៩​ បាន​បង្ក​លក្ខណៈ​ឱ្យ​សេដ្ឋកិច្ច​មាន​ដំណើរ​ការ​ឈាន​ទៅ​ស្តា​ស្ថាន​ភាព​ឡើងវិញ។ ប៉ុន្តែ​ផ្លូវ​ទៅ​មុខ​ទៀត​នៅ​ស្រពេច​ស្រពិល​នៅ​ឡើយ»។

អ្នកស្រី​បន្ថែម​ថា​៖ «​ការ​ឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ និង​ថ្លៃ​ស្បៀង​អាហារ​លើ​ពិភព​លោក ដោយ​សារ​តែ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន​កំពុង​តែ​ថែម​ទម្ងន់​នៃ​ការ​លំបាក​ថែម​ទៀត​ទៅ​លើ​ជន​ក្រីក្រ​ ហើយ​វា​ក៏​នឹង​ធ្វើ​ឱ្យ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ថម​ថយ​ល្បឿន​វិញ​ដែរ។​ កម្មវិធី​ផ្ទេរ​សាច់​ប្រាក់​របស់​រដ្ឋាភិបាល​ ដែល​កន្លង​មក​មាន​សារៈ​សំខាន់​ណាស់​ ក្នុង​ការ​ជួយ​គ្រួសារ​ក្រីក្រ​ដើម្បី​ឆ្លងកាត់​ ការ​លំបាក​ក្នុង​ពេល​មាន​ជំងឺ​រាតត្បាត​ នឹង​ចាំ​បាច់​ត្រូវ​តែ​បន្ត​ធ្វើ​តទៅ​ទៀត»។

របាយ​ការណ៍​របស់​ធនាគារ​ពិភពលោក​បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ឆមាស​ទី​មួយ​ ឆ្នាំ​២០២២​ ការ​នាំ​ចេញ​មាន​តម្លៃ​ទឹក​ប្រាក់​ ៤,៨​ពាន់​លាន​ដុល្លារ​អាមេរិក​ គឺ​កើន​២៦​ភាគរយ​ ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២១។ វិស័យ​ប្រពៃណី​ដែល​ជំរុញ​កំណើន​ មាន​ផ្នែក​កាត់​ដេរ​សម្លៀក​បំពាក់​ ទំនិញ​ធ្វើ​ដំណើរ​ និង​ស្បែក​ជើង​នៅ​តែ​បន្ត​រីក​ទំហំ​ រីឯ​ឧស្សាហកម្ម​ផលិត​ថ្មីៗ​ ដូច​ជា​ផ្នែក​បរិក្ខារ​អគ្គិសនី​ និង​គ្រឿង​បន្លាស់​រថយន្ត​ជាដើម​កំពុង​តែ​លេច​រូប​រាង​ ហើយ​ការ​នាំ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​ក៏​កំពុង​តែ​ស្ទុះ​ឡើង​វិញ​ដែរ។

របាយការណ៍​បន្ថែម​ថា​ ថ្វី​ដ្បិត​តែ​សេដ្ឋកិច្ច​មាន​សន្ទុះ​ខ្លាំង​ក៏​ពិត​មែន​ ដំណើរ​ស្តា​ឡើង​វិញ​បែរ​ជា​ជួប​សភាព​យឺត​យ៉ាវ​ ដោយ​សារ​តែ​ការ​ស្រុត​ចុះ​នូវ​តម្រូវការ​លើ​ទីផ្សារ​សាកល។ ការ​ឡើង​ថ្លៃ​ឥត​ស្រាក​ស្រាន្ត​នៃ​ប្រេង​ឥន្ធនៈ​ និង​ស្បៀង​អាហារ​នៅ​លើ​ទីផ្សារ​ពិភពលោក​កំពុង​រុញ​អតិផរណា​ឱ្យ​កាន់​តែ​ធំ​ឡើង​ ហើយ​នៅ​កម្ពុជា​គ្រួសារ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​ដែល​មិន​សូវ​មាន​ប្រាក់​សន្សំ​ទំនង​ជា​ត្រូវ​រង​ទម្ងន់​នៃ​ការ​លំបាក​ធ្ងន់​ជាង​គេ​ពី​សំណាក់​វិបត្តិ​ប្រេង​ឡើង​ថ្លៃ​នេះ។

ប្រធាន​សមាគម​ប្រជាធិប​តេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​(IDEA) លោក វន់​ ពៅ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ខណៈ​តម្លៃ​ប្រេង​ឥន្ធនៈ​ឡើង​ខ្ពស់​នោះ​ ចំណូល​របស់​ប្រជាពលរដ្ឋ​ ជា​ពិសេស​អ្នក​ធ្វើ​ការ​ក្នុង​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​បន្ត​ស្ថិត​ក្នុង​កម្រិត​មួយ​ ដែល​មិន​មាន​តុល្យការ​នឹង​ការ​កើន​ឡើង​ថ្លៃ​ប្រេងសាំង។

លោក​យល់​ថា​រដ្ឋាភិបាល​គួរ​ជួយ​សម្រួល​យ៉ា​ងណា​ ឱ្យ​តម្លៃ​ប្រេង​ស្ថិត​ក្នុង​កម្រិត​មួយដែល​ពលរដ្ឋ​អាច​ទប់​ទល់​បាន​ ព្រោះ​តម្លៃ​ទំនិញ​ផ្សេង​ទៀត​ ក៏​កើន​ឡើងដំណាល​គ្នា​នឹង​ការ​កើន​ឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ​នេះ។​

លោក​និយាយ​ថា៖«​សម្រាប់​ខ្ញុំ​រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​បន្ធូរ​បន្ថយ​ពន្ធ​ទៅ​លើ​តម្លៃ​ប្រេង​ឥន្ធនៈ​នេះ។ ហើយ​ម្យ៉ាង​ទៀត​ រដ្ឋ​គួរ​តែ​មាន​កញ្ចប់​ថវិកា​ណាមួយ​ឧបត្ថម្ភ​ធន់​ទៅ​លើ​ការ​ឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ​នេះ​ ដើម្បី​ធានា​នូវ​ការ​ប្រកប​មុខ​របរ​អាជីវកម្ម​របស់​ពលរដ្ឋ​ធានា​នូវ​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​ដើម្បី​ចំណាយ​ទៅ​លើ​តម្លៃ​ប្រេង​ និង​ចំណាយ​ទៅ​លើទំនិញ​សព្វសារពើ​ហ្នឹង​ឯង។ ចឹង​រដ្ឋ​ត្រូវ​តែ​ទប់​ស្កាត់​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ឱ្យ​ទាន់​ពេល​វេលា​ផង​ដែរ»។

វីអូអេ​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​លោក​ ស៊ាង​ ថៃ​ តែ​មិនទាន់​អាច​ទាក់​ទង​បាន​ទេ​តាម​ទូរសព្ទ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

កាលពី​សប្តាហ៍​មុន​ សហ​ភាព​សហជីព​កម្ពុជា​ បាន​លើក​ឡើង​ថា​តម្លៃ​ប្រេង​សាំង​ដែល​កំពុង​ហក់​ឡើង​ខ្ពស់ មិន​ធ្លាប់​កើត​ពី​មុន​មក​នោះ​ បាន​នាំ​ឱ្យ​ទំនិញ​គ្រប់​មុខ​នៅ​លើ​ទី​ផ្សារ​ក៏​មាន​តម្លៃ​ហក់​ឡើង​ខ្ពស់​ដែរ​ ដែល​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​មាន​ប្រាក់​ចំណូល​ទាប​ និង​មធ្យម​ ទទួល​រង​នូវ​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ ចំពោះ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់។ ក្នុង​នោះ​គឺ​មាន​ដូច​ជា​មន្ត្រី​រាជការ​ អាជីវករ​ កម្មករ​ អ្នក​លក់​ដូរ​មិន​រៀប​រយ​ និង​កសិករ​ជាដើម។

សហជីព​នេះ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​កាត់​បន្ថយ​ពន្ធ​លើ​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ​ និង​បញ្ចេញ​កញ្ចប់​ថវិកា​ជាតិ​ ដើម្បី​ទប់​ស្កាត់​ និង​បញ្ចុះ​តម្លៃ​ប្រេង​ឥន្ធនៈ​ត្រឹម​តម្លៃ​មួយ​សមរម្យ​ ក្នុង​ការ​សម្រួល​ដល់​ការ​ប្រើប្រាស់​ និង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ បើ​ទោះ​ជា​ការ​កើន​ឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ​នេះ​ជាប់​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​នៅ​អ៊ុយ​ក្រែន។

ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​ចុះ​ថ្ងៃទី​២១​ខែ​មិថុនា​ថា​តម្លៃ​ប្រេង​សាំង​ធម្មតា​និង​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ​៥.៨០០​រៀល​ក្នុងមួយ​លីត្រ និង​៦.៣០០​រៀល​ក្នុង​មួយ​លីត្រ​សម្រាប់​ប្រេង​ម៉ាស៊ូត។ តម្លៃ​នេះ​ត្រូវ​អនុវត្ត​ពី​ថ្ងៃ​២១​ដល់​ថ្ងៃទី​៣០​ខែ​មិថុនា។ ប៉ុន្តែ​ក្រសួង​មិន​បាន​បញ្ជាក់​ពីតម្លៃ​ប្រេង​ស៊ុបពែ ​ដែល​នៅ​តាម​ស្ថានីយ​ប្រេង​ឥន្ធនៈ​ខ្លះ​ដាក់​លក់​ក្នុង​តម្លៃ​៦.៤០០​រៀល ទៅ​៦.៤៥០​រៀលក្នុង​មួយ​លីត្រ៕

XS
SM
MD
LG