ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាត្រៀមខ្លួនចាកចេញពីតារាងប្រទេសអភិវឌ្ឍតិចតួច តែអាចប្រឈមនឹងផលប៉ះពាល់ច្រើន


លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ថ្លែងក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីប្រទេសអភិវឌ្ឍតិចតួចលើកទី៥ (LDC5) ដែលធ្វើឡើងក្នុងទីក្រុងដូហា ប្រទេសកាតា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ថ្លែងក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីប្រទេសអភិវឌ្ឍតិចតួចលើកទី៥ (LDC5) ដែលធ្វើឡើងក្នុងទីក្រុងដូហា ប្រទេសកាតា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

ក្រោយពី​បាន​ប្រកាសកាលពីឆ្នាំ ២០២១ ពីការ​សម្រេច​បាន​គ្រប់​លក្ខខណ្ឌចំនួន​បីសម្រាប់​រដ្ឋ ​ដែល​ត្រូវ​រួចផុត​ពីការចាត់ថ្នាក់ជាប្រទេសមានការ​អភិវឌ្ឍតិចតួចនោះ កម្ពុជា​អាច​ប្រឈម​នឹង​ការបាត់​បង់​ប្រយោជន៍ជាច្រើន ដែល​ធ្លាប់​ទទួលបាន​កន្លង​មក។

ក្នុង​នាម​ជាប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិច​តួច កម្ពុជា​ រួមទាំង​ប្រទេស ៤៥ ផ្សេងទៀត ទទួល​បាន​អត្ថប្រយោជន៍ពីវិធានការគាំទ្រអន្តរជាតិផ្តាច់មុខ (ISMs) នៅក្នុងវិស័យពាណិជ្ជកម្ម កិច្ច​សហ​ប្រតិបត្តិ​ការអភិវឌ្ឍន៍​ និងការចូលរួមក្នុងអង្គការអន្តរជាតិ និងដំណើរការនានា។ ក្នុង​នោះ​រួមមាន​ ហិរញ្ញប្បទានអភិវឌ្ឍន៍ ដែលជា​ជំនួយ និងកម្ចីពីម្ចាស់ជំនួយ និងស្ថាប័នហិរញ្ញវត្ថុ ការទទួល​បាន​ទីផ្សារ​អនុគ្រោះ ជំនួយបច្ចេកទេស​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្មផងដែរ។

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា​ ប្រាប់ VOA ក្នុង​អំឡុង​ពេល​ចូលរួម​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តីពី​ប្រទេស​អភិវឌ្ឍ​តិចតួច​លើក​ទី ៥ (LDC5)​ ដែល​ប្រារព្ធធ្វើឡើង​នៅ​ក្រុង​ដូហា ប្រទេសកាតា ថា ការ​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍ​តិចតួច ​ធ្វើឱ្យ​កម្ពុជា​ប្រឈម​បញ្ហាច្រើន ដោយ​សារ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធដែលកម្ពុជា​តែង​ទទួល​បាន ត្រូវ​បាត់​បង់។

លោកថ្លែងថា៖ «បញ្ហាប្រឈម​ហ្នឹង​គឺ ធ្វើ​ឱ្យប្រទេស​ហ្នឹង​អត់មាន​ទីផ្សារ យើង​អត់​អាច​នាំ​អីវ៉ាន់​ចេញទៅក្រៅបាន​»។

កាលពី​ថ្ងៃទី ​២៧ ខែកុម្ភៈ ឆ្នាំ ​២០២៣ កន្លងទៅ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ ​ក៏​បាន​ប្រកាស​ថា កម្ពុជា​នឹង​ចាកចេញ​ពី​ប្រទេស​ដែល​មាន​ចំណូល​អភិវឌ្ឍ​តិចតួច ​ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ នាពេ​លឆាប់ៗខាងមុខ។ ក៏ប៉ុន្តែ​លោកបាន​បង្ហាញ​ក្តីបារម្ភ​ថា គ្រាដែល​កម្ពុជា​ចាកចេញ​ពី​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​តិចតួច នោះ​ការខ្ចីប្រាក់​ពី​បណ្ដា​ប្រទេស​ផ្សេងៗ និង​ធនាគារ​នានា លែង​មាន​ការប្រាក់ទាប​ដូចមុន។​ ​

ទោះយ៉ាង​ណា ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​បញ្ជាក់​ថា កម្ពុជា​ក៏​បាននិង​កំពុង​បើក​ទីផ្សារ​ក្នុង​តំបន់ និង​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ ដែល​នេះ​ជា​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ចាក​ចេញ​ពី​ប្រទេស​អភិវឌ្ឍ​តិចតួច។​

លោកបញ្ជាក់ថា៖ «យើង​បាន​បើក​ទីផ្សារ​ទ្វេ​ភាគី​បាន​ច្រើន​ទៅហើយ ដែល​ខ្ញុំ​បានជម្រាប​ហ្នឹង​គឺ​ទីមួយ​នៅ​ក្នុង​តំបន់​ហ្នឹងគឺ​យើង​មាន​ ​ RCEP (កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី) ដែល​មាន​១៥​ប្រទេស​ដែល​យើង​បើក​ទីផ្សារ ​គឺ​ជា​អលជ្ជី បាន​ន័យ​ថា​រហូត។​ ដូច្នេះយើង​បើក ​ហើយ​យើង​អាច​ធ្វើ​ការ​ជាមួយ​គ្នា ឆ្នាំ​២០២២​ហ្នឹង ខែមួយ​ហ្នឹង ​បាន​បើក​ទីផ្សារតំបន់ RCEP ហើយនិងចិន ទ្វេភាគី​ចិន និង​កម្ពុជា។ ហើយ​យើង​បាន​បើក​ទីផ្សារកូរ៉េ​ ថ្ងៃទី​១ ធ្នូ​ ឆ្នាំ​២០២២​ដែរ»។​

អគារកំពុងត្រូវបានសាងសង់លើផ្លូវ៦០ម៉ែត្រ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (លាស់ លីបលីប/វីអូអេ)
អគារកំពុងត្រូវបានសាងសង់លើផ្លូវ៦០ម៉ែត្រ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (លាស់ លីបលីប/វីអូអេ)

តាំង​តែពី​ឆ្នាំ​ ១៩៩១​ មក​ កម្ពុជា​ត្រូវ​បាន​អង្គការ​សហប្រជាជាតិដាក់បញ្ចូល​ជាប្រទេសមាន​ការ​អភិវឌ្ឍ​តិច​តួច​ ដោយសារស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​មានកម្រិតទាបនិងងាយ​រងគ្រោះ​ខ្លាំង​ពី​បញ្ហា​ខាង​ក្រៅ ជាពិសេស​វិបត្តិ​សេដ្ឋកិច្ច និងបញ្ហាបរិស្ថាន និងធនធានមនុស្សតិចតួច​។ ប្រទេស​ដែល​ត្រូវ​បាន​ចាត់​ចូល​ក្នុង​តារាង​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច គឺ​មាន​ចំណូល​ក្រោម ​១.០១៨ ​ដុល្លារ អាមេរិក ក្នុង​មួយ​ឆ្នាំ​។​

បើ​តាម​ការិយាល័យ​តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​ប្រទេស​ក្រីក្រ និង​កំពុង​អភិវឌ្ឍ​របស់​អង្គការ​សហប្រជាជាតិ (UN-OHRLLS) បច្ចុប្បន្ន​ មាន​ប្រទេស​ចំនួន ៤៦ ត្រូវ​បានដាក់​ក្នុង​ចំណាត់​ថ្នាក់ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច ឬ​ប្រទេស​ក្រីក្រ​បំផុត​របស់​ពិភពលោក​។ ក្នុង​នោះ ​តំបន់អាស៊ី​ប៉ាស៊ីហ្វិក​មាន ​៩​ ប្រទេស រួមទាំង​កម្ពុជាផងដែរ។​

អ្នកជំនាញ​សេដ្ឋកិច្ចនៃរាជបណ្ឌិត្យ​សភាកម្ពុជា លោកបណ្ឌិត​ គី សេរីវឌ្ឍន៍ លើកឡើងថា ការចាក​ចេញរបស់កម្ពុជា​ពី​ប្រទេស​អភិវឌ្ឍ​តិចតួចទៅជា​ប្រទេស​មាន​ចំណូល​មធ្យម ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​ទាំងអត្ថប្រយោជន៍ និង​ផល​ប៉ះពាល់។​ លោក​ថា សម្រាប់​អត្ថប្រយោជន៍ គឺជំរុញ​ឱ្យ​មានការ​វិនិយោគ​ទ្រង់​ទ្រាយ​ធំ និង​ការចាក​ចេញ​ពី​ឧស្សាហកម្ម​ធុន​ស្រាល​ដែល​ប្រើ​កម្លាំង​ពលកម្ម​ច្រើន ទៅជាឧស្សាហកម្ម​បច្ចេក​វិទ្យា។​ ចំណែកបញ្ហា​ប្រឈម គឺ​កង្វះ​កម្លាំង​ពលកម្ម​ជំនាញ​ ដែល​ចាំបាច់​រដ្ឋាភិបាល​ត្រូវ​បង្កើត​គោល​នយោបាយ​ និងរៀប​ចំយុទ្ធសាស្រ្តដើម្បី​ធានាថា ការចាកចេញ​មិនរង​ផល​ប៉ះពាល់​ខ្លាំង។

លោក​បញ្ជាក់ថា៖ «គោលនយោបាយ​កម្លាំង​ពលកម្ម គោលនយោបាយ​ផលិតភាពដែល​បាន​ចេញ​រួច​មកហើយនេះ អាចនឹង​ពិនិត្យកែ​សម្រួល​បន្ថែម​ទៀត​ គោលនយោបាយ​បង្កើត​សហគមន៍កសិកម្ម ដើម្បី​កំណើនកសិកម្ម​ប្រកប​ដោយ​បរិយាបន្ន ​ទើប​បាន​អាច​ជួយ​វិស័យ​នេះបាន»។

លោក​ប​ន្ថែម​ថា៖ «ហើយ​និង​ការ​ជំរុញឱ្យ​មាន SME cluster [ចង្កោម​នៃសហគ្រាស​ខ្នាតតូច និង​មធ្យម] ដែល​សម្រាប់​លើកទឹកចិត្ត​ឱ្យ​មានការ​ផលិតឱ្យបាន​ច្រើន​ និង​មានការលំហូរ​ចូលប​ច្ចេក​វិទ្យា ហើយ​ជាមួយគ្នា​នោះទៀត​ដែរ​គឺ​ការ​រៀប​ចំ​ច្បាប់​លិខិត​បទដ្ឋាន​គតិយុត្ត​នានាដើម្បី​គាំទ្រ​បន្ថែម​ទៀត​ ទៅដល់​ការ​ចាកចេញ​នេះ សម្រាប់​គាំទ្រ​វិស័យ​ឧស្សាហកម្ម កាប្រកួត​ប្រជែង និង​ការ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​ភាព​ស្មើគ្នា»។​

របាយការណ៍​ស្តី​អំពី​ទំនិញ​វាយនភណ្ឌ និងសម្លៀកបំពាក់នៅក្នុង​ប្រទេស​អាស៊ី​ដែល​រួចផុត​ពី​ប្រទេស​អភិវឌ្ឍ​តិចតួច៖ បញ្ហា​ប្រឈម និងជម្រើស បង្ហាញ​ថា នៅពេល​ដែល​ប្រទេស​ក្នុង​តំបន់​អាស៊ីណាមួយត្រូវ​រួច​ផុត​ពីប្រទេស​ដែ​ល​មានការ​អភិវឌ្ឍតិច​តួច​ ការបាត់បង់ចំណូល​ពាណិជ្ជកម្ម​នឹងដាក់​សម្ពាធ​យ៉ាងធ្ងន់ធ្ងរលើការប្រកួតប្រជែង និងអនាគតនៃការនាំចេញរបស់ពួកគេ។

ការនាំចេញទំនិញ​វាយនភណ្ឌ និងសម្លៀកបំពាក់របស់កម្ពុជា គឺស្មើនឹងជាង ​៣០​ភាគរយនៃផលិត​ផល​ក្នុង​ស្រុក​សរុប​ (GDP) របស់ខ្លួន។ វិស័យ​សម្លៀក​បំពាក់បានផ្តល់ការងារ​កម្មករចំនួន​ ០.៨៥ ​លាន​នាក់​ក្នុងឆ្នាំ ២០១៧ ដែល​ស្មើនឹង ៨៦​ ភាគរយនៃការងារនៅក្នុងវិស័យឧស្សាហកម្ម។

ចាប់តាំង​ពី​ឆ្នាំ ​២០០១ ​មក​ កម្ពុជាទទួល​បានប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​គ្រប់​មុខ​ទំនិញ​លើក​លែង​តែ​សព្វាវុធ​ ឬ ​EBA​ (Everything But Arms)​ ពីសហ​ភាព​អឺរុប​ដោយ​អាច​នាំ​ចេញ​ទំនិញ​គ្រប់​មុខទៅអឺរ៉ុប​ដោយ​មិន​បង់​ពន្ធ ដែលធ្វើឱ្យ​កម្ពុជា​ចំណេញ​ទឹកប្រាក់ប្រមាណ​ជា ​៧​០០ ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។

កម្ពុជា​ក៏​ទទួល​បាន​កម្ម​វិធី​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ GSP (Generalized System of Preferences) ពីសហរដ្ឋ​អាមេរិក​ ដោយ​អាច​នាំ​ចេញ​ទំនិញជាសម្លៀក​បំពាក់​ និង​កាបូប​ធ្វើ​ដំណើរដោយ​មិនបង់​ពន្ធ ដែល​កម្ពុជាចំណេញបានទឹក​ប្រាក់​ប្រមាណជា ៤០០​ លាន​ដុល្លារ​ផង​ដែរ។​

ប៉ុន្តែ​កាលពី​ចុង​ឆ្នាំ ២០២០ សហរដ្ឋ​អាមេរិកបាន​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះពន្ធ ​GSP ​ ពាក់ព័ន្ធ​នឹងការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា។ ​ ហើយសហ​ភាព​អឺរ៉ុប​បាន​ដក​ប្រព័ន្ធអនុគ្រោះ​ពន្ធ​ EBA ​របស់​ខ្លួន​ចំនួន​២០​ភាគ​រយ​ពីកម្ពុជា​ ដោយ​សារ​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ ការ​រំលាយ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ និង​ការ​ដក​សិទ្ធិ​នយោបាយ​របស់​មន្រ្តី​បក្ស​ប្រឆាំង​ជា​ដើម​។​

លោក អង់តូនីញូ ហ្គុយតេរេស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្លែងក្នុងពិធីបើកសន្និសីទអង្គការសហប្រជាជាតិស្តីពីប្រទេសអភិវឌ្ឍតិចតួចលើកទី៥ (LDC5) ដែលធ្វើឡើងក្នុងទីក្រុងដូហា ប្រទេសកាតា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
លោក អង់តូនីញូ ហ្គុយតេរេស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្លែងក្នុងពិធីបើកសន្និសីទអង្គការសហប្រជាជាតិស្តីពីប្រទេសអភិវឌ្ឍតិចតួចលើកទី៥ (LDC5) ដែលធ្វើឡើងក្នុងទីក្រុងដូហា ប្រទេសកាតា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

ថ្លែងនៅក្នុង​សន្និសីទ ដែលធ្វើឡើងពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​៩ ខែ​មីនា ដោយមាន​ការ​ចូលរួម​ពីតំណាងអង្គការ​សហប្រជាជាតិ ​មេដឹកនាំ​ពិភពលោក​ ​ប្រមុខ​រដ្ឋ​ដែល​មក​ពី​ប្រទេស​អភិវឌ្ឍតិចតួច​ទាំង ​៤៦ សមាជិក​សភា​ វិស័យ​ឯកជន តំណាង​យុវជន ព្រមទាំងអង្គការសង្គមស៊ីវិលជាតិ និង​អន្តរជាតិនោះ អគ្គ​លេខាធិ​ការ​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិ លោក ​អង់តូ​នីញូ ហ្គុយតេ​រេស (António Guterres) ថ្លែង​ថា ការ​រួច​ផុត​ពី​ស្ថានភាព​ប្រទេស​អភិវឌ្ឍ​តិចតួច នឹង​ធ្វើ​ឱ្យ​ប្រទេស​ទាំង​នោះ​រង​ផល​ប៉ះពាល់​ពី​បញ្ហា​កម្ចី​ដែល​មានការបា្រក់ខ្ពស់។​

លោកថ្លែងថា៖ «​បណ្តា​ប្រទេស​ដែល​បាន​បញ្ចប់ស្ថានភាព​ជាប្រទេស​អភិវឌ្ឍតិចតួច ទៅជា​ប្រទេសមាន​ប្រាក់​ចំណូលមធ្យម នឹងបាត់បង់អត្ថប្រយោជន៍ជាក់លាក់របស់​ប្រទេស​អភិវឌ្ឍ​តិចតួច ដែលនឹង​ក្លាយ​ជា​ការដាក់ទណ្ឌកម្ម មិនមែនជារង្វាន់នោះទេ»។

លោកបញ្ជាក់បន្ថែម​ថា អង្គការសហប្រជាជាតិកំពុងធ្វើការជាមួយអ្នក​ពាក់ព័ន្ធ​ដើម្បី​បង្កើត​យុទ្ធសាស្រ្ត​ផ្លាស់​ប្តូរដោយ​រលូន ដោយផ្អែកលើការគាំទ្រដែលសមស្របសម្រាប់ដំណើរការ​បញ្ចប់ស្ថានភាព​ជា​ប្រទេស​អភិវឌ្ឍ​តិចតួច​ ដូចជាការ​បង្កើត​កម្មវិធីសកម្មភាពដូហា​ (DPoA) ការបង្កើត​ប្រព័ន្ធ​ស្តុក​ស្បៀង​សម្រាប់​ប្រទេសអភិវឌ្ឍ​តិចតួច។​

លោកថ្លែងថា៖ «កម្មវិធីសកម្មភាពដូហា រួមបញ្ចូលសាកលវិទ្យាល័យអនឡាញ ដើម្បី​ផ្តល់​ឱ្យ​ប្រទេស​អ្នក​នូវ​លទ្ធភាពទទួល​បានវិទ្យាសាស្រ្ត ជំនាញ និងបច្ចេកវិទ្យាកាន់តែប្រសើរ​ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​កម្លាំង​ការងារប្រកបដោយភាពច្នៃប្រឌិត និងចម្រុះ […] កម្មវិធីសកម្មភាព​ដូហា ក៏​រួម​បញ្ចូល​ផង​ដែរ​នូវ​ការបង្កើតមជ្ឈមណ្ឌលគាំទ្រការវិនិយោគអន្តរជាតិ​ដើម្បី​ជួយ ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​តិចតួច និងប្រទេស​បញ្ចប់ជា​ប្រទេសអភិវឌ្ឍ​តិចតួច ទាក់ទាញ​ការវិនិយោគ​ពី​បរទេស»។

កម្មវិធីសកម្មភាពដូហា​ (DPoA) គឺជាផែនទីបង្ហាញផ្លូវ​សម្រាប់​ប្រទេស​អភិវឌ្ឍតិចតួច​ ដែល​ត្រូវបាន​ព្រមព្រៀង​គ្នាក្នុងខែមីនា ឆ្នាំ២០២២។

លោក Conor O'Loughlin ប្រធានផ្នែកតស៊ូមតិ និងផ្សព្វផ្សាយ ការិយាល័យតំណាងជាន់ខ្ពស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអភិវឌ្ឍតិចតួច ប្រទេសកំពុងអភិវឌ្ឍគ្មានដីគោក និងរដ្ឋកំពុងអភិវឌ្ឍកោះតូច (UN-OHRLLS) បានប្រាប់ VOA ថា នៅពេលដែលកម្ពុជារួចផុតពីប្រទេសអភិវឌ្ឍតិចតួច នោះកម្ពុជានឹងបាត់បង់វិធានការគាំទ្រអន្តរជាតិជាពិសេសដែលមានចំពោះប្រទេសអភិវឌ្ឍតិចតួច។ លោកថា ក្នុងករណីខ្លះ ការគាំទ្រប្រហែលជាត្រូវបានបញ្ឈប់ជាបណ្តើរៗ បន្ទាប់ពីរយៈពេលជាក់លាក់មួយ។

លោក Conor បានលើកឡើងបន្ថែមអំពីការត្រៀមខ្លួនក្នុងការចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍតិចតួច ថា៖ «កម្ពុជាគួរតែបង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរដោយរលូនរបស់ខ្លួន ក្នុងការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសង្គមស៊ីវិល វិស័យឯកជន ដៃគូអភិវឌ្ឍ និងពាណិជ្ជកម្ម និងតួអង្គពាក់ព័ន្ធដទៃទៀត។ ការិយាល័យតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអភិវឌ្ឍតិចតួច (OHRLLS) នឹងក្លាយជាដៃគូដ៏សំខាន់ក្នុងរឿងនេះ»។

ស្របពេល​ជាមួយ​គ្នា​នោះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ក៏បាន​បញ្ជាក់ផងដែរថា កម្ពុជា​ចង់​ឱ្យ​អង្គការ​សហ​ប្រជា​ជាតិពន្យារពេល​បញ្ចប់​ការ​រួច​ផុត​ពី​ប្រទេស​អភិវឌ្ឍតិចតួច ដើម្បី​អាច​ត្រៀម​ខ្លួន​បាន​ប្រសើរ​ជាង​នេះ។

បើ​តាម​អង្គការ​សហប្រជាជាតិ​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​កិច្ច ដើម្បី​អាច​រួច​ផុត​ពី​ចំណាត់​ថ្នាក់​ប្រទេស​អភិវឌ្ឍតិចតួចបាន រដ្ឋ​នីមួយៗ​ត្រូវបំពេញ​លក្ខខណ្ឌ​ចំនួន​បី។ ​លក្ខខណ្ឌ​ទាំង​បីនោះ​មាន​ដូចជា សន្ទស្សន៍​នៃ​ការអភិវឌ្ឍ​ធនធានមនុស្ស (HAI) កម្រិត​ចំណូលរបស់​ប្រជាពលរដ្ឋម្នាក់ៗ (GNI) និងសន្ទស្សន៍​នៃ​ភាព​ងាយ​រងគ្រោះ​ផ្នែកសេដ្ឋកិច្ច (EVI)​។ រដ្ឋត្រូវបំពេញ​លក្ខខណ្ឌ​នេះ​ក្នុង​ការវាយ​តម្លៃពីរ​ដងជាប់គ្នា មាន​ន័យ​ថាត្រូវ​វាយ​តម្លៃ​ម្តង​ទៀត​នៅ​បី​ឆ្នាំ​ក្រោយ​។

ក្នុងករណី​ដែល​កម្ពុជា​នៅ​បន្ត​រក្សា​បាន​លក្ខខណ្ឌ​ទាំង​បី ក្នុងការវាយតម្លៃជាលើកទីពីរ ​មហា​សន្និបាតអង្គការ​សហប្រជាជាតិ​អាច​ចេញ​ដំណោះស្រាយ​ណែនាំ​ប្រទេស​សាម៉ីក្នុងការ​រៀបចំ​ខ្លួនសម្រាប់​ចាកចេញ និង​ទ្រទ្រង់​ដំណើរការ​នៃ​ការរៀបចំ​ខ្លួនដើម្បីធានាថា កម្ពុជា​មិន​ប្រឈម​បញ្ហាច្រើន​ និង​មិនអាច​ត្រឡប់​ក្លាយ​ជា​ប្រទេស​មានការអភិវឌ្ឍ​តិចតួច​ឡើងវិ​ញ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG