ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​វៀតណាម​កាត់ទោស​ប្រហារ​ជីវិត​មនុស្ស ២៧ នាក់​ពី​បទ​ជួញដូរ​គ្រឿងញៀន


រូបថតថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ បង្ហាញពីការកាត់ទោសអ្នកជួញដូរគ្រឿងញៀននៅក្នុងតុលាការប្រជាជននៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ (AFP)
រូបថតថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ បង្ហាញពីការកាត់ទោសអ្នកជួញដូរគ្រឿងញៀននៅក្នុងតុលាការប្រជាជននៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ (AFP)

តុលាការ​មួយ​នៅ​ក្នុង​ប្រទេស​វៀតណាម​បាន​កាត់ទោស​ប្រហារ​ជីវិត​មនុស្ស ២៧ នាក់​កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​រកឃើញ​ថា​ពួកគេ​មាន​ទោស​ពី​ការ​ជួញដូរ​គ្រឿងញៀន​ណាកូទិក ដែល​រួម​មាន​ទាំង​ហេរ៉ូអ៊ីន កេតាមីន និង​មេតំហ្វេតាមីន​ផងដែរ ចំនួន​ជាង ៦០០ គីឡូក្រាម។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​យោង​លើ​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​វៀតណាម។

អ្នកស្រី Vu Hoang Anh ដែល​ជា​មេដឹកនាំ​ក្រុម​ជន​អន្ធពាល​និង​ជា​មេ​ឧក្រិដ្ឋជន​ដ៏​ល្បីឈ្មោះ​ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា Oanh Ha ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​កាត់ទោស​ប្រហារ​ជីវិត​នេះ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​កាសែត Tuoi Tre។

ក្រុម​ជន​អន្ធពាល​ដែល​មាន​សមាជិក ៣៥ នាក់​បាន​រត់ពន្ធ​គ្រឿងញៀន​ចំនួន ៦២៦ គីឡូក្រាម​ពី​ប្រទេស​កម្ពុជា​ចូល​ក្នុង​ប្រទេស​វៀតណាម​រវាង​ខែ​មីនា ឆ្នាំ ២០១៨ និង​ខែ​វិច្ឆិកា ឆ្នាំ ២០២២។ នេះ​បើ​តាម​កាសែត​នោះ​ដែល​បាន​យោង​លើ​ការ​សម្រេច​របស់​តុលាការ។

សមាជិក ៨ នាក់​ទៀត​មិន​ត្រូវ​បាន​កាត់ទោស​ប្រហារ​ជីវិត​ទេ ក៏ប៉ុន្តែ​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី ២០ ឆ្នាំ​ទៅ​មួយ​ជីវិត បន្ទាប់ពី​សវនាការ​រយៈពេល ៤ ថ្ងៃ​នៅ​ក្នុង​ទីក្រុង​ហូជីមិញ។

កាសែត Tuoi Treបាន​រាយការណ៍​ទៀត​ថា តុលាការ​បាន​បញ្ជាក់​ថា​រឿងក្តី​នេះ​ពាក់ព័ន្ធ​ជាពិសេស​នឹង​ប្រតិបត្តិការ​ជួញដូរ​គ្រឿងញៀន​ឆ្លង​ព្រំដែន​ដ៏​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ដ៏​យូរ​មួយ។

ក្រុម​ជន​សង្ស័យ​បាន​ប្រើ​បណ្តាញ​សង្គម​អនឡាញ​ដូចជា Signal ដោយ​ប្រើ​ឈ្មោះ​ដូចជា «Colombia» ឬ «Mosscau Russia» ជាដើម​ដើម្បី​បញ្ចៀស​ការ​តាមដាន។

ដើម្បី​ធានា​នូវ​ការ​សម្ងាត់​ក្នុង​កិច្ច​ប្រតិបត្តិការ​របស់​ខ្លួន បណ្តាញ​នេះ​បាន​ប្រើ app Signal និង​លេខ​ទូរស័ព្ទ​មកពី​សហរដ្ឋ​អាមេរិក​ឬ​កម្ពុជា​ដើម្បី​ទាក់ទង​អំពី​ការ​ទូរទាត់​គ្រឿងញៀន​នេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG