ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​បន្ត​បង្ហាញ​ក្តីបារម្ភ​លើ​សេចក្តី​​ព្រាង​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត


រូបថត​ឯកសារ៖ និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បើក​មើល​អ៊ីនធឺណិត​នៅ​ហាង​កាហ្វេ​មួយ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៤។ (វីអូអេ)

សម្ព័ន្ធ​អ៊ីនធឺណិត​អាស៊ី​ (Asia Internet Coalition)​ ដែល​មាន​សមាជិក​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ធំៗ​ជា​ច្រើន​ក្នុង​នោះ​ ក៏​មាន​ក្រុមហ៊ុន ​Apple, Meta ​(អតីតហ្វេសប៊ុក) ​និង ​Google ​បាន​ប្រតិកម្ម​ធ្ងន់ៗ​ទៅ​នឹង​ការ​តាក់​តែ​ង​សេចក្តី​ព្រាង​ច្បាប់ស្តីពី​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​ដែល​សម្ព័ន្ធ​នេះ​អះ​អាង​ថា ​នឹង​ធ្វើ​ឱ្យ​ខូច​ខាត​ដំណើរ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សិទ្ធិ​ពលរដ្ឋ។​ នេះ​បើ​តាម​សេចក្តីថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ ​កាល​ពី​ថ្ងៃ​ពុធ។​

សេចក្តី​ថ្លែង​ការណ៍​របស់​សម្ព័ន្ធ​អ៊ីនធឺណិត​ ដែល​វីអូអេទទួល​បាន ​កាលពី​ថ្ងៃពុធ​ ទី៧​ ខែ​កញ្ញា​ ឆ្នាំ​២០២២​នេះ​ បាន​លើក​ឡើង​ថា​ បទ​បញ្ញត្តិ​ជាច្រើន​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​លក្ខណៈ​គំរាម​កំហែង​ឯក​ជនភាពរបស់​អ្នក​ប្រើប្រាស់​ និង​មិន​ស្រប​តាម​ការ​អនុវត្ត​ជា​លក្ខណៈ​អន្តរ​ជាតិ។​

សេចក្តី​ថ្លែង​ការណ៍​បាន​ស្រង់​សម្តី​នាយក​គ្រប់គ្រង​សម្ព័ន្ធ​អ៊ីនធឺណិត​អាស៊ី​ លោក​ Jeff Paine​ ជា​ភាសា​អង់​គ្លេស​ និង​ត្រូវ​ប្រែ​សម្រួល​ជា​ខេមរ​ភាសា​តាម​ន័យ​ដើម​ថា៖​ «បច្ចេក​វិទ្យា​ឌីជីថល​បាន​ជួយ​គំាទ្រ​សកម្មភាព​ជំនួញ​តូចៗ​ និង​ផ្តល់​សិទ្ធិ​អំណាច​ដល់​បុគ្គល​នៅ​ក្នុង​ប្រទេស​ ហើយ​ច្បាប់​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ការ​ធាក់​ថយ​ក្រោយ​នៃ​ផល​ចំណេញ​ខាង​សេដ្ឋកិច្ច​ និង​ការ​តភ្ជាប់​សង្គម​ ដែល​បាន​ផ្តល់​ប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប»។​

សេចក្តី​ថ្លែង​ការណ៍​ដដែល​បន្ថែម​ថា៖​ «យើង​សូម​ផ្តល់​អនុសាសន៍​យ៉ាង​មុតមាំ​ថា​ រដ្ឋាភិបាល​កម្ពុជា​គួរ​ពិចារណា​ឡើងវិញ​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ បើ​ពិនិត្យ​ទៅ​លើ​ផល​ប៉ះពាល់​នៃ​គ្រោះ​ថ្នាក់​ដែល​សេចក្តី​ព្រាង​ច្បាប់​នេះ​អាច​មាន​ទៅលើអនាគត​ឌីជីថល​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា»។​

សេចក្តី​ថ្លែង​ការណ៍​របស់​សម្ព័ន្ធអ៊ីនធឺណិត​អាស៊ី​កើត​មាន​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ ក្រោយ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ឧក្រិដ្ឋ​កម្ម​តាម​អ៊ីនធឺណិត​នេះ​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ជា​ថ្មី​ដោយ​ក្រុម​មន្ត្រី​កម្ពុជា​ដែល​ពាក់​ព័ន្ធ​ក្នុង​ការ​តាក់​តែង​សេចក្តី​សើ្ន​ច្បាប់​នេះ​ ក្រោម​អធិបតីភាព​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃលោក​ ស ខេង។​

បើ​តាម​ការអត្ថាធិប្បាយលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ ស​ ខេង ​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​នេះ​ត្រូវបាន​ក្រសួង​មហា​ផ្ទៃរៀប​ចំតាក់​តែង​ឡើង​ តាំង​ពីឆ្នាំ​២០១៦ ​ដោយ​បាន​ឆ្លង​កាត់​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ជាច្រើន​លើក​ជាច្រើន​សារ​ និង​ក៏មាន​ការ​ចូលរួម​ពី​ភាគី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ។​

រដ្ឋមន្ត្រី​មហា​ផ្ទៃ​ លោក​ស​ ខេង បាន​ឱ្យដឹង​ទៀត​ថា​ ដំណាល​គ្នា​នឹង​ពេល​មាន​ការ​ពិគ្រោះ​យោបល់​លើ​សេច​ក្តី​ព្រាង​ច្បាប់​នេះ​ ក៏​មាន​ការ​ចូលរួម​ពី​ក្រុមហ៊ុន​ធំៗ​អាមេរិក​ចំនួន​៥​ ហើយ​សម្រាប់​ភាគី​កម្ពុជា​វិញ​ មាន​ការ​ចូលរួម​ពី​អន្តរ​ក្រសួង​ រួម​មាន​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ក្រសួង​ព័ត៌មាន​ ក្រសួង​ពាណិជ្ជកម្ម​ ក្រសួង​ឧស្សាហ​កម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ និង​ក្រសួង​យុត្តិធម៌។​ សេចក្តីព្រាង​ច្បាប់​នេះ​ មាន​៨​ជំពូក​ និង​៥០​មាត្រា។​

ទោះ​បី​មាន​ការ​រិះគន់​សេចក្តី​ព្រាង​ច្បាប់​នេះថា​ នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ឯកជន​ភាព​នៃ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ក្តី​ ក្រសួង​មហាផ្ទៃ​បាន​បកស្រាយ​ថា​ សេចក្តីព្រាង​ច្បាប់​នេះ​នឹង​កា​រពារ​សិទ្ធិ​សេរីភាព​បុគ្គល​ដើម្បី​បង្ការ​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​ និង​ធានា​សុចរិត​ភាព​នៃ​ការ​ប្រើប្រាស់​ ការ​គ្រប់​គ្រង​ប្រព័ន្ធ​កុំព្យូទ័រ​ និង​ការ​ពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ។​
វីអូអេ​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​សម្ព័ន្ធ​អ៊ីនធឺណិត​អាស៊ី​តាម​សារ​អេឡិចត្រូនិក​អ៊ីមែល​ តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ទេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

សេចក្តីព្រាង​ច្បាប់​ស្តីពី​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​មាន​មាត្រា​មួយ​ចំនួន​ដែល​មាន​ចែង​អំពី​ការ​រក្សា​ទុក​ទិន្នន័យ​កុំព្យូទ័រ​ និង​ទិន្ន​ន័យ​ចរាចរណ៍​ ដីកា​បង្គាប់​ឱ្យ​ផ្តល់​ទិន្នន័យ​ និង​ការ​ឆែក​ឆេរ​ និង​ការ​រឹបអូស​ទិន្នន័យ​កុំព្យូទ័រ។​

មាត្រា​១២​នៃ​ច្បាប់​នេះ ដែល​និយាយ​អំពី​ការ​រក្សាទុក​ទិន្នន័យ​កុំព្យូរទ័រ​ និង​ទិន្នន័យ​ចរាចរណ៍​នោះ​ បាន​ចែង​ថា​ ក្នុង​ករណី​ដែល​មាន​ការ​សង្ស័យ​សមហេតុផល​ថា​ ភស្តុតាង​នៃ​បទល្មើស​មាន​នៅ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​របស់​អ្នក​ផ្តល់​សេវា​ ឬនៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អ្នក​ផ្តល់​សេវា​ អ្នក​ផ្តល់​សេវា​នោះ​ត្រូវ​រក្សា​ទុក​ និង​ឬ​ផ្តល់​ផ្នែក​ណា​មួយ​នៃ​ទិន្នន័យ​កុំព្យូទ័រ​ ទិន្ន​ន័យ​ចរាចរណ៍​ ឬ​ព័ត៌មានអ្នក​ប្រើប្រាស់​សេវា​ឱ្យ​បាន​លឿន​តាម​ការ​ស្នើ​សុំ​របស់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​សម្រាប់​ការ​ប្រមូល​ភស្តុតាង។

សេចក្តី​ព្រាង​ច្បាប់​ដដែល​ក៏មាន​ចែង​អំពី​នីតិវិធី​ប្តឹង​តវ៉ា​ ការ​ផាក​ពិន័យ​ កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​ និង​ទោសប្បញ្ញត្តិ ​ដែល​សំដៅលើ​បទ​ល្មើស​នៃ​ការ​ចែក​ចាយ​ទិន្ន័យ​កុំព្យូទ័រ​ ទិន្នន័យ​ចរាចរណ៍​ ឬ​ទិន្នន័យ​ផ្សេង​ទៀត​របស់​បុគ្គល​ដែល​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ដោយ​ចេតនា​ ការ​ធ្វេស​ប្រហែស​របស់​មន្ត្រី​មាន​សមត្ថកិច្ច​ និង​បទលើ្មស​មិន​រក្សា​ការ​សម្ងាត់​ជាដើម។

រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ ​លោក​ ប៊ុន ហុន ​ដែល​ទទួល​បន្ទុក​លើ​ការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​នេះ​ សុំ​មិន​ទាន់​ផ្តល់​បទ​សម្ភាសន៍​ដល់​សារ​ព័ត៌មាន​ទេ​ ដោយ​លើក​ហេតុ​ផល​ថា សេចក្តីស្នើ​ច្បាប់​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​ផ្ទៃក្នុង​និង​មិន​ទាន់​ដាក់​ជូន​ប្រមុខ​រាជ​រដ្ឋាភិបាល​ដើម្បី​សម្រេច​នៅ​ឡើយ។​ ប៉ុន្តែ​លោក​ថា ​អ្នក​រិះគន់​លើ​សេចក្តី​ស្នើ​ច្បាប់​នេះ​ទំនង​ជា​មិន​ទាន់​បាន​ឃើញ​ខ្លឹមសារ​សេចក្តី​ស្នើ​ច្បាប់​នេះ​ទេ។

លោក​ថ្លែង​ថា៖​ «អានេះ នៅ​ក្នុង​ផ្ទៃ​ក្នុង​ក្រសួង​ទេ។​ ខ្ញុំ​អត់​ទាន់​ហ៊ាន​សម្ភាស​អីឱ្យ​ ដោយសារ​វា​មិន​ទាន់​មាន​ការ​សម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល​នៅ​ឡើយ។ អ៊ីចឹង​ហើយ​សុំ​អធ្យាស្រ័យ​សិន»។​
លោក​បន្ថែម​ថា៖ ​«គាត់​បាន​ឃើញ​អត្ថបទ​ច្បាប់​ហ្នឹង​ឬនៅ?​ គាត់​ចេះ​តែ​និយាយ​សិន​ និយាយ​អត់​មាន​មូល​ដ្ឋាន»។​

នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​លោក ​អំ សំអាត​ ប្រាប់​វីអូអេ​ថា​សង្គម​ស៊ីវិល​មិន​ទាន់​ដឹង​ប្រាកដ​ថា​ តើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​បទ​ល្មើស​បច្ចេក​វិទ្យាព័ត៌មាន​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កែ​សម្រួល​យ៉ាង​ណា​ទេ​ ដែល​នាំឱ្យមាន​ការ​បារម្ភ​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ដាក់​គំនាប​លើ​សិទ្ធិ​ពលរដ្ឋ​ បើ​សិន​ខ្លឹមសារ​ចុង​ក្រោយនៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​មាន​ការ​កែប្រែ​ច្រើន​នោះ​ ដូច​ជាមាត្រា​៤៥ ​ដែល​ចែង​អំពី​ការ​ផ្តល់​ព័ត៌មាន​មិន​ពិត។

លោក​បន្ថែម​ថា ​ប្រទេស​ដទៃ​ក៏​បង្កើត​ច្បាប់​ស្រដៀង​គ្នា​នេះ​ដែរ​ ក្នុង​បំណង​ការពារ​ឯកជន​ភាព​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ មិន​មែន​ក្នុង​ចេតនា​បំបិទ​សិទ្ធិ​ពលរដ្ឋ​ទេ។​

លោក​ថ្លែង​ថា៖ ​«បណ្តា​ប្រទេស​មួយ​ចំនួន​ គេ​មាន​ច្បាប់​នេះ។ ​ក៏ប៉ុន្តែ​ច្បាប់​គេ​ គឺ​ក្នុង​ន័យ​ដើម្បី​ទី​មួយ​គឺទប់​ស្កាត់​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​ ដែល​ជា​បទ​ល្មើស​ឧក្រិដ្ឋ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ​ ឬ​ក៏​សន្តិសុខ​ជាតិ​របស់​គេ​ ជាបទ​ល្មើស​ឧក្រិដ្ឋ។​ ហើយ​មួយ​ទៀត​គឺ​ក្នុង​គោល​បំណង​គេ​លើក​កម្ពស់​ និង​ការ​ពារ​ទៅ​ដល់​ក្រុម​ហ៊ុន​ ឬសិទ្ធិ​អ្នក​ប្រើ​ប្រាស់​ ជាពិសេស​ឯកជន​ភាព​របស់​បុគ្គល​មួយៗ​ មិន​មែន​ជា​ច្បាប់​មួយ​ដើម្បី​រឹត​ត្បិត​សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​ ឬក៏រឹតត្បិត​ទៅ​លើ​ឯកជន​ភាព​របស់​បុគ្គល​ទេ»។​

បើ​តាមសេចក្តី​ព្រាង​ច្បាប់​ ដែល​វីអូអេ​ទទួល​បាន​កាល​ពី​ខែ​តុលា ​ឆ្នាំ​២០២០ ​ មាត្រា​៤៥​ចែង​ថាអនុញ្ញាត​ឱ្យអាជ្ញាធរ​ដាក់​ពិន័យ ​ឬ​ដាក់​ពន្ធនាគារ​លើ​បុគ្គល​ណា​ដែល​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ព័ត៌មាន​ «ដោយ​មាន​បំណង​ ឬ​ចេតនា»​ ដើម្បី​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ក្លែងក្លាយ ​ដែល​អាច​ប៉ះពាល់​ដល់​ «សុវត្ថិ​ភាព​សាធារណៈ»​ «សន្តិសុខ​ជាតិ»​ «ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា​ និង​ប្រទេស​ដទៃ» ​និង​ប៉ះ​ពាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​ ញុះញង់​ឱ្យមាន​ភាព​អមិត្ត​ មាន​ការ​ស្អប់​ខ្ពើម ​និង​ការ​រើស​អើង​ពូជ​សាសន៍​ជាដើម។ ​ប្រសិន​បើ​ត្រូវ​បាន​កាត់​ឱ្យមាន​ទោស​ បុគ្គល​មួយ​រូប​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ​៣ ​ឆ្នាំ​ និង​ការ​ពិន័យ​ជា​ប្រាក់​រហូត​ដល់​ ២៥០០ ​ដុល្លារ​អាមេរិក។​

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​នេះ​ មាន​បទ​បញ្ញត្តិ​ស្តីពី​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​ផ្សេង​ទៀត​ ដូចជា​ការ​លួច​អត្ត​សញ្ញាណ​ ការ​ក្លែង​បន្លំ​ និង​ការ​លួច​ពាក់ព័ន្ធ​នឹង​កុំព្យូទ័រ ​បទ​ល្មើស​កម្ម​សិទ្ធិ​បញ្ញា​ និង​បទ​ល្មើស​ទាក់ទង​នឹង​រូប​ភាព​អាស​អាភាស។​

ក្រៅពី​ការតាក់តែង​សេចក្តី​ព្រាងច្បាប់​ស្តីពី​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​ខាង​លើ​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ខិត​ខំ​បង្កើត​បទប្បញ្ញត្តិ​ផ្សេងៗ​ទៀត​ ដែល​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា​ មាន​ចេតនា​ធ្វើ​ឱ្យ​រួម​តូច​ទៅ​នូវ​សិទ្ធិ​សេរីភាព​ជាមូលដ្ឋាន​របស់​ពលរដ្ឋ​ ក្នុង​នោះ​គឺ​វិធាន​ការ​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​ថ្មី។ វិធាន​ការ​ច្រកទ្វារ​អ៊ីនធឺណិត​នេះ​ត្រូវ​បាន​សកម្មជន​នានា​និយាយ​ផង​ដែរ​ថា​ នឹង​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​បំបិទ​សំឡេង​ប្រឆាំង​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស។​ ក៏​ប៉ុន្តែ​ប្រតិបត្តិ​ការ​នៃ​វិធាន​ការ​នេះ​ត្រូវ​បាន​សម្រេច​លើក​ពេល​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២២​ ដោយ​មន្ត្រី​កម្ពុជា​លើក​ហេតុ​ផល​ពី​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩៕

XS
SM
MD
LG