សមាជិកសភាកូរ៉េខាងត្បូងបានបោះឆ្នោតទម្លាក់ប្រធានាធិបតីស្តីទីលោក Han Duck-soo កាលពីថ្ងៃសុក្រ ដោយបានធ្វើឱ្យប្រទេសកូរ៉េខាងត្បូងធ្លាក់កាន់តែជ្រៅទៅក្នុងវិបត្តិនយោបាយក្នុងពេលតែពីរសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីកាន់តំណែងមុនលោក Han ត្រូវបានទម្លាក់ពីតំណែងដោយសារតែការប្រកាសច្បាប់អាជ្ញាសឹកដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Han បានកាន់តំណែងជានាយករដ្ឋមន្ត្រីមុនពេលចូលកាន់តំណែងជំនួសលោកប្រធានាធិបតី Yoon Suk Yeol កាលពីថ្ងៃទី ១៤ ខែធ្នូ ក្រោយពីសភាបានបោះឆ្នោតទម្លាក់លោក Yoon ទាក់ទិននឹងការចោទប្រកាន់អំពីការបះបោរ។
ឥឡូវនេះសមាជិកសភាបក្សប្រឆាំងក៏បានដកលោក Han ពីតួនាទីរបស់លោកផងដែរ ដោយលើកហេតុផលថាលោកបានច្រានចោលនូវការទាមទារឲ្យមានការបញ្ចប់ដំណើរការបោះឆ្នោតទម្លាក់លោក Yoon និងឲ្យមានការនាំលោក Yoon ទៅកាត់ទោស។
ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Woo Won-shik បាននិយាយថា៖ «ខ្ញុំសូមប្រកាសថា សំណើបោះឆ្នោតទម្លាក់លោកនាយករដ្ឋមន្ត្រី Han Duck-soo បានអនុម័តរួចហើយ។ ក្នុងចំណោមសមាជិកសភា ១៩២ រូបដែលបានបោះឆ្នោត គឺចំនួន ១៩២ រូបនេះបានបោះឆ្នោតទម្លាក់លោក»។
សមាជិកសភាមកពីគណបក្សអំណាចប្រជាជន (PPP) ដែលជាគណបក្សកាន់អំណាច បានតវ៉ាយ៉ាងខ្លាំងនៅក្នុងសភា បន្ទាប់ពីប្រធានសភាបាននិយាយថាមានតែសំឡេងភាគច្រើនធម្មតាប៉ុណ្ណោះដែលត្រូវការដើម្បីអនុម័តការបោះឆ្នោតទម្លាក់ ដោយមិនចាំបាច់ត្រូវការសំឡេងពីរភាគបីដូចដែលត្រូវការដើម្បីដកតំណែងលោក Yoon នោះទេ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងលោក Choi Sang-mok ដែលឥឡូវនេះកំពុងឈានជើងចូលកាន់តំណែងជាប្រធានាធិបតីស្តីទីផងនិងជានាយករដ្ឋមន្ត្រីផង បានប្ដេជ្ញាថានឹងធ្វើឱ្យអស់ពីលទ្ធភាពដើម្បីបញ្ចប់ភាពចលាចលនយោបាយដែលកំពុងរួតរឹតប្រទេសរបស់លោក។
លោក Choi បានបញ្ជាក់នៅក្នុងសុន្ទរកថាមួយក្នុងពេលភ្លាមៗបន្ទាប់ពីលោកត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទីថា៖ «ការកាត់បន្ថយភាពចលាចលរបស់រដ្ឋាភិបាលគឺមានសារៈសំខាន់បំផុតនៅពេលនេះ»។
លោកបានបន្ថែមថា៖ «រដ្ឋាភិបាលក៏នឹងប្តូរផ្តាច់ប្រឹងប្រែងឲ្យអស់ពីលទ្ធភាពរបស់ខ្លួនដើម្បីយកឈ្នះលើដំណាក់កាលចលាចលនេះផងដែរ»៕