ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បដិសេធ​គណៈ​ប្រតិភូ​កូរ៉េ​ខាងជើង​ ហើយ​ពិនិត្យ​ពី​សកម្មភាព​សេដ្ឋកិច្ច


រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ថ្លែង​ទៅកាន់​កិច្ច​ប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិនៅបុរីញូវយ៉ក សហរដ្ឋ​អាមេរិក កាលពីថ្ងៃទី២២​​ ខែកញ្ញា ឆ្នាំ២០១៧។
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ថ្លែង​ទៅកាន់​កិច្ច​ប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិនៅបុរីញូវយ៉ក សហរដ្ឋ​អាមេរិក កាលពីថ្ងៃទី២២​​ ខែកញ្ញា ឆ្នាំ២០១៧។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ ​គឺលោក​ ប្រាក់ សុខុន​ បាន​ថ្លែង​ប្រាប់ ​VOA ​ក្នុង កិច្ចសម្ភាសន៍​ផ្តាច់មុខ​មួយ​នៅក្នុង​បុរីញូវយ៉ក​ថា ប្រទេស​កម្ពុជា​សម្រេច​បដិសេធ​គណៈប្រតិភូ​កូរ៉េ​ខាងជើង​មក​កាន់​ប្រទេស​កម្ពុជា​ និង​ត្រួតពិនិត្យ​មើល​សេដ្ឋកិច្ច ពាណិជ្ជកម្ម​នៅ​កម្ពុជា​ផង​ដែរ ​ក្រោយ​ពីកូរ៉េ​ខាងជើង​មិន​ធ្វើ​តាម​សហគមន៍​អន្តរជាតិ​ដើម្បី​បញ្ឈប់​ការ​បាញ់​កាំជ្រួច​មីស៊ីល​ និង​ការ​សាកល្បង​កម្មវិធី​នុយក្លេអ៊ែ​របស់​ខ្លួន។

កម្ពុជា​ចូលរួម​ជាមួយ​អន្តរជាតិ​ដាក់​សម្ពាធ​លើ​កូរ៉េ​ខាងជើង​បញ្ហា​នុយក្លេអ៊ែ ​ដោយ​ចាប់ផ្តើម​ពីការ​បដិសេធ​គណៈប្រតិភូ​ និង​ពិនិត្យ​មើល​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាងជើង ​នៅពេល​ដែល​មាន​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក និង​អង្គការ​សហប្រជាជាតិ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ ​គឺលោក​ ប្រាក់ សុខុន​ បាន​ថ្លែង​ប្រាប់ ​VOA ​ក្នុង កិច្ចសម្ភាសន៍​ផ្តាច់មុខ​មួយ​នៅក្នុង​បុរីញូវយ៉ក​ថា ប្រទេស​កម្ពុជា​សម្រេច​បដិសេធ​គណៈប្រតិភូ​កូរ៉េ​ខាងជើង​មក​កាន់​ប្រទេស​កម្ពុជា​ និង​ត្រួតពិនិត្យ​មើល​សេដ្ឋកិច្ច ពាណិជ្ជកម្ម​នៅ​កម្ពុជា​ផង​ដែរ ​ក្រោយ​ពីកូរ៉េ​ខាងជើង​មិន​ធ្វើ​តាម​សហគមន៍​អន្តរជាតិ​ដើម្បី​បញ្ឈប់​ការ​បាញ់​កាំជ្រួច​មីស៊ីល​ និង​ការ​សាកល្បង​កម្មវិធី​នុយក្លេអ៊ែ​របស់​ខ្លួន។

«ជម្រាប​ឲ្យ​ត្រង់​ទៅ កន្លងទៅយើងបានបដិសេធរាល់​សំណើរបស់​កូរ៉េ​ខាងជើង​ក្នុងការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​មន្ត្រី​ជាន់​ខ្ពស់​ទាំងអស់​ រដ្ឋមន្ត្រី​ការបរទេស​គាត់​សុំ​មក​កម្ពុជា ​យើងក៏​ស្នើសុំ​ថា មិន​ទទួល ប្រធាន​រដ្ឋសភា​របស់​គាត់​សុំ​មក ​ក៏យើង​មិន​ទទួល​ អនុរដ្ឋមន្ត្រី​ការបរទេស​មក ក៏​យើង​មិន​ទទួល​ អគ្គនាយក​សុំមក​ ក៏​យើង​អត់​ទទួល​ដែរ ​ដើម្បី​បង្ហាញឲ្យ​យល់​ថា អ្នក​ត្រូវតែ​គោរព​សេចក្តី​សម្រេច​នានា​របស់​អ.ស.ប‍»។

លោក ​ប្រាក់ ​សុខុន​ បាន​អះអាង​ថា កម្ពុជា​បាន​បដិសេធ​គណៈប្រតិភូ​កូរ៉េ​ខាងជើង ដើម្បី​គោរព​តាម​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​ ទោះបី​ជា​កូរ៉េ​ខាងជើង​មាន​ទំនាក់​ទំនង​ល្អ ជាពិសេស​រវាង​សម្តេចឳ​ព្រះនរោត្តម សីហនុ​ និង​លោក​ គីម អ៊ីលស៊ុង​ ជីតា​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​បច្ចុប្បន្ន ​ដែល​ទំនាក់​ទំនង​នេះ​ត្រូវ​រក្សា​កន្លង​មក​ក្តី។

«ពី​ព្រោះ​បើ​យើង​ទទួល(គណៈប្រតិភូ)​អញ្ចឹង ​កម្ពុជា​ខ្លួនឯង​ផ្ទាល់​នឹង​រំលោភ​បំពាន​សេចក្តី​សម្រេច​របស់​អ.ស.ប​តែម្តង។​ ហើយ​ចំពោះ​សកម្មភាព​ពាណិជ្ជកម្ម សេដ្ឋកិច្ច​នានា​ ក៏​យើង​បាន​ធ្វើការ​ស្រាវជ្រាវ ​ស្រង់​ព័ត៌មាន​ទាំងអស់​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​សេដ្ឋកិច្ច​ដែល​កូរ៉េ​ខាងជើង​អាច​មាន​នៅក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​យើង​ចាត់​វិធាន​ការ​ស្របតាម​សេចក្តី​សម្រេច​របស់​អ.ស.ប‍»។

លោក​ ប្រាក់ សុខុន​ បាន​ថ្លែង​ដូច្នេះ​ ក្រោយ​ពេល​លោក​បាន​ថ្លែង​សុន្ទរកថា​នៅឯ​កិច្ចប្រជុំ​មហាសន្និបាត​អ.ស.ប ​តំណាង​ឲ្យ​កម្ពុជា​ក្នុង​បុរី​ញូវយ៉ក​អំពី​ស្ថានការណ៍​កម្ពុជា​ និង​អន្តរជាតិ​ ដែល​កម្ពុជា​ត្រូវ​ចូលរួម​ចំណែក ​និង​ដោះស្រាយ ​ហើយនឹង​បញ្ជាក់​ពីជំហរ​របស់​ខ្លួន។

(ទស្សនាបទសម្ភាសន៍វីអូអេផ្តាច់មុខជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកប្រាក់ សុខុន)

ប្រទេស​កូរ៉េ​ខាងជើង​ដឹកនាំ​ដោយ​លោក​ គីម ជុងអ៊ុន​ បាន​បាញ់​កាំជ្រួច​មីស៊ីល និង​សាកល្បង​នុយក្លេអ៊ែ​របស់​ខ្លួន​ និង​ប្រមាថ​ឌឺដង ​ដាក់​ស.រ.អា​ និងកូរ៉េ​ខាងត្បូង ហើយនឹង​សម្ព័ន្តមិត្ត​អាមេរិក​នានា​ ក្រៅពី​បាន​ព្រមាន​ថា ខ្លួន​នឹង​ធ្វើឲ្យ​ដូចគ្នា​នឹង​ពាក្យ​សម្តី​គំរាម​កំហែង​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ដូណាល់ ត្រាំ​ ហើយ​និង​ការ​ដាក់​ទណ្ឌកម្ម​ថ្មី ​ដោយ​ហៅ​ការណ៍​នេះ​ថា ជា​សកម្មភាព​បង្ក​រឿង។

លោក​ ប្រាក់ សុខុន​ ​ចាត់ទុក​ថា​ទង្វើ​របស់​កូរ៉េខាង​ជើង​ជា​អំពើ​ផ្គើន ​និង​ហួសហេតុ តែ​ក៏​ថា​ភាគីម្ខាង​ទៀត​ គឺស.រ.អា ​និងកូរ៉េ​ខាងត្បូង​ជា​អ្នក​បង្កហេតុ​ ដោយសារ​ការ​បង្កើន​សមយុទ្ធ​យោធា ​និងការ​ប្រើពាក្យ​សំដី​ដែល​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ជើង​ភ័យ​ព្រួយ​ដែរ។​ តែ​លោក​បន្ថែម​ដោយ​បញ្ជាក់​ពី​ការ​រំលឹក​ថា​ បើកូរ៉េ​ខាង​ជើង​ចង់​ធ្វើ​ជា​មិត្ត​កម្ពុជា​ គួរតែ​បញ្ឈប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែ​របស់​ខ្លួន។

ទោះជា​យ៉ាងណា​ក៏ដោយ ​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ដូច្នេះ​ គឺ​ផ្ទុយ​ពីការ​លើក​ឡើង​កាលពី​ខែថ្មីៗ​នេះ​របស់​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែល​ចង់​ឃើញ​ កូរ៉េ​ខាងជើង និង​ប្រទេស​នានា​គួរ​មាន​ភាព​ស្មើគ្នាចំពោះ​អាវុធ​នុយក្លេអ៊ែ។

«ថ្វី​ត្បិត​តែ​គាត់​បាញ់ ​អា​រឿង​បាញ់​នេះ​ ខ្ញុំ​សូម​ជម្រាប​ថា​ ហេតុអ្វីបាន​ជា​អាមេរិកាំង កូរ៉េ​ខាងត្បូង ​ហើយនឹងជប៉ុន​មាន ​ហើយ​គាត់​កូរ៉េ​ខាង​ជើង ​អត់​មាន ​វា​មិន​ត្រូវ។ បើ​មាន​ មាន​ទាំងអស់​គ្នា​ បើ​អត់​ ត្រូវ​អត់​ទាំង​អស់​គ្នា»។

ក្រោយពី​ជំនួប​ជាមួយ​គណៈប្រតិភូ​កូរ៉េខាងជើង​ដែល​បាន​បំពេញ​ទស្សនកិច្ច​ចុង​ក្រោយ​បំផុត​មួយ​ ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ​ដែល​ជា​ព្រះរាជបុត្រ​របស់​ព្រះបរមរតនកោដ្ឋ ​គឺ​សម្តេចឳ​ព្រះនរោត្តម សីហនុ​ ដែល​ធ្លាប់​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​កូរ៉េ​ខាងជើង​នោះ​ បាន​ប្រកាស​កាលពី​ខែ​ឧសភា​អំពី​ព្រះទ័យ​ចង់ចូល​រួម​ការ​ផ្សះផ្សារ​រឿង​ឧបទ្វីប​កូរ៉េ។

រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង លោក Ri Yong Ho ថ្លែង​ទៅកាន់​កិច្ច​ប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២​ ខែកញ្ញា ឆ្នាំ២០១៧។
រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង លោក Ri Yong Ho ថ្លែង​ទៅកាន់​កិច្ច​ប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២​ ខែកញ្ញា ឆ្នាំ២០១៧។

តែ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ កាលពី​ខែ​សីហា​កន្លងទៅ​ បាន​ប្រឆាំង​នឹង​កូរ៉េខាងជើង​ផង​ដែរ​ ចំពោះ​ការ​សាកល្បង​នុយក្លេអ៊ែ​ ក្នុង​ពេល​លោក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការណ៍​ក្នុងប្រទេស​ជប៉ុន ​ដែល​ជា​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក​ ហើយ​ត្រូវបាន​កូរ៉េខាងជើង​បាញ់​កាំជ្រួច​មីស៊ីល​ចូល​ក្នុង​ដែនអាកាស​កាលពី​សប្តាហ៍​ថ្មីៗ​នេះ។

«‍យើង​ក៏​បាន​ពិភាក្សា ហើយ​យើង​បញ្ជូន​សារ​ចេញ​ពី​ទីនេះ ទៅកាន់​កូរ៉េ​ខាង​ជើង​ពាក់ព័ន្ធ​ជាមួយ​នឹង​ភាព​គឃ្លឺន​ទៅ​លើ​ការ​បាញ់​ម្តង​ហើយ​ម្តងទៀត ទៅ​លើ​បញ្ហា​អាវុធ​នុយក្លេអ៊ែ»។

លោក​រដ្ឋមន្ត្រី​ការបរទេស​ ប្រាក់ សុខុន​ ដែល​បារម្ភ​ពី​សន្តិសុខ​សម្រាប់​តំបន់​និង​សកល​ បើ​មាន​ភាពតាន​តឹង​រហូត​ដល់​ការ​ផ្ទុះ​សង្គ្រាម​នោះ ​បាន​ស្នើសុំ​ឲ្យ​ភាគី​ពាក់ព័ន្ធ​គោរព​តាម​សំណើ​របស់​ចិន​ និង​រុស្ស៉ី​ ដើម្បី​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែ​ និង​បញ្ឈប់​សមយុទ្ធ​យោធា​របស់​ស.រ.អា ​និង​កូរ៉េ​ខាង​ត្បូង​ ហើយ​នឹង​សុំ​ឲ្យ​មាន​ការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​ក្រុង​ប៊ែឡាំង​ ដែល​សុំឲ្យ​មានការ​ចរចា​ដោយ​សន្តិវិធី។

ទោះជា​យ៉ាងណា​ក៏ដោយ​ កាលពី​ថ្ងៃទី២១​ ខែ​កញ្ញា​ គឺ​រយៈពេល​ជិតពីរ​សប្តាហ៍​បន្ទាប់​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​ អនុម័ត​ការ​ដាក់​ទណ្ឌកម្ម​នានា ​លោក​ប្រធានាធិបតី​ស.រ.អា​ ដូណាល់ ត្រាំ​ បាន​ចេញ​សេចក្តី​សម្រេច​មួយ​ ដែល​ពង្រីក​ការ​ដាក់​ទណ្ឌកម្ម​ពី​ស.រ.អា ​លើ​ធនាគារ​ និង​ក្រុមហ៊ុន​ណា​ដែល​ផ្តល់​ថវិកា​ ឬ​ជួយ​ដល់​ពាណិជ្ជកម្ម​ដល់​កូរ៉េ​ខាងជើង​ ឬ​ក៏​បុគ្គល​ណា​ដែល​រកស៊ី​ពាក់ព័ន្ធ​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង​ផ្នែក​ពាណិជ្ជកម្ម​និង​ការ​នាំទំនិញ​ចេញ​ចូល​តាម​កំពង់​ផែក្តី៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG